28 C
Phnom Penh

មនុស្ស​ម្នាក់​ស្លាប់​ និង​ ពីរ​នាក់​ទៀត​រង​របួស​ដោយ​សារ​​​ព្យុះភ្លៀង​នៅ​ក្នុង​ស្រុក​រំដួល​ ខេត្ត​ស្វាយ​រៀង​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តី​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា មនុស្ស​​​​ម្នាក់​បាន​ស្លាប់​ និងមនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​​ធ្ងន់​ដោយសារព្យុះ​​ភ្លៀង​​មួយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ហើយ​បាន​បំផ្លាញ​​ឬ​​ធ្វើ​ឲ្យ​ខូច​​​ខាត​ផ្ទះ​សម្បែង​របស់​ប្រ​ជា​ពល​រដ្ឋ​ អស់​ជា​ច្រើន​ខ្នង​នៅ​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង​។
លោក រស់ ផារិទ្ធិ ប្រធាន​រដ្ឋ​បាល​សាលា​ខេត្ត​ស្វាយ​រៀង​ បាន​មាន​ប្រ​សាសន៍​ថា ​មាន​ព្យុះភ្លៀង​​​​​មួយ​​​ ដែល​​មាន​ខ្យល់​​យ៉ាង​ខ្លាំង​បាន​បោក​បក់​មក​លើ​ខេត្ត​ស្វាយ​រៀង​នៅ​ម៉ោង​ប្រ​ហែល​៨​និង​៣០​នាទី​យប់​។

លោកមាន​ប្រ​សាសន៍​បន្ត​ថា​ “ ព្យុះ​​ភ្លៀង​​​នេះ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់​ ហើយ​បាន​ធ្វើ​ឲ្យ​រលំ​ផ្ទះ​អស់​ជា​ច្រើន​ខ្នង​” ដោយ​លោក​បាន​បន្ថែម​ថា​ ខ្យល់​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​នៅ​ម៉ោង​ប្រ​ហែល​៩​យប់​។

លោក ស វណ្ណា ប្រធាន​កាកបាទ​ក្រហម​​កម្ពុជាប្រចាំ​​​ ខេត្ត​ស្វាយ​រៀង​​មាន​ប្រ​សាសន៍​ថា ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​បុរស​ពីរ​នាក់​ទៀត​​បាន​រង​របួស​​នៅ​ក្នុង​ឃុំ ពងទឹក​​អំឡុង​ពេល​ព្យុះភ្លៀង​​​នោះ​។

លោកមាន​ប្រ​សាសន៍​បន្ត​ថា “​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​សារ​ព្យុះភ្លៀង​​​​នេះ នៅ​​​​ពេល​​គាត់​នៅ​ក្រោម​ផ្ទះ​របស់​គាត់​តែ​ម្នាក់​ឯង ហើយ​នៅ​ពេល​នោះ​​​​ខ្យល់​បក់​​​បោកយ៉ាង​ខ្លាំង​​បាន​​ធ្វើ​ឲ្យ​​ផ្ទះ​រលំ​សង្កត់​លើ​គាត់ “​ដោយ​បន្ថែម​ថា ​​លោក ស ប្រុស អាយុ​២៧​ឆ្នាំ​ បាន​រង​របួស​បាក់​​​​ជើង​​ក្នុង​អំឡុងព្យុះ​ភ្លៀង​​​​នោះ​ដែរ​ ហើយ​​​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​​​​វៀត​ណាម​ ហើយ​លោក តាន់​ តើក​ អាយុ​២៥​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​​​នៅ​​​​មន្ទីរ​ពេទ្យ​​​​បង្អែក​​​ស្រុក​​​​​​​​​។

លោក វណ្ណា មាន​ប្រ​សាសន៍​បន្ត​ថា​ ព្យុះ​​​ភ្លៀង​​​​​​នោះ​បាន​បំផ្លាញ​​ផ្ទះ​សម្បែង​អស់​ចំនួន​៥៥​ខ្នង និង​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​ចំនួន​៤៦​ខ្នង​​ផ្សេង​​ទៀត​នៅ​ក្នុង​​ឃុំ ចំនួន​បួនក្នុង​ស្រុក​​​​​​រំដួល​ ហើយ​ថា កាកបាទ​ក្រហម​កម្ពុជា បាន​សហការ​ជា​មួយ​មន្ត្រី​សាលា​ខេត្ត​​ដើម្បី​នាំ​យក​អំណោយ​​ជា​ថវិកា និង​អង្ករ​​​ទៅ​ចែក​ជូន​​ជន​រង​គ្រោះ​ដោយ​​​​សារ​ព្យុះ​ភ្លៀងនេះ​កាល​ពី​ព្រឹក​ម្សិល​មិញ​។

លោក មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ នៅ​ពេល​យើង​ទទួល​បាន​ព័ត៌មាន​អំពី​គ្រោះ​មហន្ត​​​រាយ​នេះ យើង​បាន​​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​​​គ្រួសារ​ជន​រង​គ្រោះ​”។
លោក មុំ កេត មន្ត្រី​អភិវឌ្ឍន៍​កាក​បាទ​​​ក្រ​ហម​​​​​​​ក​​​ម្ពុជា ខេត្ត​បាន​មាន​ប្រ​សាសន៍​ថា​​ឥឡូវ​នេះ​អ្នក​ភូមិ​កំពុង​តែ​ធ្វើ​ការ​ដើម្បី​ជួស​ជុល​ផ្ទះ​របស់​ខ្លួន​ដែល​រង​ការ​ខូច​ខាត​នោះ​​ឡើង​វិញ។

យោង​តាម​លោក កែវ វី អនុប្រធាន​ព័ត៌​​​មាន​នៃ​​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បាន​មានប្រសាសន៍​ថា ស្រុក​ស្ទោង​ និង​ស្រុក​កំពង់ស្វាយ ក្នុង​ខេត្ត​កំពង់ធំ ក៏​ទទួល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​​ព្យុះភ្លៀង​នេះ​​ផង​​ដែរ​កាលពី​ថ្ងៃសៅរ៍ ដែល​បណ្ដាល​​ឲ្យ​​មនុស្ស​ម្នាក់​រង​របួស​ ហើយ​បាន​បំផ្លាញ​ផ្ទះ​សំបែង​អស់​ចំនួន​១៦​ខ្នង និង​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​ចំនួន​៣២​ខ្នង​ថែម​ទៀត។

លោក កែវ វី មាន​ប្រសាសន៍​បន្ត​ថា ខេត្ត​ដែល​រង​គ្រោះ​ដោយ​សារ​ព្យុះភ្លៀង​​ធ្ងន់​ជាង​គេ​ក្នុង​​​​ឆ្នាំ​នេះ​គឺ​ខេត្ត​បន្ទាយ​​មាន​ជ័យ តាកែវ កែប កំពត កំពង់ធំ និង​ខេត្ត​ស្វាយ​រៀង។

លោក​​បាន​ថ្លែង​បន្ថែម​ថា នៅ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​​ដំបូង​នៃ​ឆ្នាំនេះ ប្រ​ជាពល​រដ្ឋ​ចំនួន​២៨​នាក់ បាន​ស្លាប់​ ហើយ​ប្រជា​ពល​រដ្ឋ​ចំនួន​៩៥​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​ និង​ផ្ទះសំបែង​ចំនួន​ជិត​១.៦០០​ខ្នង​ ត្រូវ​​បាន​បំផ្លាញ​ទាំង​ស្រុង​ ហើយ​​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​៦.១០០​ខ្នង​រង​ការ​ខូច​ខាត​។

លោក​ថ្លែង​បន្ត​​​​ថា “ ខ្ញុំ​អាច​សន្និដ្ឋាន​ថា ប្រសិន​បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​​​​​​​ប្រាំបី​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១២ ឃើញថា ​ឆ្នាំ​នេះ​មាន​​ព្យុះ​​​​​​​​​​​កើន​ឡើង​ទ្វេដង​”៕

ប្រែសម្រួល​ដោយ ឃិន ណៃ​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស