40.6 C
Phnom Penh

នាយក​រដ្ឋ​មន្ត្រី​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យទីម័រ​ខាង​កើត​នឹង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មានរបស់​ក្រសួង​ការ​បរទេសកម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា លោក​ កៃ រ៉ាឡា សាណាណា ហ្គោស​ម៉ៅ (Key Rala Xanana Gusmao) នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ទីម័រ​ខាង​កើត​ នឹង​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​​រយៈ​ពេល​បួន​ថ្ងៃ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ និង​សហ​​ប្រតិបត្តិការ​ក្នុង​តំបន់​។

សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ​បាន​ឲ្យ​ដឹង​ថា លោក ហ្គោស​ម៉ៅ នឹង​មក​បំពេញទស្សន​កិច្ច​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ តប​តាម​ការ​អញ្ជើញ​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ អំឡុង​ដំណើរ​​ទស្សន​កិច្ច​នេះ​ លោក ហ្គោសម៉ៅ នឹង​​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ ​លោក ហេង ​សំរិន ប្រធាន​រដ្ឋ​សភា​ និងជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​ ហ៊ុន សែន។

សេចក្តី​ប្រកាសព័ត៌​មាន​ដដែល​នេះ​បាន​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​នេះ​រួមបញ្ចូល​ការ​អញ្ជើញទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ផង​ដែរ។ លោក ហ្គោស​ម៉ៅ កំពុង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ដែល​មាន​អាណត្តិ​រយៈ​ពេលប្រាំ​ឆ្នាំ ហើយ​ក៏​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ និង​សន្តិ​សុខ​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ទីម័រ​ខាង​កើត​ផង​ដែរ។

ប្រទេស​ទីម័រ​ខាង​កើត​ជា​អតីត​ដែន​ដី​អាណា​និគម​របស់​ព័រទុយហ្គាល់​ដែល​បាន​ទទួល​ឯក​រាជ្យ​ពី​ប្រទេសឥណ្ឌូណេស៊ី​នៅ​ក្នុង​ឆ្នាំ​២០០២​ បន្ទាប់​ពី​បញ្ចប់​ជម្លោះ​ដ៏​បង្ហូរ​​ឈាម​ បានដាក់​សំណើ​នៅ​ក្នុង​ឆ្នាំ​២០១១​ដើម្បី​​ចូល​ជា​សមាជិក​នៃ​សមាគម​ប្រជា​ជាតិ​អាស៊ាន​​ដែល​មាន​១០​ប្រទេស​នេះ។

ប្រទេស​នេះ​បាន​បញ្ជូន​បេសកជន​ការទូត​​ជា​ច្រើនទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន​​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​​នេះ​ ប៉ុន្តែនៅ​មាន​ឧបសគ្គ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ជម្នះ​មុន​ នឹង​ត្រូវ​​ទទួល​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន៕

ប្រែសម្រួល​ដោយ អ៊ូច សូនី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស