បុគ្គលិកកម្ពុជាជាង១០០នាក់នៅឯសាលាក្តីខ្មែរក្រហមបានប្រកាសកាលពីម្សិលមិញថា ពួកគេបានបន្តកូដកម្មជាលើកទី២នៅឆ្នាំនេះ ហើយនឹងមិនត្រឡប់ទៅធ្វើការវិញរហូតទាល់តែពួកគេទទួលបានប្រាក់ខែដែលមិនទាន់បើក។
មូលនិធិសម្រាប់សាលាក្តី ក្នុងពេលដែលចុងចោទកាន់តែចាស់ជរាទៅៗ បានក្លាយជាបញ្ហាបំផុតសម្រាប់សាលាក្តីដែលកំពុងតែព្យាយាមបញ្ចប់ដំណើរការកាត់ក្តីទ្រង់ទ្រាយតូចលើកដំបូង លើសំណុំរឿង០០២។ នៅក្នុងករណីនេះ នួន ជា ដែលជាបងធំទី២របស់ខ្មែរក្រហម និង ខៀវ សំផន ជាប្រមុខរដ្ឋកំពុងតែប្រឈមនឹងការកាត់ទោស ដោយសារតែខ្លួនមានតួនាទីក្នុងអំពើព្រៃផ្សៃទ្រង់ទ្រាយធំ ក្នុងរបប ប៉ុល ពត។
សកម្មភាពកូដកម្មធ្វើឡើងដោយបុគ្គលិកជាតិនៅសាលាក្តីគឺជាហេតុការណ៍មិនល្អមួយទៀតសម្រាប់សាលាក្តីខ្មែរក្រហម និងជាការបង្ហាញអំពីការខ្វះឆន្ទៈក្នុងចំណោមប្រទេសផ្តល់ជំនួយនានា ក្នុងការផ្តល់មូលនិធិឲ្យភាគីជាតិនៃតុលាការកូនកាត់នេះ ដោយសារតែមានការចោទប្រកាន់ជាយូមកហើយថា មានអំពើពុករលួយនៅតុលាការនេះ។
បន្ទាប់ពីមានសេចក្តីប្រកាសកាលពីម្សិលមិញថា បុគ្គលិកជាតិបានធ្វើកូដកម្ម អ្នកនាំ ពាក្យនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានសង្ឃឹមថា នឹងមានមូលនិធិស្រាប់ដោះស្រាយបញ្ហាកង្វះខាតថវិកាបច្ចុប្បន្ន។ លោក នេត ភត្រា អ្នកនាំពាក្យសាលាក្តីបានមានប្រសាសន៍ថា ដើម្បីឲ្យបុគ្គលិកជាតិវិលត្រឡប់មកធ្វើការវិញ បណ្តាប្រទេសម្ចាស់ជំនួយគួរតែយកចិត្តទុកដាក់ចំពោះសេចក្តីអំពាវនាវពីលោក បាន គីម៉ូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានលើកឡើងកាលពីថ្ងៃពុធសប្តាហ៍មុនថា សាលាក្តីនេះកំពុងតែប្រឈមនឹង “វិបត្តិ” និងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សាលាក្តីនេះ។
លោក ភត្រា បានលើកឡើងក្នុងអ៊ីម៉េលថា “ បុគ្គលិកជាតិយ៉ាងតិច១០០នាក់ ក្នុងចំណោម២៥០នាក់ ដែលមិនទាន់បើកប្រាក់ខែចាប់តាំងពីខែមិថុនាមក ចាប់ផ្តើមធ្វើកូដកម្មផ្លូវការចាប់ពីថ្ងៃអាទិត្យទី១ ខែកញ្ញា ឆ្នាំ២០១៣ រហូតទាល់តែរកដំណោះស្រាយសម្រាប់ការបើកប្រាក់ខែរបស់ខ្លួន។ ប្រសិនបើ [គ្មាន] អ្នកបកប្រែឯកសារ និងអ្នកបកប្រែផ្ទាល់មាត់ ហើយផ្នែកផ្សេងៗទៀតមិនដំណើរការ នោះមានន័យថា ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងជាប់គាំង”។
លោកបានបន្តថា “ ដោយមានសេចក្តីអំពាវនាវជាពិសេសពីលោក បាន គីម៉ូន អគ្គលេខាធិការអង្គការសហប្រជាជាតិ យើងមានជំនឿយ៉ាងមុតមាំថា សហគមន៍អន្តរជាតិនឹងបន្តផ្តល់មូលនិធិដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ប្រាក់ខែរបស់បុគ្គលិកជាតិអាស្រ័យលើការបរិច្ចាគដោយស្ម័គ្រចិត្តពីសហគមន៍អន្តរជាតិ”។
ទោះជាយ៉ាងណា លោក ឡាស់ អូលសេន (Lars Olsen) អ្នកនាំពាក្យខាងភាគីអង្គការសហប្រជាជាតិនៃតុលាការនេះបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែបំពេញកាត្វកិច្ចរបស់ខ្លួន ដើម្បីជួយផ្តល់មូលនិធិដល់ភាគីជាតិ។
លោក អូលសេន បានលើកឡើងក្នុងអ៊ីម៉េលថា “ រាជរដ្ឋាភិបាលកម្ពុជាមានកាត្វកិច្ចក្រោមកិច្ចព្រមព្រៀងសហប្រជាជាតិ-កម្ពុជាក្នុងការបើកប្រាក់ខែឲ្យបុគ្គលិកជាតិ ក៏ប៉ុន្តែមិនបានបើកឡើយចាប់តាំងពីខែឧសភា មក។ យើងបារម្ភណាស់អំពីហានិភ័យដែលអាចកើតឡើងអំពីអសណ្តាប់ធ្នាប់ចំពោះដំណើរការកាត់ក្តីតាមរយៈកូដកម្មមួយធ្វើឡើងដោយបុគ្គលិកជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”។
លោកបានបន្ថែមថា “ យើងសូមអំពាវនាវឲ្យរាជរដ្ឋាភិបាលបំពេញភារកិច្ចរបស់ខ្លួនឲ្យបានឆាប់ ក្នុងការបើកប្រាក់ខែដើម្បីអាចជៀសវាងកូដ្ឋកម្មបាន។ អង្គការសហប្រជាជាតិក៏កំពុងតែសហការយ៉ាងជិតស្និទជាមួយនឹងអ្នកផ្តល់ជំនួយអន្តរជាតិសំខាន់ៗ ដើម្បីស្ទាបស្ទង់លទ្ធភាពទាំងអស់ក្នុងការបញ្ចៀសវិបត្តិនេះ”។
អ្នកតំណាងមកពីរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជាតិបានធ្វើដំណើរទៅតាមបណ្តាប្រទេសជាសមាគមអាស៊ាន អំឡុងបេសសកម្មរយៈពេលប្រាំមួយថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែសីហា ក្នុងការប្រឹងប្រែងមិនបានជោគជ័យមួយ ក្នុងដោះស្រាយកង្វះខាតថវិការបស់សាលាក្តីនេះ។ បញ្ហាខ្វះខាតមូលនិធិប្រហាក់ប្រហែលគ្នាមួយបានបណ្តាលឲ្យមានការធ្វើកូដកម្មតូចមួយកាលពីក្នុងខែមីនា ដោយមានបុគ្គលិកជាតិជាង៣០នាក់បានឈប់ធ្វើការងារជាបណ្តោះអាសន្នរហូតទាល់តែពួកគេទទួលបានប្រាក់ខែវិញ។
អ្នកបកប្រែផ្ទាល់មាត់ជាតិម្នាក់នៅឯសាលាក្តីនេះ ដែលនិយាយក្នុងលក្ខខណ្ឌអាណាមិក ដោយសារខ្លួនមិនត្រូវបានអនុញ្ញាតិឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ក្រោយពីអត់ប្រាក់ខែបីខែ និងគ្មានដំណឹងថា តើប្រាក់ខែរបស់ខ្លួនត្រូវបានបើកឆាប់ៗឬយ៉ាងណានោះ បុគ្គលិកជាតិគ្មានជម្រើសឡើយក្រៅតែពីការធ្វើកូដកម្ម។
អ្នកបកប្រែរូបនោះបាននិយាយថា “ មកទល់ពេលនេះគ្មានព័ត៌មានអំពីអ្នកដែលនឹងបើកប្រាក់ឲ្យយើងឡើយ។ វាពិតជាចម្លែកណាស់ ពីព្រោះកន្លងមក នៅពេលស្ថិតក្នុងស្ថានភាពលំបាក អ្នកទាំងឡាយនិយាយថា ‘ សូមអត់ធ្មត់ គេនឹងមកជួយយើង’ ។ ពេលនេះមានព័ត៌មានមួយផ្នែកប៉ុណ្ណោះ ដែលយើងទទួលបានពីការិយាល័យរដ្ឋបាលគឺថា គ្មានប្រាក់ទេ។
គាត់បានបន្តថា “ នោះជាភ្លើងខៀវប្រាប់យើងដោយនិយាយថា មើល ទៅតុលាការគ្មានលុយទេ ដូច្នេះយើងត្រូវតែដោះស្រាយបញ្ហានេះដោយខ្លួនយើង។ ស្ថានភាពនៅពេលនេះកាន់តែពិបាកទៅៗហើយ។ កន្លងមក គេរួសរាន់ជួយយើង ក៏ប៉ុន្តែពេលនេះទំនងជាគ្មាននរណាមួយចាប់អារម្មណ៍ជួយយើងទៀតទេ”។
អ្នកស្រីស្រី ហ៊ីដធ័រ រីយ៉ាន អ្នកសង្កេតការសាលាក្តីរួមដែលធ្វើការនៅអង្គការគំនិតផ្តួចផ្តើម (Open Society Justice Initiative ) បានលើកឡើងក្នុងសេចក្តីប្រកាសមួយថា “ វានឹងជាគ្រោះមហន្តរាយមួយ” ប្រសិនបើតុលាការនេះមិនអាចបញ្ចប់ដំណាក់កាលទីមួយនៃសំណុំរឿង០០២ ដោយសារតែខ្វះមូលនិធិ ហើយអ្នកស្រីបានលើកឡើង “ អំពីការខ្វះតម្លាភាពដែលរីករាលដាលមួយជុំវិញបញ្ហាអនុវត្តទាំងនេះ ដែលទាក់ទងនឹងសកម្មភាពស្នូល និងភាពជឿជាក់ទៅលើតុលាការ”។
លោកស្រី រីយ៉ាន បានថ្លែងថា “ តុលាការនេះមិនអាចដំណើរទៅមុខបានទេ បើគ្មានបុគ្គលិកជាតិជាទេនោះជាពិសេសអ្នកបកប្រែឯកសារ អ្នកបកប្រែផ្ទាល់មាត់ ចៅក្រម និងអយ្យការ។ វានឹងជាគ្រោះថ្នាក់មួយ [ប្រសិនបើ] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបិទទ្វារនោះ នៅពេលការកាត់ទោសដំបូងក្នុងសំណុំរឿង០០២កាន់តែជិតចប់មែនទែន និងការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤ត្រូវបានបញ្ចប់”។
អ្នកស្រីបានបន្តថា “ ការខិតខំប្រឹងប្រែង ថាមពល និងប្រាក់ដ៏ច្រើន ត្រូវបានដាក់ឲ្យមានជាបន្ទុកនៅក្នុងតុលាការនេះ ដើម្បីឲ្យតុលាការនេះបិទទ្វារយ៉ាងសាមញ្ញនៅដំណាក់កាលចុងក្រោយ ដោយសារខ្វះមូលនិធិ អាចនាំឲ្យបុគ្គលិកកកម្ពុជាដើរចេញពីការងាររបស់ខ្លួន។ អ្នកស្រីបានជំរុញឲ្យអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាធ្វើការរួមគ្នាដើម្បីធ្វើឲ្យប្រាកដថា សេនារីយោបែបនេះ កើតមិនកើតឡើង។
អ្នកស្រី រីយ៉ាន បានបន្ថែមថា “គ្មានព័ត៌មានជាសាធារណៈចេញពីអង្គការសហប្រជាជាតិ ក្រុមអ្នកផ្តល់ជំនួយ ឬក៏រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទេ ទាក់ទងនឹងការខ្វះមូលនិធិសម្រាប់ថវិការបស់ភាគីជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាក្តីកម្ពុជា ហើយក៏មិនមានព័ត៌មានអំពី ការដែលថា បុគ្គលិកកម្ពុជាមិនបានទទួលប្រាក់ខែ”។
កាលពីខែឧសភា លោក ដេវីដ ស្កេហ្វហ្វឺ (David Scheffer) ជំនាញការពិសេសរបស់អង្គការសហប្រជាជាតិប្រចាំសាលាក្តីនេះបានលើកឡើងថា កង្វះមូលនិធិគឺជាលទ្ធផលមួយដែលក្រុមអ្នកផ្តល់ជំនួយលែងសូវចង់ផ្តល់ឲ្យតុលាការនេះ ហើយផ្តោតលើធនធានអ្វីដែលពួកគេមាននៅខាងភាគីអន្តរជាតិក្នុងតុលាការនេះ។
លោក ស្កេហ្វហ្វឺ បានលើកឡើងក្នុងអ៊ីម៉េលមួយកាលពីខែនោះថា “ កន្លងមក រដ្ឋាភិបាលកម្ពុជាផ្អែកជាចម្បងលើអ្នកផ្តល់ជំនួយបរទេសក្នុងការផ្តល់មូលនិធិជាតិតាមរយៈជំនួយបរទេសជាសំខាន់”។
លោកបានបន្ថែមថា “ ថ្មីៗេនះ អ្នកផ្តល់ជំនួយទាំងនោះប្រឈមនឹងវិបត្តិហិរញ្ញវត្ថុនៅក្នុងប្រទេសខ្លួន ហើយបាននិងកំពុងតែផ្តោតលទ្ធភាពផ្តល់មូលនិធិមានកំណត់របស់ខ្លួន ទៅលើមូលនិធិអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបំពេញកាត្វកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀង”។
ទោះជាយ៉ាងណា លោក ឡុង បញ្ញាវុធ មន្ត្រីកម្មវិធីនៅអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌កម្ពុជា បានលើកឡើងថា រដ្ឋាភិបាលបានបញ្ជាក់ច្បាស់ណាស់ថា ខ្លួននឹងមិនបរិច្ចាគប្រាក់បន្ថែមទៀតឲ្យសាលាក្តីនេះទេ ដូច្នេះហើយមូលនិធិនឹងត្រូវបានមកពីប្រទេសក្រៅ ប្រសិនបើសាលាក្តីនេះត្រូវបន្តតួនាទីរបស់ខ្លួនទៀត។
លោកបានថ្លែងថា “ វាសំខាន់ណាស់ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ប្រាក់បន្ថែមទៀតដល់សាលាក្តីនេះ ក៏ប៉ុន្តែ វាច្បាស់ណាស់ថា ពួកគេនឹងមិនឲ្យឡើយ។ ដូច្នេះ សហគមន៍អន្តរជាតិ គួរតែបន្តផ្តល់មូលនិធិ ព្រោះតែពួកគេបានជួយបង្កើតសាលាក្តីខ្មែរក្រហមនេះឡើងនោះ ហើយសាលាក្តីនេះមិនគួររលំដោយសារតែបញ្ហាផ្តល់មូលនិធិទេ។ សាលាក្តីខ្មែរក្រហមមិនគួរបរាជ័យទេ ដោយសារតែខ្វះមូលនិធិទេ។ វានឹងមិនមែនជាការគោរពចំពោះជនរងគ្រោះឡើយ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី