34 C
Phnom Penh

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បើក​កញ្ចប់​សុវត្ថិភាព “ ក” ចំនួន​ប្រាំ​បី​នៅ​ខេត្ត​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​បាន​បើក​កញ្ចប់​សុវត្ថិភាព​​ “ ក” នៅ​ការិយាល័យ​បោះ​ឆ្នោត​ចំ​នួ​ន​ប្រាំបី​នៅ​​ក្រុងតាខ្មៅ ក្នុង​ខេត្ត​កណ្តាល ​ដោយ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ជា​គណបក្ស​ប្រឆាំ​ងដែល​​​បាន​​​​​ប្តឹងទៅ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​​ជុំ​វិញ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត​​ដែល​​​បាន​​​​កើត​មាន​ក្នុង​ខេត្ត​នេះ។

លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួ​ង​មហាផ្ទៃនិង​ជាតំណាង​គណបក្ស​ប្រ​ជា​ជន​កម្ពុជាបាន​មាន​​​ប្រសាសន៍​​​ថា កញ្ចប់​រក្សាទុក​​​​ឯក​សារ​បោះ​ឆ្នោត​ដែល​គេហៅ​ថា កញ្ចប់​សុវត្ថិ​​​​​​​ភាព “ក” ហើយ​ដែល​កញ្ចប់​​​ទាំង​​​នេះ​​​ត្រូវ​បាន​បិទ​​​ជិត​​​បាន​​​ល្អ​​​​​​​​​ត្រឹម​ត្រូវ​នោះ បាន​បង្ហាញ​ថា គ្មាន​ភាព​មិន​ប្រ​ក្រ​តី​នៅ​ថ្ងៃ​​​បោះ​ឆ្នោត​នៅ​ក្នុង​ក្រុង​តាខ្មៅ​ទេ។

លោក ព្រំ​ សុខា បាន​មាន​ប្រសាសន៍​ថា  “ ការ​​បើក​កញ្ចប់​សុវត្តិភាព “ ក” ទាំងនេះ​គឺ​ដើម្បី​​បញ្ជា​ក់​ថា លទ្ធផលនៃ​​ការ​បោះ​ឆ្នោត​សម្រាប់​ខេត្ត​កណ្តាលមាន​​​ភាព​​​​ត្រឹម​ត្រូវ​ ហើយ​នេះ​គឺជាយុត្តិធម៌​ដែ​ល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន”។ បើទោះ​ជា​កញ្ចប់​សុវត្ថិភាព “ក” ​ទាំង​នេះ​ត្រូវ​បាន​បិទ​ជិតបាន​ល្អ​​ក៏​ដោយ​ ក៏​កញ្ចប់​សុវត្តិ​ភាព“ ក”  ​​សម្រាប់​ការិយាល័យ​បោះ​ឆ្នោត​លេខ ​​​១១៨១ ​មាន​ទម្រង់​១១០៨​ចំនួ​ន​ពីរសន្លឹក​​​ ប៉ុន្តែ​គ្មាន​​​​ទម្រង់​១១០២​ទេ។ឯក​សារទាំង​នេះ​គឺ​ជា​ទម្រង់​ដែល​​​ត្រូវ​​​បាន​​​​ប្រើ​ ដើម្បី​រាប​​​់​​​សន្លឹក​ឆ្នោត​សរុបនៅ​​​តាម​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ។ លោក ព្រំ សុខា ​មាន​ប្រសាសន៍​ថា ឧប្បត្តិ​​​​​​​ហេតុ​នេះ ​គឺ​​គ្រាន់តែ​ជា​កំហុសតូច​តាច​របស់​មន្ត្រី​ គ.ជ.ប. ប៉ុណ្ណោះ​។

​ប៉ុន្តែ​លោក គួ​យ ប៊ុន​​​រឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​​​​​ថា ភាព​មិន​ប្រក្រតី​នេះ​មិន​អាច​ព្រងើ​​យ​កន្តើយ​បានទេ។ លោកបាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​អាច​ទទួល​យក​ករណី​នេះ​បាន​ទេ ពីព្រោះ​វា​ផ្ទុយ​នឹង​ច្បាប់” ដែល​ចែងថា ទម្រង់​១១០២​ត្រូវ​​​តែ​​​ដាក់​នៅ​ក្នុង​កញ្ចប់​សុវត្តិ​ភាពផងដែរនោះ​។

លោក គួយ ប៊ុនរឿន ក៏​បាន​មាន​ប្រ​សាសន៍​​​​​​​ផងដែរថា ចាំ​បាច់​ត្រូវ​មានការ​រៀបចំ​​ការ​បោះ​​​​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឃុំ​ស្អាង​ភ្នំ​ ដោយ​​​​​​​​​​សារតែ​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ​​​បាន​​​​​​​បិទមុន​ម៉ោង​កំណត់​នៅ​ថ្ងៃ​បោះ​ឆ្នោត​។​​​លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​គ.ជ.ប.​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​សម្រាប់​ឃុំ​នេះ​…​ប៉ុន្តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ច្រាន​ចោល​សំណើ​របស់​យើង”។

លោក អ៊ុត ឈន អ្នក​នាំពាក្យ​ក្រុម​ប្រឹ​ក្សា​​​ធម្មនុញ្ញ​បាន​ថ្លែង​​​​ថា ស្ថាប័ន​នេះ​នឹង​បន្ត​ដោះ​​​ស្រាយ​ពាក្យ​បណ្តឹង​​​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​ ជុំ​វិញ​ភាព​មិន​ប្រក្រតី​ទាំងនេះ​​​។
លោកបាន​មាន​ប្រសាសន៍​ថា “ យើង​នឹ​ង​ដោះ​ស្រាយ​បណ្តឹង​គណបក្សសង្គ្រោះ​ជាតិ​ ដើម្បី​ឲ្យ​គណបក្សនេះ​អាច​ទទួល​យក​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​បាន ហើយ​យើង​នឹង​បើកសវនាការ​ចុង​ក្រោយលើ​បណ្តឹង​ទាំង​​​នេះ​​ឲ្យ​បាន​មុន​ការ​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៨​ខែ​កញ្ញា”។

នៅ​ក្នុង​ខេត្តកណ្តាល​ ដែល​លោក​នា​យក​រដ្ឋមន្ត្រី​ឈរឈ្មោះ​ជា​តំណាង​រាស្ត្រ​នោះ​ លទ្ធផលបឋម​បាន​បង្ហាញ​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​សំឡេង​ឆ្នោតនាំ​មុខ​​គណបក្ស​ប្រឆាំង​ត្រឹម​១៦៦​សំឡេង​ប៉ុណ្ណោះ៕

ប្រែសម្រួលដោយ អ៊ូច សូនី​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស