ដោយការតវ៉ាដែលបានគ្រោងទុកប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជាតិកាលពីខែមុនខិតជិតមកដល់នោះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង និងនគរបាលបានរៀបចំការហ្វឹកហាត់ដាច់ដោយឡែកពីគ្នានៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីទប់ស្កាត់មិនឲ្យមានអំពើហិង្សា ដែលមនុស្សជាច្រើនបារម្ភថា អាចនឹងកើតមានឡើង។
គណបក្សសង្គ្រោះជាតិ និយាយថា ខ្លួននឹងចាប់ផ្ដើមធ្វើមហាបាតុកម្មនៅថ្ងៃសៅរ៍ ប្រសិនបើរដ្ឋាភិបាលមិនយល់ព្រមឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដែលលទ្ធផលបឋមបង្ហាញថា គណបក្សកាន់អំណាចជាអ្នកឈ្នះប៉ុន្តែមានសេចក្ដីរាយការណ៍ពីភាពមិនប្រក្រតីជាច្រើននោះទេ។
ទោះជាយ៉ាងណា ព្រឹត្តិការណ៍ហ្វឹកហាត់ចំនួនពីរកាលពីម្សិលមិញ មិនមានអ្វីខុសគ្នាច្រើនទេ។
នៅឯកោះពេជ្រ មន្ត្រីនគរបាលរាជធានីប្រហែល២.០០០នាក់ បានចំណាយពេលជិតពេញមួយព្រឹកធ្វើការហ្វឹកហាត់ ដែលមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់និងយ៉ាងតឹងរ៉ឹង។ នគរបាលត្រៀមឧស្ម័នបង្ហូរទឹកភ្នែក និងម៉ាស់ការពារឧស្ម័ន ហើយនគរបាលបង្ក្រាបបាតុកម្មពាក់អាវការ កាន់ដំបងឆក់ និង ខែលក៏បានចូលរួមដែរ។ ពួកគេហ្វឹកហាត់បច្ចេកទេស ដាក់របាំងផ្លូវ និងបន្លាលួស និងប្រើប្រាសទុយោបាញ់ទឹកចេញពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។
លោក ជួន សុវណ្ណ ស្នងការនគរបាលក្រុងបានចូលរួមជាអធិបតីក្នុងការហ្វឹកហាត់នេះ ហើយក្រោយមកបានជំរុញឲ្យអ្នកដែលចង់ចូលរួមធ្វើបាតុកម្មនៅថ្ងៃសៅរ៍នេះស្នាក់នៅផ្ទះ។ លោក ជួន សុវណ្ណ បានមានប្រសាសន៍ថា “ ប្រសិនបើបាតុករមិនប្រើអំពើហិង្សា យើងមិនចាំបាច់ប្រើអាវុធទេ។ ប៉ុន្តែប្រសិនបើមានអ្នកឆ្លៀតឱកាសក្នុងចំណោមបាតុករទាំងនោះ ដែលប្រើអាវុធដើម្បីវាយប្រហារអាជ្ញាធររបស់យើងនោះ វានឹងមានគ្រោះថ្នាក់ហើយ”។
លោកបានមានប្រសាសន៍ថា “ ដូច្នេះ នៅត្រង់ចំណុចនេះយើងសូមអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យចូលរួមធ្វើបាតុកម្ម និងទុកឲ្យគណបក្សជាអ្នកដោះស្រាយបញ្ហានេះ។ យើងមានសមត្ថភាពដោះស្រាយបញ្ហានេះ។ យើងមានច្បាប់គ្រប់គ្រាន់ ច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហានេះ”។
ប្រសិនបើការតវ៉ានេះនៅតែធ្វើដូចការគ្រោងទុកនោះ លោក សុវណ្ណ មានប្រសាសន៍ថា វាអាស្រ័យលើគណបក្សសង្គ្រោះជាតិក្នុងការធ្វើឲ្យពួកគេស្ងប់ស្ងាត់ ហើយបានបន្ទរតាមការព្រមានរបស់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះថា អំពើហិង្សាណាមួយដែលកើតចេញពីការធ្វើបាតុកម្មគឺជាការទទួលខុសត្រូវរបស់គណបក្សប្រឆាំងតែមួយគត់។
លោក ជួន សុវណ្ណ ក៏បានស្វះស្វែងនិយាយសម្រាលដល់ការបារម្ភរបស់គណបក្សប្រឆាំងដែលថា មន្ត្រីរបស់លោកអាចប្រើកម្លាំងហួសហេតុក្នុងការបង្ក្រាបបាតុកម្មនេះ ឬក៏បង្ករឲ្យមានអំពើហិង្សាណាមួយ។
លោក ជួន សុវណ្ណ បានមានប្រសាសន៍ថា “ ការហ្វឹកហាត់របស់យើង គឺដើម្បីទប់ស្កាត់អំពើហិង្សា និង ដើម្បីទប់ស្កាត់សកម្មភាពនៅកន្លែងហាមឃាត់។កងកម្លាំងរបស់យើងបំពាក់ដោយខែល ដំបង និងមួកការពារសុវត្ថិភាព។ នេះមានន័យថា ក្រុមនេះបង្កើតឡើងដើម្បីរៀបចំសណ្ដាប់ធ្នាប់ មិនមែនដើម្បីប្រយុទ្ធទេ”។
កងរាជអាវុធហត្ថជាង១.០០០នាក់ បានរត់កាត់ការហ្វឹកហាត់របស់បាតុករដែលមានការគ្រប់គ្រង អំឡុងពេលហ្វឹកហាត់នៅពហុកីឡាដ្ឋានអូឡាំពិក ក្នុងក្រុងភ្នំពេញ កាលពីពីរសប្ដាហ៍មុន។ មុនពេលនោះ រថពាសដែកបំពាក់អាវុធយ៉ាងហោចណាស់ប្រាំមួយគ្រឿង និងទាហានរាប់រយនាក់ ក៏ត្រូវបានបញ្ជូនមករាជធានីភ្នំពេញផងដែរ ដើម្បីត្រៀមសម្រាប់ការធ្វើបាតុកម្ម ប៉ុន្តែរហូតមកទល់ពេលនេះមិនឃើញមានទៀតទេ ។
គណបក្សសង្គ្រោះជាតិបានជាប់រវល់ក្នុងការត្រៀមលក្ខណៈសម្រាប់ការតវ៉ានេះផងដែរ។ ប៉ុន្តែ ការហាត់សមធ្វើបាតុកម្មរបស់ពួកគេនៅសួនសេរីភាពកាលពីម្សិលមិញ មិនសូវជាមានសណ្ដាប់ធ្នាប់ប៉ុន្មានទេ។
នៅពេលដែលអ្នកគាំទ្រគណបក្សប្រឆាំងប្រហែល៥០០នាក់ ប្ដូរវេនគ្នាធ្វើជាអ្នកតវ៉ានោះ មានអ្នកធ្វើជាបាតុករនិងអ្នកធ្វើជានគរបាលមួយចំនួនមិនអាចទ្រាំសើច និងញញឹមបានទេ ហើយហាក់ដូចជាការដើរតួប្រយុទ្ធជាងការហ្វឹកហាត់ពិតប្រាកដ។ នៅពេលខ្លះទៀត ពួកគេហ្វឹកហាត់អ្នកចូលរួមដាច់ដោយឡែកពីគ្នា ដោយកាន់ដៃគ្នាតស៊ូនឹងអ្នកតវ៉ាដែលច្រួលច្រាល និងមានការគប់ដបទឹកសុទ្ធទទេ។
លោក សុខ នឿន ដែលបានសើចពេលគាត់ដើរតួជាមន្ត្រីនគរបាលម្នាក់នោះ បាននិយាយថា គាត់រីករាយចំពោះការហាត់សមនេះ ប៉ុន្តែបានទទួលស្គាល់ថា ការតវ៉ាពិតប្រាកដច្បាស់ជាមិនសូវសប្បាយប៉ុន្មានទេ។
លោកបានមានប្រសាសន៍ថា “ នគរបាលមិនស្លូតដូចយើងទេ។ វានឹងមានការពិបាកនៅពេលដែលមានការតវ៉ាពិតប្រាកដ។ កំហឹង ឆ្លើយតបដោយកំហឹង ហើយប្រជាពលរដ្ឋ និងនគរបាលអាចប៉ះទង្គិចគ្នា។ ប្រជាពលរដ្ឋអាចរងការវាយដំក្បាល និងអាចមានការបង្ហូរឈាម”។
អ្នកស្រី អ៊ុំ វន្នី ដែលដើរតួជាបាតុករបានយល់ស្រប។ អ្នកស្រីបាននិយាយថា “ តាមពិតវានឹងមានការពិបាកជាងនេះ ដោយសារនគរបាលអាចវាយយើង។ ប៉ុន្តែយើងនឹងមិនវាយបកវិញទេ។ យើងនឹងអង្គុយអង្វរពួកគេ”។
ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រជាច្រើនមិនព្រួយបារម្ភអំពីការវាយប្រហារពីនគរបាលទេ ទោះបីជាគណបក្សប្រជាជនកម្ពុជា អាចដាក់បង្កប់អ្នកស៊ើបការនៅក្នុងក្រុមអ្នកតវ៉ាដើម្បីបង្ករបញ្ហា ហើយធ្វើជាហេតុផលចំពោះការបង្ក្រាបពីនគរបាលដែលមានអាវុធគ្រប់ដៃក៏ដោយ។ ដើម្បីទប់ទល់នឹងបញ្ហានេះគណបក្សសង្គ្រោះជាតិមានគម្រោងបែងចែកអ្នកតវ៉ាជាក្រុមៗ មានគ្នាពី១០ទៅ២០នាក់ ដែលត្រូវស្គាល់គ្នាទាំងអស់។
ថារ័ត្ន ជានិស្សិតភាសាអង់គ្លេស និងជាអ្នកគាំទ្រគណបក្សប្រឆាំង ដែលបដិសេធមិនប្រាប់ឈ្មោះពេញ ដោយសារភ័យខ្លាចការធ្វើបាបពីអាជ្ញាធរបាននិយាយថា ក្រុមទាំងនេះនឹងអាចរកឃើញអ្នកលួចបន្លំចូល។
គាត់បាននិយាយថា ប្រសិនបើយើងឃើញពួកគេ យើងអាចចាប់ពួកគេ ហើយនាំពួកគេចេញក្រៅក្រុមអ្នកតវ៉ា”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានមើលការហាត់សមនេះបានជំរុញឲ្យអ្នកចូលរួមរក្សាអារម្មណ៍ឲ្យស្ងប់ស្ងាត់អំឡុងពេលធ្វើបាតុកម្មនៅក្នុងពេលខាងមុខនេះ ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។
លោកបានមានប្រសាសន៍ថា “ សូមគ្រប់គ្រងកំហឹងរបស់បងប្អូន និងធ្វើខ្លួនឲ្យល្អដើម្បីគោរពអ្នកដទៃ ហើយអ្នកដទៃក៏គោរពបងប្អូនដែរ” ។ លោកបានជំរុញឲ្យពួកគេរក្សាអាវុធដែលពួកគេមានទុកនៅឯផ្ទះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបន្ថែមថា “សូមគ្រប់គ្រងឥរិយាបថរបស់បងប្អូន គំនិតរបស់បងប្អូន និងនិយាយដោយប្រុងប្រយ័ត្ន ពីព្រោះយើងគឺជាខ្មែរ យើងត្រូវមានទឹកចិត្តស្លូតបូត យើងត្រូវតែញញឹមជានិច្ច” ។
ទោះជាយ៉ាងណា ពិធីបែបនេះហាក់ដូចជាធ្វើឲ្យមនុស្សរាប់រយនាក់ ដែលបានឈរមើលនៅជុំវិញសួននេះ មិនយល់ទេ។
អ្នកឈរមើលម្នាក់ដែលបដិសេធមិនប្រាប់ឈ្មោះបាននិយាយថា “ នេះជាការសម្ដែងឲ្យគេមើល ប៉ុន្តែគេមិនអាចមើលឃើញទេ ដូច្នេះគេមិនដឹងថា ត្រូវធ្វើតាមឧទាហរណ៍នេះដូចម្ដេចទេ”។
លោក យ៉េង វីរៈ នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលមកសង្កេតមើលពិធីនេះបានយល់ស្របថា មនុស្សភាគច្រើនហាក់ដូចជាមិនសប្បាយចិត្តទេ បន្ទាប់ពីការហាត់សមនេះ។
លោកបានសរសើរដល់ការខំប្រឹងប្រែងរបស់គណបក្សសង្គ្រោះជាតិ និងការប្ដេជ្ញាមិនប្រើហិង្សា ប៉ុន្តែបានមានប្រសាសន៍ថា គណបក្សនេះត្រូវធ្វើឲ្យបានល្អជាងនេះនៅពេលហាត់សមលើកក្រោយនៅថ្ងៃពុធ។
លោកបានមានប្រសាសន៍ថា ការហាត់សមនៅថ្ងៃទី៤ ច្បាស់ជាល្អជាងនេះ។ ខ្ញុំសង្ឃឹមថា លើកក្រោយពួកគេធ្វើបានល្អជាងនេះ ប៉ុន្តែការប្ដេជ្ញាចំពោះអហិង្សាពិតជាមានមែន”។
គណបក្សសង្គ្រោះជាតិបាននិយាយថា ខ្លួនបានទទួលការហ្វឹកហាត់អំពីបច្ចេកទេសតវ៉ាដោយអហិង្សាពីអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែមិនប្រាប់ថា អង្គការមួយណាទេ៕
(រាយការណ៍បន្ថែមដោយ ម៉ិច ដារា)
ប្រែសម្រួលដោយ មូល គឹមហឿន