គណបក្សសង្គ្រោះជាតិបានសន្យាចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំង នឹងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានប្រកាសកាលពីថ្ងៃសៅរ៍ថា ភាពមិនប្រក្រតីក្នុងការបោះឆ្នោតនៅក្នុងខេត្តក្រចេះនោះ គឺមិនអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលឆ្នោតបឋមដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។
ទោះបីជាក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានចេញបញ្ជាថាត្រូវចាត់វិធានការដាក់ពិន័យចំពោះអ្នកទាំងឡាយណាដែលខកខានមិនបានបិទកញ្ចប់សុវត្ថិភាពដាក់ឯកសារកត់ត្រាផ្លូវការនៅតាមការិយាល័យបោះឆ្នោតឲ្យបានត្រឹមត្រូវនៅការិយាល័យបោះឆ្នោតយ៉ាងហោចណាស់ចំនួន៨កន្លែងនៅក្នុងខេត្តក្រចេះនេះក៏ដោយ ក៏លោក គួយ ប៊ុនរឿន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា គឺមិនអាចទទួលយកបានទេ។
លោក គួយ ប៊ុនរឿន បានថ្លែងក្នុងពិធីបើកសវនាការជាសាធារណៈនៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃសៅរ៍ ដែលគណៈម្មាធិការជាតិរៀបចំការបោះឆ្នោតមានឱកាសមួយដើម្បីការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិថា “ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា គឺអយុត្តិធម៌ចំពោះគណបក្សសង្គ្រោះជាតិ”។
លោក ប៊ុនរឿន បានបន្ថែមថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដើម្បីឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការដាក់ពិន័យចំពោះប្រធានការិយាល័យបោះឆ្នោតមួយចំនួនដែលមិនបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិនោះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីលួចបន្លំការបោះឆ្នោតក្នុងថ្ងៃបោះឆ្នោត។
លោក ប៊ុនរឿន បានថ្លែងបន្តថា “ ការបញ្ជាឲ្យ [គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត]ធ្វើការដាក់ពិន័យចំពោះមន្ត្រីនៅតាមការិយាល័យបោះឆ្នោតនោះ ក៏ជារឿងអយុត្តិធម៌ចំពោះពួកគេដែរ។ ពួកគេមិនបានធ្វើឲ្យមានកំហុសនេះដោយខ្លួនឯងទេ ប៉ុន្តែពួកគេបានទទួលបញ្ជាពីថ្នាក់លើរបស់ពួកគេ”។
លោកបានថ្លែងបន្តថា “ ឥឡូវនេះ ពេលវេលាសម្រាប់ដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតបានចប់ហើយ ហើយយើងបច្ចុប្បន្ននេះកំពុងពិចារណាក្នុងការ[ដាក់ពាក្យបណ្ដឹងប្រឆាំង គ.ជ.ប.] ទៅតុលាការជុំវិញការលួចបន្លំ ក្នុងការបោះឆ្នោត។ ក្រុមមេធាវីកំពុងរៀបចំពាក្យបណ្ដឹងប្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមាជិកចំនួនប្រាំបួនរូប នេះ”។
នៅក្នុងខេត្តក្រចេះដែលលទ្ធផលបឋមគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈសភាចំនួន២ក្នុងចំណោមអាសនៈសភាចំនួន៣ក្នុងខេត្តនេះ។ លទ្ធផលចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃទី៨ ខែកញ្ញា។
លោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានបញ្ជាឲ្យ គ.ជ.ប. ធានាថា ត្រូវតែចាត់វិធានការដាក់ពិន័យចំពោះអ្នកដែលទទួលខុសត្រូវក្នុងខេត្តក្រចេះ។
លោក ឯក សំអុល បានលើកឡើងបន្តថា “ [ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា] បានប្រគល់ការងារនេះឲ្យគ.ជ.ប. ដើម្បីចាត់វិធានការដាក់ទោសចំពោះមន្ត្រីទាំងនោះ ដែលបានប្រព្រឹត្ដខុសច្បាប់”។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា គ.ជ.ប. អាចធ្វើតាមបទបញ្ជារបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាដើម្បីស៊ើបអង្កេត និងដាក់ពិន័យមន្ត្រី គ.ជ.ប. នៅថ្នាក់មូលដ្ឋាន ដែលអនុញ្ញាតឲ្យមានភាពមិនប្រក្រតីកើតឡើងនៅការិយាល័យបោះឆ្នោតរបស់ពួកគេ ប៉ុន្តែលោកបានថ្លែងថា ការដាក់ពិន័យនេះមិនគួរធ្ងន់ពេកទេ។
លោកមានប្រសាសន៍បន្តថា “ យើងនឹងធ្វើការស៊ើបអង្កេតករណីនេះ ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ហើយយើងនឹងរកឲ្យឃើញថា នរណាខ្លះជាប់ពាក់ព័ន្ធក្នុងករណីទាំងនេះ។ ប៉ុន្តែ ប្រសិនបើយើងពិន័យពួកគេហើយដាក់ទោសពួកគេធ្ងន់ពេកតាមការទាមទាររបស់គណបក្សប្រឆាំង នោះ ពួកគេនឹងមិនអាចធ្វើការឲ្យ គ.ជ.ប. អំឡុងពេលបោះឆ្នោតលើកក្រោយទៀតទេ ពីព្រោះពួកគេគ្រាន់តែជាបុគ្គលិកបណ្ដោះអាសន្ន ហើយទទួលបានប្រាក់ខែបន្តិចបន្តួចប៉ុណ្ណោះ”។
កាលពីថ្ងៃទី២៥ ខែសីហា ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាឲ្យ គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ ក” នៅតាមការិយាល័យបោះឆ្នោតចំនួន១៣ កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងបានចោទប្រកាន់ថា មានការលួចបន្លំក្នុងការបោះឆ្នោត។ នៅក្នុងពិធីបើកកញ្ចប់សុវត្ថិភាព “ ក” ជាសាធារណៈគណបក្សសង្គ្រោះជាតិបានរកឃើញថា កញ្ចប់សុវត្ថិភាព “ ក” ចំនួន៨ត្រូវបានគេបើករួចហើយ ឬបិទមិនត្រឹមត្រូវដែលនាំឲ្យគណបក្សសង្គ្រោះជាតិដាក់ពាក្យបណ្ដឹងបន្ថែមទៀតទៅក្រុមប្រឹក្សាធម្មនុញ្ញ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានបើកកញ្ចប់សុវត្ថិភាព “ ក” នៅតាមការិយាល័យបោះឆ្នោតនៅខេត្តបាត់ដំបង សៀមរាប និងខេត្តកណ្ដាល ផងដែរ។
នៅក្នុងក្រុងបាត់ដំបងទម្រង់១១០២មួយចំនួនសម្រាប់កត់ត្រាសំឡេងឆ្នោតនោះមិនមានកត់ត្រាអ្វីទេ។ នៅខេត្តសៀមរាប មានកញ្ចប់សុវត្ថិភាពខ្លះបិទមិនត្រឹមត្រូវ ហើយទម្រង់ច្បាប់ដើម និងទម្រង់ផ្សេងទៀតបានបង្ហាញពីភាពខុសគ្នានៃការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យមួយចំនួន៕
ប្រែសម្រួលដោយ ឃិន ណៃ