កាលពីម្សិលមិញរដ្ឋាភិបាលបាននិយាយការពារគោលជំហររបស់ខ្លួនក្នុងការមិនបំពេញកាតព្វកិច្ចហិរញ្ញវត្ថុចំពោះសាលាក្ដីឧក្រិដ្ឋកម្មសង្គ្រាមខ្មែរក្រហម ដែលបុគ្គលិកកម្ពុជា ប្រហែល២០០នាក់កំពុងធ្វើកូដកម្ម ដោយសារអត់បានបើកប្រាក់ខែជាច្រើនខែ ហើយបានបដិសេធថា ខ្លួនមិនបានបំពានកិច្ចព្រមព្រៀងណាមួយជាមួយអង្គការសហប្រជាជាតិនោះទេ។
តែទោះជាយ៉ាងណា បណ្ដាអ្នកជំនាញខាងច្បាប់លើកឡើងថា តាមរយៈការមិនទទួលខុសត្រូវរបស់ខ្លួនចំពោះតុលាការឧក្រិដ្ឋកម្មសង្គ្រាមមួយនេះ រដ្ឋាភិបាលបានបំពានកិច្ចព្រមព្រៀងមុនៗរបស់អង្គការសហប្រជាជាតិ ហើយប្រឈមនឹងទស្សនដែលគេយល់ថាខ្លួន មិនគាំទ្រអាណត្តិរបស់តុលាការ ដែលរងការរិះគន់យ៉ាងខ្លាំងនេះ ក្នុងការកាត់ទោសអតីតមន្ត្រីក្នុងរបបប៉ុលពត។
លោក ឯក ថា អ្នកនាំពាក្យរដ្ឋាភិបាលនៅអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ រដ្ឋាភិបាលគ្មានថវិកាសម្រាប់ភាគីជាតិនៃ [អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា] ECCC ទេ”។ លោកបានបន្តថា “ យើងមិនបានបំពានកិច្ចព្រមព្រៀងណាមួយជាមួយអង្គការសហប្រជាជាតិទេ ហើយកន្លងមកយើងបានរួមចំណែកជួយដល់ភាគីជាតិនៃតុលាការនេះ ហើយយើងមានសិទ្ធិស្វែងរកជំនួយពីម្ចាស់ជំនួយក្រៅប្រទេសកម្ពុជា”។
លោកបានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលបានបរិច្ចាគប្រហែល១៦,៩លានដុល្លារដល់តុលាការនេះ ហើយពេលនេះលែងមានលទ្ធភាពផ្ដល់បន្ថែមទៀតហើយ។ យោងតាមគេហទំព័ររបស់ ECCC បានឲ្យដឹងថា ការបរិច្ចាគរបស់រដ្ឋាភិបាលមានចំនួនស្មើនឹងប្រហែល៤,៨លានដុល្លារ។
តែទោះជាយ៉ាងណា ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មសង្គ្រាមនេះបានចាប់ផ្ដើមដំណើរការកាលពីប្រាំពីរឆ្នាំមុនមក រដ្ឋាភិបាលបានពឹងផ្អែកភាគច្រើនលើមូលនិធិរបស់ម្ចាស់ជំនួយបរទេស ដើម្បីរ៉ាប់រងផ្នែកហិរញ្ញវត្ថុសម្រាប់ភាគីជាតិនៃតុលាការនេះ។ សាលាក្ដីនៅឆ្នាំនេះបានពុះពារធ្វើយ៉ាងណាឲ្យទទួលបានជំនួយគ្រប់គ្រាន់ ដើម្បីបើកប្រាក់ខែឲ្យបុគ្គលិកកម្ពុជា។ ស្ថានភាពនេះកាន់តែអាក្រក់ទៅ កាលពីថ្ងៃអាទិត្យ នៅពេលបុគ្គលិកជាតិប្រហែល២០០នាក់ក្នុងចំណោមបុគ្គលិកជាតិ២៥០នាក់នៃតុលាការនេះបានចាប់ផ្ដើមធ្វើកូដកម្មគ្មានពេលកំណត់ ដោយសារតែអត់បានបើកប្រាក់ខែចំនួនបីខែ ហើយការធ្វើកូដកម្មបែបនេះគឺជាលើកទី២ហើយនៅឆ្នាំនេះ។
លោក ឯក ថា បានមានប្រសាសន៍បន្តថា “ កម្ពុជា ជាប្រទេសក្រីក្រ។ យើងមានអ្វីជាច្រើនដែលត្រូវផ្ដោតយកចិត្តទុកដាក់។ យើងក៏ត្រូវផ្ដោតលើការកសាងប្រទេសរបស់យើងឡើងវិញដែរ ចាប់ពីវិស័យអប់រំ សុខាភិបាល ការអភិវឌ្ឍជនបទ និងកសិកម្ម។ ខ្ញុំពិតជាមានសុទិដ្ឋិនិយមថា ម្ចាស់ជំនួយ និងមិត្តរបស់ ECCC នឹងមិនធ្វើឲ្យតុលាការនេះអស់សង្ឃឹមឡើយ”។
លោកបានលើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន នឹងជួបជាមួយឯកអគ្គរាជទូតជប៉ុន និងអូស្ដ្រាលី ប្រចាំប្រទេសកម្ពុជា នៅក្នុងជំនួបដាច់ដោយឡែកពីគ្នានៅថ្ងៃស្អែកនៅក្នុងកិច្ចប្រឹងប្រែង ដើម្បីសុំជំនួយសម្រាប់ភាគីជាតិនៃតុលាការនេះ ជាផ្នែកនៃការអំពាវនាវរៃអង្គាសមូលនិធិដ៏ធំមួយដែលក្នុងនោះតំណាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាសមាជិកអាស៊ាន ចំនួនប្រាំកាលពីខែមុន ដើម្បីស្វែងរកជំនួយ។
រហូតមកទល់ពេលនេះ សាលាក្ដីខ្មែរក្រហមបានចេញសាលក្រមផ្ដន្ទាទោសតែមួយប៉ុណ្ណោះ គឺទោសជាប់ពន្ធនាគារមួយជីវិតសម្រាប់ ឌុច អតីតប្រធានមន្ទីរឃុំឃាំងស-២១ នៅក្នុងសំណុំរឿង០០១។ បច្ចុប្បន្នដោយសារតែដំណើរការនីតិវិធីអូសបន្លាយនិងវ័យកាន់តែចាស់របស់ចុងចោទ ដែលមានតែពីរនាក់ក្នុងចំណោមអតីតមេដឹកនាំជាន់ខ្ពស់បួននាក់ក្នុងសម័យខ្មែរក្រហម ដែលដំបូងឡើយត្រូវបានចោទប្រកាន់នោះ កំពុងឡើងសវនាការក្នុងសំណុំរឿង០០២នៅឡើយ ដោយមានការរំពឹងថា សាលក្រមផ្ដន្ទាទោសមួយនឹងចេញនៅឆ្នាំក្រោយ។
លោក ឡុង បញ្ញាវុធ មន្ត្រីសម្របសម្រួលកម្មវិធីនៃគម្រោងយុត្តិធម៌នៅកម្ពុជា ដែលជាអង្គការឃ្លាំមើលតុលាការបានមានប្រសាសន៍ថា ដោយសំណុំរឿងនេះបានឈានដល់ទីបញ្ចប់ ការបដិសេធរបស់រដ្ឋាភិបាលមិនផ្ដល់មូលនិធិចាំបាច់ដើម្បីរក្សាឲ្យតុលាការនេះរស់រានបន្តទៀតបាននោះ ក៏ប្រហែលជាឆ្លុះបញ្ចាំងឲ្យឃើញនូវគោលជំហរមិនកែប្រែរបស់ខ្លួនដែលថា តុលាការមិនស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និងសំណុំរឿង០០៤ផងដែរ។
លោក បញ្ញាវុធ បានមានប្រសាសន៍បន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា ភ័យខ្លាចចំពោះការគាំទ្រ ឬការផ្ដល់មូលនិធិដល់ភាគីជាតិ ពីព្រោះពួកគេមិនចង់ឃើញសាលាក្ដីខ្មែរក្រហមបន្តសំណុំរឿង០០៣ និងសំណុំរឿង០០៤” ដែលពាក់ព័ន្ធនឹងមន្ត្រីថ្នាក់ក្រោមនៃរបបខ្មែរក្រហមដែលមានអំណាចនយោបាយតិចតួចនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានមេធាវីការពារចុងចោទនៅ ECCC និងអ្នកសង្កេតការណ៍ផ្នែកច្បាប់ចោទប្រកាន់ថា បានជ្រៀតជ្រែកក្នុងតុលាការនេះតាមរយៈសេចក្ដីថ្លែងការណ៍ជាសាធារណៈដែលក្នុងនោះលោកបានសន្មតទោសរបស់ចុងចោទ ហើយបានអះអាងថា អាណត្តិរបស់តុលាការនេះបញ្ចប់ បន្ទាប់ពីការបញ្ចប់សំណុំរឿង០០២។
លោក បញ្ញាវុធ បានមានប្រសាសន៍ទៀតថា ការអំពាវនាវជាសាធារណៈរបស់អង្គការសហប្រជាជាតិឲ្យរដ្ឋាភិបាលកម្ពុជា បំពេញតួនាទីផ្ដល់មូលនិធិ ដែលមិនធ្លាប់មានការរំពឹងទុកពីមុនមកថា រដ្ឋាភិបាលនឹងបំពេញនោះ ក៏អាចជាការប៉ន់ប៉ងទម្លាក់កំហុសលើរដ្ឋាភិបាលផងដែរ នៅមុនពេលតុលាការនេះជាប់គាំងលែងដំណើរការទាំងស្រុង។
លោកបានមានប្រសាសន៍ថា “អង្គការសហប្រជាជាតិប្រហែលជាគិតថា គ្មានផ្លូវដែលរដ្ឋាភិបាលនឹងទទួលបានមូលនិធិទេ ប៉ុន្តែប្រសិនបើតុលាការនេះគាំងលែងដំណើរការ អង្គការសហប្រជាជាតិ នឹងមិនត្រូវគេបន្ទោសឡើយ ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនជួយផ្តល់ប្រាក់បន្ថែម។
ខណៈពេលដែលអង្គការសហប្រជាជាតិ នឹងបន្តបំពេញថវិកាខ្វះខាត២,៩លានដុល្លារនៃថវិកាខាងភាគីជាតិនៅឆ្នាំនេះ លោក ដេវីដ ស្កេហ្វើ (David Scheffer) ជាអ្នកឯកទេសពិសេសរបស់អង្គការសហប្រជាជាតិប្រចាំសាលាក្ដីខ្មែរក្រហមបានអំពាវនាវកាលពីម្សិលមិញឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះតុលាការដែលមានបញ្ហាថវិកានេះ។ លោកបានលើកឡើងតាមអ៊ីម៉េលថា “យើងកំពុងខិតខំយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលកម្ពុជា ដែលមានកាតព្វកិច្ចច្បាប់រ៉ាប់រងការបើកប្រាក់ខែឲ្យបុគ្គលិកជាតិ ហើយម្ចាស់ជំនួយបរទេសនានាត្រូវតែដោះស្រាយបញ្ហានេះ”។
លោកបានមានប្រសាសន៍ទៀតថា ការលើកឡើងថា ម្ចាស់ជំនួយស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយដល់ភាគីជាតិនៃតុលាការនេះ ដោយសារតែមានការចោទប្រកាន់លើកមុនៗថា រដ្ឋាភិបាលបានជ្រៀតជ្រែកក្នុងកិច្ចការរបស់តុលាការនេះនិងអំពើពុករលួយនោះ មិនមែនជារឿងថ្មីទេ។
លោកបានមានប្រសាសន៍ថា “ការចោទប្រកាន់ចាស់ចំពោះការជ្រៀតជ្រែកផ្នែកនយោបាយ និងអំពើពុករលួយគ្មានអ្វីពាក់ព័ន្ធនឹងការលំបាកផ្នែកហិរញ្ញវត្ថុនាពេលបច្ចុប្បន្នទេ។ ការលែងចង់ផ្ដល់ជំនួយរបស់ម្ចាស់ជំនួយពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវច្បាប់របស់កម្ពុជា វាពាក់ព័ន្ធនឹងការត្បិតត្បៀតហិរញ្ញវត្ថុក្រោយវិបត្តិសេដ្ឋកិច្ចពីសំណាក់ម្ចាស់ជំនួយបរទេសច្រើនជាងការចោទប្រកានចាស់់”។
លោក ឡៅ ម៉ុងហៃ សាស្ត្រាចារ្យច្បាប់និងជាអ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើឲ្យប្រាកដថា ភាគីជាតិបន្តដំណើរការប្រសិនបើខ្លួនសង្ឃឹមចង់រក្សាការជឿទុកចិត្តពីអន្តរជាតិ។
លោកបានមានប្រសាសន៍ថា “វាមិនពាក់ព័ន្ធនឹងឆន្ទៈនយោបាយទេ។ រដ្ឋាភិបាលមានកាតព្វកិច្ចជាក់លាក់យោងទៅតាមច្បាប់ និងតាមកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ ហើយយើងត្រូវតែគោរពកាតព្វកិច្ចរបស់យើង”។
លោកបានមានប្រសាសន៍ទៀតថា “ [មេដឹកនាំរដ្ឋាភិបាល] មានការយឺតយ៉ាវក្នុងការសម្រេចចិត្ត។ ជាដំបូងព្យាយាមមិនបង្កើតសាលាក្ដី ក្រោយពីបង្កើតរួចនាយករដ្ឋមន្ត្រីរបស់យើងមិនចង់មើលឃើញដំណើរការទាំងមូលទេ”។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា បើគ្មានការគាំទ្រនិងការជឿទុកចិត្តរបស់សាធារណជនកម្ពុជាទេ តុលាការនេះមិនរំពឹងថា នឹងបន្តទទួលបានការអាណិតអាសូរពីអន្តរជាតិឡើយ។
ដោយលើកឡើងពីការស្លាប់របស់លោក អៀង សារី អតីតរដ្ឋមន្ត្រីខ្មែរក្រហមកាលពីដើមឆ្នាំនេះ និងសេចក្ដីសម្រេចកាលពីឆ្នាំ២០១២ថា លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចខ្មែរក្រហម ដែលត្រូវជាភរិយារបស់លោក អៀង សារី មិនអាចឡើងសវនាការបានតទៅទៀតនោះ បានធ្វើឲ្យមានអ្នកដើរចេញពីសាលាក្ដីនេះ។
លោកស្រី ហេនលែន ចាវីស (Helen Jarvis) ដែលជាអ្នកផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលក្នុងការបង្កើតតុលាការនេះឡើង និងដែលពីមុនធ្លាប់ធ្វើជាអ្នកនាំពាក្យតុលាការនេះបានមានប្រសាសន៍ថា ទាំងអង្គការសហប្រជាជាតិ ទាំងរដ្ឋាភិបាលតែងតែពឹងផ្អែកលើម្ចាស់ជំនួយផ្ដល់មូលនិធិ ដើម្បីរក្សាឲ្យភាគីរបស់ខ្លួនក្នុងតុលាការនេះអាចដំណើរការទៅបាន ហើយបានមានប្រសាសន៍ថា ការលែងចង់ផ្ដល់ជំនួយតទៅទៀតគឺ ដោយសារតែដំណើរការនីតិវិធីអូសបន្លាយ។
លោកស្រី ចាវីស បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀង [ដើម្បីបង្កើតតុលាការនេះ] ចែងថា អង្គការសហប្រជាជាតិត្រូវចំណាយលើភាគីអន្តរជាតិ ហើយរដ្ឋាភិបាលត្រូវចំណាយលើភាគីជាតិ ប៉ុន្តែទាំងអង្គការសហប្រជាជាតិ ទាំងរដ្ឋាភិបាលមិនបានចំណាយលើភាគីរបស់ខ្លួនទេ។ ភាគីទាំងពីរបានពឹងផ្អែកលើជំនួយស្ម័គ្រចិត្ត”។
លោកស្រីបានមានប្រសាសន៍ទៀតថា “អ្នកគ្រប់គ្នាមានការព្រួយបារម្ភថា ដំណើរការនេះចំណាយពេលយូរជាងការរំពឹងទុកខ្លាំងពេក។ នេះគឺជាបញ្ហាធំបំផុត។ ពេលនេះយើងឈានចូលដល់ឆ្នាំទី៧ហើយនៅក្នុងដំណើរការនេះ ដែលដំបូងឡើយគ្រោងសម្រាប់រយៈពេលបីឆ្នាំប៉ុណ្ណោះ។ នេះជាបញ្ហាដ៏ធំមួយ ទាំងផ្នែកហិរញ្ញវត្ថុ និងក៏ដោយសារតែវ័យកាន់តែចាស់របស់ជនជាប់ចោទ និងជនរងគ្រោះផងដែរ”៕
ប្រែសម្រួលដោយ តែម សុខុម