កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានច្រានចោលសំណើចុងក្រោយរបស់អង្គការក្រៅរដ្ឋាភិបាលភ្លាមៗ ដែលមានបំណងទម្លាយភាពជាប់គាំងផ្នែកនយោបាយជុំវិញអំពីរបៀបការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិ ដែលមានជម្លោះកាលពីខែមុន។
ដើម្បីទម្លាយភាពជាប់គាំង អង្គការក្រៅរដ្ឋាភិបាលបានចាត់ទុកក្រុមដែលខ្លួនបង្កើតឡើងដើម្បីឃ្លាំមើលការបោះឆ្នោតថាជាបន្ទប់ស្ថានការណ៍ កាលពីព្រឹកម្សិលមិញ បានផ្ដល់អនុសាស្ត្រថា ការបង្កើតគណៈកម្មការស៊ើបអង្កេតត្រូវតែធ្វើឡើង ដោយគណបក្សទាំងពីរ ហើយភាគីនីមួយៗត្រូវតធ្វើជាប្រធានប្តូរវេនគ្នានៃស្ថាប័ននេះ។
អនុសាស្ត្រនេះក៏បានលើកឡើងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គួរតែដើរតួជាអ្នកសម្របសម្រួលគណៈកម្មការនេះ ហើយអនុវត្តន៍សកម្មភាពមួយចំនួនដូចជា រៀបចំពេលវេលា និងទីកន្លែងប្រជុំ និងរក្សាទុកកំណត់ហេតុនៃកិច្ចប្រជុំ។ អនុសាស្ត្រនេះក៏បានលើកឡើងដែរថា គណៈកម្មការនេះគួរតែរួមបញ្ជូលអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិឲ្យធ្វើជាអ្នកឃ្លាំមើលផងដែរ។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានលើកឡើងថា អង្គការក្រៅរដ្ឋាភិបាលដែលបានដាក់សំណើនេះ គឺជាមធ្យោបាយមួយដ៏ល្អបំផុត និងអាចចាត់ទុកថា ជាសមទ្ធផលមួយ។
លោកមានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជាមិនចង់ឲ្យអង្គការសហប្រជាជាតិដើរតួនាទីនេះឡើយ ហេតុដូច្នេះវាមិនប្រាកដនិយមនោះទេ។ ពួកគេចង់ឲ្យគ.ជ.ប. ដោះស្រាយរឿងនេះ ប៉ុន្តែគណបក្សសង្គ្រោះជាតិមិនជឿជាក់លើគ.ជ.ប.ឡើយ”។ លោក គល់ បញ្ញា បានបន្ថែមថា “ អ៊ីចឹងហើយត្រូវការអង្គការឯករាជ្យមួយចំនួន ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលនោះទេ។
គណបក្សសង្គ្រោះ ជាតិគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃទី៧ ខែកញ្ញានេះ ប្រសិនបើរដ្ឋាភិបាលមិនយល់ព្រមឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដោយឯករាជ្យនោះ។
គណបក្សប្រជាជនកម្ពុជាបានច្រានចោលសំណើរបស់គណបក្សប្រឆាំង ដែលស្នើឲ្យអង្គការសហប្រជាជាតិដឹកនាំការស៊ើបអង្កេតនេះ ហើយបានលើកឡើងថា រាល់ការស៊ើបអង្កេតណាមួយនៃការបោះឆ្នោតត្រូវតែធ្វើឡើងដោយគ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលគណបក្សប្រឆាំងសុទ្ធតែច្រានចោលមិនទទួលយក ដោយសារតែមានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនោះ។
នៅពេលគជ.ប. គ្រោងនឹងចេញលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅថ្ងៃទី៨ ខែកញ្ញា ដែលលទ្ធផលស្ទើរតែទាំងអស់សម្រេចផ្ដល់ជ័យជម្នះទៅឲ្យគណបក្សប្រជាជនកម្ពុជា លោក គល់ បញ្ញា បានស្នើឲ្យគណបក្សទាំងពីរធ្វើជាប្រធានប្ដូរវេនគ្នានៃគណៈកម្មាធិការជារៀងរាល់ថ្ងៃ។
ប៉ុន្តែលោក ជាម យៀប អ្នកនាំពាក្យនិងជាសមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញបានច្រានចោលសំណើនេះភ្លាមៗ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ប្រសិនបើយើងពិភាក្សាគ្នាពីការបង្កើតគណៈកម្មការនេះ វាហាក់បីដូចជាយឺតពេលហើយ។ លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជានៅតែបើកចំហរសម្រាប់ការបើកកិច្ចពិភាក្សាជាមួយគណបក្សប្រឆាំង។លោកថ្លែងបន្តថា “ ប្រសិនឯកឧត្តម សម រង្ស៊ី ស្នើទៅមេដឹកនាំកំពូលៗរបស់គណបក្សខ្ញុំ ខ្ញុំគិតថា យើងនឹងអាចបើកកិច្ចប្រជុំនៅពេលណាមួយក៏បាន ប៉ុន្តែខ្ញុំមិនដឹងថា ថ្ងៃណានោះទេ។
នៅឯសន្និសីទកាសែតរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានលើកឡើងថា លោកកំពុងតែរង់ចាំការឆ្លើយតបពីគណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងសំណើ ដែលស្នើឲ្យមន្ត្រីកំពូលៗមកពីគណបក្សទាំងពីរបានជួបពិភាក្សាគ្នាក្នុងពេលឆាប់ ដើម្បីដោះស្រាយភាពជាប់គាំងផ្នែកនយោបាយនាពេលបច្ចុប្បន្ន៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង