នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានឲ្យដឹងថា មជ្ឈមណ្ឌលនេះនឹងដាក់ឲ្យគេហទំព័រមួយដំណើរការក្នុងខែនេះ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋបានកាន់តែច្រើនថែមទៀតឲ្យផ្តល់ឈាម ដោយសារតែបរិមាណឈាមនៅមជ្ឈមណ្ឌលនេះធ្លាក់ចុះយ៉ាងខ្លាំង និងតម្រូវការឈាមរាប់រយប្លោកទៀត។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានប្រសាសន៍ថា ឈាមជាង៥០០ប្លោក ពិតជាចាំបាច់សម្រាប់មជ្ឈមណ្ឌលនេះជួយឆ្លើយតបទៅនឹងតម្រូវការទូទៅពីមន្ទីរពេទ្យនានា ប៉ុន្តែធនាគារឈាម បច្ចុប្បន្នមានតែ២០០ប្លោកប៉ុណ្ណោះ។ ដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីកង្វះខាតឈាម មជ្ឈមណ្ឌលនេះនឹងដាក់ឲ្យដំណើរការគេហទំព័រមួយនៅចុងខែនេះក្នុងគោលបំណងអំពាវនាវដល់សាធារណជនឲ្យចូលរួមផ្តល់ឈាម។
លោក គឹមចេង ថ្លែងថា “ យើងត្រូវការឈាមយ៉ាងតិចជាង៥០០បោ្លកនៅក្នុងស្តុកនៅមជ្ឈមណ្ឌលរបស់យើង ដើម្បីឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងដោះស្រាយតម្រូវការ។ យើងនឹងដំណើរការគេហទំព័រមួយដែលនឹងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីស្ថានភាពទាំងនេះ និងទីកន្លែងដែលពួកគេអាចផ្តល់ឈាមបាន”។លោកលើកឡើងកាលពីម្សិលមិញថា បើគិតពីថ្ងៃព្រហស្បតិ៍មក មានប្រជាជន១០នាក់ចូលទៅផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកវេជ្ជបណ្ឌិត គឹមចេង បានលើកឡើងកាលពីសប្តាហ៍មុនថា ជាធម្មតា មជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានឈាម១.០០០បោ្លកក្នុងមួយខែពីនិស្សិតសាកលវិទ្យាល័យ ក៏ប៉ុន្តែ អំឡុងវិស្សមកាលនៅតាមសាលារៀន សកម្មភាពផ្តល់ឈាមបានធ្លាក់ចុះយ៉ាងខ្លាំង។លោកបានឲ្យដឹងបន្ថែមទៀតថា មិនសូវមានអ្នកផ្តល់ឈាមក្នុងក្រុម O និង B ទេ។
លោកវេជ្ជបណ្ឌិត ជួន យ៉ៅយ៉េង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្លែងថា នៅមន្ទីរពេទ្យនេះ ជាទូទៅត្រូវការឈាមពី៥ ទៅ១០ប្លោកក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ការវះកាត់។
លោកបានថ្លែងថា “ ថ្ងៃខ្លះ យើងត្រូវការឈាម១០ប្លោក។ ឈាមនេះសម្រាប់ការវះកាត់ និងសម្រាប់អ្នកដែលមានសភាពទន់ខ្សោយដែលត្រូវការការចាក់បញ្ចូលឈាម។ ជាទូទៅ យើងត្រូវការឈាមពី៤ ទៅ៥ប្លោកនៅមន្ទីរពេទ្យនេះ”។
លោកវេជ្ជបណ្ឌិត លឹម គ្រុយ ប្រធាននាយកដ្ឋានឱសថ និងអប់រំស្រាវជ្រាវនៅឯមន្ទីរពេទ្យព្រះសីហនុនៃក្តីសង្ឃឹម បានលើកឡើងថា មន្ទីរពេទ្យនេះមិនរក្សាទុកឈាមទេ ប៉ុន្តែពឹងផ្អែកលើការផ្តល់ឈាមដោយផ្ទាល់ពីសមាជិកគ្រួសារអ្នកជំងឺ ឬពឹងលើមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកវេជ្ជបណ្ឌិត លឹម គ្រុយ មានប្រសាសន៍ថា “ [បរិមាណតម្រូវការឈាម] អាស្រ័យទៅលើបញ្ហារបស់អ្នកជំងឺ ដូចជា ជំងឺគ្រុនចាញ់ដែលតម្រូវការចាក់បញ្ចូលឈាមជាដើម”។ លោកបានបន្ថែមថា ករណីកម្រិតធ្ងន់បំផុតត្រូវទៅមន្ទីរពេទ្យផ្សេងទៀត ដែលមាននៅជុំវិញរាជធានីភ្នំពេញ ដូច្នេះមន្ទីរពេទ្យព្រះសីហនុនៃក្តីសង្ឃឹម ផ្អែកលើមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងករណីមួយចំនួន។លោកបានបន្ថែមថា “ នៅពេលដែលយើងត្រូវការឈាមជាក់ស្តែង យើងនឹងស្នើសំុការចាក់បញ្ចូលឈាមជាបន្ទាន់ [ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម] ហើយពួកគេនឹងផ្តល់ឈាមឲ្យយើង”។
លោក សេក ម៉ាឌី មន្ត្រីវិជ្ជាជីវៈជាតិ នៅអង្គការសុខភាពពិភពលោក ទទួលបន្ទុកសុវត្ថិភាពឈាម បានលើកឡើងថា ការធ្លាក់ចុះនៃការផ្តល់ឈាម ក៏អាចជាផលប៉ះពាល់មួយផ្នែក នៃបរិយាកាសក្រោយការបោះឆ្នោតដែរ។
លោក ម៉ាឌី បានបន្តថា “ ខ្ញុំគិតថា យើងចាំបាច់ត្រូវតែមានបរិយាកាសសន្តិភាពមួយ ដើម្បីជ្រើសរើសអ្នកផ្តល់ឈាម ហើយយើងត្រូវតែរង់ចាំពេលបន្តិចទៀត រហូតទាល់តែដល់ពេលស្ថានភាពត្រូវបានដោះស្រាយរួច ។ ស្ថានភាព [នយោបាយ] ប៉ះពាល់ដល់អ្នកគ្រប់គ្នា។ វាប៉ះពាល់ដល់អ្នកផ្តល់ឈាម និងអ្នកប្រមូលឈាម”។
ធនាគារឈាមតាមបណ្តាខេត្តនៅទូទាំងប្រទេសកាលពីសប្តាហ៍មុនបានឲ្យដឹងថា នៅសល់ឈាមតែ៤០ប្លោកប៉ុណ្ណោះនៅក្នុងខេត្តកំពង់ចាម ប៉ុន្តែនៅខេត្តនេះ មានតម្រូវការឈាម២៣០ប្លោកក្នុងមួយខែ ហើយខេត្តបន្ទាយមានជ័យមាន៦០ប្លោក ប៉ុន្តែ ជាធម្មតាត្រូវការ១០០ប្លោកក្នុងមួយខែ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី