យោងតាមអនុក្រឹត្យមួយរបស់រដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនការបោះឆ្នោតជាតិបន្តិចឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែចំនួនទ្វេដងសម្រាប់មន្ត្រីរដ្ឋាភិបាលថ្នាក់មូលដ្ឋានថ្នាក់ឃុំ និងភូមិ ចាប់ពីដើមឆ្នាំក្រោយនេះតទៅ។
អនុក្រឹត្យដែលបានចេញផ្សាយក្នុងសៀវភៅរាជកិច្ច កាលពីថ្ងៃទី៣១ខែសីហា ប៉ុន្តែបានចុះហត្ថលេខានៅថ្ងៃទី១១ខែកក្កដានោះបានបញ្ជាក់ថា មេឃុំនឹងត្រូវដំឡើងប្រាក់ខែរបស់ខ្លួនពី៣៧,៥ ទៅ៧៥ដុល្លារក្នុងមួយខែ រីឯអនុប្រធានរបស់ខ្លួនក៏នឹងត្រូវដំឡើងប្រាក់ខែរបស់ខ្លួនពី៣០ទៅ៦០ដុល្លារផងដែរ។
មន្ត្រីនៅថ្នាក់ក្រោមនោះទៀតសម្រាប់កាំប្រាក់ ក្រុមប្រឹក្សាឃុំសង្កាត់នឹងមានការដំឡើងប្រាក់ខែរបស់ខ្លួនទ្វេដងគឺទទួលបាន៣០ដុល្លារក្នុងមួយខែ ហើយអនុប្រធានក្រុមប្រឹក្សាឃុំសង្កាត់ នឹងទទួលបាន២៥ដុល្លារ រីឯមន្ត្រីថ្នាក់ភូមិ នឹងទទួលបានប្រាក់ខែ២០ដុល្លារ ក្នុងមួយខែ ដែលពីមុនទទួលបានតែ១០ដុល្លារក្នុងមួយខែប៉ុណ្ណោះ។
យោងតាមអនុក្រឹត្យដដែលឲ្យដឹងថា“ ការដំឡើងប្រាក់ខែនេះនឹងត្រូវបញ្ចូលទៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំសង្កាត់ចាប់ពីខែមករា ឆ្នាំ២០១៤តទៅ”។
ទោះបីការសម្រេចដំឡើងប្រាក់ខែនេះបានកើតឡើងនៅមុនការបោះឆ្នោតខែកក្កដា ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិបានទទួលការគាំទ្រយ៉ាងច្រើនលើសលប់នៅតាមតំបន់ជនបទ មួយផ្នែកដោយសារមានការគាំទ្រគម្រោងដំឡើងប្រាក់ខែសម្រាប់មន្ត្រីរាជការ និងកម្មកររោងចក្រឲ្យដល់១៥០ដុល្លារក្នុងមួយខែរបស់គណបក្សសង្គ្រោះជាតិ។
ទោះបីជា មន្ត្រីមូលដ្ឋានបានស្វាគមន៍ការសម្រេចដំឡើងប្រាក់ខែនេះ កាលពីម្សិលមិញក៏ដោយ ក៏ពួកគេបានលើកឡើងថា ការដំឡើងប្រាក់ខែនេះនៅតែមិនអាចគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់រស់នៅសមរម្យបានឡើយ។
លោក សុទ្ធ សាត ចៅសង្កាត់ចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានមានប្រសាសន៍ថា “ ខ្ញុំគិតថា ការសម្រេចដំឡើងប្រាក់ខែនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តសម្រាប់យើងទាំងអស់គ្នាដែលបានធ្វើការបម្រើប្រជាពលរដ្ឋ ហើយទោះបីជាវានៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ទ្រទ្រង់គ្រួសាររបស់ខ្ញុំក៏ដោយ ក៏វាប្រសើរជាងអ្វីដែលយើងទទួលបានពីមុនដែរ”។
ចៅសង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌ សែនសុខ បានយល់ស្របថា ទោះបីជាមានការដំឡើងប្រាក់ខែ១០០ភាគរយក៏ដោយ ក៏នៅតែមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់គ្រួសាររបស់គាត់ដែរ ប៉ុន្តែ លោកបានលើកឡើងថា លោកសប្បាយចិត្តដែលរដ្ឋាភិបាលប្រឹងប្រែងក្នុងការដំឡើងប្រាក់ខែនេះ។
លោកថ្លែងបន្តថា “យើងសប្បាយចិត្តចំពោះការដំឡើងប្រាក់ខែនេះ ហើយខ្ញុំគិតថា វាមានចំនួនទឹកប្រាក់ដ៏ច្រើន ដោយសារនៅកម្ពុជាមានមន្ត្រីជាច្រើនរូប”។
ក្នុងរយៈពេល១០ថ្ងៃប៉ុណ្ណោះបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានបាត់បង់អាសនៈសភាយ៉ាងច្រើនរបស់ខ្លួននោះ រដ្ឋាភិបាលបានប្រកាសដំឡើងប្រាក់ខែចំនួន៣០ភាគរយសម្រាប់មន្ត្រីរាជការដែលមានប្រាក់ខែទាបប្រហែល៩០.០០០នាក់ ហើយទោះបីជាអនុក្រឹត្យថ្មីនេះ ត្រូវបានចុះហត្ថលេខានៅមុនថ្ងៃបោះឆ្នោតក្តី ក៏ការប្រកាស ការដំឡើងប្រាក់ខែទាំងពីរលើកនេះត្រូវបានបកស្រាយថា ជាការឆ្លើយតបចំពោះការចាញ់ឆ្នោត។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលជួយជំរុញដល់ការធ្វើវិមជ្ឈការអំណាចទៅឲ្យរដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាននោះ មានប្រសាសន៍ថា “ នេះគឺជាជំហានវិជ្ជមានមួយនិងមានសារៈសំខាន់ពីព្រោះមេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានធ្វើការយ៉ាងសកម្មដើម្បីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។ប៉ុន្តែកាលពីលើកមុនគណបក្សប្រជាជនកម្ពុជាចូលចិត្តដំឡើងប្រាក់ខែបន្តិចម្តងៗពី១០ទៅ២០ភាគរយ ដូច្នេះនេះគឺជាការសម្រេចមួយដ៏ធំ”។
លោក បញ្ញា មានប្រសាសន៍បន្តថា “ នេះជាពេលវេលាល្អដោយសារថា វាជាគំនិតល្អមួយដើម្បីធ្វើឲ្យមានឥទ្ធិពលភ្លាមៗបន្ទាប់ពីការប្រកាសលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែ វាក៏បានឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងថា ការលើកទឹកចិត្តរបស់គណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរហើយ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថា ទោះបីមានការសម្រេចដំឡើងប្រាក់ខែនេះនៅមុនថ្ងៃបោះឆ្នោតក៏ដោយ ក៏វាជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបញ្ហាដែលគណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេង។
លោក យឹម សុវណ្ណ មានប្រសាសន៍បន្តថា “ គណបក្សប្រជាជនកម្ពុជាចូលចិត្តដំឡើងប្រាក់ខែបន្តិចម្តងៗ ហើយពន្យារប្រាក់ខែនោះ ដូច្នេះហើយបើគ្មានការបង្ហាញជំហរយ៉ាងរឹងមាំរបស់យើងទេ យើងនឹងមិនអាចទទួលបានការដំឡើងប្រាក់ខែនេះទេ។ វាគឺជាវេទិកានៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិក្នុងការដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការ ដូច្នេះវាបានបង្ហាញយ៉ាងច្បាស់ថា យើងកំពុងធ្វើត្រូវ ហើយវាបង្ហាញពីឥទ្ធិពលដែលគណបក្សប្រឆាំងអាចទទួលបាន”។
លោកថ្លែងបន្តថា “ ពេលនេះខ្ញុំដឹងច្បាស់ថា គណបក្សប្រជាជនកម្ពុជាមានគម្រោងដំឡើងប្រាក់ខែឲ្យកម្មកររោងចក្រកាត់ដេរ ជាចំណុចមួយទៀតនៃយុទ្ធនាការឃោសនារបស់យើង”។
លោកបានថ្លែងបន្តទៀតថា “យើងសប្បាយចិត្តចំពោះការដំឡើងប្រាក់ខែនេះ ប៉ុន្តែ វានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ បងប្អូនត្រូវការប្រាក់ខែយ៉ាងហោចណាស់១លានរៀល ដើម្បីរស់នៅឲ្យបានសមរម្យ៕
ប្រែសម្រួលដោយ ឃិន ណៃ