34 C
Phnom Penh

ប្តីប្រពន្ធ​ដែលរងការ​ចោទ​ប្រកាន់ថា ចេះ​អំពើអាបធ្មប់ មិន​ទាន់អាច​វិល​មក​ផ្ទះ​របស់​ខ្លួន​​វិញនៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្តីប្រពន្ធជន​ជាតិ​ភាគតិច​ចារ៉ាយ​ពីរ​នាក់​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ចេះ​អំពើ​​អាប​​​ធ្មប់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពីភូមិ​របស់​ខ្លួន​នៅ​ក្នុ​ងស្រុក​អូរ​យ៉ា​ដាវ​ ខេត្ត​រតន​គិរី​នោះ​ មិន​​មាន​ការ​ជួយ​ពី​មន្ត្រី​មូល​​ដ្ឋាន​ចំពោះ​ការ​បណ្តេញ​ពួក​គាត់​ចេញ​ពី​ភូមិ​នោះទេ​ ដោយ​​អតីត​អ្នក​រស់​នៅ​ជិត​ខាង​គាត់បាន​គំរាម​សម្លាប់​អ្នក​ទាំង​ពីរ​នេះ ប្រសិន​បើ​ពួក​គាត់​ត្រឡប់​មក​វិញ​នោះ។
លោក ម៉ា វិចិត្រ អធិការនគរ​បាល​ស្រុក​ អូរយ៉ាដាវ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​​​មូល​​​​​ដ្ឋាន​បាន​រៀបចំ​កិច្ច​ប្រជុំ​ចំនួន​បី​លើក​ជាមួយ​អ្នក​ភូមិ​ចាប់​តាំង​ពី​លោក រម៉ាស វេម អាយុ​៨០​ឆ្នាំជា​គ្រូ​​ថ្នាំ​ខ្មែរ​ និ​ង​ប្រពន្ធ​របស់​គាត់​​​ឈ្មោះ​ សេវ សយ អាយុ​៥០ឆ្នាំ​ត្រូវ​បាន​ចោទ​​​​ប្រកាន់​កាល​ពី​សប្តាហ៍​មុន​ថា បានធ្វើ​អំពើ​អាបធ្មប់​ ប៉ុន្តែ មិន​​អាច​ធ្វើ​ការ​ចរចា​ឲ្យ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នេះ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ឡើយ​​​។

លោក​ ម៉ា វិចិត្រ បាន​មាន​ប្រសាសន៍​ថា  “ យើង​បាន​រៀបចំកិច្ច​ប្រជុំ​ចំនួន​បីលើក​នៅ​​​ក្នុង​ភូមិនេះ ដើម្បីសម្រប​សម្រួល​ជា​មួយ​អ្នក​ភូមិ​​មូល​ដ្ឋាន​ប្រហែល​​១០០​នាក់​ឲ្យ​ទទួល​ស្គាល់ពួក​គាត់​ ហើយ​អនុ​ញ្ញាត​ឲ្យ​ពួក​គាត់​បាន​មករស់​នៅ​ក្នុង​ភូមិ​វិញ”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ ប៉ុន្តែ ​​​អ្នក​ភូមិ​ជន​ជាតិ​ភាគតិច​បាន​គំរាម​សម្លាប់​ប្តី​ប្រពន្ធ​ទាំង​ពីរនាក់​នេះ ប្រសិន​បើ​ពួក​គាត់​នៅ​​​​តែ​រស់​នៅ​ក្នុង​ភូមិ​នេះ​”។

លោក​បាន​មាន​​ប្រសាសន៍ថា “ ប្រសិន​បើ​​​​ពួក​គាត់​ទាំង​ពីរនាក់​មិន​ចាក​ចេញ​ទេ​នោះ​គេ​​​​នឹង​សម្លាប់​ពួក​គាត់​ជា​មិន​ខាន​ឡើយ​ ពី​​​ព្រោះ​អ្នក​តវ៉ា​ក្នុង​មូល​ដ្ឋាន​មាន​​អារម្មណ៍​ភ័យ​ខ្លាច​”។

លោក​ ម៉ា វិចិត្រ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ សោម​​​ត្រក​ថ្មី​ ក្នុង​ឃុំ​សោម​ធំ​បាន​អនុញ្ញាត​ឲ្យ​ប្តី​ប្រពន្ធ​នេះ​ត្រឡប់​មក​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​អំឡុង​ពេល​ថ្ងៃ​បាន​ ប៉ុន្តែ​​ មាន​លក្ខខណ្ឌ​ថា ពួក​គាត់​ត្រូវ​ស្នាក់​នៅ​​ក្នុង​ភូមិ​សោម​ត្រក​ចាស់​នៅពេល​យប់​។

លោក​បាន​ថ្លែង​ថា  “ ដើម្បី​សង្គ្រោះ​​​​ជីវិត​របស់​លោក រម៉ាស​ វេម យើង​មិន​អាច​ជំទាស់​នឹង​អ្នក​ភូមិ​ក្នុងមូល​ដ្ឋាន​ដាច់​ណាត់​បាន​ឡើយ​ ដូច្នេះ​​យើង​បាន​យល់​ព្រម​ឲ្យ​គាត់​ និង​ប្រពន្ធ​របស់​​​​គាត់​ចាក​ចេញពីភូមិនេះ​បណ្តោះ​អាសន្ន​​​​សិន​”។ នៅ​កិច្ច​ប្រជុំ​នោះ​ នគរបាល​បាន​ប្រាប់​អ្នក​​​​ភូមិ​ថា មិន​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់​ថា គាត់​ចេះ​ធ្វើ​អំពើ​អាប​ធ្មប់​ទេ​។

លោក ឆាយ​ ធី អ្នក​សម្រប​សម្រួល​ប្រចាំ​ខេត្ត​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដ​ហុក​ បាន​មាន​ប្រសាសន៍ថា ទោះ​ជាយ៉ាង​ណា អ្នក​ភូមិ​ជឿ​ថា លោក រម៉ាស​ វេម បាន​បោក​ប្រាស់​អ្នក​ជិត​ខាង​របស់​ខ្លួន​ដែល​មាន​ជំងឺ​នោះយក​លុយ​ថ្លៃ​ព្យាបាល​។

លោក ឆាយ​ ធី​ បាន​មាន​ប្រសាសន៍​ថា     “ សាច់​ញាតិ​របស់​អ្នក​ជំងឺ​បាន​ចោទ​ប្រកាន់​​ថា នៅ​ពេល​ដែល​ពួកគាត់ឲ្យ​ប្រាក់​តិច​តួច​សម្រាប់​ថ្លៃ​ព្យាបាល​ដោយ​ប្រើ​ឱសថ​​បុរាណ​ដល់​លោក រម៉ាស វេម​ នោះ​ ជំងឺ​មិន​ធូរ​​​ស្រាល​​​ច្រើនទេ​ ប៉ុន្តែ ថា អ្នក​ជំងឺ​​នឹង​ជា​យ៉ាង​ឆាប់​រហ័ស​​​​​​​​​​បន្ទាប់​ពីយើង​​ផ្តល់​ប្រាក់​ច្រើន”។

លោក ឆាយ​ ធី​ បាន​មាន​ប្រសាសន៍​ថា អ្នក​​​​ភូមិ​ដែល​មាន​កំហឹង​បាន​កាប់ចិញ្ច្រាំ​ប្រទាល​របស់​ប្តី​ប្រពន្ធ​ដែល​ត្រូវ​បណ្តេញ​ចេញ​នេះ​ចោ​ល​ទាំ​ងអស់   ​ដោយ​សង្ស័យ​ថា ប្រទាល​នោះ​​​​​​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើ​អំពើ​អាប​ធ្មប់​​។

លោក​ប​ន្ថែម​ថា “ តាម​រយៈ​ការ​ស៊ើប​​​​​​អង្កេត​​​​របស់​យើង​  ការ​ចោទ​ប្រកាន់​នេះ​ គឺ​ដោយ​​​សារ​​​​តែ​កំហឹង​ប៉ុណ្ណោះ​ មិន​ពាក់​ព័ន្ធ​នឹង​អំពើ​អាប​ធ្មប់​ទេ​”។ លោក​បាន​ថ្លែង​​​ថា  តាម​បែប​បុរាណ​​​ប្រទាល​​​​នេះ​ត្រូវ​ប្រជា​ពល​រដ្ឋ​ខ្មែរ​​ប្រើ​​​​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ឈឺ​ក្រពះ ឈឺសាច់ដុំ  មិន​មែន​ប្រើ​​​​សម្រាប់​ធ្វើ​អំពើ​អាបធ្មប់​ទេ។

កាល​ពីខែ​ធ្នូ លោក ណូយ ឡុញ អាយុ​៦៤​ឆ្នាំ​ជាជន​ជាតិ​ភាគតិច​ទំពួន និង​ជា​គ្រូ​​​​​​ខ្មែរ​ត្រូវ​បានគេ​​សម្លាប់​នៅ​ក្នុង​​ភូមិ​ឡាប៉ូ​  ​​​ក្នុង​សង្កាត់​យក្ខឡោម​​ ក្រុង​បាន​លុង​ ដែល​នៅទី​នោះ​គាត់​បានទៅ​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​។ លោក​ ណូយ ឡុញ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា ចេះ​អំពើ​អាប​ធ្មប់​ដែរ​នោះ​​​​​​ត្រូវ​បាន​ចាក់​​​នឹង​អាវុធ​ស្រួច​ចំខ្នង ហើយ​បាន​ស្លាប់​​​​នៅ​កន្លែង​​​​កើត​ហេតុ​តែ​ម្តង៕

ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស