ទីប្រឹក្សាមួយរូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា កាលពីម្សិលមិញ លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមន្ត្រីរដ្ឋាភិបាលនិងអ្នកជំនួញមួយក្រុមទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីតាំងពិព័រណ៍អាស៊ាន-ចិនលើកទី១០នៅទីក្រុងគ័ងស៊ី។
លោក ស្រី ថាំរង្គ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា លោក ហ៊ុន សែន បានអមដំណើរដោយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកជំនួញមកពីក្រុមហ៊ុនក្នុងស្រុកចំនួន១៦៧និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
លោកបានមានប្រសាសន៍ថា “ យើងគួរតែមានមោទនភាព ដែលចាប់តាំងពីឆ្នាំ២០០៤ នៅពេលដែលពិធីតាំងពិព័រណ៍អាស៊ាន-ចិន ត្រូវបានរៀបចំលើកដំបូង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន បានរីកចម្រើនយ៉ាងឆាប់រហ័ស”។ លោកបានបន្ថែមថា ពិធីតាំងពិព័រណ៍អាស៊ាន-ចិនបានជួយបង្កើនសកម្មភាពវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកហេដ្ឋារចនាសម្ពន្ធ ថាមពល បច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ កសិកម្ម និងវិស័យទេសចរណ៍។
កាលពីល្ងាចម្សិលមិញ លោក ហ៊ុន សែន គ្រោងជួបពិភាក្សាដាច់ដោយឡែកមួយ ជាមួយលោកនាយករដ្ឋមន្ត្រីចិន លី កេគាង (Li Keqiang) លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់ឌុង (Nguyen Tan Dung) លោក ចេន វូ (Chen Wu) អភិបាលខេត្ត គ័ងស៊ី និងអភិបាលខេត្ត យូណាន លោក លី ជីហេង (Li Jiheng)។
លោក ថាំរង្គ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ការតាំងបង្ហាញរបស់កម្ពុជានៅក្នុងពិព័រណ៍នោះ ផ្តោតសំខាន់លើខេត្តនីមួយៗ ហើយឆ្នាំនេះ កម្ពុជានឹងបង្ហាញខេត្តកំពង់ធំ។ លោក ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់រាជធានីភ្នំពេញវិញនៅរសៀលនេះ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី