29 C
Phnom Penh

មន្ត្រី​ម្នាក់​យកប្រាក់​​២០០.០០០ដុល្លារដែលបាន​ពីការ​លក់​ជីគីមី​អំណោយ​របស់​ជប៉ុន​ដាក់​ហោប៉ៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាននិយាយ​​​កា​​​លពីម្សិលមិញ​​​ថា មន្ត្រី​​​ម្នាក់​​​មក​​​ពីមន្ទីរ​​​កសិកម្ម​​​ខេត្ត​​​បាត់​​​ដំបង​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រំលោភ​​​​​​សេចក្តីទុក​​​ចិត្ត​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ថា  បាន​​​យក​​​ប្រាក់ចំនួន​​​​​​ប្រហែល​​​២០០.០០០​​​ដុល្លារ​​​ដាក់​​​ហោប៉ៅ​​​​​​ដែល​​​បាន​​​ពី​​​ការ​​​លក់​​​ជី​​​គីមី​​​ ​​​ជា​​​អំណាយ​​​របស់​​​រដ្ឋា​​​ភិ​​​បាល​​​ជប៉ុន​​​​​ផ្ត​ល់​ដល់​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​ មាន​​​ ឡាយ​​​ នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​កម្រិត​​​ស្រាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​ សេង​​​ រតនៈ​​​ អាយុ​​​៣៨​​​ឆ្នាំ​​​ជា​​​អនុ​​​ប្រធាន​​​ការិយាល័យ​​​មន្ទី​​​រកសិកម្ម​​​ខេត្ត​​​បាត់​​​ដំបង​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​ទទួលបាន​ព័ត៌មាន​​​ថា លោក​​បាន​​​យក​​​ប្រាក់​​​ដែល​​​បាន​​​មក​​​ពីការ​​​លក់​​​ជីគីមី  ​​​ ដែល​​​ជា​​​អំណោយ​​​​​​របស់​​​ទីភ្នាក់​​​ងារ​​​សហ​​​ប្រតិបត្តិការ​​​អន្តរជាតិ​​​ជប៉ុន​​​ (JICA) ដាក់​​​​ហោប៉ៅ​​​ខ្លួន​​​ឯង​​​កាល​​​ពីដើម​​​ឆ្នាំនេះ​​​។

លោក មាន​​​ ឡាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​  សេង  រតនៈ​​​  បាន​​​ទទួល​​​ជីគីមី​​​ចំនួន ​​​៥០០តោន​​​ពី​​​អង្គការ​  JICA យក​​​ទៅ​​​លក់​​​ឲ្យ​​​កសិករ​​​ក្នុង​​​មូល​​​ដ្ឋាន​​​នៅ​​​ខេត្ត​​​បាត់​​​ដំបង​​​ក្នុង​​​តម្លៃ​​​ថោក​​​។

ប៉ុន្តែ លោក​​​ រតនៈ​​​ បាន​​​សារភាព​​​ថា បាន​​​លក់​​​ជី​​​នេះ​​​ក្នុ​​​ងតម្លៃ​​​ខ្ពស់  ​​​ហើយបានទុក​​​ប្រាក់​​​ចំណេញ​មួយ​​​ចំណែក​​​ធំ​​ជាជាង​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​ក្រសួ​​​ងពាណិជ្ជកម្ម​​​​​​តាម​​​ការ​​​គ្រោង​​​ទុក​​​។

លោក​​​ យូគីកូ គីតាហ្សាវ៉ា ប្រធាន​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​នៅ​​​អង្គការ ​​​ JICA  បាន​​​មាន​​​ប្រសាសន៍ថា ជីគីមី​​​នេះ​​​ត្រូវ​​​បាន​​​ផ្តល់​​ដល់​ប្រទេស​កម្ពុជា​​​ដើម្បី​​​សុវត្ថិភាព​​​ស្បៀង​​​អាហារ​​​​​​​​​ដល់​​​កសិករ​​​ក្រី​​​ក្រ​​​ដែលមាន​​​ចំនួន​​​សរុប​​​៦៥០តោន​​​។

លោក​​​ មាន​​​ ឡាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ “ នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​​​​លោក​​​ រតនៈ នៅ​​​ក្នុង​​​ការិយា​​​ល័យ​​​របស់​​​លោក​​​ ក្រោយ​​​ពី​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ពីលោក​​​ ជឹម​​​ វិជ្ជរ៉ា​​​ ប្រធាន​​​មន្ទីរ​​​កសិ​​​កម្ម​​​”។

លោក​​​ មាន​​​ ឡាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​ រតនៈ​​​ បាន​​​សារភាពប្រាប់​​​នគរបាល​​​ថា លោក​​​បាន​​​ទុក​​​ប្រាក់​​​ចំនួន​​​៨០០លាន​​​រៀល​​​…​​​ហើយ​​​បាន​​​បញ្ជូន​​​ទៅ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​តែ​​​២០០លាន​​​រៀល​​​ប៉ុណ្ណោះ​​​។

លោក​​​ មាន​​​ ឡាយ​​​ បាន​​​បន្ថែម​​​ថា ជំនួសឲ្យ​ការ​​​លក់​​​ជី​​​នេះ​​​ក្នុង​​​តម្លៃ​​​ថោក​​​​​​ទៅ ឲ្យ​​​កសិករ​​​ក្រីក្រ​​​តាម​​​ការ​​​បង្គាប់​​​ពី​​​ក្រសួ​​​ងកសិកម្ម រុក្ខា​​​ប្រមាញ់​​​ និង​​​នេសាទ​​​នោះ​​​ លោក រតនៈ​​​ បាន​​​លក់​​​ជីទាំង​​​នេះ​​​ក្នុង​​​តម្លៃ​​ខ្ពស់​​។

លោក​​​ ឡុង​​​ ហុកម៉េង​​​ ព្រះរាជអាជ្ញា​​​រង​​​អម​​​សាលាដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​មាន​​​​​​ប្រសាសន៍​ថា លោក​​​បាន​​​ចោទ​​​ប្រកាន់​​​លោក​​​រតនៈ​​​ រួច​​​ហើយ​​​ ហើយ​​​បាន​​​បញ្ជូន​​​រឿង​​​ក្តី​​​នេះ​​​ទៅ​​​ឲ្យ​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​។

លោក​​​ ឡុង​​​ ហុកម៉េង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​​ពីបទ​​​រំលោភ​​​សេចក្តី ទុកចិត្ត​​​ ហើយ​​​បាន​​​បញ្ជូន​​​គាត់​​​ទៅ ឲ្យ​​​ចៅ​​​ក្រម​​​សើុប​​​សួរ ប៉ុន្តែ ខ្ញុំ​​​មិន​​​ទាន់​​​ដឹង​​​ថា តើ​​​គាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឃុំខ្លួន​​​បណ្តោះ​​​អាសន្ន​​​ រួច​​​ហើយ​​​ ឬយ៉ាង​​​ណា​​​នោះទេ​​​”៕

(រាយ​​​ការណ៍​​​បន្ថែម​​​ដោយ​​​ Matt Blomberg)   

ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស