អ្នកគាំទ្រគណបក្សប្រឆាំងមានប្រតិកម្មផ្សេងៗគ្នាចំពោះសេចក្តីប្រកាសរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទថា មហាបាតុកម្មដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះនឹងកែប្រែទៅជាថ្ងៃបួងសួងជាជាងការតវ៉ា ប៉ុន្តែពួកគេបាននិយាយថា ពួកគេនឹងនៅតែចេញទៅចូលរួម។
ហើយខណៈដែលការខំប្រឹងប្រែងរបស់គណបក្សសង្គ្រោះជាតិដើម្បីពន្យល់ប្រាប់ពីសេចក្តីសម្រេចរបស់ខ្លួនដែលត្រូវបានធ្វើឡើងបន្ទាប់ពីមានព្រះរាជសាររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ហាក់ដូចជាបានបញ្ចុះបញ្ចូលអ្នកគាំទ្រ ភាគច្រើននោះ អ្នកខ្លះបានសំដែងការមិនពេញចិត្តនៅតាមបណ្តាញផ្សព្វផ្សាយសង្គមក្នុងរយៈពេលពីរថ្ងៃមកនេះ។
កង្វល់ទាំងនោះត្រូវបានបញ្ចេញនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកគាំទ្រគណបក្សប្រឆាំងបារម្ភថា គណបក្សសង្គ្រោះជាតិប្រហែលជាបន្ថយគោលជំហររបស់ខ្លួនដោយសារមានសម្ពាធពីរដ្ឋាភិបាល ឬកំពុងបន្ថយការទាមទាររបស់ខ្លួនសុំឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ផា ឈន បានសរសេរថា “ ឥឡូវនេះ ហ៊ុន សែន ខ្លាចអំណាចប្រជាជន។ប្រសិនបើមិនមានការតវ៉ាទេ គាត់នឹងឈ្នះដោយស្រួល”។
លោក ផា ឈន បានសរសេរថា “ នេះគឺជាយុទ្ធសាស្ត្រឈ្នះឈ្នះរបស់គាត់ ហើយគណបក្សសង្គ្រោះជាតិនៅតែចាញ់។ គណបក្សសង្គ្រោះជាតិបានឈ្នះឆ្នោតហើយ ប៉ុន្តែ ពួកគេលើកដៃចុះចាញ់ទៅវិញ ហើយក្រោយមក ហ៊ុន សែន នឹងចំអកឲ្យពួកគេ។ មនុស្សនៅទូទាំងប្រទេសមិនអាចរង់ចាំការធ្វើបាតុកម្មទៀតទេ។ នេះគឺជាឱកាសធ្វើបាតុកម្ម។មិនចាំបាច់ផ្លាស់ប្តូរគំនិតទេ”។
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ កែវ តារា បាននិយាយអំពីផែនការរបស់គណបក្សសង្គ្រោះជាតិសម្រាប់ការជួបជុំគ្នាបួងសួងថា “ ខ្ញុំមិនគិតថាវានឹងមានប្រសិទ្ធភាពទេ”។
លោក កែវ តារា បានសរសេរថា “ យើងត្រូវធ្វើអ្វីមួយនៅពេលដែលទឹកចិត្តរបស់យុវជនកំពុងតែពុះកញ្ជ្រោល បើមិនដូច្នេះទេនឹងគ្មានលទ្ធផលល្អឡើយ។ យើងរង់ចាំ កាន់តែយូរ យើងកាន់តែខ្សោយ ហើយ ហ៊ុន សែន កាន់តែខ្លាំង។ ហ៊ុន សែន ចង់ទិញពេលវេលា។ពេលវេលា គឺស្ថិតនៅលើគាត់ហើយនៅពេលនេះ” ។
ទោះជាយ៉ាងណាការផ្តល់យោបល់ជាច្រើននៅតាមហ្វេសប៊ុក មានការគាំទ្រចំពោះការប្តូរពីការតវ៉ាទៅជាការបួងសួង ហើយអ្នកគាំទ្រគណបក្សប្រឆាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមអ៊ីនធើណិតភាគច្រើនមានការអបអរសាទរកាលពីម្សិលមិញ ដោយសំដែងនូវការពេញចិត្តរបស់ខ្លួនចំពោះការចូលរួមជាមួយគណបក្សសង្គ្រោះជាតិនៅថ្ងៃសៅរ៍ ខាងមុខនេះ។
អ្នកប្រើហ្វេសប៊ុក ឈ្មោះ សេង ម៉ារ៉ា បានសរសេរកាលពីម្សិលមិញថា លោកអ្នកអាចប្រាប់ទៅអ្នកគាំទ្រ ហ៊ុន សែន ទាំងអស់ថា ពួកគេមិនអាចបំផ្លាញសេចក្តីស្រឡាញ់ដែលយើងមានចំពោះប្រទេសនិងសេចក្តីស្រេកឃ្លានរបស់យើងចង់បានលទ្ធិប្រជាធិបតេយ្យបានទេ! លោក កឹម សុខា និងលោក សម រង្ស៊ី នឹងធ្វើជាមេដឹកនាំប្រទេសកម្ពុជាដែលសេរី! យើងអាចផ្លាស់ប្តូរបាន។វានឹងមានការប្តូរនៅថ្ងៃទី៧ ខែកញ្ញា!”។
អ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ សម ប៉ូលីន បានសរសេរថា “ ខ្ញុំនៅតែគាំទ្រគោលជំហររបស់លោក សម រង្ស៊ី ដដែល។ គាត់គិតយ៉ាងប្រុងប្រយ័ត្នមុនពេលមហាបាតុកម្មកើតឡើង មិនអាចប្រញាប់ធ្វើបាតុកម្មពេកទេ បាតុកម្មគឺជាជម្រើសចុងក្រោយ ប្រសិនបើលទ្ធផលបោះឆ្នោតមិនអាចរកយុត្តិធម៌ឃើញ”។
អ្នកគាំទ្រគណបក្សប្រឆាំងវ័យចំណាស់មួយចំនួនដែលកំពុងនិយាយអំពីនយោបាយកាលពីរសៀលម្សិលមិញ នៅហាងកាហ្វេមួយស្ថិតនៅលើផ្លូវលេខ១៧៨ បានយល់ស្របតាមសុទិដ្ឋិនិយមរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិវ័យក្មេងជាច្រើននៅតាមបណ្តាញអ៊ីធើណិត។
លោក ម៉ៅ ផាត អាយុ៦៥ឆ្នាំជាសវនករចូលនិវត្តនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា “ មេដឹកនាំបានសម្រេចធ្វើបាតុកម្មអហិង្សា។ ខ្ញុំគិតថា ការធ្វើបែបនេះមានប្រសិទ្ធភាពជាង។ មនុស្សជាច្រើនកំពុងគិតបែបនេះ ពីព្រោះ [ អំឡុងពេលធ្វើបាតុកម្មរបស់គណបក្សប្រឆាំង] នៅឆ្នាំ១៩៩៨ មានបញ្ហាជាច្រើន”។
កាលពីឆ្នាំ១៩៩៧មនុស្ស១៦នាក់បានស្លាប់នៅកន្លែងជួបជុំគ្នារបស់គណបក្ស ប្រឆាំងជិតរដ្ឋសភាដែលដឹកនាំដោយលោក សម រង្ស៊ី ។ ការតវ៉ារបស់គណបក្សប្រឆាំង បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ១៩៩៨ ក៏មានអំពើហិង្សាដែរ។
លោក ផាត បាននិយាយថា “ ខ្ញុំមិនគិតថា គណបក្សសង្គ្រោះជាតិខ្លាចរដ្ឋាភិបាលទេ។ ខ្ញុំគិតថា ពួកគេមិនចង់ឲ្យមានការប៉ះទង្គិចគ្នាពីព្រោះឥឡូវនេះប្រជាជនកំពុងសប្បាយរីករាយ ហើយមិនមានអ្នកចេះដឹងច្រើននៅក្នុងប្រទេសរបស់យើង ហើយកម្ពុជាកំពុងយល់ថា អ្វីជាលទ្ធិប្រជាធិបតេយ្យ”។
លោក រ៉ា ម៉ន អាយុ៧៤ឆ្នាំដែលពាក់អាវមានបោះពុម្ពព្រះភក្ត្រព្រះបរមរតនកោដ្ឋិ នរោត្តម សីហនុ បាននិយាយថា គាត់គិតថា គណបក្សសង្គ្រោះជាតិនឹងទទួលបានជោគជ័យនៅក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីស៊ើបអង្កេតការបោះឆ្នោតនេះពីព្រោះពួកគេមានការគាំទ្រពីអ្នកបោះឆ្នោតជិត៣លាននាក់។
លោក រ៉ា ម៉ន បាននិយាយបន្តទៀតថា “ ខ្ញុំគិតថា ពួកគេអាចទទួលបានជោគជ័យ ពីព្រោះមនុស្សជាច្រើនបោះឆ្នោតឲ្យពួកគេ។ ខ្ញុំមិនគិតថា យើងនឹងទទួលបានការផ្លាស់ប្តូរដោយការបួងសួងទេ ប៉ុន្តែ យើងត្រូវដើរ មួយជំហានម្តងៗ”។
លោក រ៉ា ម៉ន បាននិយាយបន្ថែមទៀតថា “ ខ្ញុំគិតថាពួកគេគ្រាន់តែចង់សាកល្បងថា តើមានមនុស្សចំនួនប៉ុន្មាននាក់នឹងមកចូល រួមនៅពេលនេះ។ ពួកគេនឹងឃើញចំនួនអ្នកចូលរួម ហើយក្រោយមកគេនឹងធ្វើអ្វីផ្សេងទៀត”៕
ប្រែសម្រួលដោយ មូល គឹមហឿន