អ៊ីម៉េលជាច្រើនពីក្រុមហ៊ុនស៊ើបអង្កេតសាកលមួយឈ្មោះ ស្ត្រេតហ្វ័រ(Stratfor)ដែលបានចេញផ្សាយដោយក្រុមប្រឆាំងការសម្ងាត់ឈ្មោះ វីគីលីក (Wikileaks)កាលពីថ្ងៃច័ន្ទ មានការលើកឡើងពីទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយប្រទេសចិននៅក្នុងឆ្នាំ២០១០ ដែលនៅពេលនោះរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានធ្វើទស្សនកិច្ចផ្លូវការមកកាន់រាជធានីភ្នំពេញ។
ឯកសារអ៊ីម៉េលសម្ងាត់ប្រហែល៧.០០០ នៃឯកសារអ៊ីម៉េលជាង៥លានដែលបានផ្ញើចន្លោះពីខែកក្កដា ឆ្នាំ២០០៤ ដល់ខែធ្នូ ឆ្នាំ២០១១ ដោយបុគ្គលិកក្រុមហ៊ុន ស្ត្រេតហ្វ័រ ជាក្រុមហ៊ុនស៊ើបអង្កេតមួយមានមូលដ្ឋាននៅក្នុងរដ្ឋតិចសាសដែលរួមមានឯកសារលើកឡើងពីប្រទេសកម្ពុជា ហើយក៏បានបង្ហាញពីផលប៉ះពាល់ដល់ប្រទេសកម្ពុជាដោយសារមានទំនាក់ទំនងមិនល្អរវាងប្រទេសវៀតណាម និងប្រទេសចិននឹងទំនងជាអាចមានភាពចលាចលសង្គមកើតឡើងក្នុងប្រទេសនេះផងដែរ។
ឯកសារអ៊ីម៉េលមួយចំនួនរួមទាំងឯកសារវិភាគស៊ីជម្រៅដែលបានលើកឡើងពីប្រភពមិនបញ្ចេញឈ្មោះនៅខាងក្នុង និងនៅខាងក្រៅនៃប្រទេសកម្ពុជា ដែលបង្ហាញថា ប្រទេសកម្ពុជាកំពុងស្ថិតនៅចំណុចកណ្ដាលនៃទំនាក់ទំនងប្រេះឆារវាងមហាអំណាចពិភពលោក និងមហាអំណាចក្នុងតំបន់។
អំឡុងពេលធ្វើទស្សនកិច្ចរបស់លោកស្រី គ្លីនតុន មកកាន់រាជធានីភ្នំពេញ កាលពីខែតុលាឆ្នាំ២០១០ ក្រុមហ៊ុនស្ត្រេតហ័រ បានវិភាគពីឥទ្ធិពលនៃ “ ការបន្តផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា” ដែលធ្វើឡើងតាមរយៈគណៈប្រតិភូអាមេរិកជាន់ខ្ពស់មួយក្រុម។
សេចក្ដីព្រាងនៃឯកសារវិភាគចុះថ្ងៃទី២ខែវិច្ឆិកាបញ្ជាក់ថា”ការធ្វើទស្សនកិច្ចរបស់លោកស្រី គ្លីនតុន បានកើតឡើង នៅពេលដែលប្រទេសចិនកាន់តែមានឥទ្ធិពលនៅក្នុងដែនបរិមណ្ឌលរបស់ខ្លួន។ ប្រទេសចិនមានឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសកម្ពុជា ហើយសហរដ្ឋអាមេរិកកំពុងព្យាយាមទប់ស្កាត់ឥទ្ធិពលរបស់ក្រុងប៉េកាំងក្នុងប្រទេសនេះ”។
ឯកសារវិភាគក្រុមហ៊ុនស្ត្រេតហ្វ័របានបន្តថា”ការធ្វើទំនាក់ទំនងជាមួយប្រទេសមួយដែលប្រទេសចិនមានឥទ្ធិពលមកលើយ៉ាងខ្លាំងនោះ នឹងតម្រូវឲ្យមានកិច្ចប្រឹងប្រែង និងយុទ្ធសាស្ត្រថែមទៀត ហើយលទ្ធផលនៃកិច្ចប្រឹងប្រែងបែបនោះគឺនៅមិនទាន់ច្បាស់នៅឡើយទេ។ ទោះជាយ៉ាងណាប្រទេសកម្ពុជាអាចទទួលបានផលប្រយោជន៍ពីជំហានដំបូងនៃការមានទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក”។
ឯកសារវិភាគនោះបានបន្ថែមថា ទោះបីជាប្រទេសកម្ពុជាចង់បានផលប្រយោជន៍ពីការភ្ជាប់ទំនាក់ទំនងឡើងវិញរបស់ក្រុងវ៉ាស៊ីនតោនជាមួយក្រុងភ្នំពេញក៏ដោយ ក៏វាត្រូវតែមានការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងតុល្យភាពរវាងប្រទេសចិននិងសហរដ្ឋអាមេរិកដែរ។ ប្រទេសកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនចង់ធ្វើឲ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនទេ ជាពិសេសបើមិនមានផែនការច្បាស់លាស់ និងជំនួយជាទីគាប់ចិត្តពីសហរដ្ឋអាមេរិកទេនោះ”។
នៅក្នុងឯកសារវិភាគដាច់ដោយឡែកមួយសេចក្ដីព្រាងនៃឯកសារនោះដែលមានចំណងជើងថា “ ការពិបាកជ្រើសរើសរវាងវៀតណាមនិងចិន” ហើយត្រូវបានរៀបរៀងដោយលោក ស្រី ជីងស៊ីង ចាង(Zhixing Zhang) ជាអ្នកវិភាគឲ្យក្រុមហ៊ុនស្ត្រេតហ័រអាស៊ីប៉ាស៊ីហ្វិក កាលពីខែមិថុនា ឆ្នាំ២០១១នោះ ប្រទេសកម្ពុជាត្រូវបានដាក់នៅចំចំណុចកណ្ដាលនៃជម្លោះក្នុងតំបន់រវាងប្រទេសចិន និងប្រទេសវៀតណាម។
លោកស្រី ចាង សរសេរបន្តថា “ ចំពោះចំណុចនេះ ការងារសំខាន់មួយទៀតរបស់ប្រទេសវៀតណាមគឺការពង្រីកតំបន់ជាយុទ្ធសាស្ត្ររបស់ខ្លួន មានន័យថា ត្រូវយកសមុទ្រចិនខាងត្បូងនៅភាគខាងកើត ហើយពង្រីកឥទ្ធិពលរបស់ខ្លួនទៅប្រទេសឡាវ និងប្រទេសកម្ពុជា នៅក្នុងតំបន់ឥណ្ឌូចិនភាគខាងលិច។ ទោះជាយ៉ាងណាយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាមក៏កំពុងប្រឈមនឹងការប្រកួតប្រជែងផលប្រយោជន៍កាន់តែខ្លាំងពីសំណាក់ក្រុងប៉េកាំងផងដែរ”។
អ្នកវិភាគរូបនេះបានបន្តពណ៌នាថា ទោះបីជាប្រទេសវៀតណាមមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជាក្នុងទសវត្សរ៍ក្នុងឆ្នាំ១៩៨០ បន្ទាប់ពីបានផ្ដួលរំលំរបបខ្មែរក្រហមក៏ដោយ ក៏” ក្រុងប៉េកាំងបានរក្សាទំនាក់ទំនងល្អទាំងជាមួយមេដឹកនាំកុម្មុយនីស្តឡាវ និងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់របបលោក ហ៊ុន សែន ដែរ។
ឯកសារវិភាគលើកឡើងបន្តថា “ ខណៈពេលដែលក្រុងហាណូយអាចជៀសវាងការប្រកួតប្រជែងសេដ្ឋកិច្ចជាមួយប្រទេសចិនដោយផ្ទាល់នោះ ការកើនឡើងឥទ្ធិពលនយោបាយពីក្រុងប៉េកាំងអាចធ្វើឲ្យប្រទេសវៀតណាមមានជំហរមិននឹងនរ។ឯកសារនេះក៏បានលើកដែរថា ការប្រើប្រាស់ទឹកលុយដ៏ច្រើនរបស់ប្រទេសចិននៅក្នុងការទូតធ្វើឲ្យខូចលទ្ធភាពរបស់ក្រុងហាណូយក្នុងការរក្សាឥទ្ធិពលរបស់ខ្លួនឲ្យបានយូរអង្វែង”។
នៅក្នុងអ៊ីម៉េលមួយចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ លោក ម៉ាត ហ្គាតខិន (Matt Gartken) អ្នកវិភាគនៅអាស៊ីប៉ាស៊ីហ្វិកសម្រាប់ក្រុមហ៊ុនស្ត្រេតហ្វ័រ បានឆ្លើយតបចំពោះសំណួរស្តីអំពីស្ថិរភាពនៃប្រទេសកម្ពុជា ដោយបានសរសេរថា ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្តាប់យ៉ាងណែនលើគ្រប់ផ្នែកទាំងអស់ក្នុងសង្គមនោះ មានការគំរាមកំហែងពីចលាចលតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសនេះ។
អ៊ីម៉េលនោះ លើកឡើងបន្តថា “ ឪកាសនៃការងើបឡើងនូវការតវ៉ា នោះ គឺមានតិចតួចបំផុត ទោះបីមានហេតុផលបញ្ជាក់ថា លោក ហ៊ុន សែន បានកាន់អំណាចអស់រយៈពេល២៦ឆ្នាំមានអំពើពុករលួយដ៏រាលដាល និងបក្សពួកនិយម ហើយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន ទំនងជាឡើងកាន់អំណាចបន្ត ដូចកូនប្រុសរបស់អតីតមេដឹកនាំប្រទេសលីប៊ី លោក ម៉ូអាម៉ា ហ្គាដាហ្វី ក៏ដោយ។
ឯកសារនេះបន្តទៀតថា “ សេដ្ឋកិច្ចដំណើរការល្អ។ទោះមានអតិផរណា និងមានភាពអត់ការងារធ្វើខ្លះមែន ប៉ុន្តែមានហេតុផលអាចអត់ឱនឲ្យបាន ព្រោះប្រទេសកម្ពុជាកំពុងតែងើបចេញពីបញ្ហានោះ។ប៉ុន្តែ លោក ហ៊ុន សែន អាចនាំឲ្យមានការតវ៉ាមកលើខ្លួនលោកដោយសារការប្រមូលផ្តុំអំណាចខ្លួនឯង និងការប្រកាន់បក្ខពួករបស់លោក។ល។ដូចនៅប្រទេសទុយណេស៊ី ដែលនៅទីនោះមានសេដ្ឋកិច្ចរីកចម្រើននិងមានស្ថិរភាព ប៉ុន្តែ ប្រជាពលរដ្ឋមិនចូលចិត្តជនផ្ដាច់ការទេ ហើយក្រោយមកក្នុងពេលមិនយូរប៉ុន្មាន ពួកគេត្រូវតែចុះចេញពីអំណាច។យ៉ាងហោចណាស់លោក ហ៊ុន សែន បានចូលរួមក្នុងការបោះឆ្នោតទូទៅប្រហែលជារៀងរាល់បួនឆ្នាំម្តង ដូចជានៅប្រទេសម៉ាឡេស៊ី និងប្រទេសសឹង្ហបូរីដែរ ដូច្នេះហើយ នោះគឺជាផ្លូវដែលអាចរួចខ្លួនបាន”៕
ប្រែសម្រួលដោយ ឃិន ណៃ