សាកលវិទ្យាល័យថ្មីមួយ ដែលនិស្សិតនឹងត្រូវបង់ថ្លៃសិក្សាក្នុងមួយឆ្នាំ៩.០០០ដុល្លារគ្រោងនឹងបើកនៅខណ្ឌទួលគោកនៅថ្ងៃច័ន្ទ ហើយសាកលវិទ្យាល័យនេះនឹងផ្ដល់ឱកាសឲ្យនិស្សិតខ្មែរអាចបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកបាន បន្ទាប់ពីបញ្ចប់វគ្គសិក្សាត្រៀមមួយឆ្នាំមុននៅក្នុងរាជធានីភ្នំពេញ។
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៥ នឹងក្លាយទៅជាវិទ្យាស្ថានផ្ដល់ការអប់រំជាន់ខ្ពស់ដំបូងនៅកម្ពុជា ដែលនឹងផ្ដល់កម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងសាកលវិទ្យាល័យនៅកម្ពុជា និងសហរដ្ឋអាមេរិក។ និស្សិតដែលមិនចង់ផ្លាស់ប្ដូរទៅរៀននៅសហរដ្ឋអាមេរិកអាចជ្រើសរើសបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច ច្បាប់ ពាណិជ្ជកម្ម វិទ្យាសាស្ត្រនយោបាយ និងផ្នែកការទូត ដែលមានរយៈពេលបីឬបួនឆ្នាំនៅក្នុងរាជធានីភ្នំពេញបាន។
លោកស្រី ជូអានីតា រ៉ាយស៍ (Juanita Rice) នាយិកាសាកលវិទ្យាល័យនេះបានលើកឡើងថា “យើងកំពុងបង្កើតការអប់រំគុណភាពខ្ពស់បំផុតសម្រាប់និស្សិតខ្មែរនេះ ពីព្រោះយើងជឿជាក់ថា នេះគឺជាអ្វីដែលនិស្សិតខ្មែរសមនឹងទទួលបាន។ លោកស្រីបានមានប្រសាសន៍បន្ថែមថា “យើងជួលតែសាស្ត្រាចារ្យជនជាតិអាមេរិកាំងណា ដែលមានបទពិសោធតែប៉ុណ្ណោះ ហើយយើងនឹងផ្ដល់កម្មវិធីសិក្សាបែបអាមេរិកាំង ដែលមានវិន័យតឹងរ៉ឹង។ យើងនឹងផ្ដល់កម្មវិធីស្នូល ដែលត្រូវបានប្រើប្រាស់នៅក្នុងសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក”។
លោកស្រី ជូអានីតា រ៉ាយស៍ បានថ្លែងថា និស្សិតណា ដែលបញ្ចប់ការសិក្សាត្រៀមមួយឆ្នាំមុនដោយជោគជ័យអាចនឹងផ្លាស់ប្ដូរទៅរៀននៅក្នុងសាកលវិទ្យាល័យ Middlesex Community College (MCC) នៅក្នុងទីក្រុងឡូវែល រដ្ឋម៉ាសាឈូសែតបាន។ ហើយបន្ទាប់ពីបញ្ចប់ការសិក្សាមួយឆ្នាំផ្សេងទៀតដោយជោគជ័យនៅសាកលវិទ្យាល័យ MCC និស្សិតអាចផ្លាស់ប្ដូរម្ដងទៀតទៅរៀននៅសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យយ៉ាងតិចចំនួន១៥ ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រតាមប្រព័ន្ធអប់រំជាន់ខ្ពស់សាធារណៈ រដ្ឋម៉ាសាឈូសែត។
លោក ពុយ គា អ្នកផ្ដល់ប្រឹក្សាមកឲ្យសាកលវិទ្យាល័យនេះបានលើកឡើងថា អ្នកផ្ដល់ជំនួយមកឲ្យសាកលវិទ្យាល័យ AUPP គឺជាវិនិយោគិនក្នុងស្រុកចំនួនពីរនាក់ និងវិនិយោគិនជនជាតិអាេមរិកម្នាក់។ លោកបានបដិសេធមិនប្រាប់ឈ្មោះវិនិយោគិនទាំងនោះទេ ប៉ុន្តែវិនិយោគិនម្នាក់ក្នុងចំណោមវិនិយោគិនក្នុងស្រុកពីរនាក់ត្រូវបានគេជឿជាក់ថា ជាមន្ត្រីជាន់ខ្ពស់មួយរូបនៅទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក ស៊ាន ម៉ាគីនតូស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថា ស្ថានទូតអាមេរិក គឺមានជាប់ពាក់ព័ន្ធនៅក្នុងគម្រោងនេះ”។ លោកបានថ្លែងថា “ស្ថានទូតអាមេរិកកំពុងតែពិភាក្សាជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញក្នុងគោលបំណងចង់អភិវឌ្ឍវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមធ្យោបាយមួយ ដើម្បីពង្រីកចំណេះដឹងកម្មករដែលមានជំនាញ នឹងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។
អ្នកស្រី រ៉ាយស៍ បានថ្លែងថា និស្សិតដែលរៀននៅ AUPP ក្នុងឆ្នាំទី១ អាចនឹងសិក្សាមុខវិជ្ជាមនុស្សសាស្ត្រ ប្រវតិ្តសាស្ត្រពិភពលោក អក្សរសាស្ត្រអង់គ្លេស សង្គមវិទ្យា ភូមិសាស្ត្រពិភពលោក វិទ្យាសាស្ត្របរិស្ថាន គណិតវិទ្យា ការណែនាំអំពីច្បាប់ និងប្រព័ន្ធច្បាប់ និងមុខវិជ្ជាចិត្តវិទ្យា។លោកស្រីបានថ្លែងបន្តថា “ មុខវិជ្ជាទាំងនេះអាចធ្វើឲ្យនិស្សិតអភិវឌ្ឍជំនាញ ដែលត្រូវការជាចំាបាច់សម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង