យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការពលកម្មអន្តរជាតិបានឲ្យដឹងថា មានពលរដ្ឋខ្មែរតែម្នាក់ប៉ុណ្ណោះនៅក្នុងចំណោម២៤១នាក់ដែលបានសាកសួរសម្រាប់ការស្ទង់មតិដ៏ធំបំផុតអំពីការរំលោភបំពានលើកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មនេសាទថៃរហូតមកដល់សព្វថ្ងៃនេះបាននិយាយថា គាត់ត្រូវបានបង្ខំឲ្យធ្វើការងារនេសាទ។
បើទោះជាយ៉ាងណា លទ្ធផលនៃការរកឃើញមួយចំនួនមានការផ្ទុយគ្នាទៅនឹងរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលអំពីការជួញដូរពលករចំណាកស្រុកយកទៅធ្វើការនៅក្នុងឧស្សាហកម្មដែលមានទឹកប្រាក់ក្នុងមួយឆ្នាំៗចំនួន៧ពាន់លានដុល្លារនេះក៏ដោយ ក៏របាយការណ៍ដែលមានចំណងជើងថា ការអនុវត្តការងារ និងលក្ខខណ្ឌការងារនៅក្នុងវិស័យនេសាទរបស់ថៃ និងបានចេញផ្សាយកាលពីថ្ងៃច័ន្ទ នោះបានរកឃើញថា មានការរំលោភច្បាប់ការងារយ៉ាងធ្ងន់ធ្ងរ។
ពលករស្ទើរតែទាំងអស់ក្នុងចំណោមពលករ៥៩៦នាក់ដែលត្រូវបានស្ទង់មតិ និងភាគច្រើនមកពីប្រទេសភូមាមិនមានកិច្ចសន្យាការងារទេ ដែលនេះគឺជាការរំលោភច្បាប់ការងារថៃ។មានតែជាង៥ភាគរយប៉ុណ្ណោះនៅក្នុងចំណោមអ្នកស្ទង់មតិនោះនិយាយថា ពួកគេត្រូវបានបោកប្រាស់ ឬបង្ខំឲ្យធ្វើការនេះ ហើយ១៧ភាគរយនិយាយថា ពួកគេរស់នៅក្នុងប្រទេសថៃផ្ទុយនឹងឆន្ទៈរបស់ខ្លួនព្រោះខ្លាចមានការរំលោភបំពានលើរាងកាយ ឬខ្លាចបាត់បង់ប្រាក់ខែ។
របាយការណ៍ដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីស្តីពីចំណាកស្រុកនៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃបានឲ្យដឹងថា “មានភាពទន់ខ្សោយក្នុងការគ្រប់គ្រងឧស្សាហកម្មនេះ ដោយសារតែក្របខណ្ឌច្បាប់ចាស់ ភាពមិនច្បាស់លាស់ និងមិនគ្រប់គ្រាន់ដោយសារអំណាចទឹកដី ព្រមទាំងធនធានមិនគ្រប់គ្រាន់ និងសមត្ថភាពរបស់អាជ្ញាធរនៅក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព”។ “ជាលទ្ធផល ឧស្សាហកម្មនេះបានធ្វើអាជីវកម្មច្រើនហួសហេតុលើធនធានក្នុងសមុទ្រ និងបានជាប់ពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មនេះកាន់តែច្រើនឡើងៗ និងការរំលោភសិទ្ធិពលករ រួមមានការបង្ខំឲ្យធ្វើការងារ និងការជួញដូរមនុស្សជាដើម”។
ទោះបីជាអង្គការពលកម្មអន្តរជាតិវិញបានលើកឡើងថា របាយការណ៍នេះបង្ហញ ឲ្យឃើញពីការស្ទង់មតិពលករដ៏ធំបំផុតនៅក្នុងឧស្សាហកម្មនេះគិតមកដល់សព្វថ្ងៃនេះ ក៏ដោយ ក៏អង្គការនេះបានលើកឡើងថា តួលេខនេះនៅទាបណាស់មិនអាចបង្ហាញឲ្យបានពេញលេញឡើយ។ដោយផ្អែកលើការសាកសួរអ្នកនេសាទ វាក៏បានបង្ហាញមិនគ្រប់គ្រាន់ពីកម្មករដែលធ្វើការនៅលើទូកនេសាទឆ្ងាយៗថា មានការរំលោភបំពានជាទូទៅ។
យោងតាមរបាយការណ៍នេះបានឲ្យដឹងថា ក្នុងចំណោមពលករខ្មែរ២៤១នាក់ដែលបានស្ទង់មតិនោះ ប្រាំមួយនាក់បាននិយាយថា ពួកគេត្រូវបានរំលោភបំពានលើរាងកាយ។ហើយមានពលករតែម្នាក់និយាយថា ខ្លួន ត្រូវបានឪពុកម្តាយបង្ខំឲ្យធ្វើការងារ ហើយពលករ២២នាក់ទៀតនិយាយថា ពួកគេត្រូវបានបង្ខំឲ្យរស់នៅទីនោះផ្ទុយនឹងឆន្ទៈរបស់ខ្លួន បន្ទាប់ពីពួកគេបានចាប់ផ្តើមធ្វើការដោយស្ម័គ្រចិត្តមក។
ពលករខ្មែរជាងពាក់កណ្តាលដែលបានស្ទង់មតិបាននិយាយថា ពួកគេបានមកធ្វើ ការនៅក្នុងឧស្សាហកម្មនេះដោយសារមានប្រាក់ខែខ្ពស់។ ពួកគេក៏បាននិយាយថា ខ្លួនទទួលបានប្រាក់ខែមធ្យមតិចជាងប្រាក់ខែពលករភូមាបន្តិចបន្តួចប៉ុណ្ណោះ។
លោក ប្រេត ឌីកសុន មកពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍បានមានប្រសាសន៍ថា មានពលករខ្មែរមួយចំនួនត្រូវបានបញ្ជូនត្រឡប់មកវិញពីឧស្សាហកម្មនេសាទថៃនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងតួលេខឆ្នាំ២០១២ ដែលមានប្រហែល១០០នាក់។ លោកបានមានប្រសាសន៍ថា “ដូច្នេះយើងឃើញថា តួលេខនេះដូចគ្នានឹងពលករដែលបញ្ជូនត្រឡប់មកវិញតាមរយៈអង្គការរបស់យើង…ប៉ុន្តែចំនួននោះអាចមានការប្រែប្រួលច្រើននៅពេលយើងចូលដល់ខែធ្នូ”។
លោក ឌីកសុន បានមានប្រសាសន៍ថាអង្គការក្រៅរដ្ឋាភិបាលជាដៃគូកំពុងរៀបចំបញ្ជូនពលករកម្ពុជាដែលត្រូវបានជួញដូរចំនួន២៥នាក់ពីប្រទេសម៉ាឡេស៊ីនៅសប្តាហ៍ក្រោយនេះ ដែលមួយចំនួនក្នុងចំណោមពួកគេត្រូវបានជួយសង្គ្រោះចេញពីឧស្សាហកម្មនេសាទថៃ៕
ប្រែសម្រួលដោយ សោម សារុន