ការកាប់រានព្រៃបានចាប់ផ្ដើមជាផ្លូវការនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីត្រៀមសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ ប៉ុន្តែអ្នកភូមិនិងអាជ្ញាធរមូលដ្ឋានបានលើកឡើងកាលពីម្សិលមិញថា ការកាប់រានព្រៃនេះ គឺវាហួសព្រំដែននៃតំបន់សម្បទានផ្លូវការសម្រាប់គម្រោងនេះ។
ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានរដ្ឋសភាអនុម័តកាលពីខែកុម្ភៈ ចំពេលមានការជំទាស់យ៉ាងខ្លាំងពីសកម្មជនការពារបរិស្ថាន និងសមាជិកសភាមកពីគណបក្សប្រឆាំង ដែលបានជំទាស់ថា ការប៉ះពាល់បរិស្ថាន និងសង្គម គឺវាមានច្រើនជាងផលចំណេញដែលបានមកពីការសាងសង់ទំនប់វារីអគ្គិសនីនេះ ។
ទំនប់វារីអគ្គិសនីកម្លាំង៤០០មេហ្កាវ៉ាត់ ជាគម្រោងដែលមានការសហការគ្នារវាងលោក គិត ម៉េង ពាណិជ្ជករកម្ពុជា និងក្រុមហ៊ុនថាមពលអន្តរជាតិ Hydrolancang Intre-national Energy Co. Ltd របស់ប្រទេសចិននេះធ្វើឲ្យប្រជាពលរដ្ឋជាង៥.០០០នាក់ក្នុងស្រុកសេសានបាត់បង់លំនៅដ្ឋាន។ ហើយការសិក្សាពីគម្រោងនេះបានអះអាងថា ការបង្កើតគម្រោងនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលនេសាទ ដែលអាចនឹងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាង១០០.០០០នាក់ ដែលរស់នៅខ្សែទឹកខាងក្រោមនិងខាងលើនៃទំនប់វារីអគ្គិសនីនេះ។
អាជ្ញាធរឃុំស្រែគរ បានរាយការណ៍ថា ការកាប់ឈើនៅក្នុងតំបន់សម្រាប់បង្កើតអាងស្ដុកទឹក ដែលមានទំហំ៣៦.០០០ហិកតានេះបានចាប់ផ្ដើមកាលពីខែមេសា តែមន្ត្រីថ្នាក់ខេត្តបានបដិសេធការអះអាងនេះ។
លោក ទិត វី ប្រធានរដ្ឋបាលព្រៃឈើ ដែលគ្រប់គ្រងឃុំស្រែគរ និងក្បាលរមាសបានលើកឡើងថា “មានតែមន្ត្រីថ្នាក់លើទេ ដែលអាចនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយបន្ថែមបានអំពីការកាប់រានព្រៃសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ”។ លោក ទិត វី បានបញ្ជាក់ថា កម្មកររបស់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះបានចាប់ផ្ដើមកាប់រានព្រៃនៅក្នុងតំបន់អាងស្ដុកទឹកនេះជាផ្លូវការហើយ ប៉ុន្តែលោកបានបដិសេធមិននិយាយថា ពេលណាកម្មករទាំងនេះបានចាប់ផ្ដើមកាប់រានព្រៃនោះទេ។
លោក សេក មេគង្គ មេឃុំស្រែគរបានអះអាងថា ការកាប់រានព្រៃនេះឥឡូវវាបានហួសព្រំដែននៃតំបន់សម្បទានទៅហើយ គឺមានចម្ងាយ២០គីឡូម៉ែត្រពីច្រាំងទន្លេសេសាន។ លោក សេក មេគង្គ បានមានប្រសាសន៍ថា ឈើដែលកាប់នៅខាងក្រៅតំបន់អាងស្ដុកទឹកនេះ នឹងត្រូវចាត់ទុកជាឈើ ដែលកាប់នៅខាងក្នុងតំបន់សម្បទាន ហើយវាអាចមានតម្លៃពី១៥០ដុល្លារទៅ៥០០ដុល្លារក្នុងមួយម៉ែត្រគូប អាស្រ័យលើគុណភាពឈើ។
លោកបានមានប្រសាសន៍បន្តថា “បន្ទាប់មកឈើដែលកាប់នៅខាងក្រៅតំបន់អាងស្ដុកទឹក នឹងត្រូវយកទៅស្ដុកទុកនៅខាងក្នុងតំបន់សម្បទាន។ ហើយអ្នកភូមិភាគច្រើនបានយល់ព្រមកាប់រានព្រៃ ដើម្បីយកឈើទៅលក់គ្រាន់នឹងបានប្រាក់កាសខ្លះ”។
អ្នកភូមិស្រែគរម្នាក់ ដែលស្នើមិនបញ្ចេញឈ្មោះបាននិយាយថា គាត់និងសមាជិកគ្រួសាររបស់គាត់ផ្សេងៗទៀតបានចូលរួមនៅក្នុងការកាប់រានព្រៃនេះ ដោយដឹងថា អាជ្ញាប័ណ្ណដែលចេញដើម្បីការកាប់រានព្រៃសម្រាប់គម្រោងទំនប់វារីអគ្គិសនី នឹងការពារសកម្មភាពខុសច្បាប់របស់ខ្លួន។
គាត់បាននិយាយថា “ប្រសិនបើខ្ញុំបដិសេធមិនធ្វើទេនោះ អ្នកភូមិផ្សេងៗទៀតនឹងនៅតែកាប់ឈើនេះដដែល ហើយយើងក៏ត្រូវការលុយដែរ។ ក្រុមហ៊ុនបានប្រាប់ពួកយើងថា ពួកគេទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ដើម្បីកាប់ឈើទាំងអស់នេះ ហេតុដូច្នេះហើយអ្នកភូមិមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ”។ តែទោះជាយ៉ាងណាគាត់មិនបានបញ្ជាក់ពីក្រុមហ៊ុនដែលគាត់កំពុងនិយាយទេ។
ដោយចាត់ទុកថា ការបង្កើតទំនប់វារីអគ្គិសនីនេះ “គឺជាកំហុសឆ្គងមួយដ៏ធំ” លោក មៀច មាន អ្នកសម្របសម្រួលនៅអង្គការបណ្ដាញការពារទន្លេសេសាន ស្រែពក និងសេកុង ដែលបានព្យាយាមឲ្យមានការបញ្ឈប់ការសាងសង់នៅតំបន់នោះ កាលពីម្សិលមិញបានអំពាវនាវឲ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍នៅក្នុងការកាប់ឈើហួសព្រំដែន និងឲ្យជួយកំណត់ព្រំដែនឲ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ពីចំណុចចាប់ផ្ដើម និងចំណុចបញ្ចប់នៃតំបន់សម្បទានសម្រាប់គម្រោងនេះ។
លោក មៀច មាន បានលើកឡើងថា “គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះបានបង្កឲ្យមានសកម្មភាពកាប់ឈើខុសច្បាប់យ៉ាងខ្លាំងមួយចំនួនរួចទៅហើយ ហើយវាក៏បានរំលោភលើកិច្ចព្រមព្រៀង [ជាមួយរដ្ឋាភិបាលដែរ]”។
យោងតាមច្បាប់ចម្លងនៃឯកសារ ពីការិយាល័យមេធាវី Ang & Associates Lawyer Ltd. ដែលទទួលបានកាលពីដើមឆ្នាំនេះបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក គិត ម៉េង និងក្រុមហ៊ុនមួយទៀតរបស់លោក សុខ វណ្ណា ដែលត្រូវជាបងប្អូនរបស់លោក សុខ គង់ ស្ថាបនិកក្រុមហ៊ុនសូគីម៉ិចគ្រុប ជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ បានព្រមព្រៀងចូលហ៊ុនជាមួយគ្នា ដើម្បីកាប់រានព្រៃនៅតំបន់សម្រាប់សាងសង់ទំនប់វារីអគ្គិសនីនេះ។
យោងតាមឯកសារដែលទទួលបាននេះ បានឲ្យដឹងថា កិច្ចសន្យារបស់ក្រុមហ៊ុនទាំងពីរនេះបានលើកឡើងថា “គម្រោងដែលនឹងកាប់រានព្រៃនៅក្នុងដីព្រៃទំហំប្រហែល៣៦.០០០[ហិកតា] នឹងត្រូវអនុវត្តក្នុងរយៈពេលបីឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥”។ កិច្ចសន្យានេះបានបន្ថែមថា ដីព្រៃទំហំ១០.០០០ហិកតា នឹងត្រូវកាប់រានក្នុងឆ្នាំដំបូង។ ហើយដីព្រៃទំហំ១៣.០០០ហិកតា ក្នុងឆ្នាំទី២ រីឯដីព្រៃទំហំ១៣.០០០ហិកតា ផ្សេងទៀតសម្រាប់ឆ្នាំចុងក្រោយ”។
ឯកសារចុះថ្ងៃទី១៥ ខែមករា នេះសំដៅទៅលើ “ការកាប់រានព្រៃ ការប្រមូល និងការនាំចេញឈើអាររួច [មួយរយភាគរយ] សម្រាប់លក់នឹងនាំចេញទៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ដោយទទួលបានមកវិញនូវទឹកប្រាក់សុទ្ធចំនួនបីលានដុល្លារ”។
លោក ចាន់ អង្គ លេខារបស់លោក សុខ វណ្ណា បានលើកឡើងថា លោក សុខ វណ្ណា សុំមិនធ្វើអត្ថាធិប្បាយទេពាក់ព័ន្ធនឹងរឿងនេះដោយលោកបានលើកឡើងថា លោក គិត ម៉េង ដឹងរឿងនេះច្រើនជាង។
លោក ចាន់ អង្គ បានលើកឡើងបន្តថា “លោកគ្មានតួនាទីនិយាយជាមួយប្រពន្ធផ្សព្វផ្សាយទេពាក់ព័ន្ធនឹងរឿងនេះ ពីព្រោះបុគ្គលសំខាន់នោះ គឺនៅតែជាអ្នកឧកញ៉ា គិត ម៉េង”។
លោក គិត ម៉េង បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង