32 C
Phnom Penh

សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​នៅ​បឹងកក់​ជំទាស់​​នឹង​បម្រាម​ហែក្បួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​បាន​បន្ត​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ហែ​ក្បួន​ក្នុង​រាជធានី​កាល​ពីម្សិល​មិញ ថ្វី​បើ​មាន​បទ​បញ្ជា​ពីសាលា​ក្រុងមិន​ឲ្យ​ធ្វើ​ដូច្នេះក៏ដោយ​ រដ្ឋាភិបាលក៏​បានព្រមាន​​ចំពោះ​ការ​តវ៉ា​នៅ​ពេល​កំពុងមាន​ភាព​តាន​តឹង​ផ្នែក​នយោ​​បាយ​នោះ​ បន្ទាប់​ពីការ​បោះ​ឆ្នោត​ជាតិ​​កាល​ពីខែ​កក្កដា​​ក៏ដោយ។

សមត្ថកិច្ចបានរារំាងអ្នក​តវ៉ា​មក​ពី​តំបន់​បឹងកក់​ដើរ​ក្បួន​ក្នុង​រាជធានីភ្នំពេញ កាល​ពីម្សិល​មិញ ដើម្បី​​​រំឭកខួប​​មួយ​ឆ្នាំ​នៃការ​ផ្តន្ទាទោស​អ្នកស្រី យ៉ោម បុប្ផា សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ពីដីធ្លី​។ អ្នក​ស្រី​ យ៉ោម បុប្ផា ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រពីរឆ្នាំ​។​ (ស៊ីវ ចាន់ណា)
សមត្ថកិច្ចបានរារំាងអ្នក​តវ៉ា​មក​ពី​តំបន់​បឹងកក់​ដើរ​ក្បួន​ក្នុង​រាជធានីភ្នំពេញ កាល​ពីម្សិល​មិញ ដើម្បី​​​រំឭកខួប​​មួយ​ឆ្នាំ​នៃការ​ផ្តន្ទាទោស​អ្នកស្រី យ៉ោម បុប្ផា សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ពីដីធ្លី​។ អ្នក​ស្រី​ យ៉ោម បុប្ផា ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រពីរឆ្នាំ​។​ (ស៊ីវ ចាន់ណា)

ដោយ​មិន​មាន​ការ​រួញរានោះ​ សកម្មជន​ជា​ស្ត្រី​ប្រហែល​១៥០​នាក់​មក​ពី​សហ​គមន៍​បឹង​កក់​បាន​រុញ​ច្រាន​កាត់​របាំ​ងនគរបាល​ដែល​បាន​ដាក់​នៅ​ជិត​តំបន់​របស់​ពួក​គេ​​ ហើយ​បាន​ដើរ​ក្បួនពី​វត្ត​ភ្នំ​ទៅ​កាន់​តុលាការ​កំពូល​ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​ យ៉ោម បុប្ផា ។

អ្នក​ស្រី​ យ៉ោម បុប្ផា ​កាល​ពីម្សិល​មិញ​បាន​ប្រារព្ធខួប​លើក​ទី​១​របស់​អ្នក​​ស្រី​នៅ​ក្នុង​ពន្ធនាគារ ​ដែលកំពុង​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ពីរឆ្នាំ​តាមបទ​ចោទ​ប្រកាន់​មួយ​​ ដែល​មតិ​ទូទៅ​ជឿថា​ ជារឿង​នយោ​បាយ​​។ ទោះជាយ៉ាងណា នគរបាលបាន​​រឹប​អូស​យក​សម្ភារ​តវ៉ា​របស់សកម្មជន​ទាំង​នេះ​រួម​មាន​​បដា និង​ផ្កាឈូក​ផង​ដែរ​មុន​ពេល​អនុ​ញ្ញាត​ឲ្យ​ពួក​គេ​ចាក​ចេញ​ពីតំបន់​បឹង​កក់​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​​បាន​បដិសេធ​សំណើ​សុំ​ដើរ​ក្បួន​របស់​សកម្មជនបឹងកក់កាល​ពី​ម្សិល​មិញ  ដោយ​លើក​ឡើង​ពី​កង្វល់​អំពី​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​ការ​កកស្ទះ​ចរាចរណ៍​។

នៅ​ថ្ងៃសៅរ៍​​ គេរំពឹង​ថា នឹង​មាន​មនុស្ស​រាប់​ពាន់​នាក់​ចេញមក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ចំពោះ​អ្វី​ដែល​គណបក្ស​នេះ បាន​ហៅ​ថា ជា​ការ​ជួបជុំ​បួង​សួ​ងជាជាង​ការ​ធ្វើ​បាតុកម្ម​។

នៅ​ឯ​តុលាការ​កំពូល​កាល​ពីម្សិល​មិញ​ ក្រុម​អ្នក​តវ៉ា​បាន​ច្រៀង​នៅ​មុខ​ទ្វា​រ​ចាក់​សោ​​របស់​តុលាការ​កំពូល​  និង​បាន​បង្ហោះ​ប៉េង​ប៉ោង​ពណ៌ស ចំនួន​៣៦៥ប៉េង​ប៉ោង​ ដោយ​ប៉េង​ប៉ោង​មួ​យ​តំណាង​ឲ្យ​​ថ្ងៃ​នីមួយៗ​នៃការ​ជាប់​ពន្ធ​នាគារ​របស់​អ្នក​ស្រី យ៉ោម​ បុប្ផា ។

លោក​ លួស សាខន ប្តី​របស់​អ្នក​ស្រី យ៉ោម​ បុប្ផា បាន​និយាយ​ថា “ខ្ញុំ​សង្ឃឹម​ថាតុលាការ​កំពូល​នឹង​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រពន្ធ​ខ្ញុំ​ ពីព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើសណាមួយ​ទេ​”។

អ្នក​ស្រី យ៉ោម​ បុប្ផា ត្រូវបាន​កាត់​ឲ្យ​ជាប់​ទោស​កាល​ពីចុង​ឆ្នាំ​២០១២​ ពីបទ​បញ្ជា​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​បើក​បរ  ​រ៉ឺ​ម៉ក​ម៉ូតូ​ពីរនាក់​កាល​ពីដើមឆ្នាំនោះ​។ អ្នក​ស្រី យ៉ោម​ បុប្ផា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​​អង្គការ​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោ​ស​សាល​ក្រម​ផ្តន្ទាទោស​នេះ​ថា ជា​រឿង​នយោបាយ​​ ដោយ​សារ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​​អ្នក​ស្រីនៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​។ អ្នក​ស្រី​កំពុង​រង់​ចំាតុលាការ​កំណត់​ពេលវេលា​បើក​សវនាការ​ឡើង​វិញ​។

ប្តីរបស់​អ្នក​ស្រី​បាន​និយាយថា “រឿង​ក្តី​របស់​ បុប្ផា គឺជា​រឿង​នយោបាយ​ ពីព្រោះ​មាន​ភ័ស្តុតាង​យ៉ាង​ច្បាស់​ថា លោក​នាយក​រដ្ឋ​មន្ត្រី​  ហ៊ុន  សែន  បាន​ថ្លែង​តាម​ទូរទស្សន៍​ថា រឿង ​​​ក្តី​របស់​ យ៉ោម​ បុប្ផា​ ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា។ មាន​អំពើ​ហិង្សា​រាប់​លាន​ករណី​។ ហេតុ​អ្វី​បានជា​គាត់​និយាយ​តែ​អំពី​រឿង​ក្តី​របស់​ យ៉ោម​ បុប្ផា​ ។ ប៉ុន្តែ រឿង​ក្តី​ ឈូក​ បណ្ឌិត​ ​ខ្ញុំ​មិនបាន​ឮគាត់​និយាយ​ទាល់​តែ​សោះ​”។

ឈូក​ បណ្ឌិត​ គឺជា​អតីត​អភិបាល​ក្រុង​បាវិត​ដែល​មិនទាន់​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ការ​ផ្តន្ទាទោ​សគាត់​កាល​ពីដើម​ឆ្នាំនេះ​ចំពោះ​ការ​បាញ់​កាល​ពីឆ្នាំ​២០១២​ទៅ​លើ​កម្ម​ករ​រោង​ចក្រកាត់​ដេរ​បីនាក់។ គេ​មិន​ដែល​ចាប់​ខ្លួន​គាត់​ទេ​ ថ្វី​បើ​​មាន​ការ​បញ្ជាក់​ថា ​លោក ឈូក​ បណ្ឌិត ជា​ជន​សង្ស័យ​ដ៏សំខាន់​នៅក្នុង​ការ​បាញ់​កម្មករ​ទាំង​បីនាក់នេះ​។​

រថយន្ត​ភីក​អាប់​មួយ​គ្រឿង​ដែល​ជាកម្ម​សិទ្ធិ​​របស់​មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​​ដែល​​បាន​ដឹក​បដា​ និង​ផ្កា​របស់​អ្នក​តវ៉ា​កាល​ពី​ម្សិ​លមិញ​នោះ ត្រូវ​បាន​ឃាត់​​នៅ​តំបន់​បឹងកក់​​។

ក្រោយ​មក​  នគរបាល​បាន​ប្រគល់​រថយន្ត​នោះឲ្យ​វិញ​ ​ បន្ទាប់​ពី​លោក ​ មាស​  ច័ន្ទ​ពិសិដ្ឋ​ ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ហើយ​រថយន្ត​នោះ​ត្រូវ​បាន​ឆែក​ឆេរ​​​យ៉ាង​ល្អិត​ល្អន់​ ប៉ុន្តែ​រក​ឃើញ​តែ​បដា​ និង​ផ្កា​តែ​ប៉ុណ្ណោះ​។

ព្រះរាជអាជ្ញារង​រូប​នេះ បាន​ប្រាប់​បុគ្គ​លិក​ម្នាក់​​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថា “យើង​បាន​ឃាត់​រថយន្ត​ភីកអាប់​នេះ ពី​ព្រោះ​រថយន្ត​នេះ​ដឹក​សម្ភារ​សម្រាប់​ធ្វើ​ការ​តវ៉ា​គាំទ្ររឿង​ក្តី​​របស់​អ្នក​ស្រី យ៉ោម​ បុប្ផា​។ ​យើង​បារម្ភ​ថា សម្ភារដែល​បងប្អូន​ដឹក​នោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពល​រដ្ឋ​”។ លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ទេ​មុន​ពេល​ចាក​ចេញ​ពីកន្លែង​នោះ​។

អ្នក​ស្រី​ ស៊ុង​ ស្រី​លាភ​ ជាអ្នក​តវ៉ា​ម្នាក់​​បាន​និយាយ​ថា “​វាជាការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់​ធ្ងរ​ដែល​នគរបាល​ចាប់​យក​បដា និង​ផ្កា​របស់​ប្រជាជន​។ នគរបាល​គួរតែ​ជួយ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​រៀបចំ​ពិធីនេះ​ មិន​មែន​ចាប់​យក​សម្ភារ​ដូច​ចោរ​នោះទេ​៕

ប្រែសម្រួលដោយ មូល​ គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស