35 C
Phnom Penh

កម្មករ​រោង​ចក្រ​ជាច្រើន​នាក់​ដួល​សន្លប់​នៅ​រោងចក្រ​​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​កូរ៉េ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ឲ្យ​ដឹង​ថា កម្មករ​រោង​ចក្រ​កាត់​ដេរ​ចំនួន​៤៥នាក់​នៅ​រោង​ចក្រ​​មួយ​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​កូរ៉េ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​​​នៅ​​មន្ទីរ​ពេទ្យ​  កាលពី​ម្សិល​មិញ បន្ទាប់​ពី​បាន​ដួល​សន្លប់​។

លោក វ៉ុន​ ទួន​ នាយ​រង​​នគរបាល​ប៉ុស្តិ៍​បាន​​មាន​ប្រសាសន៍​ថា មាន​ករណី​​ដាច់​​ចរន្ត​អគ្គិ​សនីនៅ​​ក្នុង​រោងចក្រនេះ​នៅពេល​រសៀល​​​បណ្ដាល​ឲ្យ​កម្មករ​នៅ​ក្នុង​រោង​ចក្រ​ឈ្មោះ​ វ៉ាន់ សែន ក្លូតឌិង  ​ខេមបូឌា (Van Shen Clothing Cambodia) ដួល​សន្លប់​ដោយ​សារក្តៅ​ខ្លាំង​ពេក​​ និង​​ហប់​ខ្យល់​​​ ហើយ​ពួកគេ​មិន​អាច​ដក​ដង្ហើម​បាន​ស្រួល​ទេ​។ លោក​មាន​ប្រសាសន៍​បន្ត​ថា នៅ​ពេល​ដាច់​​ចរន្ត​អគ្គិសនី​នោះ​​ បាន​បណ្តាល​ឲ្យ​កម្មករ​កាន់តែខ្សោយទៅៗដោយ​សារ​តែ​ក្ដៅ​ខ្លាំង​ពេក​​នៅ​​ក្នុង​រោង​ចក្រ​។ លោកបានមានប្រសាសន៍បន្ថែមទៀត​ថា កម្មករ​ទាំង​នោះ​កំពុង​សម្រាក​​ព្យាបាល​នៅ​​​គ្លីនិក​ឯកជន​មួយ​។

យោង​តាម​លោក ម៉េង ហុង ប្រធាន​នាយក​​ដ្ឋាន​​អធិការ​កិច្ច​​និង​កិច្ច​ការ​ច្បាប់​នៃ​​ក្រ​សួង​ការងារ​ឲ្យ​ដឹង​ថា​មាន​កម្មករ​រោង​ចក្រ​កាត់​ដេរ​ចំនួន​៤៧០​នាក់​បម្រើការ​នៅ​ក្នុង​រោង​ចក្រ​នោះ​​ហើយ​នេះ  ​គឺ​ជា​លើក​ទី​១​ហើយ​​ដែល​មាន​ការ​ដួល​សន្លប់​នៅ​រោង​ចក្រនេះ​ ហើយ​លោក​បាន​បញ្ជាក់​ថា​កម្មករ​ខ្លះ​បាន​ដួល​សន្លប់​ដោយ​សារ​ខ្វះ​ខ្យល់​ដក​ដង្ហើមគ្រប់គ្រាន់។ កម្មករ​ផ្សេង​ទៀត​បាន​ដួល​សន្លប់​នៅ​ពេល​ពួកគេ​បាន​ឃើញ​នូវ​អ្វី​ដែលបានកើត​ឡើង​ដល់​អ្នករួមការ​ងារ​របស់​ខ្លួន​។

លោកម៉េង ហុង បាន​​មាន​ប្រសាសន៍​​ថា វា​ធ្វើ​ឲ្យ​កម្មករ​មួយ​ចំនួន​ចាប់​ផ្ដើម​ខ្សោយ  ទៅៗនៅ​ពេល​ពួកគេ​បាន​ឃើញ​កម្មករ​ដទៃ​ទៀត​​ដួល​សន្លប់​ដោយ​លោក​បន្ថែម​ថា ឥឡូវ​នេះ​ កម្មករ​ខ្លះ​បាន​​ចេញ​ពី​គ្លីនិក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​៕

ប្រែសម្រួលដោយ ឃិន ណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស