27 C
Phnom Penh

ប្រធា​ន​​​ភូមិ​​រងការ​​ចោទ​ប្រកាន់​​ថា ​បាន​​លួច​ស្រូ​វ​​ពី​​សហគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​មិញ ប្រជា​​​​​ជ​ន​​​ជា​ង​​៦០​នាក់នៅ​​ខេត្ត​សៀម​រាប​​បា​ន​​​តវ៉ា​​ប្រឆាំង​​ប្រធា​ន​​​​ភូមិ​​​របស់​​​ខ្លួន​ ​ដោ​យ​​​ចោទ​​​គាត់​​ថា ​បា​ន​លួច​ស្រូ​វពី​​ធនា​គារ​ស្រូវ​ក្នុ​ង​ភូមិ​​ ព្រម​​​ទាំង​ចំ​​ណែ​ក​ដី​​ដែល​​​​ធនាគារ​​ស្រូ​​វ​​​តាំ​ង​នៅ​។

លោក​ ឡំ កែក ប្រធាន​ភូមិ​គោកក្រាំង​​នៅ​ក្នុងស្រុ​ក​អង្គរ​ជុំ ​ ជា​​​អ្នក​មើល​​​ការ​ខុស​​ត្រូ​វ​​ស្តុក​​ស្រូ​វ​និង​ការ​បើក​ស្រូវ​ពី​ធនាគារ​ស្រូវ​ ដែល​ប្រជាជន​១០៤គ្រួសារ​បរិច្ចាគ​​ស្រូវ​៨​គីឡូ​ក្រាម​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ឆ្លើយតប​ទៅ​​នឹង​ករណី​ដែល​គ្រួសារ​ណា​មួយ មិន​អា​ច​​​​​​ទ្រទ្រង់​​​​ខ្លួន​ឯង​បា​ន​។

ឈ្មោះ រី ភឿង អាយុ៤០​ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់​​ក្នុង​ចំណោម​អ្នក​ភូមិ​​ដែល​រង​គ្រោះ​បាន​លើកឡើង​ថា ករណី​​សង្ស័យ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សហគមន៍​នេះ​ នៅពេល​គ្រួសារ​​មួយ​ដែល​ត្រូវ​ការ​ស្រូវ​ ត្រូវ​បាន​បដិ​សេធ​មិន​​ឲ្យ​ទទួល​បាន​​​ស្រូវពី​​ធនាគារ​នេះ។ លោក រី ភឿង ​មាន​ប្រសាសន៍​ថា “យើង​​ទាំង​អស់​គ្នា​បាន​​តវ៉ា​ បន្ទាប់​ពី​អ្នក​ភូមិ​ម្នាក់​បាន​ទៅ​រក​ប្រធាន​ភូមិ​ ហើយសុំ​ខ្ចីស្រូវ​ ក៏​ប៉ុន្តែ ប្រធាន​ភូមិ​រូប​នេះ​បាន​ឆ្លើយ​តប​ថា គ្មាន​ស្រូវ​​នៅ​ក្នុង​ធនាគារ​​ទេ​”។

ទោះ​ជា​យ៉ាង​ណា លោក ឡំ កែក មាន​​​ប្រសាសន៍​ថា បើទោះជា​ស្រូវ​ជាង​៣០​តោន​​ត្រូវ​បាន​ដឹក​ចូ​ល​ធនាគារនេះ​​ ចាប់​តាំង​ពី​ធនាគារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០២ មកក៏ដោយ ក៏ស្រូវ​​នៅ​សល់​តែ​៤.៧០០​គីឡូ​ក្រាម​ប៉ុណ្ណោះ ពីព្រោះ​អ្នក​ភូមិ​មិនបានសង​វិញទេ​។ លោក​បានលើកឡើង​ផង​ដែរ​ថា លោក​បាន​លក់​ស្រូវ​ខ្លះ​ចេញពី​ធនាគារ​នេះ​ ដើម្បី​យកប្រាក់​ទៅបង្កើត​ហាង​​មួយ​ ដែល​ស្ថិតនៅ​លើ​ដី​នោះ ក្នុង​បំណង​ដាក់​​​លក់​ឧប​ករណ៍​កសិកម្ម​ ដែល​អាច​​ជួយ​បង្កើន​ផលិត​ភាព​របស់​អ្នកភូមិ​។

លោក កែក និយាយថា “ ស្រូវ​​ច្រើន​ណាស់​​​បាត់​ ពីព្រោះ​យើង​បាន​ឲ្យ​អ្នក​ភូមិខ្ចី​​ ​ប៉ុន្តែពួ​ក​​គេ​​មិន​បាន​សង​វិញ​ទេ” ។ លោក​​​ពន្យល់​​ថា លោក​​​បាន​លក់​ស្រូវ​១.៥០០​​គីឡូ​ក្រាម​ចេញ​​ពី​ធនាគារ​​នេះ​ ដើម្បី​បង្កើត​ហាង​​ថ្មី​មួយ​។ ក៏​ប៉ុន្តែ អ្នក​ភូមិ​ជឿថា អ្នក​ជំនួញ​ម្នាក់​បាន​ទិញ​ដី​ពី​លោក ឡំ កែក ហើយ​បានសាង​សង់​ហាង​​នោះ​។

លោក រី ភឿង បាន​មាន​ប្រសាសន៍ថា​ “យើង​ដឹង​ថា ប្រធាន​ភូមិ​រូប​នេះ​លក់​ដី​ឲ្យ​អ្នក​ជំនួញ​ម្នាក់​។ អ្នក​ភូមិ​មិន​យល់​ស្រប​នឹង​ការ​លក់​នេះទេ…​ពី​ព្រោះ​វា​ជា​ដី​របស់​យើង​ទាំង​អស់​គ្នា”។

លោក លី សារៀន ជាមេឃុំ ​ទទួល​ស្គាល់​ថា លោក ឡំ កែក បានសាង​សង់​ហាង​មួយ​​នៅ​លើ​ដី​នោះ​ ប៉ុន្តែ លោក​បាន​បញ្ជាក់​​ថា វា​នៅ​តែ​ជា​របស់​អ្នក​ស្រុក​ក្នុង​ឃុំនេះ​ដដែល។ លោក សារៀន បាន​មាន​ប្រសាសន៍ថា “អ្នក​ភូមិ​យល់​ច្រឡំ​ថា ប្រធាន​ភូមិ​រូប​នេះ​លក់​ដី​ឲ្យ​អ្នក​ជំនួញ​ម្នាក់​សម្រាប់បើកហាង​លក់​ឧបករណ៍​កសិកម្ម ដោយ​សារ​តែ​គាត់​មិន​បាន​ជូន​ដំណឹង​ប្រាប់​ពួក​គេ​ថា គាត់​លក់​ស្រូវ​ [ពីធនា​គារ​​ស្រូវ] ដើម្បី​យក​ប្រាក់​ទៅ​សាង​សង់​ហាងនេះ”។ លោក​បាន​បន្ថែម​ថា មិន​អាច​លក់​ដី​នេះ​បាន​ទេ ពី​ព្រោះ​អ្នក​ស្រុក​បាន​ទិញ​ដី​នេះ​​រួ​ម​គ្នា​កាល​ពី​ឆ្នាំ​២០០២។​ ប្រជាជន​អាច​យក​ស្រូវ​ពី​ធនាគារ​បាន​ នៅ​​ពេល​ដែល​បរិមាណស្រូវ​ក្នុង​ជង្រុក​របស់​ពួក​គាត់​ចុះ​នៅ​ចន្លោះ​ខែ​កញ្ញា និង​ខែ​មករា។ ប៉ុន្តែ​ អ្នក​ស្រុក​ត្រូវ​តែ​សងស្រូវ​​ធនាគារ​វិញ​ ​ពេល​ប្រមូល​ផលនៅ​ដើម​ឆ្នាំ៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស