29 C
Phnom Penh

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ច្រាន​ចោល​ពាក្យ​បណ្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌល​ខេត្ត​បាត់​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា ​កាលពី​ម្សិល​មិញ​បាន​សម្រេច​​តម្កល់​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​ (គ.ជ.ប.) ច្រាន​ចោល​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​ចំពោះ​បទ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​ និង​​​ការ​​​លួច​​​បន្លំក្នុង​ការ​បោះ​ឆ្នោត​នៅ​មណ្ឌល​បាត់​ដំបង​។

ការ​ច្រាន​ចោល​ពាក្យ​បណ្ដឹង​នេះ​ជា​ការ​ច្រាន​ចោល​លើក​ទី​១៣នៃ​បណ្ដឹង​ទាំង​អស់​ចំនួន​១៥​​ខេត្តក្រុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ប្ដឹងពី​ភាព​មិន​ប្រក្រតី​​​មក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ កាលពី​ថ្ងៃអង្គារ ដោយ​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​បាន​ផ្ដល់​ភ័ស្តុតាង​តិច​តួច​ដើម្បី​គាំទ្រ​ពាក្យ​នូវ​ការ​អះ​អាង​របស់​ខ្លួន​​ពី​ការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

លោក ឯក សំអុល ប្រធាន​ក្រុម​ប្រឹក្សា​ធម្ម​​​នុញ្ញ​បាន​ថ្លែង​​បញ្ជាក់​​នៅ​ពេល​លោក​អាន​​សេចក្ដី​ថ្លែង​ការណ៍​ដែល​​ផ្សាយ​​តាម​ទូរ​​​ទស្សន៍​​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ថា “ក្រុម​ប្រឹក្សា​ធម្ម​​​នុញ្ញ​បាន​តម្កល់​សេចក្ដី​សម្រេច​របស់​គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ហើយ​​ពិចារណា​លើ​ករណី[​មណ្ឌល​​បាត់​ដំបង​]ថា បាន​បញ្ចប់​ហើយ​”។

លោក សំអុល មាន​ប្រសាសន៍​បន្ត​ថា ក្រុម​​​​ប្រឹក្សា​ធម្មនុញ្ញ​ពេញ​ចិត្ត​ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​តាម​​​​ការិយាល័យ​បោះ​ឆ្នោត​នៅ​មណ្ឌល​​បាត់​ដំបង​ទាំង​អស់​ចំនួន​១.៤០១​ការិយា​​​ល័យ​ដែល​នៅ​ទីនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦០,៣៦ភាគរយ​បាន​បោះ​ឆ្នោត​ដោយ​មិន​មាន​អំពើ​ហិង្សា​ ឬ​ចលាចល​អ្វី​ឡើយ​ ចំណែក​ឯ​ការ​បើក​ប្រអប់​សុវត្ថិភាព​ “ក” ​​ទាំង​៨​កញ្ចប់​​សម្រាប់​ដាក់​ឯកសារ​កត់​ត្រា​​សំឡេង​ឆ្នោត​ច្បាប់​ដើម​ដើម្បីប្រើប្រាស់​សម្រាប់​ការ​​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នោះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​គណបក្ស​ទាំង​អស់។

លោក សួន ចំរើន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​មណ្ឌល​​បាត់​ដំបង​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​នោះ​​​​មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គឺ​​បាន​​គាំទ្រ​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​។ លោក​បាន​​​មាន​ប្រសាសន៍​បន្ត​ថា “គណ​​​បក្ស​សង្គ្រោះ​ជាតិ​មិន​ជឿ​ថា ក្រុម​ប្រឹក្សា​ធម្ម​​​នុញ្ញ​កម្ពុជា​ នឹង​ស្វែង​រក​យុត្តិធម៌​ពិត​ជូន​ប្រជា​​​ពល​​​រដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណ​​​បក្ស​របស់​យើង​​​​ទេ”។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ “ទោះ​បី​ជា​យើង​បាន​ផ្ដល់​ភ័ស្តុតាង​ជាច្រើន​ក៏​ដោយ​ក៏​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​តែ​សម្រេច​មិន​ទទួល​ស្គាល់​វា​​ដដែល​ នេះ​​​បង្ហាញ​ថា ​តុលាការ​​កំពូល​​នេះមិន​មាន​តុល្យ​ភាព​ និង​ឯករាជ្យ​ទេ” ដោយ​​​​​លោក​​​​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀប​ចំ​ពាក្យ​បណ្ដឹង​​ប្ដឹង​​មន្ត្រី​​ជាន់​ខ្ពស់​របស់​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។

លោក​ មាន សាធិក​ តំណាង​មក​ពី​គណៈ​​​កម្មា​​​​​​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតបាន​​​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក​ មាន​កំហុស​ខ្លះ​ក្នុង​ដំណើរការ​​ការ​បោះ​ឆ្នោត​របស់​ខ្លួន​ ហើយ​លោក​រីករាយ​ដែល​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​បាន​តម្កល់​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។

កាលពី​ថ្ងៃ​ពុធ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​បាន​ច្រាន​ចោល​ពាក្យ​បណ្ដឹង​មួយ​ដោយ​ឡែក​ផ្សេង​ទៀត ជា​បណ្ដឹង​ទូទៅ​​របស់​គណបក្ស​សង្គ្រោះ​​​​ជាតិ​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៅ​ទូទាំង​ប្រទេស​ ដូចជា​ឯក​សារ​បោះ​ឆ្នោត​នៅ​ក្នុង​ហិប​​​​ឆ្នោត​​ និង​​បញ្ហា​ទឹក​ខ្មៅ​ដែល​ប្រើ​ប្រាស់​សម្រាប់​ជ្រលក់​ម្រាម​ដៃ​អាច​លប់​ជ្រះ​បាន​ជាដើម​​។

ថ្ងៃនេះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​​បើក​សវនា​​​​​​ការ​ពិចារណា​​លើ​ពាក្យ​បណ្ដឹង​​ពាក់​ព័ន្ធ​​នឹង​​មណ្ឌល​​សៀមរាប ចំណែក​ឯ​ការ​បើក​សវនាការ​​នៅ​​ថ្ងៃសុក្រ​​សម្រាប់​ដោះស្រាយ​​​លើ​ពាក្យ​បណ្ដឹង​​មណ្ឌល​កណ្ដាល​ និង​ជា​ការ​ដោះ​ស្រាយ​បណ្ដឹង​​ចុង​ក្រោយ​នៃ​​​ពាក្យ​បណ្ដឹង​​​​​​​ទាំង​អស់​ចំនួន​១៥​។ ការ​សន្និដ្ឋាន​លឿន​ៗ​គួរឲ្យ​ភ្ញាក់​ផ្អើល​​​នៃ​ការ​ស៊ើប​អង្កេត​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ ចំពោះ​​ពាក្យ​បណ្ដឹង​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ បាន​អនុញ្ញាត​​ឲ្យ​គណៈ​​​កម្មា​​​ធិ​​​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​អនុវត្ត​​គម្រោង​​​​ជា​យូរ​មក​ហើយ​​របស់​ខ្លួន​ក្នុង​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ថ្ងៃអាទិត្យ​ ដែល​នឹង​​ប្រកាស​ថា​​ គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ឈ្នះ​ឆ្នោត​ដោយ​​ទទួល​បាន​៦៨អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥អាសនៈ៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស