កាលពីម្សិលមិញគឺជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃការហាត់សមសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅមុនថ្ងៃមហាបាតុកម្មដែលគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ ដើម្បីបង្ហាញសារសន្ដិភាព និងអហិង្សារបស់ខ្លួន។

ចំពេលមានការព្រមានធ្ងន់ៗពីសំណាក់រដ្ឋាភិបាលថា មហាបាតុកម្មនេះប្រហែលជានឹងផ្ទុះអំពើហិង្សា និងជុំដំបូងនៃការហាត់សមសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលបានបង្ហាញថា មានការពិបាកក្នុងការគ្រប់គ្រងនោះ ការហាត់សមកាលពីម្សិលមិញគឺជាកិច្ចការដែលសុំាទៅហើយ។ នៅពេលហាត់សមកាលពីថ្ងៃអាទិត្យអ្នកស្ម័គ្រចិត្តរាប់សិបនាក់បានដើរតួធ្វើជា “បាតុករ” ឬ “នគរបាល” រុញ និងទាញគ្នាទៅវិញទៅមក ដោយមានគោលបំណងជាក់ស្ដែងតិចតួចណាស់។
ដោយធ្លាប់ទទួលមេរៀនពីបរាជ័យកន្លងមក នៅពេលហាត់សមកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិមានអ្នកស្ម័គ្រចិត្តប្រហែល២០០នាក់ទាញខ្សែព័ទ្ធធ្វើជារបង ហើយអង្គុយចុះក្នុងព្រឹត្តិការណ៍នោះដោយស្ងាត់ស្ងៀម ខណៈពេលពួកគេ និងអ្នកឈរមើលប្រហែល១.០០០នាក់ មើលអ្នកសម្ដែងប្រាំមួយនាក់បង្ហាញពួកគេពីរបៀបធ្វើអារម្មណ៍ឲ្យស្ងប់ មិនប្រើអំពើហិង្សាទៅលើ “នគរបាល” មុនពេលបំបែកគ្នា។ “ បាតុករ” បានអនុវត្តតាមដោយការអង្គុយនៅមុខប៉ូលិសដោយភាពស្ងៀមស្ងាត់។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់អ្នកចូលរួមថា “ថ្ងៃនេះយើងហាត់សមពីវិធីធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យនៅក្នុងបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ។ យើងហាត់សមពីរបៀបកាន់ធូប ទៀន និងផ្កា។ យើងនឹងបួងសួង ហើយធ្វើចិត្តឲ្យស្ងប់”។ ទាំងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចសុទ្ធតែអះអាងរៀងៗខ្លួនថា ខ្លួនជាអ្នកទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ស្ទើរតែប្រាកដក្នុងចិត្តណាស់ថា លទ្ធផលរបស់ខ្លួននឹងបង្ហាញថា គណបក្សប្រជាជនកម្ពុជាជាអ្នកទទួលជ័យជម្នះនៅថ្ងៃអាទិត្យនេះ ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែសង្ឃឹមថា ខ្លួននឹងអាចដាក់សម្ពាធឲ្យរដ្ឋាភិបាលឯកភាពឲ្យមានការស៊ើបអង្កេតឯករាជ្យមួយលើការបោះឆ្នោត ដែលមានសេចក្ដីរាយការណ៍យ៉ាងច្រើនអំពីភាពមិនប្រក្រតី តាមរយៈការធ្វើមហាបាតុកម្ម ដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះ។
តែទោះជាយ៉ាងណា ចំពេលរដ្ឋាភិបាលព្រមានធ្ងន់ៗចំពោះការផ្ទុះអំពើហិង្សា គណបក្សសង្គ្រោះជាតិក្នុងពេលថ្មីៗនេះបានចាប់ផ្ដើមបំផ្លើសថា ព្រឹត្តិការណ៍នេះជាថ្ងៃបួងសួង។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា “បាតុកម្មអហិង្សា នឹងទទួលជ័យជម្នះច្រើនជាងបាតុកម្មហិង្សា។ យើងសូមជំរុញលើកទឹកចិត្តអ្នកដែលស្រឡាញ់យុត្តិធម៌ និងប្រទេសជាតិឲ្យមកចូលរួម។ បើយើងរួបរួមគ្នា យើងនឹងទទួលជ័យជម្នះ”។
លោកក៏បានណែនាំដល់អ្នកចូលរួមដែរថា ពួកគេអាចជួយរក្សាភាពតានតឹងឲ្យថយចុះបាននៅថ្ងៃសៅរ៍ខាងមុខនេះតាមរយៈការជ្រើសរើសស្ត្រីៗ ដែលមានវ័យចាស់់កាន់តែល្អ ឲ្យនិយាយជាមួយនគរបាល។ លោកបានមានប្រសាសន៍ថា “ចូរធ្វើឲ្យអ្នកកាន់អាវុធឃើញថា បើពួកគេបាញ់យើង ពួកគេក៏ដូចជាបាញ់ម្ដាយរបស់ខ្លួនឯងអ៊ីចឹងដែរ ហើយបើពួកគេចាប់ខ្លួនក្មេងស្រីៗ ពួកគេក៏ដូចជាចាប់កូនស្រីរបស់ខ្លួនដែរ”។
ក្នុងចំណោមអ្នកចូលរួមទាំងនោះហាក់ដូចជាគាំទ្រវិធីមិនតតាំងរបស់គណបក្សប្រឆាំង។ លោក យី សុខា ដែលមើលការហាត់សមបាតុកម្មនេះពីខាងក្រៅបាននិយាយថា “យើងអាចកាត់បន្ថយហិង្សាបានតាមរយៈការមិនស្រែកឡូឡា។ ការបួងសួង និងការធ្វើសមាធិមិនមែនធ្វើឲ្យយើងខ្សោយ ឬខ្លាចនោះទេ គឺវាធ្វើឲ្យយើងក្លាហាននិងមិនខ្លាចទៅវិញទេ”។
លោក ឈឿន សុគន្ធា ក៏បានយល់ស្របបែបនេះដែរ។ គាត់និយាយថា “វាជាគំនិតល្អ ពីព្រោះប្រទេសកម្ពុជាមានបទពិសោធច្រើនណាស់មកហើយពាក់ព័ន្ធនឹងការឈឺចាប់ ហើយរដ្ឋាភិបាលតែងតែវាយដំបាតុករ”។
ទោះបីជាលោក ឈឿន សុគន្ធា មានគម្រោងចូលរួមបាតុកម្មនៅថ្ងៃសៅរ៍នេះក៏ដោយ ក៏គាត់គិតដែរថា បាតុកម្មនេះអាចនឹងបរាជ័យ ហើយមានសង្ឃឹមតិចតួចណាស់ដែលថា អាចបង្ខំឲ្យរដ្ឋាភិបាលទទួលយកការស៊ើបអង្កេតឯករាជ្យលើការបោះឆ្នោត។
នៅពេលសាកសួរថា តើបាតុកម្មនេះអាចនឹងទទួលបានជោគជ័យឬយ៉ាងណានោះ គាត់បានឆ្លើយថា “ខ្ញុំមិនគិតដូច្នេះទេ ខ្ញុំគិតថា រដ្ឋាភិបាលមិនព្រមចុះញ៉មឡើយ។ ពួកគេធ្វើអ្វីគ្រប់យ៉ាងតាមចិត្តពួកគេចង់”៕
ប្រែសម្រួលដោយ តែម សុខុម