កាលពីម្សិលមិញ ស្ថានទូតជប៉ុនបានបដិសេធថា ខ្លួនមិនបានអនុម័តយល់ព្រមផ្តល់ប្រាក់កម្ចីដល់ភាគីជាតិនៅសាលាក្តីខ្មែរក្រហមដែលកំពុងខ្វះថវិកានោះឡើយ គឺផ្ទុយពីការលើកឡើងកាលពីថ្ងៃអង្គាររបស់អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់។
កាលពីម្សិលមិញ ដោយស្ថានទូតជប៉ុនបានចេញសេចក្តីប្រកាសព័ត៌មានមួយថា “រដ្ឋាភិបាលជប៉ុនមិនមានបំណងផ្តល់ថវិកាដល់ភាគីកម្ពុជាទេ ពីព្រោះវាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចំណាយថវិកាទៅឲ្យភាគីជាតិ”។
សេចក្តីប្រកាសនេះបានលើកឡើងទៀតថា “ប៉ុន្តែ លោក យូជី គូម៉ាម៉ារូ (Yuji Kumamaruz) ឯកអគ្គរាជទូតជប៉ុនបានលើកឡើងថា រដ្ឋាភិបាលជប៉ុនកំពុងតែពិចារណាថា តើខ្លួនអាចផ្តល់ថវិកាមួយផ្នែករបស់ជប៉ុនដែលបានផ្តល់ឲ្យភាគីអន្តរជាតិមុនការគ្រោងទុកដើម្បីជួយសម្រាលដល់ស្ថានភាពបច្ចុប្បន្ន ឬយ៉ាងណា”។
លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៅទីស្តីការគណៈរដ្ឋមន្ត្រីដែលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា លោក គូម៉ាម៉ារ៉ូ បានសន្យាផ្តល់ប្រាក់កម្ចីដល់សាលាក្តីខ្មែរក្រហមនៅក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានបដិសេធមិនធ្វើអត្ថាធិប្បាយកាល ពីម្សិលមិញអំពីសេចក្តីរាយការណ៍ផ្ទុយគ្នាពីអ្វីដែលបានសម្រេចអំឡុងជំនួបនោះ។
លោក ឯក ថា បានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំចង់ប្រាប់ថា សូមប្រកាន់តាមសេចក្តីប្រកាសព័ត៌មានជប៉ុន” ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានលើកឡើងថា ស្ថានទូត “មានការសោកស្តាយ ដែលកាសែតមួយចំនួនបានរាយការណ៍ថា ជប៉ុនបានយល់ព្រមបង្វែរថវិកាមួយមួយចំនួនដែលខ្លួនផ្តល់ឲ្យភាគីអង្គការសហប្រជាជាតិនោះទៅឲ្យភាគីជាតិនៅអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជានេះវិញ”។
សេចក្តីប្រកាសនេះលើកឡើងថា “ចំពោះរឿងនេះស្ថានទូតជប៉ុនសូមបញ្ជាក់ថា វាជាការមិនត្រឹមត្រូវទេដែលនិយាយថា រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាដល់ភាគីជាតិ ដោយផ្ទាល់ឬដោយប្រយោលនោះ”។
ដោយមានការធ្វើកូដកម្មរបស់បុគ្គលិកជាតិជាង១៣០នាក់ដោយសារមិនបានបើកប្រាក់ខែអស់រយៈពេលជាងបីខែនោះ ក្នុងរយៈពេលមួយសប្តាហ៍មកនេះ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់ថវិកាដល់ភាគីជាតិនៅសាលាក្តីនេះ។
លោក ឡាស អូល សិន អ្នកនាំពាក្យ អង្គការសហប្រជាជាតិនៅសាលាក្តីនេះបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “រាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជាក្នុងការបើកប្រាក់ខែឲ្យភាគីជាតិ ប៉ុន្តែ មិនបានបើកប្រាក់ខែនេះចាប់តាំងពីខែឧសភាមកម៉្លេះ។ យើងបារម្ភជាខ្លាំងខ្លាចមានការអាក់ខានដល់ដំណើរការរបស់តុលាការដោយសារការធ្វើកូដកម្មរបស់បុគ្គលិកជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”។
ការធ្វើកូដកម្មកាលពីសប្តាហ៍មុន គឺជាលើកទី២ហើយនៅឆ្នាំនេះដែលបុគ្គលិកជាតិនៅសាលាក្តីនេះមិនចូលធ្វើការដោយសារតែមិនបានបើកប្រាក់ខែ។ កូដកម្មលើកដំបូងគឺកើតឡើងកាលពីខែមីនា ដែលនៅពេលនោះ បុគ្គលិកជាង៣០នាក់ដែលមិនបានបើកប្រាក់ខែនោះ មិនបានចូលធ្វើការទេ៕
ប្រែសម្រួលដោយ សោម សារុន