28 C
Phnom Penh

ម្ចាស់​ចម្ការ​កៅស៊ូ​ជាច្រើនគ្រួសារ​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ថាបាន​​​​​ទន្ទ្រាន​ចូល​ដី​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករ​ដាំ​កៅស៊ូ​ប្រមាណ​១០០​នាក់​នៅ​ក្នុង​ស្រុក​អូរជុំ​ ខេត្ត​រតនគិរី ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៧៨​អា​ កាល​ពីម្សិលមិញដើម្បី​​​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​លើ​កម្មករ​ពីរ​នាក់​ដែល​ពួក​​​គាត់​​​​ចោទ​ប្រកាន់​​ថា បាន​លួច​ជ័រ​កៅ​​​ស៊ូ​ពី​ដី​របស់​ខ្លួន​។

តាម​សេចក្ដី​រាយការណ៍​ថា កម្មករ​ទាំង​ពីរ​​​​​ឈ្មោះ ម៉ាត់ លាស់ អាយុ​៤០ឆ្នាំ​ និង​​​​ប្រពន្ធ​​​​ឈ្មោះ ណូស យ៉ាស់ អាយុ​៣៨ឆ្នាំ ដែល​​​បម្រើ​​​ការងារ​ឲ្យ​ក្រុម​ហ៊ុនចម្ការ​​​កៅស៊ូ​​​​ Swiss Rubber Limited របស់​​​ចិន​​​ ត្រូវ​​​បាន​​​កសិករ​​​ទាំង​​​នេះ​​​ឃាត់​​​ខ្លួន​​​កាលពីម្សិលមិញ ចំពោះ​​​ការ​​​យក​​​​​​​​​ជ័រ​​ពី​​​ដើម​​​​កៅស៊ូ​​នៅ​​​​ក្រៅ​​​ដី​​​សម្បទាន​​​របស់​​​ក្រុម​​​ហ៊ុន​​​​​​ចិន​​​មួយ​​​នេះ​​​ក្នុង​​​ឃុំ​​​ឯកភាព។

យោង​​​តាម​​​អ្នក​​​តវ៉ា​​​ម្នាក់​​ឈ្មោះ​​​ លន់ ពុទ្ធារ៉ា បាន​​​ឲ្យ​​​ដឹង​​​ថា  បន្ទាប់​​​មក​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បា​​ន​​​ប្រើ​​​ប្រាស់​​​រថយន្ត​​​មួយ​​​បាំង​​​កន្លះ​​​ចំនួន​​​បី​​​គ្រឿង​​​ និង​​​មនុស្ស​​​រាយ​​​គ្នា​​​ដើម្បី​​​បិទ​​​ផ្លូវ​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បដិសេធ​​​មិន​​​ទទួល​​​ស្គាល់​​​ពាក្យ​​​បណ្ដឹង​​​​​​របស់​​​ពួកគាត់​​​​​​។ លោក ពុទ្ធារ៉ា ​​​​​​និយាយថា “​​​យើង​​​​​​បិ​​​ទ​​​ផ្លូវ​​​ជាតិ​​​នេះ​​​បន្ទាប់​​​ពី​​​នគរបាល​​​ស្រុក​​​មិន​​​ព្រម​​​មក​​​ធ្វើ​​​កំណត់​​​ហេតុ​​​ទាក់​​​ទិនការ​​​​​​ចាប់​​​ខ្លួ​​​ន​​​កម្មករ​​​ទាំង​​​ពីរ​​​ដែល​​​បាន​​​ប្រមូល​​​ជ័រ​​​​​​ក្នុង​​​ទឹក​​​ដី​​​របស់​​​យើង​​​”។​​​

លោក សេត ងៀង នាយប៉ុស្តិ៍​​​សង្កាត់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ដំបូង​​​កសិករ​​​ទាំង​​​នេះ​​​ បាន​​​មក​​​ជួប​​​នគរបាល​​​ឃុំ​​​ ដើម្បី​​​ស្នើ​​​ឲ្យ​​​ធ្វើ​​​កំណត់​​​ហេតុ​​​ទាក់​​​ទិន​​ នឹង​​​ហេតុការណ៍​​​នេះ​​​។ លោក​​​បា​​ន​​​មាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ វា​​​ហួស​​​ពី​​​ដែន​​​សមត្ថកិច្ច​​​របស់​​​ខ្ញុំ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ប្រាកដ​​​ថា​​​ តើ​​​ម្ចាស់​​​ចម្ការ​​​ទាំង​​​នេះធ្លាប់​​​​​​ប្តឹ​​​ង​​​ផ្ដល់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូចិនមួយ​​​នេះ​​​ទៅ​​​តុលាការ​​​ទាក់​​​ទិន​​​នឹង​​​ភាព​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ​​​លើ​​​ដី​​​ចម្ការ​​​កៅស៊ូនៅ​​​ទីនេះ ឬ​​​ក៏​​​អត់​​​នោះ​​​ទេ​​​”។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ថ្នាក់​​​លើ​​​របស់​​​ខ្ញុំ​​​នៅ​​​ថ្នាក់​​​ស្រុក​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ខ្ញុំ​​​ធ្វើ​​​កំណត់​​​ហេតុ​​​​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ចាប់ខ្លួននេះទេ ​​​ដូច្នេះ​​​ខ្ញុំ​​​គ្រាន់​​​តែ​​​អនុវត្ត​​​តាម​​​បទ​​​បញ្ជា​​​ប៉ុណ្ណោះ​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា បន្ទាប់​​​មក​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​ទាម​​​ទារ​​​ឲ្យលោក​​​ ដោក រើយ អធិការ​​​ស្រុក​​​ជួយ​​​អន្តរាគមន៍​​​។

យោង​​​តាម​​​លោក ដោក រើយ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា កសិករ​​​ទាំង​​​នេះ​​​បាន​​​យល់​​​ព្រម​​បើក​​​ផ្លូវ​​​វិញនៅ​​​ពីរម៉ោង​​​ក្រោយ​​​មក​​​ នៅ​​​ពេល​​​នគរ​​​បាល​​​​​​ស្រុក និង​​​នគរបាល​​​ខេត្ត​​​​​​បាន​​​ឃាត់​​​ខ្លួន​​​ពីរនាក់​​​ប្តី​​​ប្រពន្ធដែល​​​រង​​​ការ​​​​​​​​​ចោទ​​​ប្រកាន់​​​ថា ជាចោរ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​ដែល​​​ត្រូវ​​​ឃាត់​​​ខ្លួ​​​ន​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​អធិការ​​​ដ្ឋាន​​​នគរបាល​​​ខេត្ត​​​ហើយ​​​”។

លោក  ឃែម សុខ តំណាង​​​កសិករ​​​ដាំ​​​កៅស៊ូ​​​បាន​​​លើក​​​ឡើង​​​ថា ហេតុការ​​​ណ៍​​​នេះ​​​គឺ​​​ជា​​​លើក​​​ទី២​​​ហើយ​​​ ដែល​​​ក្រុម​​​ហ៊ុនចម្ការ​​​កៅស៊ូ​​​​​​  Swiss Rubber Limited រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា បាន​​​រំលោភ​​​លើ​​​ដី​​​ចម្ការ​​​របស់​​​ម្ចាស់​​​ចម្ការ​​​លក្ខណៈ​​​គ្រួសារ​​​។ គាត់​​​បាន​​​និយាយថា កាលពី​​​ថ្ងៃសុក្រ នៅ​​​ក្នុង​​​ឃុំ​​​ឯកភាព កសិករ​​​ទាំង​​​នេះ​​​បាន​​​រឹប​​​អូស​​​ត្រាក់​​​ទ័រ​​​កាប់​​​កាយ​​​មួយ​​​គ្រឿង​​​ដែល​​​ជារបស់​​​ក្រុម​​​ហ៊ុន Swiss Rubber Limited ហើយ​​​បាន​​​ប្រគល់​​​វា​​​ឲ្យ​​​ទៅ​​​នគរបាល​​​ខេត្ត​​​។

កសិករ​​​ដាំ​​​កៅស៊ូ​​​ចំនួន​​​៣០គ្រួសារ​​​ ដែល​​​អះអាង​​​កាន់​​​កាប់​​​លើ​​​ដី​​​ទំហំ​​​សរុប​​​១៦៨​​​ហិកតា​​​នៅ​​​ក្នុង​​​តំបន​​​់​​​នេះ បាន​​​ប្តឹង​​​ផ្ដល់​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​​​​ចម្កា​​​កៅស៊ូ តៃសេង ទាមទារ​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៥មក។ កាល​​​ពី​​​ថ្ងៃទី​​​២៩ ខែមីនា សាលាឧទ្ធរណ៍​​​​​​បាន​​​សម្រេច​​​​​​គាំទ្រ​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ។

លោក​​​ ឃែម សុខ បាន​​​និយាយថា ក្រុម​​​ហ៊ុន​​​ Swiss Rubber Limited បាន​​​អះអាង​​​ថា ខ្លួន​​​ទទួល​​​ម៉ៅការ​​​បន្ត​​​ពី​​​ក្រុម​​​ហ៊ុន​​​តៃសេង​​​ ដើម្បី​​​ប្រមូល​​​ជ័រកៅស៊ូ​​​នៅ​​​លើ​​​ដីនេះ។គាត់​​​និយាយ​​​ទៀត​​​ថា “យើង​​​មិន​​​ដឹង​​​ថា​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​ក្រុម​​​​​​​​​​​ហ៊ុន​​​​​​Swiss Rubber Limited បញ្ជូន​​​កម្មករ​​​មក​​​ប្រមូល​​​ជ័រ​​​នៅ​​​ក្នុង​​​តំបន់​​​ចម្ការ​​​កៅស៊ូ​​​លក្ខណៈ​​​គ្រួសារ​​​របស់​​​យើង​​​ទេ​​​ ប៉ុន្តែ សកម្មភាព​​​បែប​​​នេះ​​​គេ​​​ហៅ​​​ថា លួច”។

ពេល​​​ទាក់ទង​​​តាម​​​ទូរស័ព្ទ​​​កាលពី​​​ម្សិល​​​មិញ លោក រឿន បូរិន តំណាង​​​ក្រុម​​​ហ៊ុន Swiss Rubber Limited បាន​​​អះអាង​​​ថា កម្មករ​​​ទាំង​​​ពីរ​​​ដែល​​​ត្រូវ​​​ឃាត់​​​ខ្លួន ជា​​​កម្មករ​​​របស់​​​ក្រុម​​​ហ៊ុន ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​របស់​​​លោក​​​ទទួល​​​បាន​​​ដី​​​ចម្ការ​​​កៅស៊ូ​​​របស់រដ្ឋ​​​ជាង​​​៣.៥០០ហិកតា​​​ ដែល​​​ក្រសួង​​​កសិកម្ម​​​បាន​​​ផ្ដល់​​​ឲ្យ​​​កាលពី​​​ចុងឆ្នាំ​​​២០១០។

គាត់​​​និយាយ​​​ថា “កម្មករ​​​របស់​​​យើង​​​បាន​​​ប្រមូល​​​ជ័រ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ពីរ​​​បី​​​ឆ្នាំ​​​រួច​​​មក​​​ហើយ​​​​​​ ហើយ​​​យើង​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ម្ចាស់​​​ចម្ការ​​​ទាំង​​​នេះ​​​ឃាត់​​​ខ្លួន​​​ពួកគេ​​​ទេ​​​”។ គាត់​​​លើក​​​ឡើង​​​ទៀត​​​ថា សម្បទាន​​​របស់​​​ក្រុម​​​ហ៊ុន​​​​​លោក​​​មិន​​​ពាក់​​​ព័ន្ធ​​​​​​ក្រុម​​​ហ៊ុន​​​តៃសេង​​​ទេ​​​៕

ប្រែសម្រួលដោយ តែម សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស