29 C
Phnom Penh

ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​កំពុង​ចរចា​លក់​ភាគ​ហ៊ុន​៨០​ភាគ​រយ​​ទៅ​ឲ្យ​វិនិយោគiន​ជប៉ុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣​បាន​បញ្ជាក់​កាល​ពីម្សិ​លមិញថា ក្រុម​ហ៊ុន​ទ្រីអា​ស៊ី (TriAsia)  របស់​ជប៉ុន​កំពុង​ចរចា​ទិញ​ភាគ​ហ៊ុន​ដ៏ធំ​នៅ​ក្នុង​​ស្ថានីយ​ទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៣​ និ​ង​មាន​គម្រោង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ភាសា​ជប៉ុន​។

យោង​តាម​លោក ខាំពូន កែវ​មណី​​  ម្ចាស់​ទូរស្សន៍ប៉ុស្តិ៍​លេខ​៣​​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​នៅស្ថានីយ​ទូរទស្សន៍​នេះ​កំពុង​ធ្លាក់​ចុះ ហើយ​ដោយមាន​ការ​ធ្លាក់​ចុះ​នេះ បាន​ធ្វើ​​ឲ្យ​លោក​ស្វែង​រក​វិនិយោគ​ទុន​​ថ្មី​។ លោក​ កែវ​មណី បាន​និយាយ​ថា “យើង​ប្រហែល​ជា​រក្សា​ទុក​២០​ភាគ​រយ​ និង​ប្រគល់​ហ៊ុន​ឲ្យ​គេ​៨០​ភាគ​រយ​។ យើង​អាច​និយាយ​បាន​ថា ប្រាក់​ចំណូល​របស់​យើង​បាន​ធ្លាក់​ចុះ​៨០​ភាគ​រយ​។ ប្រសិន​បើ​យើង​មិន​បង្កើន​ទុន​របស់​យើង​ទេ​ យើង​នឹង​មិន​អាច​ដំណើរ​ការ​​បាន​ឡើយ​  ពីព្រោះ​មាន​ស្ថានីយ​ទូរទស្សន៍​ច្រើន​​​ណាស់​​នៅ​ក្នុង​ប្រទេស​យើង​នា​ពេល​នេះ​”។

ភាគ​ហ៊ុន​នៅក្នុង​ស្ថានីយ​ទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៣ ​នេះ គឺ​ជាការវិនិយោគ​លើក​ទី​២​របស់​​​​ក្រុមហ៊ុន​​​​​ទ្រី​អា​ស៊ី​ នៅក្នុង​ប្រទេស​កម្ពុជា​។​​​ វិនិយោគ​ទុន​​ដំបូង​របស់​ក្រុម​ហ៊ុន​នេះ​ គឺ​ការ​បើក​ហាង​កាហ្វេគីរីយ៉ា​​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​១​ក្នុង​រាជធានី​ភ្នំពេ​ញ​កាល​ពីឆ្នាំ​មុន។ បុគ្គលិក​នៅក្រុម​ហ៊ុន​ទ្រីអា​ស៊ី​បាន​និយាយ​កាល​ពីម្សិល​មិញ​ថា កិច្ច​ព្រម​ព្រៀង​នេះ​មិន​ទាន់រួចរាល់​ទេ​ ហើយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ឡើយ​។

លោក​ យូ​កូ​អ៊ី តូម៉ូ​យុ​គី នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទ្រី​អាស៊ី​បាន​សរសេរ​នៅ​លើ​ប្លក់​(Blog) ផ្ទាល់ខ្លួន​របស់លោក​កាល​ពីថ្ងៃសុក្រ​​​ថា ក្រុម​ហ៊ុន​បានចុះ​កិច្ច​ព្រម​ព្រៀង​ទទួល​ភាគ​ហ៊ុន​៨០​ភាគ​រយ​​ពីទូរស្សន៍ប៉ុស្តិ៍​លេខ​៣​​។​​​​ទោះ​​ជាយ៉ាង​ណា សារ​នៅក្នុង​ប្លក់​​នោះ​ត្រូវ​បានលុប​​ចេញ​ពី​វិ​បសាយ​នោះវិញ​ បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​សួរ​អំពី​ការ​វិនិ​យោគ​​​​​​​​នេះ​។ លោក​ តូម៉ូយុគី  បាន​សរសេរ​ថា ​“មាន​កិច្ច​ព្រម​ព្រៀង​ទិញភាគ​​ហ៊ុនចំនួន​៨០​ភាគ​រយ​​​​ពី​លោក​  ខាំពូន  កែវ​មណី​  ម្ចាស់​ទូរទស្សន៍​​​​​ប៉ុស្តិ៍​លេខ​៣​​បច្ចុប្បន្ន”។

លោក​ក៏​បាន​សរសេរ​ផង​ដែរ​ថា ការចរ​ចា​​ជាមួយ​លោក​ កែវ​មណី​ បាន​ចាប់​ផ្តើម​នៅ​​ខែ​ឧសភា ហើយ​ថា នេះគឺ​ជា​ការ​វិនិយោគ​​លើ​ស្ថានីយ​ទូរទស្សន៍​ដែល​គាំទ្រ​ដោយ​ជប៉ុន​ជាលើកដំបូង​នៅ​កម្ពុជា​។ ប៉ុន្តែ លោក​ តូម៉ូយុគី បាន​ប្រាប់​ព័ត៌មាន​តិច​តួ​ច​​អំពី​ផែនការ​​របស់​ក្រុម​ហ៊ុន​លោក​​សម្រាប់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ស្ថានីយ​ទូរទស្សន៍​នេះ​នឹង​ផ្សាយ​ពី​ ផ្នត់​គំនិត​ជប៉ុន​ “ដ៏​អស្ចារ្យ​” ។

លោក​ ឡុង​ ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​មាន​ប្រសាសន៍ថា មិន​ទាន់​មាន​ការ​សម្រេចលើ​​​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​  ពី​ព្រោះសា​លា​រាជធានី​ភ្នំពេញ​មាន​ភាគហ៊ុន​ខ្លះ​នៅ​ក្នុង​​ស្ថានីយ​ទូរទស្សន៍​នេះ​ ហើយ​កិច្ច​ព្រម​ព្រៀង​លក់​ភាគ​ហ៊ុន​ធំណា​មួយ​ត្រូវ​មាន​ការ​យល់​ព្រម​ពីសាលា​រាជធានី​។

លោក​ កែវ​មណី​ បាន​ច្រាល​ចោល​​ការ​ជាប់​ពាក់​ព័ន្ធ​របស់​សាលា​រាជធានី ហើយ​បាន​អះអាង​ថា សាលា​រាជធានី​បាន​​បំពាន​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​គាត់​​នៅ​ពេល​ដែល​ពួកគេ​បាន​បង្ខំ​ឲ្យ​គាត់​ប្តូរ​ទីស្នាក់​ការ​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​​​ពី​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​នៅ​ក្នុង​​ខណ្ឌ​៧​មករា​ទៅ​ផ្លូវ​លេខ​៥៩៣​នៅ​ក្នុង​ខណ្ឌ​ប្ញស្សី​កែវ​។ លោក​បាន​មាន​ប្រសាសន៍​ថា “កិច្ច​ព្រម​ព្រៀង​នេះ​អាស្រ័យ​លើ​ខ្ញុំ​”៕

ប្រែសម្រួលដោយ មូល គឹមហឿន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស