29 C
Phnom Penh

បន្ទាប់ពី​ការ​ដោះដូរ​ដី​ដ៏ចម្រូង​ចម្រាស សាលា​ខេត្ត​សៀម​រាប​បាន​​ប្ដូរ​ទីតាំង​ជា​ថ្មីម្ដង​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​និយាយ​ថា សាលា​ខេត្ត​សៀម​រាប​​​​ ដែល​កាល​ពី​ឆ្នាំ​២០១០​បាន​រើ​ទៅ​ទីតាំង​​ដាច់​ស្រយាល​មួយ​ ​ស្ថិត​នៅ​​ចម្ងាយ​១៦​គីឡូ​ម៉ែត្រ​ពី​ក្រុង​សៀម​រាប​ ជា​ផ្នែក​នៃ​ការ​​ដោះ​ដូរ​ដី​ និង​អគារ​រដ្ឋ​​យ៉ាង​ច្រើន​​ដ៏​ចម្រូង​ចម្រាស​នោះ​ នឹងត្រូវ​​រើ​ទៅ​អគារ​ចាស់​របស់​ខ្លួន​នៅ​ចំណុច​​កណ្ដាល​ក្រុង​ទេស​ចរណ៍​នេះ​​វិញ​នៅ​ថ្ងៃ​នេះ​។

យោង​តាម​លិខិត​មួយ​​ចុះ​ថ្ងៃ​​ទី​៩ ខែ​សីហា​ និង​​ចុះ​ហត្ថលេខា​ដោយ​លោក ​​ប្រាក់​សុខុន​ រដ្ឋ​លេខាធិការ​នៃ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ដើម្បី​រើ​ការិយាល័យ​​រដ្ឋ​បាល​​និង​មន្ត្រី​ខេត្ត​​​ទាំង​មូល​​ត្រឡប់​ទៅ​​កណ្ដាល​ក្រុង​​វិញ ​លោ​ក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ខេត្ត​ក្រុង​​ដោះ​ដូរ​អគារ​ជាមួយ​អាជ្ញាធរ​អប្សរា​​ ដែល​គ្រប់​គ្រង​ឧទ្យា​ន​បុរាណ​អង្គរ​។

បទ​បញ្ជា​នេះ​​កែ​ប្រែ​​សេចក្ដី​សម្រេច​​​ដ៏​ចម្រូង​ចម្រាស​កាល​ពី​បី​ឆ្នាំ​មុន​​ឲ្យ​សាលា​ខេត្ត​​នេះ​​រើ​​ចេញ​​​ដូរ​​​ទីតាំង​​​​។​ សាលា​ខេត្ត​សៀម​រាប​​​បាន​ប្ដូរ​ទីតាំង​​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១០​ បន្ទាប់​ពី​ក្រុម​ហ៊ុន​​ អា​ហរ័ណ នីហរ័ណ​ និង​សំណង់​ J&R ដែល​​គេ​មិន​សូវ​ស្គាល់​​ ទទួល​បាន​​កិច្ច​សន្យា​​សាង​សង់​អគារ​ការិយាល័យ​ថ្មី​ៗ​ប្រហែល​៦០​​អគារ​នៅ​លើ​​ដី​ទំហំ​៤២​ហិកតា​ក្នុង​​សង្កាត់​អំពិល​ ដែល​ដាច់​ស្រយាល​។​ ការ​ដោះ​ដូរ​ដី​នោះ​បាន​អនុញ្ញាត​ឲ្យ​​ក្រុមហ៊ុន​ឯក​ជន​ J&R គ្រប់​គ្រង​​អគារ​​សាលា​ខេត្ត​​ដែល​​មាន​តម្លៃ​ខ្ពស់​មួយ​ចំនួន​ស្ថិត​នៅ​ទីតាំង​​សំខាន់ៗ​​នៅ​ក្នុង​ក្រុង​សៀម​រាប​ រួម​ទាំង​​តំបន់​​មាត់​ទឹក​ ក្នុង​ក្រុង​នេះ​ដែល​មាន​តម្លៃ​ថ្លៃ​​ផង​ដែរ​។
អ្នក​ស្ថិត​នៅ​ពី​ក្រោយ​​ការ​ដោះ​ដូរ​​ដី​ និង​អគារ​ និង​ការ​ប្ដូរ​ទី​តាំង​ដែល​​មិន​បាន​ឲ្យ​សាធារណជន​​ដឹង​ឮ​ជា​ចំហ​នេះ​ គឺ​លោក​ ស៊ូ ភិរិន​ អភិបាល​ខេត្ត​សៀម​រាប​នៅ​ពេល​នោះ​​។

កាល​ពីខែ​មីនា​ ពោល​គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​កាន់​មុខ​តំណែ​ង​ថ្មី​របស់​ខ្លួន​ លោក​ ឃឹ​ម ប៊ុន​សុង​ អភិបាល​ខេត្ត​សៀម​រាប​​ដែល​ទើប​តែង​តាំង​ថ្មី​បាន​ប្រកាស​ថា លោក​មាន​បំណង​​រើ​ការិយាល័យ​ក្រុង​​ទាំ​ងអស់​ត្រឡប់​ទៅ​កណ្ដាល​​ក្រុង​វិញ​ ដោយ​កែ​ប្រែ​​​សេចក្ដី​សម្រេច​ដ៏​ចម្រូង​ចម្រាសរបស់​​លោក​ ស៊ូ ភិរិន​។ បទ​បញ្ជា​​របស់​លោក​ ហ៊ុន​ សែន​ ​​​ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា​ មាន​ខ្លឹម​សារ​​​ថា “សូម​ដោះ​ដូរ​​សាលា​ក្រុង​សៀម​រាម​ជា​មួយ​អាជ្ញា​ធរ​អប្សរា ហើយ​អាជ្ញាធរ​អប្សរា​ត្រូវ​ដោះ​ដូរ​ជា​មួយ​សាលា​ខេត្ត។ ដី​បន្ថែម​ទៀត​ដែល​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​អប្សរា​នៅ​ជិត​អង្គរឃ្យុង​យូ [តំបន់​ជុំ​វិញ​អគា​រ​អាជ្ញាធរ​អប្សរា] នឹង​ត្រូវ​ប្រគល់​ឲ្យ​សាលាក្រុង​សៀម​រាប​​សាង​សង់​​អគារ​ផ្សេង​ៗ​ទៀត​​អ​ម​ជាមួយ​នឹង​សួន ​កន្លែង​​ចត​យាន​យន្ត​ និង​ទី​ធ្លា​បន្ថែម​”។​ បទ​បញ្ជា​នេះ​​បាន​លើក​ឡើ​ងទៀត​ថា ក្រុម​ការងារ​ពិសេស​មួយ​របស់​រដ្ឋាភិបាល​​នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រើ​ទីតាំង​ទៅ​​ក្រុង​សៀម​រាប​វិញ​។​

លោក ឃឹម​ ប៊ុន​សុង​ អភិបាល​ខេត្ត​សៀម​រាប​​បាន​អះអាង​កាល​ពីម្សិលមិញ​ថា មន្ទីរ​ខេត្ត​សរុប​ចំនួន​២៦​អម​ជាមួយ​នឹង​សាលា​ខេត្ត​ និង​មន្ត្រី សាលា​ខេត្ត​ជាង​១.០០០​នាក់​ នឹង​ត្រូវ​រើ​ចូល​ទៅ​កណ្ដាល​ក្រុង​វិញ។ លោក​បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​ពាក់ព័ន្ធ​ទាំង​​អស់​បាន​ធ្វើ​សំណើ​នេះ​ឡើង​ ហើយ​យើង​កំពុង​សម្លឹង​​រក​ដី​បន្ថែម សម្រាប់​នាយក​​ដ្ឋាន​និង​បុគ្គលិក​ទាំង​អស់​”។​

លោក ស៊ូ ភិរិន​ អតីត​អភិបាល​ខេត្ត​សៀម​រាម​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ កាល​ពី​ម្សិលមិញ​ ហើយ​លោក​ សឿង​ គង់​ ដែល​ជា​អនុប្រធាន​អាជ្ញាធរ​អប្សរា​បាន​បដិសេធ​មិន​បំភ្លឺ​ដែរ​ពាក់​ព័ន្ធ​នឹង​ការ​ជិត​​រើ​ការិយាល័យ​ និង​បុគ្គលិក​ទៅ​សង្កាត់​អំពិល​ដាច់​ស្រយាល​។​ មន្ត្រី​​ខេត្ត​មួយ​ចំនួន​នៅ​សៀម​រាប​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា អតីត​ការិយា​ល័យ​របស់​ខ្លួន​នា​ពេល​នេះកាយ​​ជា​របស់​ក្រុមហ៊ុន​ J&R ហើយ​អគារ​ជាច្រើន​ត្រូវ​បាន​បោះ​បង់​ចោល​​ចាប់​តាំង​ពីការ​ដោះ​ដូរ​អចលន​ទ្រព្យ​កាល​ពី​ឆ្នាំ ២០១០​មក​។

មន្ត្រី​មួយ​ចំនួន​បានសម្ដែង​ពី​កំហឹង​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ចំពោះការ​រើ​ការិយា​ល័យ​រដ្ឋ​បាល​ក្រុង​នានានេះ ដោយ​ក្នុង​នោះ​​​រួម​ទាំង​លោក​ ម៉ុក សំអូន​ អធិការ​ក្រុង​សៀម​រាបផង​ ​​ដែល​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​​របស់​អតី​ត​អភិបាល​ខេត្ត​រូប​នេះ​ក្នុង​ការ​ដោះ​ដូរដី​អគារនៅ​កន្លែង​ចាស់​​ដោយ​សារ​តែ​​លោក​ និង​សហ​ការីរបស់​លោក​ត្រូ​វ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេល​ទៅបំពេញ​ការងារ​។

លោក​ ម៉ុក​ សំអូន​ ក៏​បាន​ចោទ ​អតីត​អភិបាល​ខេត្ត​រូប​នេះ​ថា បាន​លួច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​ដី​នេះ​ដើម្បី​ផល​ប្រយោជន៍​៍​ផ្ទាល់​ខ្លួន​ផង​ដែរ​។ លោក​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​និង​៣០នាទី​ព្រឹក​ ខ្ញុំ​ត្រូវ​ចេញ​ពី​ទី​នេះ​ឲ្យ​បាន​មុន​ម៉ោង​៧។ សម្រាប់​ម៉ូតូ​ស៊ី​សាំង​យ៉ាង​តិច​មួយ​លីត្រ​​ទាំង​ទៅ​ទាំង​ត្រឡប់​ពីធ្វើ​ការ​វិញ​ ប៉ុន្តែ​រថយន្ត​​ស៊ី​សាំង​ពី​បីទៅ​បួន​លីត្រ​​”។ លោក​បាន​​បន្ដ​ទៀត​ថា លោក និង​មន្ត្រី​រាជ​ការ​ផ្សេង​ៗ​ទៀត​ទទួល​បាន​ប្រាក់​ខែ​ប្រហែល​១២៥​ដុល្លារ​ប៉ុណ្ណោះ​។​ សាំង​មួយ​លីត្រ​​មាន​តម្លៃ​លើស​ពី​១,២៥​ដុល្លារ​​នា​ពេល​បច្ចុប្បន្ន​។​

អធិការ​នគរបាល​រូប​នេះ​បាន​មាន​ប្រសា​សន៍​ថា “អភិបាល​ខេត្ត​មុន​បាន​ដោះ​ដូរ​ដី​នេះ​​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គាត់​។ លោក​អភិបាល​ថ្មី​បាន​មើល​ឃើញ​ការ​លំបាក​ ដែល​ប្រជាពល​រដ្ឋ​និង​មន្ត្រី​ប្រឈម [ដោយ​សារ​ការ​រើ​ទីតាំ​ងនេះ]។ ខ្ញុំ​គិត​ថា ការ​ដោះ​ដូរ​ដី​នេះ​​បាន​ផ្ដល់​ប្រយោជន៍​ច្រើនណាស់​​ [សម្រាប់​លោក​ ស៊ូ ភិរិន​] ពីព្រោះ​ដី​​នោះ​ [ក្នុង​ក្រុង​សៀម​​រាប] ​​មាន​តម្លៃរាប់​ពាន់​ដុល្លារ​ ហើយ​អគារ​សាលា​ខេត្ត​បាន​រើ​ទៅ​ដី​ដែល​មាន​តម្លៃ​៧​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា​។​

កាល​ពី​ម្សិលមិញ​ មន្ត្រី​ក្រុង​សៀម​រាប​បាន​និយាយ​ថា ពួក​គាត់​បាន​រៀប​ចំ​អីវ៉ាន់​ក្នុង​ការិយាល័យ​របស់​ខ្លួន​ ដើម្បី​ត្រៀ​ម​រើ​ចេញ​។​ លោក​ ចាន់ សុផល​ អភិ​បាល​​រង​​ខេត្ត​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​កំពុង​រៀប​ចំ​អីវ៉ាន់​របស់​ខ្ញុំ​។ យើង​នឹង​រើ​ចូល​ទៅ​កន្លែង​របស់​អាជ្ញា​ធរ​អប្សរា ហើយ​ពួក​គេ​​នឹង​រើ​មក​ទី​នេះ​វិញ​។ នៅ​ទីនេះ​ពិបាក​ធ្វើ​ការ​ងារ​ណាស់​​ សូម្បី​សេវា​ទូរស័ព្ទ​ក៏​គ្មាន​ដែរ​”។

ការ​ព្យាយាម​ទាក់​ទង​ទៅ​លោក លុន សុធី​ នាយក​ក្រុមហ៊ុន​សំណង់​ J&R មិន​បាន​សម្រេច​ទេ​កាល​ពីម្សិលមិញ​ ពីព្រោះ​លេ​ខ​ទូរស័ព្ទពី​រ​ខ្សែ​​​នៅ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​មិន​ដំណើរ​ការ​។ នៅ​ក្នុង​គេហទំព័​រ​របស់​ខ្លួន​ ក្រុម​ហ៊ុន J&R និយាយ​ថា ពួក​គេ​ក៏​ធ្វើ​ប្រតិបត្តិ​ការ​ហាង​បញ្ចាំ​មួយ និង​ក្រុម​ហ៊ុន​កសិកម្ម​សេរី​រាង្គ​មួយ​​ ហើយ​ព្រម​ទាំង​​​គ្រប់​គ្រ​ង​​ព្រែក​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ទៀត​ផង​។

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​កា​រ​ប្រឆាំង​ផ្នែក​នយោបាយ​​បាន​ថ្កោល​ទោស​​ចំពោះ​ការ​រីក​រា​ល​ដាល​នៃ​ការ​ដោះ​ដូរ​ដី​និង​អគារ​របស់​រដ្ឋ​ដែល​មាន​តម្លៃ​ខ្ពស់​​និង​ដែល​មាន​ទីតាំង​នៅ​​​កណ្ដាល​ក្រុង។​ ការ​ធ្វើ​ជាសម្ងាត់មិន​​ឲ្យ​សាធារណជន​​ដឹង​ឮ​ពីសំណាក់មន្ត្រី​រដ្ឋាភិបាលនោះ ជា​ញឹក​ញាប់ការ​ដោះ​ដូរ​បែបនេះ​ផ្តល់​ផល​ប្រ​យោជន៍​យ៉ាង​ច្រើន​ដល់​​អ្នក​មាន​សំណាង​ទទួល​បាន​ដីរដ្ឋ​ ពី​ព្រោះ​ពួក​គេ​ទទួល​បាន​អចលន​ទ្រព្យ​ដែល​មាន​ហាង​ឆេងខ្ពស់ ​ជាថ្នូរ​នឹង​​ការ​សាង​សង់​អគារ​ជំនួស​នៅ​លើ​ដី​នោះ​ដោយចំណាយ​អស់​តែមួយ​ភាគ​ប៉ុណ្ណោះនៃ​តម្លៃ​អចល​នទ្រព្យ​នោះ​៕

ប្រែសម្រួលដោយ តែម​ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស