35 C
Phnom Penh

អ្នកជំនាញពិសេសអ.ស.ប.រិះគន់រដ្ឋាភិបាល​​ចំពោះ​ការ​មិន​ព្រម​ផ្តល់មូលនិធិ​ដល់​សាលាក្តីខ្មែរ​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ដែល​បុគ្គលិក​ភាគីជាតិ​ជាងពាក់​កណ្តាល​នៅ សា​លា​ក្តីខ្មែរ​ក្រហម បាន​ធ្វើ​កូដ​កម្ម​ឈាន​ចូល​ដល់​ថ្ងៃទី​៥​ដោយ​​សារ​តែមិន​បាន​បើក​ប្រាក់​ខែ​នោះ រហូត​មក​ដល់​ពេល​នេះ​​​អង្គ​ការ​សហ​ប្រជាជាតិ​​បាន​ចេញ​សេចក្តី​​​​ថ្លែង​ការណ៍​មួយ​​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​បំពេញ​កាតព្វកិច្ច​ផ្នែកហិ​រញ្ញ​វត្ថុ​របស់​ខ្លួន​ដល់​សាលា​​​ក្តី​នេះ។

លោក​ ដេវីដ សេហ្វឺ អ្នក​ជំនាញ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​សាលាក្តី​នេះ​​​​​​​បាន​លើក​​ឡើង​​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​​​​មួយ​ចុះកាល​បរិច្ឆេទ​ថ្ងៃ​ពុធថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សាលា​ក្តីកូន​កាត់​នេះ​ទេ​ ដោយ​​ធ្វើ​ឲ្យ​មាន​ការ​​​​​​បន្តធ្វើកូដ​កម្ម​ពីសំណាក់​បុគ្គលិក​ខ្មែរ​ប្រហែល​​​​១៤០​នាក់​ដែល​​មិន​បាន​បើក​ប្រាក់​ខែ​ជាង​បីខែ​មក​ហើយ​​នោះ។

លោក​ ដេវីដ សេហ្វឺ  បាន​​លើក​ឡើង​​នៅ​ក្នុង​​​​សេចក្តី​ថ្លែង​ការណ៍​នេះទៀត​ថា “ វិបត្តិ​ថវិកា​ខាង​ភាគីជាតិ​នៅអង្គជំនុំ​ជម្រះ​វិសាមញ្ញ ​​​​ក្នុ​ងតុលាការ​កម្ពុជា​នេះកើត​ឡើង​ដោយ​សារ​​​​តែ​ភាគី​ខាង​រាជ​រដ្ឋា​ភិបាល​កម្ពុជាមិន​បាន​​បំពេញ​​​​​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់របស់ខ្លួន​ក្នុង​ការ​​​ផ្តល់​មូលនិធិសម្រាប់​​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​​​​ជាតិ​នៅ​សាលា​ក្តីនេះ​”។

សេចក្តីថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ទៀត​ថា “ អង្គកា​រ​សហ​ប្រជាជាតិ​បាន​ដាក់​សម្ពាធ​​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន​លើក​​​​ច្រើន​សាមក​ហើយ​ឲ្យ​​បង្កើន​​​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​​​ ដើម្បី​ជៀស​វាង​វិបត្តិ​បែប​​​នេះ”។ លោក​ សេហ្វឺ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​ប្រាំ​ជាមួយ​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា ដើម្បីស្វែង​រក​មូល​និធិ​សម្រាប់​ភាគីជាតិ​នៅ​សាលា​ក្តីនេះ។

សេចក្តីថ្លែង​ការណ៍នេះ​បាន​លើក​​ឡើង​ទៀត​ថា “នៅ​ក្នុ​ងបរិបទ​នេះ ​ត្រូវមាន​ការ​កត់​សម្គាល់​ថា គេ​មិន​អាចទាម​ទារ​ឲ្យ​មាន​ប្រសិទ្ធ​​​ភាព​​​ថែម​ទៀត​ឬ​ឲ្យ​មាន​ដំណើរ​ការ​កាត់​ក្តី​បាន​លឿន​នៅអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នេះបាន​ទេ​ ហើយ​ស្រប​ពេល​​​​ជាមួយ​គ្នា​នេះដែរ​ សាលាក្តី​នេះ​ខ្វះ​មូល​និធិ​​ដែល​ចាំបាច់​​ទៀត​ផង”។

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​មួយ​កាល​ពីម្សិល​មិញ លោក​ ក្រាញ់ តូនី ប្រធាន​ស្តីទី​​ការិយា​ល័យ​រដ្ឋបាល​នៅ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​មាន​ប្រសាសន៍ថា បញ្ហា​ខ្វះ​មូល​និធិ​នៅ​ខាង​​ភាគី​​​ជាតិ​នេះ​អាច​​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់​ការ​ងារ​របស់​តុលាការ​នៅ​ក្នុង​ដំណាក់​កាលចុង​ក្រោយ​នៃ​សំណុំ​រឿង​០០២​ ដែលនៅ​ក្នុង​សំណុំ​រឿង​នេះ ​ចុង​ចោទ​ពីរ​រូប​ក្នុង​ចំណោម​ចុង​ចោទ​បួន​រូប​នៃ​របប​​ខ្មែរ​​ក្រហម​​មាន​អាយុ​ជាង​៨០​ឆ្នាំ​ទៅ​ហើយ​នោះ​នៅ​មាន​សុខ​​ភាព​រឹង​មាំ​​ល្មម​អាច​ឡើង​សវនាការបាន​។

លោក​ ក្រាញ់ តូនី បាន​​លើក​ឡើង​​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​នេះ​ថា “ជាថ្មី​ម្តង​ទៀត​ អង្គ​​​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះ​មូល​និធិ​ដដែល​ ដែល​បាន​កើតមាន​រៀង​រាល់ឆ្នាំ​ ហើយ​វា​​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អារម្មណ៍​របស់​មន្ត្រី​តុលាការ​និង​បុគ្គលិក​ជាតិ​ ព្រម​ទាំង​ប៉ះ​​​ពាល់​ដល់​បុគ្គលិក​អន្តរ​ជាតិ​ផង​ដែរ​”។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ទៀត​ថា “ដោយសារ​ហេតុពិតថា ពេល​នេះ​មន្ត្រី​តុលាការ​ និង​បុគ្គលិក​​ជាតិ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​របស់​ខ្លួនអស់​រយៈ​ពេល​បីខែ​មកហើយ​នោះ​ វា​មិនមែន​ជាការ​គួរ​ឲ្យ​ភ្ញាក់​​ផ្អើលទេ​​ដែល​បច្ចុប្បន្ន​តុលាការ​នេះ​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​​​ក្នុង​ការ​ផ្អាក​ដំណើរ​ការ​របស់ខ្លួននោះ”។

កូដកម្ម​នាពេល​បច្ចុប្បន្ន​នេះ​ គឺជា​លើក​ទី​២​ហើយ​ដែល​បុគ្គលិក​ជាតិ​បាន​ដើរ​ចេញ​​​ពីការ​ងារ​នៅ​ឆ្នាំនេះ​ ដោយសារ​តែ​មិន​បាន​បើក​ប្រាក់​ខែ​។ នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រិះ​គន់​ខ្លាំង​មួយ​មក​ពី​លោក​ ប្រេដ អាដាម នាយក​ប្រចាំតំបន់​អាស៊ី​​នៃ​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​មាន​មូល​ដ្ឋាន​នៅ​ស​ហ​រដ្ឋ​អាមេរិក​​ ដែល​ជា​អ្នក​រិះគន់​ឥត​សំចៃ​ដល់​លោក​នា​យក​​រដ្ឋ​មន្ត្រី  ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា ការដែល​រដ្ឋា​​​ភិបាល​មិន​បាន​បំពេញ​កាតព្វកិច្ច​ផ្នែក​​​ហិរញ្ញ​​​វត្ថុ​របស់​ខ្លួន​ដល់​តុលាការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នេះ គឺជា​សញ្ញា​មួ​យ​បង្ហាញ​ពី​កង្វះ​ការ​ប្តេជ្ញា​ចិត្តរបស់​រដ្ឋាភិបាល​ក្នុ​ងការ​នាំយក​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នេះ​ទៅ​កាត់​ទោស​។

លោក​ អាដាម បាន​លើកឡើង​​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​នេះ​ទៀតថា “រដ្ឋា​ភិបាល​​​​បាន​បង្ហាញថា ខ្លួន​មាន​ប្រាក់​​យ៉ាង​ច្រើន​ដើម្បី​បើក​ប្រាក់​ខែ​ដល់​ទាហាន​ដ៏​ច្រើន​របស់​ខ្លួន​​ និងមាន​លុយ​​​ទិញ​សន្លឹក​ឆ្នោត​​​​ អ៊ីចឹង​​​ហើយ​បាន​​​​ជា​​មិន​ព្រម​ផ្តល់​មូលនិធិ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​ ដែលនេះ​គឺជា​​សញ្ញាមួយ​បង្ហាញ​ថា រដ្ឋាភិបាល​​មិន​មាន​ការ​គោរព​ចំពោះ​​​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទាល់​តែ​សោះ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រទេស​ផ្តល់​ជំនួយ​ និង​អង្គការ​សហ​ប្រជា​ជាតិ​គួរ​ជំរុញ​​​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ធ្វើ​ពុត​ជាក្រីក្រ​មិន​អាច​​​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​រាប់​លាន​នាក់​នៅ​ក្នុ​ងរបបខ្មែរ​ក្រហម​​ទៀត​ទៅ​”៕

ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស