កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយលោក កេ រ៉ាឡា ហ្សាណាន់ ហ្គោសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើត និងបានផ្តល់ការគាំទ្រមហិច្ឆតារបស់ប្រទេសនេះ ដែលចង់ក្លាយជាសមាជិកទី១១នៃសមាគមអាស៊ាន។
យោងតាមលោក អៀង សុផាល្លែត ទីប្រឹក្សារបស់លោក ហ៊ុន សែន បានឲ្យដឹងថា លោក ហ្សាណាន់ ហ្គោសម៉ៅ មកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញបេសកកម្មរយៈពេលបួនថ្ងៃ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក សុផាល្លែត បានមានប្រសាសន៍ថា “កម្ពុជាមានជំហរគាំទ្រសំណើរបស់ប្រទេសទីម័រខាងកើត សុំចូលជាសមាជិកអាស៊ាន” ដែលនេះជាដំណើរវិវឌ្ឍន៍មួយទំនងជាធ្វើឲ្យរដ្ឋាភិបាលទីក្រុងហ្សាការតា មិនសប្បាយចិត្តទេ។ យោងតាមលោក សុផាល្លែត បានឲ្យដឹងថា លោក ហ៊ុន សែន បានមានប្រសាសន៍ថា ជំនួបនេះ គឺជាការចាប់ផ្តើមទំនាក់ទំនងមួយរវាងប្រទេសទាំងពីរប៉ុណ្ណោះ ហើយបានលើកសរសើរកំណើនសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត ដែលស្ថិតក្នុងស្ថានភាពប្រឈមនឹងវិបត្តិហិរញ្ញវត្ថុសាកលលោក។
យោងតាមរបៀបវារៈក្នុងកិច្ចប្រជុំនោះ បានឲ្យដឹងទៀតថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ហ្វ្រង់ស៊ីស្កូ កាប៊ុលឌី ឡេ (Francisco Kabuldi Lay) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ទីម័រខាងកើត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយល់យោគគ្នា ស្តីពីការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និងបច្ចេកទេស រវាងប្រទេសទាំងពីរ។
ថ្ងៃនេះ លោក ហ្សាណាន់ ហ្គោសម៉ៅ គ្រោងនឹងដាក់កម្រងផ្កានៅវិមានឯករាជ្យ នៅថ្ងៃនេះ និងជួបជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា មុនពេលចាកចេញពីប្រទេសកម្ពុជានៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី