27 C
Phnom Penh

បន្ទាប់​ពី​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ ​​កម្មករ​​​ដែល​គេ​បណ្ដេញ​បាន​​​ទទួល​​​ការងារ​​​​​​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​លើក​ឡើង​ថា កម្មករ​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​រាប់​ពាន់​នាក់​​បាន​​មក​ប្រមូល​ផ្ដុំ​គ្នា​​នៅខាង​​​មុខ​​​​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ម្សិល​មិញ​ ដើម្បី​តវ៉ា​ចំពោះ​​ការ​បណ្ដេញ​​​​​​​កម្ម​ករ​កម្មការិនី​រោង​ចក្រ​​ជាង​​៧០០​នាក់​ពីការងារ​​​ពី​បទ​​​ធ្វើ​​​​ការ​​​តវ៉ា​​​​ពាក់​ព័ន្ធ​នឹង​លក្ខ​ខណ្ឌ​ការ​ងារ​​នៅ​ឯ​​រោង​ចក្រ​កាត់​ដេរ​​អេស​អ៊ីល​ចំនួន​ពី​រ​ ដោយ​បាន​ធ្វើ​ឲ្យ​​មានការ​​​ចរចា​​នៅ​ពេល​រសៀល​រវាង​អភិ​បាល​​រាជ​ធានី​​ម្ចាស់​ក្រុមហ៊ុន​ និង​សហជីព​កម្ម​ករ។​​​ កិច្ច​​​ចរចា​​​នេះ​​​បាន​​​​ធ្វើ​ឲ្យ​​​កម្ម​ករ​កម្ម​ការិនី​ ដែល​ត្រូ​វ​គេ​បណ្ដេញ​ពីការងារ​​​​ទាំង​អស់​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ​។

ក្រុមហ៊ុ​ន​គ្រប់​គ្រង​​ដោយ​ប្រទេស​សិង្ហ​បុរី​ ដែល​ផលិត​សម្លៀក​បំពាក់​ឲ្យ​ក្រុមហ៊ុន​​ ​​​លក់​សម្លៀក​បំពាក់​ម៉ាក​ Levi’s និង​ Gap របស់​សហរដ្ឋ​អាមេរិកនៅ​ឯ​រោង​ចក្រ​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​បាន​បណ្ដេញ​កម្មករ​កម្មការិនី​ចំនួន​៧២០​នាក់​​កាល​ពី​ថ្ងៃ​ពុធ​ ហើយ​​បាន​ព្យួរ​ការងារ​​កម្មករ​​កម្មការិនី​ជាង​៥.០០០​នាក់​ផ្សេង​ទៀត​​ បន្ទាប់​ពីមាន​​​ការ​​​តវ៉ា​​​​​​​​​ចំនួន​ពីរ​សប្ដាហ៍​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​​ដំឡើង​​ប្រាក់​ខែ​​ ប្រាក់​សម្រាប់​អាហារ​ថ្ងៃ​​ត្រង់​ និង​បញ្ចប់​ការ​បំភិត​បំភ័យ​ពី​សំណាក់​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ដែល​ត្រូវ​បាន​​ជួល​ឲ្យ​​មក​រក្សា​សន្ដិសុខ​នៅ​រោង​ចក្រ​​កាត់​ដេរ ​​អេស​អ៊ីល​​​​ ដោយ​​លោក​ មាស​ សុថា អ្នក​គ្រប់​គ្រង​​ថ្មី​។

បន្ទាប់​ពី​ការ​ចរចា​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​ប្រហែល​ប្រាំ​ល្ងាច​កាល​ពី​ម្សិល​មិញ​ លោក​ ឡុង​ ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​លើក​ឡើង​ថា ការ​ចរចា​នេះ​បាន​ព្រម​ព្រៀង​​ឲ្យ​កម្មករ​កម្មការិនី​ ដែល​គេ​បណ្ដេញ​​ពី ការ​ងារ​​រាប់​រយ​នាក់​ និង​​កម្ម​ករ​កម្មការិនី​ ដែល​ត្រូវ​ផ្អាកពី​​​​ការងារ​​រាប់​ពាន់​នាក់​ផ្សេង​ទៀត​​អាច​​​នឹង​​វិល​ត្រឡប់​មក​​ធ្វើការ​វិញបាន​​​​នៅ​ព្រឹក​នេះ​។ លោក​ ឡុង ឌីម៉ង់​ ​​​​មាន​ប្រសា​​​សន៍​ថា “បន្ទាប់​ពី​លោក​ ប៉ា សុជាតិ​វង្ស​ អភិ​បាល​​រាជធានី​ភ្នំពេញ​​បាន​ចរចា​ជាមួយ​​តំណាង​របស់​​​រោង​ចក្រ​កាត់​ដេរ​​អេស​អ៊ិល​ រោង​ចក្រ​នេះ​បាន​​យល់​ព្រម​​​ឲ្យ​​កម្ម​ករ​​កម្មការិនី​ជាង​​​​៧០០​នាក់​ ដែលត្រូវ​​​​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​​បាន​​វិល​ត្រឡប់​​មក​ធ្វើ​ការ​ជា​ធម្ម​តា​​វិញ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “យើង​ជា​អាជ្ញាកណ្ដាល​នៅ​ក្នុង​​រឿង​នេះ​ ហើយ​​បន្ត​​ជំរុញ​ឲ្យ​ភាគី​ទាំង​ពី​រ​​មាន​ការ​ចរចា​ជាមួយ​​គ្នា​បន្ត​​​ទៀត​​​ ហេតុ​ដូច្នេះ​ពួក​គេ​​អាច​ដោះ​ស្រាយ​​បញ្ហា​ ដែល​នៅ​សេស​សល់​​តាម​មធ្យោបាយ​​មួយ​ ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន​”។

លោក​ អាត់​ ធន់​ ប្រធានសម្ព័ន្ធ​​សហជីព​​​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ដែល​បាន​​ចូល​រួម​នៅ​ក្នុង​កិច្ច​ចរចា​នេះ​បាន​លើក​ឡើង​ថា បន្ថែម​ពី​លើ​ការ​វិល​ត្រឡប់​មក​ធ្វើ​ការ​ងារ​ជា​ធម្មតា​វិញ​ ក្រុម​ហ៊ុន​ដែល​បាន​គំរាម​បិទ​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ប្ដូរ​ទីតាំង​រកស៊ី​របស់​ខ្លួន​ទៅ​​កន្លែង​ផ្សេង​ ក៏​បាន​យល់​ព្រម​​​បញ្ឈប់​​លោក​ មាស សុថា ពី​តួនាទី​​ជា​អ្នក​​គ្រប់គ្រង​ និង​​​ឈប់​​​​​​​ប្រើ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជា​អ្នក​​យាម​​រោង​ចក្រ​បន្ត​ទៀត​ផង​ដែរ​។

លោក​ អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា “ការ​ចរចា​គ្នា​នេះ​​លំបាក​ណាស់​ ប៉ុន្តែ​​ក្រុម​ហ៊ុន​​នឹង​​មិន​បិទ​រោង​ចក្រ​របស់​ខ្លួន​នៅ​ទីនេះ​ឡើយ​ ហើយ​ប្រសិន​បើ​​គេ​ធ្វើ​ដូច្នេះ​ ក្រុម​ហ៊ុន​​នឹង​ត្រូវ​​ទទួល​​ខុសត្រូវ​ចំពោះ​ការ​សង​​ជំងឺ​ចិត្ត​​ដល់​បុគ្គលិក​របស់​ខ្លួន​ទាំង​អស់​​ ដោយ​យោង​តាម​ច្បាប់​ការងារ​”។ លោក​​បាន​លើក​​ឡើង​ថា “យើង​សង្ឃឹម​​ថា រឿង​នេះ​នឹង​អាច​ធ្វើ​ជា​​គំរូ​​សម្រាប់​​ដោះ​ស្រាយ​ជម្លោះដែល​​កំពុង​តែ​កើត​មាន​នៅ​ក្នុង​​​រោងចក្រ​ផ្សេង​ៗ​ទៀត​ ​”។ លោក​បាន​បន្ថែម​ថា សាលា​រាជធានី​​បាន​បង្កើត​​គណៈ​កម្ម​ការ​​តូច​មួយ​ ដើម្បី​ឃ្លាំ​មើល​ប្រតិបត្តិការ​​នៅ​រោង​ចក្រ​នានា​ ហើយ​នឹង​​បន្ត​កិច្ច​​ចរចា​បន្ថែម​ទៀត​​​នៅ​ថ្ងៃ​ច័ន្ទ​ ដើម្បី​ពិភាក្សា​​ពី​បញ្ហា​​មួយ​ចំនួន​រួម​មាន​ការ​ទាម​ទារ​ប្រាក់​ខែ​​អប្បបរមា​​ជា​ដើម​។

នៅ​ពេល​​ឧគ្ឃោសនស័ព្ទ​​បាន​បន្លឺ​ឡើង​​ ដោយ​អំពាវនាវ​​ឲ្យ​មាន​​យុត្តិធម៌​ និង​កម្មករ​កម្មការិនី​​ជា​ច្រើន​​បាន​នាំ​គ្នា​​អង្គុយ​តវ៉ា​​ដោយ​បិទ​មហា​វិថី​ព្រះ​មុនីវង្ស​ចម្ងាយ​ប៉ុន្មាន​​​​ម៉ែត្រ​ពី​សណ្ឋាគារ​ Reffles le Royal Hotel នៅ​ពេល​នោះ​​រោង​ចក្រ​កាត់​ដេរ​​អន្តរជាតិ​ដ៏​ធំ​បំផុត​របស់​ប្រទេសកម្ពុជា​​រួម​មាន​​រោង​ចក្រ​ផលិត​​សម្លៀក​បំពាក់​ម៉ាក​ Gap  ម៉ាក Levis និង​ម៉ាក H&M បាន​មក​ជួប​ប្រជុំ​គ្នា​នៃ​ថ្ងៃ​ទី​២ នៃ​វេទិការ​​របស់​អ្នក​ទិញ​ប្រចាំ​ឆ្នាំ​។

នៅ​ពេល​​ត្រូវ​បាន​សួរ​​នៅ​ក្រៅ​កិច្ច​ប្រជុំ​អំពី​ការ​តវ៉ា​​ទ្រង់ទ្រាយ​ធំ​​ ដែលត្រូវបាន​​​ធ្វើ​​​ឡើង​​​ ដោយ​កម្មករ​កម្មកា​រិនី​មក​​ពី​រោង​ចក្រ​កាត់​ដេរ​អេស​អ៊ិល​ លោក​ ចូណាហ្វ ​​​វីហ្គឺ​​​ហល (Jonah Wigerhall) អ្នក​ដឹក​នាំ​គម្រោង​របស់​​​​ក្រុមហ៊ុន​​​សម្លៀក​បំពាក់​​ម៉ាក​ H&M បាន​បង្វែរ​សំនួរ​ទាំង​អស់​នេះ​ទៅ​ឲ្យ​​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​លោក​ ដែល​មាន​មូលដ្ឋាន​​នៅ​ប្រទេស​​ស៊ុយ​អែត​​​​។

លោក​ បុត្រ​ ប៊ុន​ឈាន​ មន្ត្រី​ផ្នែក​ច្បាប់​របស់​​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្ម​ករ​កាត់​ដេរ​កម្ពុជា​​បាន​លើក​ឡើង​ថា បន្ទាប់​ពី​​ស្នាមមេដៃ​ ដែល​​​​​​ប្រមូលបាន​​​​​ដើម្បី​ធ្វើ​ជា​ញាតិមួយ​ត្រូវបាន​​​ផ្ញើ​ទៅ​កាន់​សាលា​រាជ​​​ធានី​​​​ កម្ម​ករ​កម្មការិនី​ប្រមាណ​៦.០០០​នាក់​បាន​ចូល​រួម​​ការ​តវ៉ា​កាល​ពី​ម្សិលមិញ​ ដែល​មាន​វត្ត​មាន​​នគរបាល​តិច​តួច​​​ខុស​ពី​​ធម្មតា​ ទោះ​បី​ជា​​មាន​ការ​​រឹត​បន្ដឹង​សន្ដិសុខ​នៅ​មុន​​មហា​បាតុ​កម្ម​របស់​គណ​បក្ស​ប្រឆាំង​ ដែល​នឹង​​​ធ្វើ​ឡើង​​នៅ​ថ្ងៃ​សៅរ៍​ ក៏​ដោយ​។
លោក​ ប៊ុនឈាន​ បាន​លើក​ឡើង​ថា “​មុន​ការ​បោះឆ្នោត​អាជ្ញាធរ​​តែង​តែ​បង្ក្រាប​​អ្នក​តវ៉ា​ ប៉ុន្តែ​នៅ​ពេល​នេះ​ពួក​គេ​​បាន​អនុញ្ញាត​ឲ្យ​កម្ម​ករ​កម្ម​ការិនី​ជា​ច្រើន​​ធ្វើ​​ការ​តវ៉ា​​​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​ ហើ​យ​យើង​មិន​ដែរ​​ឃើញ​​សភា​ព​បែប​នេះ​ទេ​”។ លោក​បាន​បន្ថែម​ថា លោក​​គិត​ថា រដ្ឋាភិបាល​​បាន​ប្រើ​​នគរបាល​តិច​តួច​បែប​​នេះ​ ដោយសារ​​​ខ្លាច​ក្រែង​​មាន​​កម្ម​ករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​​ ដែល​មិន​ពេញ​ចិត្ត​​ទៅ​ចូល​រួម​ជាមួយ​មហា​បាតុកម្ម​ ដោយ​សន្ដិវិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស