29 C
Phnom Penh

លោក​ សម រង្ស៊ី បញ្ជាក់ប្រាប់​អ្នក​គំាទ្រ​​នៅខណ្ឌ​មាន​ជ័យ​ថា បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​នឹង​គ្មាន​ហិង្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ទៅ​ខណ្ឌ​មាន​ជ័យ​​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​ ដើម្បី​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ចូល​រួម​មហា​បាតុកម្ម​ ដើម្បី​សន្ដិភាព​ និង​យុត្តិធម៌ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។

ជា​ដំបូង​លោក​ សម រង្ស៊ី ត្រូវ​បាន​អាជ្ញា​ធរ​​ផ្សារ​​សង្កាត់​មាន​ជ័យបានរារាំងលោក មុន​ពេលលោក​​ឆ្ពោះ​ដំណើរ​ទៅ​វត្ត​​នៅ​ក្នុង​សង្កាត់​នេះ​ ដែល​ស្ថិត​នៅ​ជិត​​កន្លែងកើត​មាន​​​កុបកម្ម​​មួយ​​អំឡុង​ថ្ងៃ​បោះ​ឆ្នោត​​​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដោយ​​នៅ​ពេល​នោះ​​អ្នក​បោះឆ្នោត​ដែល​​​ខក​ចិត្ត​​​ចំពោះ​​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត ​​បាន​ចោល​​ដុំ​ថ្ម និង​ដុត​បំផ្លាញ​រថយ្ត​ពីរគ្រឿង​របស់​កង​រាជ​អាវុធ​ហត្ថ​។

ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ លោក​ សម រង្ស៊ី បាន​គូសបញ្ជាក់​​ពី​ភាព​ចាំ​បាច់​​សម្រាប់​​បាតុ​កម្ម​​សន្ដិវិធី និង​អហិង្សា​នៅ​ថ្ងៃ​សៅរ៍​នេះ។ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​តាម​ឧគ្ឃោសន​សព្ទ​ទៅ​កាន់​អ្នក​គាំទ្រ​ និង​ព្រះ​សង្ឃ​​ជាង​​១០០​នាក់​និងអង្គ​ដែល​បាន​ជួប​ជុំ​​គ្នា​នៅ​វត្តនេះ​ថា “មហា​បាតុកម្ម​នេះ​គឺ​ជា​មហា​បាតុ​កម្ម​អហិង្សា​ សន្ដិវិធី​ និង​​ប្រកប​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ។ ជំហរ​របស់​យើង​​​នឹង​រឹង​មាំ ហើយ​យើង​​​នឹង​ទាម​ទារ​​យុត្តិធម៌​​សម្រាប់​ពល​រដ្ឋ​កម្ពុជា​”។ លោក​​ថ្លែងថា “ [ប្រសិន​បើ​​គ្មា​នដំណោះ​ស្រាយ]  យើង​នឹង​បន្ត​ធ្វើ​បាតុ​កម្ម​រហូត​​​ដល់​យើង​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ​”។

ទាំង​គណ​បក្ស​សង្គ្រោះ​ជាតិ និង​គណ​បក្ស​​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​សុទ្ធ​តែ​អះ​អាង​​រៀងៗ​ខ្លួន​ថា ខ្លួន​ជា​អ្នក​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះ​ឆ្នោត​​កាល​ពី​ថ្ងៃ​២៨ ខែ​កក្កដា។ ខណៈ​ពេល​ដែល​គណៈកម្មាធិការ​​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ស្ទើរ​តែ​អះអាង​ដោយ​ភាពប្រាកដ​ប្រជា​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​ថាលទ្ធ​ផល​​បឋ​ម​របស់​ខ្លួន​​ផ្តល់​ជ័យ​ជម្នះ​​​​​​​ដល់​គណ​បក្ស​ប្រជាជន​កម្ពុជា របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។

គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​ថា បាតុ​កម្ម​របស់​ខ្លួន​​នឹង​​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ព្រម​ព្រៀង​​លើ​ការ​ស៊ើប​អង្កេត​​ឯក​រាជ្យ​លើ​ការ​បោះឆ្នោត​។ បន្ទាប់​ពីរដ្ឋាភិបាល​ព្រមាន​​ធ្ងន់​ៗ​ថា បាតុ​កម្ម​​ប្រហែល​ជា​អាច​ផ្ទុះ​អំពើ​ហិង្សា​នោះ​បក្ស​​សង្គ្រោះជាតិ​បាន​ផ្ដោត​លើ​វិធី​សាស្ត្រ​តវ៉ា​​ ដោយ​សន្ដិវិធី​ ដោយ​ធ្វើ​ការ​ហាត់​សម​​ចំនួន​​ពី​រ​លើក​​ក្នុង​​សប្ដាហ៍​នេះ​ ដើម្បី​​ហាត់​​សម​អ្នក​គាំទ្រ​របស់​ខ្លួន​ពី​របៀប​​ប្រតិកម្ម​តប​ទៅ​នឹង​​ការ​​ប្រឈម​​តតាំង​ជាមួយ​នគរបាល​។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​វត្ត​នេះ​​​បាន​សន្យា​ថា បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​នេះ​នឹង​​មិន​​មាន​អំពើ​ហិង្សា​ឡើយ​ ក៏​ប៉ុន្តែ​ក៏​ទំនង​ជា​ប្ដេជ្ញា​ចិត្ត​​ចង់​ផ្លាស់​ប្ដូរ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ​។

លោក​ ភៀង​ វុទ្ធី​ អាយុ​៤២​ឆ្នាំ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​បាន​និយាយ​ថា “ខ្ញុំ​នឹងមិន​ខ្លាច​ចូល​រួម​មហា​បាតុកម្ម​នេះ​ទេ​។ រដ្ឋាភិបាល​បច្ចុប្បន្ន​លក់​អ្វី​ៗគ្រប់​យ៉ាងមានដី​ ទន្លេ​ និង​ព្រៃ​ឈើ”។

ព្រះ​តេជគុណ​ អ៊ិន​ វុទ្ធី ព្រះជន្ម​២៤​វស្សា​ ដែល​ធ្លាប់​ចូល​រួម​ការ​តវ៉ា​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​បាន​ផ្ទុះ​អំពើ​ហិង្សា ​បាន​​សរសើ​រគោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សារ​​អហិង្សា​របស់​លោក​ សម រង្ស៊ី ។ ព្រះតេជគុណ​​មាន​សង្ឃ​ដីកា​ថា “គាត់​ជា​អ្នក​នយោបាយ​ស្លូត​ត្រង់​និង​មាន​ទេព​កោសល្យ​ ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​ស្រឡាញ់​យ៉ាង​ខ្លាំង​និង​​​មាន​សមត្ថភាព​ដឹក​នាំ​ប្រទេស​ឲ្យ​រីក​ចម្រើន​”។ ព្រះ​តេជគុណ​មាន​សង្ឃ​ដីកា​ទៀត​​ថា ព្រះ​​​សង្ឃ៨០​ភាគ​រយ​​គង់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

ខណៈ​ពេល​ដែល​រដ្ឋាភិបាល​​អនុ​ញ្ញាត​​ឲ្យគណបក្ស​សង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ លោកឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​គួរ​​​តែ​​​ដាក់​កម្រិត​លើ​ចំនួន​អ្នក​ចូល​រួម​ឲ្យនៅ​ត្រឹម​១០.០០០​នាក់​ ហើយ​ថា មហា​បាតុកម្ម​នេះ​អាច​ធ្វើ​បាន​តែ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​ពី​ម៉ោង​៧ព្រឹក​​ ដល់​ថ្ងៃ​ត្រង់​។

លោក​បាន​មាន​ប្រសាសន៍​ថា “រឿង​ដែល​​​សំខាន់គឺ​ថាវា​អាស្រ័យលើ​លោក សម រស្ស៊ី​ ​គ្រប់​គ្រងចំនួន​មនុស្ស​។ យើង​នឹង​អនុវត្ត​​​ច្បាប់​​ដើម្បី​ការពារ​​សន្ដិសុខ​របស់​បាតុករ​ ប្រសិន​បើ​ [គណបក្ស​សង្គ្រោះ​ជាតិ​​] ធ្វើ​បាតុ​កម្ម​ផ្អែក​តាមច្បាប់​”។

ក្រសួង​មហាផ្ទៃ​​បាន​លើក​ឡើង​ថា ពិធី​ជួប​ជុំ​របស់​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា​ មិន​ត្រូវ​ឲ្យមាន​​អ្នក​ចូល​រួម​លើស​​ពី​៦.០០០​នាក់​ឡើយ​។ តែ​ទោះ​ជា​យ៉ាង​ណា​  ពិធី​​ជួប​ជុំ​នោះ​បាន​ទាក់​ទាញ​អ្នក​គាំទ្រ​ប្រហែល​​២០.០០០​នាក់​ ប៉ុន្តែ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​​គ្មា​ន​ហេតុ​ការណ៍​​ល្អ​កើត​ឡើង​ឡើយ​”៕

ប្រែសម្រួលដោយ​ តែម​ សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស