យោងតាមព្រះរាជក្រឹត្យដែលសំដៅលើកកម្ពស់បទដ្ឋាននៅក្នុងប្រព័ន្ធពន្ធនាគារ និងដើម្បីទប់ស្កាត់វប្បធម៌នៃការរំលោភបំពាន និងអំពើពុករលួយដ៏រាលដាលនោះ យ៉ាងហោចណាស់មន្ត្រីពន្ធនាគារត្រូវមានសញ្ញាបត្រទុតិយភូមិ ហើយលើកទឹកចិត្តពួកគេឲ្យមានបរិញ្ញាបត្រទៀត។
យោងទៅតាមព្រះរាជក្រឹត្យ ដែលឡាយព្រហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី៧ខែសីហា បានឲ្យដឹងថា មន្ត្រីសន្តិសុខពន្ធនាគារនិងមន្ត្រីផ្សេងៗទៀតមិនត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវធ្វើការប្រឡងមុនពេលចូលបម្រើការងារ ហើយមន្ត្រីទាំងនោះត្រូវមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ។
ព្រះរាជក្រឹត្យមានខ្លឹមសារថា “មន្ត្រីពន្ធនាគារត្រូវហាមឃាត់ដាច់ខាតមិនឲ្យ៖ប្រើប្រាស់ម៉ោងការងារទៅធ្វើការងារផ្ទាល់ខ្លួនប្រើប្រាស់តួនាទី និងអំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬគំរាមកំហែង និងរំលោភបំពានសិទ្ធិប្រជាពលរដ្ឋ ឬទណ្ឌិតឡើយ”។
ទោះជាព្រះរាជក្រឹត្យនេះមានខ្លឹមសារថា មន្ត្រីសន្តិសុខពន្ធនាគារថ្មីៗនឹងតម្រូវឲ្យធ្វើការប្រឡងក៏ដោយ ក៏ព្រះរាជក្រឹត្យនេះមិនបានចែងលម្អិតពាក់ព័ន្ធនឹងការប្រឡង ឬថា តើត្រូវដោះស្រាយការអនុវត្តទូទៅរបស់អ្នកដាក់ពាក្យប្រឡងដែលបង់ប្រាក់ដើម្បីទទួលបានតួនាទីនៅក្នុងរដ្ឋាភិបាលដូចម្តេចឡើយ។
នៅពេលសួរអំពីតម្រូវការថ្មីៗផ្នែកអប់រំ លោក ស្រ៊ុន លាង ប្រធានមណ្ឌលកែប្រែ១នៅពន្ធនាគារព្រៃសបានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ តែលោកបានមានប្រសាសន៍ថា “ នៅថ្នាក់ក្រោមបំផុត មន្ត្រីពន្ធនាគារទទួលបានប្រាក់ខែប្រហែល៧៥ដុល្លារក្នុងមួយខែ”។
លោក ហ៊ិន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា យ៉ាងហោចណាស់នៅពន្ធនាគាររបស់លោក មានមន្ត្រីពន្ធនាគារភាគច្រើនបានបំពេញ ការងារប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែ លោកបានស្វាគមន៍ពីតម្រូវការប្រឡងចូលធ្វើការងារដ៏តឹងរ៉ឹងនេះ។ លោកបានអះអាងថា “ខ្ញុំគិតថា លក្ខន្តិកៈនេះគឺល្អណាស់…។ នៅក្នុងពន្ធនាគាររបស់ខ្ញុំ ដែលខ្ញុំបានបម្រើការងារនៅទីនេះចាប់តាំងពីឆ្នាំ២០១១មកនោះ មិនដែលមានបញ្ហាខុសច្បាប់កើតឡើងទេ”។
មន្ត្រីដែលបម្រើការក្នុងប្រព័ន្ធពន្ធនាគារដែលមានកេរ្តិ៍ឈ្មោះអសោចត្រូវបានចោទប្រកាន់ជាយូរមកហើយពីសំណាក់អង្គការសិទ្ធិមនុស្សអំពីបញ្ហាជាច្រើនចាប់ពីអសមត្ថភាពរហូតដល់ការធ្វើទារុណកម្មអ្នកទោសដោយផ្ទាល់។
កាលពីឆ្នាំ២០១០ លោក នួន វណ្ណា អតីតប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានចាប់ខ្លួន ហើយបណ្តេញចេញពីការងារបន្ទាប់ពីមានការចោទប្រកាន់ថា លោកបានទទួលសំណូក ហើយបណ្តោយឲ្យអ្នកទោសរត់គេចខ្លួន។ អ្នកកាន់តំណែងមុនរូបលោក ដែលបានបំពេញការងាររយៈពេលតែប្រាំពីរខែប៉ុណ្ណោះមុនពេលត្រូវបានដកចេញពីតំណែងបន្ទាប់ពីអ្នកទោសមួយចំនួនត្រូវគេធ្វើតេស្តរកឃើញថា មានប្រើប្រាស់ថ្នាំញៀន។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលីកាដូ ដែលជាអង្គការសិទ្ធិមនុស្សក្នុងស្រុកបានលើកឡើងថា មានការធ្វើទារុណកម្មទៅលើអ្នកទោសជាច្រើនក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជា។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេក ទេសរបស់អង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានស្វាគមន៍មន្ត្រីដែលមានចំណេះដឹងខ្ពស់ ប៉ុន្តែ ការធ្វើឲ្យមន្ត្រីដែលបំពានតួនាទីរបស់ខ្លួនទទួលខុសត្រូវ នៅតែជាបញ្ហាដ៏សំខាន់បំផុត។
លោក អំ សំអាត បានមានប្រសាសន៍ថា “ ប្រសិនបើមានបទឧក្រិដ្ឋកើតឡើង ពួកគេគួរធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ហើយដាក់ទោសមន្ត្រីទាំងនោះតាមច្បាប់”។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានគាំទ្រការលើកឡើងរបស់លោក អំ សំអាត ដែលថា ការអនុវត្តច្បាប់ មិនមែនតែមន្ត្រីដែលមានចំណេះដឹងខ្ពស់ទេ គឺជាបញ្ហាដ៏សំខាន់បំផុតចំពោះការបញ្ឈប់វប្បធម៌ពុករលួយ និងការរំលោភបំពានក្នុងពន្ធនាគារ លោក មឿន តុលា បានមានប្រសាសន៍ថា “ការដំឡើងប្រាក់ខែដល់មន្ត្រីពន្ធនាគារគឺជាការចាំបាច់ដើម្បីធ្វើឲ្យលក្ខន្តិកៈថ្មីនេះមានប្រសិទ្ធភាព។
លោក មឿន តុលា បានសួរថា “ហេតុអ្វីបានជារដ្ឋាភិបាលមិនដំឡើងប្រាក់ខែដល់មន្ត្រីទាំងនោះ ដែលប្រហែលជាមិនមានជម្រើសក្រៅតែពីទទួលសំណូកនោះ?” ដោយលោកបញ្ជាក់ថា ប្រសិនបើសាច់ញាតិរបស់អ្នកទោសចង់មកសួរសុខទុក្ខអ្នកទោស ជារឿយៗពួកគាត់ត្រូវចំណាយលុយសូកប៉ាន់សន្តិសុខពន្ធនារចំនួន១០ដុល្លារទើប មានសិទ្ធិចូលបាន៕
ប្រែសម្រួលដោយ សោម សារុន