បន្ទាប់ពី គ.ជ.ប. បានប្រកាសកាលពីម្សិលមិញ នូវលទ្ធផលផ្លូវការនៃការបោះឆ្នោត ដែលបានផ្តល់ជ័យជម្នះទៅឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងបាននិយាយថា ខ្លួននឹងធ្វើពហិការមិនចូលរួមនៅក្នុងរដ្ឋសភាថ្មីទេហើយបានសន្យាបន្តធ្វើការតវ៉ា ដើម្បីទាមទារឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដានេះ។

លទ្ធផលបោះឆ្នោតដែលមិនអាចតវ៉ាបានទៀតនេះបានប្រគល់អាសនៈសភាចំនួន៦៨ទៅឲ្យគណបក្សប្រជាជនកម្ពុជា និង៥៥អាសនៈទៅឲ្យគណបក្សសង្គ្រោះជាតិ គឺដូចគ្នាទៅនឹងការបែងចែកអាសនៈដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមកពីគណបក្សប្រជាជនកម្ពុជា បានប្រកាសនៅល្ងាចនៃថ្ងៃបោះឆ្នោតនោះ។
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលបានបញ្ចុះបញ្ចូលអស់រយៈពេលប្រាំសប្តាហ៍មកហើយឲ្យពន្យារពេលការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការរហូតដល់មានការស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតី ដែលត្រូវបានចោទឡើងនោះ បានធ្វើសន្និសីទកាសែតកាលពីព្រឹកម្សិលមិញ ដើម្បីបដិសេធលទ្ធផលនៃការបោះឆ្នោតនេះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍នៅឯសន្និសីទកាសែតនោះថា “យើងនឹងបន្តការតវ៉ាដើម្បីរកការពិត។ ជាពិសេសយើងនឹងផ្តោតលើការធ្វើបាតុកម្មដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនអ្នកបោះឆ្នោត”។
លោក សម រង្ស៊ី រួមជាមួយនឹងលោក កឹមសុខា ដែលជាអនុប្រធានរបស់លោកបានសន្យាធ្វើបាតុកម្មយ៉ាងហោចណាស់បីថ្ងៃនៅក្នុងទីក្រុងភ្នំពេញដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញា ដើម្បីជំរុញឲ្យគណបក្សប្រជាជនកម្ពុជាសហការក្នុងការស៊ើបអង្កេតលើការបោះឆ្នោតនេះ។
លោកបានមានប្រសាសន៍ថា “យើងនឹងធ្វើបាតុកម្មជាបន្តបន្ទាប់។ បាតុកម្មនោះយ៉ាងហោចណាស់មានរយៈពេលបីថ្ងៃ ប៉ុន្តែ វាអាចមានរយៈពេលយូរជាងនេះ”។ លោកបានបន្ថែមថា ការធ្វើបាតុកម្មនោះនឹងធំជាងការជួបជុំគ្នាកាលពីថ្ងៃសៅរ៍ ដែលមានអ្នកគាំទ្រចូលរួមប្រហែល២០.០០០នាក់នៅសួនសេរីភាព។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “បាតុកម្មនោះអាចមានទម្រង់ផ្សេងៗ ដូចជាទម្រង់នៃការជួបជុំ ទម្រង់នៃការធ្វើបាតុកម្មអង្គុយមួយកន្លែង ឬទម្រង់នៃការហែរក្បួន”។ លោកបានឲ្យដឹងទៀតថា ព័ត៌មានលម្អិតនៃការធ្វើបាតុកម្មនេះនឹងត្រូវកំណត់នៅសប្តាហ៍ក្រោយនេះ។
គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនមួយកាលពីម្សិលមិញ ដែលនៅក្នុងនោះគណបក្សនេះបានលើកឡើងថា ការបោះឆ្នោតនេះ “សេរី ត្រឹមត្រូវយុត្តិធម៌ ហើយស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលទ្ធិប្រជាធិបតេយ្យ” ហើយបានសន្យាធ្វើកំណែទម្រង់ប្រកបដោយមហិច្ឆតាជាច្រើនអំឡុងពេលខ្លួនកាន់អំណាចរយៈពេលប្រាំឆ្នាំខាងមុខនេះ។
សេចក្តីថ្លែងការណ៍នោះលើកឡើងថា “នៅឱកាសនេះគណបក្សប្រជាជនកម្ពុជាសូមប្រកាសជាឱឡារឹកទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទូទៅអាណត្តិទី៥កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះ និងសន្យាការពារលទ្ធផលបោះឆ្នោតដែលចេញពីឆន្ទៈរបស់ប្រជាជននេះ”។
គណបក្សនេះបន្តលើកឡើងទៀតថា “គណបក្សប្រជាជនកម្ពុជានឹងធ្វើការកែទម្រង់ឲ្យបានស៊ីជម្រៅ ដំឡើងប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងកម្មករ និងលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រដែលកំពុងរស់នៅ ក្នុងស្ថានភាពលំបាក”។
គណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តី ថ្លែងការណ៍មួយដែរកាលពីម្សិលមិញ ដែលបានលើកឡើងសារជាថ្មីនូវការគំរាមមិនចូលរដ្ឋសភា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមានបំណងបង្កើតរដ្ឋាភិបាលភ្លាមៗនោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍នៅឯសន្និសីទកាសែតកាលពីម្សិលមិញថា “យើងបានឮថា គណបក្សប្រជាជនកម្ពុជាគំរាមថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនចូលរួមក្នុងរដ្ឋសភាអាណត្តិទី៥នេះទេ ពួកគេនឹងយកអាសនៈរបស់យើងទៅបែងចែកនៅក្នុងគណបក្សរបស់ពួកគេ”។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេធ្វើដូច្នេះមែន វាបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានវិលទៅរករបបកុម្មុយនីស្តនិងប្រព័ន្ធដែលមានបក្សតែមួយវិញហើយ”។ លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាត្រូវប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២ ខែសីហាថា គណបក្សរបស់លោកអាចទទួលបានអាសនៈ៥៥របស់គណបក្សសង្គ្រោះជាតិដោយស្របច្បាប់ ប្រសិនបើពួកគេមិនចូលរួមក្នុងសភាថ្មីទេ។ ការបកស្រាយរបស់លោកលើច្បាប់នេះមានការជំទាស់ជាច្រើន។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិកំពុងប្រើប្រាស់បាតុកម្មជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយដែលមានឥទ្ធិពលជាច្រើនដើម្បីគាបសង្កត់គណបក្សប្រជាជនកម្ពុជាដែលរហូតមកទល់ពេលនេះធ្វើមិនដឹងមិនឮចំពោះការទាមទាររបស់គណបក្សប្រឆាំងនៅក្រោយពេលបោះឆ្នោត។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាចង់បង្កើតរដ្ឋាភិបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ហើយគណបក្សកាន់អំណាចនេះត្រូវប្រកាន់ខ្ចាប់ទៅនឹងសេណារីយ៉ូផ្សេងគ្នាពីសេណារីយ៉ូក្រោយការបោះឆ្នោតឆ្នាំ ២០០៨ដែលនៅក្នុងនោះគណបក្សនេះទទួលបានចំនួន៩០អាសនៈ។
លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាគួរផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។ បើមិនដូច្នេះទេខ្ញុំបារម្ភអំពីវិបត្តិនយោបាយរយៈពេលយូរ។ គណបក្សប្រឆាំងពិបាកប្រមូលមនុស្សឲ្យបាន១០.០០០នាក់ណាស់នៅក្នុងអាណត្តិមុន ប៉ុន្តែ ឥឡូវនេះវាងាយស្រួលសម្រាប់គណបក្សសង្គ្រោះជាតិ។ គណបក្សប្រជាជនកម្ពុជាគួរគិតឲ្យបានច្បាស់លាស់ជាងនេះ ហើយឆ្លើយតបទៅនឹងស្ថានភាពនយោបាយថ្មីនេះ”។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា ទោះបីជាការខិតខំប្រឹងប្រែងជាច្រើនដងរបស់គណបក្សសង្គ្រោះជាតិ ដើម្បីជំរុញឲ្យគណបក្សប្រជាជនកម្ពុជាសហការនៅក្នុងការស៊ើបអង្កេតលើការបោះឆ្នោតនេះមិនបានជោគជ័យក៏ដោយ ក៏វានៅតែមានការលំបាកសម្រាប់គណបក្សកាន់អំណាចដែរ ក្នុងការបង្កើតរដ្ឋាភិបាលដោយគ្មានកិច្ចសហការរបស់គណបក្សសង្គ្រោះជាតិ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ប្រសិនបើមិនមានការចរចា និងគ្មានកិច្ចព្រមព្រៀង ហើយប្រសិនបើគណបក្សប្រជាជនកម្ពុជានៅតែដំណើរការទៅមុខដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួមបង្កើតរដ្ឋសភាថ្មីទេនោះខ្ញុំគិតថា អាចមានភាពតានតឹងកាន់តែខ្លាំង”។ លោកបានមានប្រសាសន៍ថា “ដូច្នេះហើយមហាបាតុកម្ម អាចមានទំហំកាន់តែធំនិងធ្វើទូទាំងប្រទេសនៅតាមកន្លែងផ្សេងៗគ្នា។ វាហាក់ដូចជាមេដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិអាចប្រមូលប្រជាពលរដ្ឋបានកាន់តែច្រើន ហើយពួកគេបន្តធ្វើការតវ៉ានៅកន្លែងណាដែលពួកគេទៅ” ៕
(រាយការណ៍បន្ថែមដោយ ផន បុប្ផា)
ប្រែសម្រួលដោយ មូល គឹមហឿន