កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល នៅឈរជើងនៅកណ្តាលរាជធានីភ្នំពេញនៅ ឡើយកាលពីព្រឹកម្សិលមិញ បន្ទាប់ពីការធ្វើមហាបាតុកម្មលើកដំបូងក្នុងចំណោមមហាបាតុកម្មដឹកនាំដោយគណបក្សប្រឆាំងដើម្បីបដិសេធលទ្ធផលដ៏ប្រទាញប្រទង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៨ ខែកក្កដា នៅក្នុងប្រទេសកម្ពុជា។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជា២០.០០០នាក់បានមកចូលរួមការប្រមូលផ្តុំគ្នាដោយសន្តិវិធី កាលពីថ្ងៃសៅរ៍ បើទោះជាមានការព្រមានពីរដ្ឋាភិបាលថា អាចមានអំពើហិង្សាក៏ដោយ ហើយកងកម្លាំងយោធានិងនគរបាលដែលបានត្រៀមខ្លួនរួចស្រេចនោះ នៅតែត្រូវបានដាក់ពង្រាយនៅតាមវិថីនានា កាលពីម្សិលមិញ ដោយមានរបាំងរាំងផ្លូវធ្វើពីដែកផងដែរ និងដោយគ្រាន់តែមានការជូនដំណឹងបន្តិចបន្តួចប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា កម្លាំងសន្តិសុខឈរជើងក្នុងរាជធានីនៅឡើយ តាមសេចក្តីជូនដំណឹង ហើយនឹងឈរជើងបែបនេះ រហូតទាល់តែរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
លោកបានមានប្រសាសន៍ថា “យើងមិនដកកងកម្លាំងយើងចេញទៅណាទេ។ យើងនឹងបន្តរក្សាសន្តិសុខ រហូតទាល់តែរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ នៅពេលតំណាងរាស្ត្រចូលក្នុងសភា ហើយអ្វីៗរួចរាល់ ស្ថានភាពវិលទៅរកសភាពធម្មតាវិញ យើងនឹងដកកងកម្លាំងរបស់យើងចេញ”។
រដ្ឋសភានឹងត្រូវប្រារព្ធសម័យប្រជុំដំបូងរបស់ខ្លួនទៅតាមរដ្ឋធម្មនុញ្ញត្រឹមថ្ងៃទី២៨ ខែកញ្ញា។ គណបក្សសង្គ្រោះជាតិកំពុងគំរាមធ្វើពហិការសម័យប្រជុំ ប្រសិនរដ្ឋាភិបាលមិនយល់ព្រមឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីដែលមានការចោទប្រកាន់ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា សភាអាចដំណើរការ ដោយមិនចាំបាច់មានគណបក្សប្រឆាំងទេ។
ពេលនេះបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានបង្ហាញអាជ្ញាធរច្បាស់ថា ខ្លួនអាចធ្វើបាតុកម្មដោយសន្តិវិធី លោកស្រី មូរ សុខហួរ តំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានលើកឡើងថា ដល់ពេលដែលរដ្ឋាភិបាលចាប់ផ្តើមដកកម្លាំងសន្តិសុខ ដែលគណបក្សសង្គ្រោះជាតិបានថ្កោលទោសថា ជាការបំភិតបំភ័យ។
លោកស្រីមានប្រសាសន៍ថា “ពួកគេមិនគួរនៅទីនេះទេ”។ លោកស្រី សុខហួរ បានថ្លែងថា នគរបាលបានឃាត់រថយន្តពីរគ្រឿង ដែលដឹកអ្នកគាំទ្រគណបក្សប្រឆាំង ពីខេត្តតាកែវ ទៅកាន់កន្លែងតវ៉ា កាលពីព្រឹកថ្ងៃសៅរ៍ ដោយសារតែអ្នកបើកបររថយន្តទាំងនោះប្រហែលជាមិនមានការអនុញ្ញាតចាំបាច់ ប៉ុន្តែអ្នកដំណើរត្រូវបានអនុញ្ញាតឲ្យបន្តដំណើរ។រថយន្ត១២កៅអីពីរគ្រឿងផ្សេងទៀតដែលដឹកអ្នកគាំទ្រពីខេត្តកំពង់ចាម តាមសេចក្តីរាយការណ៍ ក៏ត្រូវបានឃាត់កាលពីល្ងាចថ្ងៃសុក្រផងដែរ។ លោកស្រីបានមានប្រសាសន៍ថា “វាមិនស្របតាមរដ្ឋធម្មនុញ្ញទេ ពីព្រោះវាប៉ះពាល់ដល់សិទ្ធិរបស់ប្រជាជន រាប់ទាំងសិទ្ធិនៃការប្រមូលផ្តុំផងដែរ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ ដែលបានបញ្ជាប៉ុស្តិ៍ត្រួតពិនិត្យ បានលើកឡើងកាលពីម្សិលមិញថា លោកមិនដឹងអំពីហេតុការណ៍ ដែលត្រូវបានចោទប្រកាន់ទាំងនោះទេ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងបន្ទាប់ពីលទ្ធផលបោះឆ្នោតផ្លូវការត្រូវបានប្រកាសកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួននឹងធ្វើការតវ៉ារយៈពេលបីថ្ងៃថែមទៀតនៅសប្តាហ៍ក្រោយ៕
(រាយការណ៍បន្ថែមដោយ ម៉ិច តារា)
ប្រែសម្រួលដោយ ចេវ ប៊ុននី