យោងតាមលទ្ធផលបោះឆ្នោតជាផ្លូវការដែល គ.ជ.ប. បានប្រកាសកាលពីម្សិលមិញ បង្ហាញថា នៅពេលដែលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈនៅក្នុងរដ្ឋសភា ដែលបានបញ្ចូលសមាជិកថ្មីរបស់ខ្លួនពីរបីនាក់ និងបានបាត់បង់សមាជិកសភាចាស់ៗជាច្រើនរូប។
ការទទួលបានលទ្ធផលមិនល្អរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដានេះ មានន័យថា ទេសរដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាមួយចំនួន និងសមាជិកសភាចាស់ៗមួយចំនួនទៀត បានបាត់ពីបញ្ចីឈ្មោះគួរឲ្យគត់សម្គាល់ពីសមាជិកសភារបស់គណបក្សកាន់អំណាច ដែលត្រូវបាន គ.ជ.ប. ប្រកាសតាមទូរទស្សន៍ និងវិទ្យុជាតិ។
ក្នុងចំណោមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដែលបាត់ឈ្មោះពីបញ្ជីឈ្មោះសមាជិកសភានោះគឺ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ។
តំណាងរាស្ត្រចូលថ្មី គឺកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលអ្នកទាំងពីរនាក់សុទ្ធតែជាបេក្ខជនតំណាងរាស្ត្រលើកដំបូង។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងឥឡូវនេះជាអតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំលាឈប់ដើម្បីទុកការងារនេះឲ្យមនុស្សជំនាន់ថ្មី។ វាដូចជារលកក្រោយរុញរលកមុខអ៊ីចឹងដែរ”។ លោកបានមានប្រសាសន៍ថា “យើងជាបក្សទុកការងារនេះឲ្យអ្នកជំនាន់ថ្មី។ពួកគេលឿន និងមានសុខភាពមាំមួនជាង”។ លោកបានបន្ថែមថា លោកមិនដឹងថា តើលោកនឹងរក្សាតំណែងនយោបាយរបស់លោកជារដ្ឋមន្ត្រីក្រសួងផែនការបាន ឬអត់ទេ។ លោកថ្លែងថា “ពាក់ព័ន្ធនឹងរឿងនេះ ខ្ញុំមិនដឹងទេ។ មានតែនាយករដ្ឋមន្ត្រីទេដែលដឹង”។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា រដ្ឋមន្ត្រីដែលបាត់បង់អាសនៈនៅរដ្ឋសភានឹងមិនបាត់បង់តំណែងរបស់ខ្លួននៅខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីទេ។ លោកបានមានប្រសាសន៍ថា អ្នកទាំងនេះនៅតែស្ថិតនៅក្នុងរដ្ឋាភិបាល ប៉ុន្តែ ពួកគាត់នឹងមិនស្ថិតនៅក្នុងរដ្ឋសភាទេ។ តំណែងរដ្ឋមន្ត្រីត្រូវបានតែងតាំងដោយគណបក្ស។ ហើយមានមនុស្សច្រើនណាស់នៅក្នុងគណបក្សនេះ”។
លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន ដែលបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរួមជាមួយលោក ស សុខា កូនប្រុសរបស់លោក ស ខេង ដែលបានឈរឈ្មោះជាបេក្ខជនមណ្ឌលព្រៃវែងសុទ្ធតែបានទទួលអាសនៈរដ្ឋសភា ថ្វីបើមានឈ្មោះនៅក្រោមគេក្នុងបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជានៅតាមមណ្ឌលរបស់ខ្លួនក៏ដោយ។
លោក ស សុខា គឺជាអតីតស្នងការរងនគរបាលរាជធានីភ្នំពេញ រីឯលោក ហ៊ុន ម៉ានី គឺជាប្រធានសហព័ន្ធសហជីពយុវជនកម្ពុជាដែលធ្វើជាក្រុមយុវជនដ៏មានប្រសិទ្ធភាពរបស់គណបក្សប្រជាជនកម្ពុជា។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា ការបាត់បង់អាសនៈសភារបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងការដំឡើងតួនាទី អ្នកនយោបាយវ័យក្មេងនេះអាចជាឱកាសមួយសម្រាប់លោក ហ៊ុន សែន ដើម្បីចាប់ផ្តើមធ្វើការកែទម្រង់ចាំបាច់នៅក្នុងគណបក្សមួយដែលបាត់បង់ប្រជាប្រិយភាពយ៉ាងច្រើននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
លោកស្រីថ្លែងថា “ប្រសិនបើអ្នកដឹកនាំទទួលយក [ការអំពាវនាវឲ្យមានកំណែទម្រង់] និងឆ្លៀតឱកាសបោះចោលឈើងាប់នោះ វាអាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជាខ្លាំងឡើងវិញ។ វាជាឱកាសមួយដើម្បីកែទម្រង់នៅក្នុងគណបក្សពីព្រោះមនុស្សគ្រប់គ្នាយល់ស្របថា គណបក្សនេះត្រូវកែទម្រង់ដោយសារការបាត់បង់អាសនៈទាំងនេះ”។
ទោះជាយ៉ាងណាលោកស្រី ជា វណ្ណាត បានមានប្រសាសន៍ថា គេមិនទាន់ដឹងថា លោក ហ៊ុន សែន នឹងឆ្លើយតបដោយរបៀបណាចំពោះ “ក្តីរន្ធត់” ដោយសារការធ្លាក់ចុះយ៉ាងច្រើនលើកដំបូងរបស់លោកនៅក្នុងរយៈពេលកាន់អំណាចជិតបីទសវត្សរ៍នេះ។
លោកស្រីបានបន្ថែមទៀតថា “គាត់មិនដែលប្រឈមមុខនឹងតម្រូវការដាក់អ្នកថ្មី ឬកែទម្រង់ឡើយ។ សម្រាប់រយៈពេល៣០ឆ្នាំមកនេះតែងតែមានការកើនឡើងជានិច្ច។ការកើនឡើងនោះគឺមានការងាយស្រួលជាងពេលដែលវាធ្លាក់ចុះទៅទៀត។ វាពិបាកដឹងថា តើដាក់អ្នកថ្មីដោយរបៀបណា និងថា តើនរណាជាអ្នកជំនួស ហើយគាត់មិនដែលមានបទពិសោធធ្វើដូច្នេះទេពីមុន។ នេះគឺជាការសាកល្បងដ៏ធំមួយរបស់គាត់”៕
(រាយការណ៍បន្ថែមដោយ Colin Meyn)
ប្រែសម្រួលដោយ មូល គឹមហឿន