ព្រះគ្រូសូត្រស្ដាំមួយអង្គ ដែលបានវាយព្រះសង្ឃនៅក្រោមឱវាទពីរអង្គកាលពីព្រឹកថ្ងៃសៅរ៍ ដោយសារព្រះសង្ឃអង្គនោះមានគម្រោងទៅចូលរួមក្នុងមហាបាតុកម្មរបស់ គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យនោះបានការពារសកម្មភាពរបស់ខ្លួនកាលពីម្សិលមិញ។
ព្រះសង្ឃទាំងបីអង្គនោះមាន ភិក្ខុ សម ចន ហែម ភក្ត្រា និង ង៉ែត វីសា ដែលគង់នៅវត្តសន្សំកុសលក្នុងខណ្ឌមានជ័យ បានមានសង្ឃដីកាថា ព្រះអង្គ ហៀបនឹងចាកចេញពីវត្តទៅហើយដើម្បីចូលរួមក្នុងមហាបាតុកម្ម ស្រាប់តែនៅពេលនោះព្រះគ្រូសូត្រស្ដាំនាម យឹម ចំរើន បានយកទូរស័ព្ទដៃវាយព្រះកេស និងលើផ្ទៃមុខរបស់ព្រះអង្គ។
ព្រះតេជគុណ សម ចន និង ហែម ភក្ត្រា ត្រូវបានវាយ ប៉ុន្តែ ព្រះតេជគុណ ង៉ែត វីសា មានសង្ឃដីកាថា ព្រះអង្គអាចគេចផុតពីការវាយរបស់ព្រះគ្រូសូត្រស្ដាំនេះ។ ព្រះតេជគុណ សម ចន មានសង្ឃដីកា ថា “ព្រះគ្រូសូត្របានកាន់ទូរស័ព្ទនៅក្នុងដៃ ហើយបានវាយព្រះតេជគុណ ភក្ត្រា ចំមុខចំនួនបួនដៃ និងបន្ទាប់មកបានវាយអាត្មាមួយដៃ។ព្រះអង្គមិនចង់ឲ្យយើងទៅចូលរួមធ្វើបាតុកម្ម ទេ”។
មានស្នាមជាំបន្តិចដោយការវាយដំនោះ ព្រះសង្ឃទាំងបីអង្គមានសង្ឃដីកាថាព្រះអង្គបានរង់ចាំរហូតដល់ក្រោយមកទៀត ទើបបានចាកចេញដោយស្ងាត់ៗដើម្បីទៅចូលរួមធ្វើបាតុកម្ម។ ព្រះតេជគុណ ហម ភក្ត្រា មានសង្ឃដីកា អំពីទឹកចិត្តរបស់ព្រះអង្គក្នុងការចូលរួមក្នុងពិធីបួងសួងដោយសន្តិវិធីដែលមានព្រះសង្ឃរាប់រយអង្គបានចូលរួមដែរនោះថា “អាត្មាចង់ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលបានបាត់សន្លឹកឆ្នោតរបស់ខ្លួន ក្នុងការបោះឆ្នោតនេះ”។
ពេលទាក់ទងកាលពីម្សិលមិញ ព្រះគ្រូសូត្រស្ដាំ យឹម ចំរើន បានមានសង្ឃដីកា ថា ព្រះអង្គបានវាយព្រះសង្ឃក្មេងៗទាំងនោះ ដែលមានព្រះជន្ម ២០ព្រះវស្សា ដោយសារព្រះសង្ឃទាំង នោះបានគេចពីថ្នាក់រៀននៅពេលព្រឹកនៅក្នុងវត្តនេះ។ព្រះអង្គក៏បានបន្ថែមថា ព្រះសង្ឃមិនគួរធ្វើការតវ៉ាទេ។
ព្រះអង្គមានសង្ឃដីកាបន្ត ថា “អាត្មាមិនចង់ឲ្យព្រះសង្ឃចូលរួមធ្វើបាតុកម្មទេ។ យើងត្រូវតែរក្សានូវភាពអព្យាក្រឹត្យសម្រាប់ប្រជាពលរដ្ឋ ហើយសម្រាប់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទទាំងអស់។យើងមិនគួរចូលរួមនយោបាយទេដូច្នេះ ហើយ ប្រជាពលរដ្ឋនឹងបន្តទុកចិត្តលើយើង”។
ព្រះតេជគុណ សម ចន មានសង្ឃដីកា ថាព្រះអង្គ និងមិត្តភក្ដិរបស់ព្រះអង្គពីរអង្គទៀតមិនមានគម្រោងដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងព្រះគ្រូសូត្រស្ដាំ យឹម ចំរើន ដែលបានយល់ព្រមមិនធ្វើការបំភិតបំភ័យព្រះអង្គបន្តទៀតនោះទេ។
ព្រះអគ្គមហាសង្ឃរាជនៃប្រទេសកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ បន្ទាប់ពីគណបក្សនេះបានបាត់បង់អាសនៈសភាយ៉ាងច្រើនក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដា នោះមក ព្រះសង្ឃតែងតែមានវត្តមានជាទៀងទាត់នៅក្នុងពិធីជួបជុំគ្នារបស់គណបក្សប្រឆាំង។ព្រះសង្ឃរាប់រយអង្គបានចូលរួមក្នុងមហាបាតុកម្មកាលពីថ្ងៃសៅរ៍។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ បានមានប្រសាសន៍ថាព្រះសង្ឃក៏ដូចជាប្រជាពលរដ្ឋគ្រាប់រូបនៅក្នុងប្រទេសដែរ មានសិទ្ធិបញ្ចេញមតិរបស់ព្រះអង្គ។ លោក មានប្រសាសន៍ថា “ ព្រះសង្ឃមានសិទ្ធិ និង កាតព្វកិច្ចស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ដូច្នេះព្រះសង្ឃអាចចូលរួមក្នុងបាតុ កម្ម ឬ ការតវ៉ា ឬ ការជួបជុំណាមួយបាន”៕
ប្រែសម្រួលដោយ ឃិន ណៃ