កាលពីថ្ងៃសុក្រ ប្រធានក្រុមហ៊ុនសំណង់មួយ ដែលជាប់ពាក់ព័ន្ធនឹងការដោះដូរដីដ៏ធំមួយកន្លែងជាមួយសាលាខេត្តសៀមរាបកាលពីឆ្នាំ២០១០នោះ បានការពារកិច្ចព្រមព្រៀងដោះដូរដីនេះ ដោយអះអាងថា សេចក្តីសម្រេចឲ្យសាលាខេត្ត និងមន្ត្រីរាជការរើចេញ ដែលឥឡូវនេះបានរើត្រឡប់មកវិញនោះ គឺចេញពីរដ្ឋាភិបាលដោយផ្ទាល់។
កាលពីសប្ដាហ៍មុន មន្ត្រីមួយចំនួននៅសាលាខេត្តសៀមរាបបានស្ដីបន្ទោសលោក ស៊ូ ភិរិន អតីតអភិបាលខេត្តនេះ ចំពោះកិច្ចព្រមព្រៀងដោះដូរដីនេះ ដែលបណ្តាលឲ្យមន្ទីរខេត្តចំនួន២៦ និងបុគ្គលិកជាង១.០០០នាក់រើទៅទីតាំងដាច់ស្រយាលមួយស្ថិតនៅចម្ងាយប្រហែល១៦គីឡូម៉ែត្រក្រៅក្រុងសៀមរាប។
ទីតាំងដាច់ស្រយាលនេះបានបង្កបញ្ហាភស្តុភារចំពោះសាលាខេត្តសៀមរាប និងធ្វើឲ្យមន្ត្រីរាជការ ដែលត្រូវធ្វើដំណើរទៅធ្វើការផ្លូវឆ្ងាយទាំងទៅទាំងមកនោះមិនសប្បាយចិត្ត ហើយការចំណាយបន្ថែមលើថ្លៃសាំង បានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ខែរដ្ឋដ៏តិចតួចរបស់ពួកគេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ុក សំអូន អធិការក្រុងសៀមរាប បានចោទប្រកាន់លោក ស៊ូ ភិរិន ថា បានលួចរៀបចំការប្តូរទីតាំង ដែលឥឡូវមិនបានសម្រេច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក ម៉ុក សំអូន និងសហសេវិករបស់លោករាប់រយនាក់ទៀតនៅសាលាខេត្តសៀមរាប ឥឡូវនេះកំពុងរៀបចំអីវ៉ាន់នៅការិយាល័យរបស់ខ្លួន ហើយវិលត្រឡប់មកក្រុងសៀមរាបវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យត្រឡប់មកវិញ កាលពីថ្ងៃទី៩ ខែសីហា។ ការខាតបង់ហិរញ្ញវត្ថុ ដោយសារការរើទីតាំងមិនបានសម្រេចនេះមិនទាន់ដឹងថា មានចំនួនប៉ុណ្ណានៅឡើយទេ។
ទោះជាយ៉ាងណា កាលពីថ្ងៃសុក លោក លុន សុធី នាយកក្រុមហ៊ុនអាហរ័ណ នីហរ័ណនិងសំណង់ J&R ការពារសេចត្តីសម្រេចរបស់លោក ស៊ូ ភិរិន ក្នុងការដោះដូរអាគារនិងដីរដ្ឋដ៏មានតម្លៃទាំងនេះនៅក្នុងក្រុងសៀមរាបជាមួយនឹងទីតាំងដាច់ស្រយាលមួយកន្លែង ដោយអះអាងថា សេចក្តីសម្រេចនេះចេញមកពីរដ្ឋាភិបាលថ្នាក់កណ្តាល។
លោក លុន សុធី បានមានប្រសាសន៍តាមទូរស័ព្ទថា “អភិបាលខេត្តមិនមែនជាអ្នកចេញសេចក្ដីសម្រេចទេ ថ្នាក់លើគឺជាអ្នកចេញសេចក្តីសម្រេច”។ ដោយបដិសេធមិនប្រាប់ឈ្មោះមន្ត្រីរដ្ឋាភិបាលដែលជាអ្នកសម្រេចឲ្យមានកិច្ចព្រមព្រៀងដោះដូរដីនោះ លោក លុន សុធី បានមានប្រសាសន៍ថា “ [លោក ស៊ូ ភិរិន] ទទួលបានទីតាំងថ្មី [ដើម្បីរើសាលាខេត្ត និងសាលាក្រុង] ហើយលោកគ្រាន់តែបំពេញការងាររបស់លោកតែប៉ុណ្ណោះ។ លោក ស៊ូ ភិរិន មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ។
សាលាខេត្តសៀមរាបបានរើពីទីប្រជុំជនក្រុង ទៅកាន់ដីមួយកន្លែងទំហំ៤២ហិកតានៅសង្កាត់អំពិលដាច់ស្រយាល កាលពីខែមីនា ឆ្នាំ២០១០ បន្ទាប់ពីក្រុមហ៊ុន J&R ទទួលបានកិច្ចសន្យាសាងសង់អាគារការិយាល័យថ្មីប្រហែល៦០អាគារនៅទីនោះ។
កិច្ចព្រមព្រៀងដោះដូរដីនេះអនុញ្ញាតឲ្យក្រុមហ៊ុន J&R គ្រប់គ្រងអាគារសាលាខេត្តមួយចំនួន ដែលស្ថិតនៅក្នុងទីតាំងល្អក្នុងក្រុងសៀមរាប រួមទាំងអគារដែលស្ថិតនៅតាមតំបន់មាត់ទឹកក្នុងក្រុងនេះផងដែរ។
កាលពីថ្ងៃសុក្រ លោក លុន សុធី បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានលក់ដី និងអាគារសាលាខេត្តទាំងអស់រួចហើយ បន្ទាប់មកលោកបានយកប្រាក់មកប្រើប្រាស់ដើម្បីសាងសង់អាគារក្នុងសង្កាត់អំពិល។
បដិសេធមិនបញ្ជាក់ពីចំនួនទឹកប្រាក់ដែលលោកទទួលបានពីការលក់ដីនោះ លោក លុន សុធី បានមានប្រសាសន៍ថា “យើងទទួលបានដីនេះ ហើយភាគច្រើន ប្រាក់ដែលយើងទទួលបាន គឺសម្រាប់សាងសង់អគារថ្មី។ យើងលក់ដីទាំងនោះ ដើម្បីយកប្រាក់មកសាងសង់អគារថ្មី”។ លោក លុន សុធី បានមានប្រសាសន៍ថា “ ខ្ញុំគិតថា នេះមិនមែនជាកិច្ចការរបស់អ្នកទេ”។
លោក លុន សុធី ក៏បានបដិសេធមិនប្រាប់ថា ដី និងអតីតអាគារសាលាខេត្តសៀមរាបបានលក់នៅពេលណា និងទៅឲ្យនរណាដែរ។ លោកក៏មិនអាចពន្យល់ពីមូលហេតុ ដែលក្រុមហ៊ុនរបស់លោកទទួលបានកិច្ចសន្យាដោះដូរដីដ៏ធំនិងដោយគ្មានដំណើរការដេញថ្លៃប្រកបដោយការប្រកួតប្រជែងនេះដែរ។
កាលពីថ្ងៃព្រហស្បតិ៍មន្ត្រីសាលាខេត្តមួយចំនួនបាននិយាយថា អតីតអាគារការិយាល័យរបស់ខ្លួនត្រូវបានបោះបង់ចោលចាប់តាំងពីមានការដោះដូរអចលនទ្រព្យជាមួយក្រុមហ៊ុន J&R ក្នុងឆ្នាំ២០១០នោះ មក។
ក្នុងលិខិតចុះថ្ងៃទី៩ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីសាលាខេត្ត និងសាលាក្រុងវិលត្រឡប់មកប្រជុំជនក្រុងវិញ ហើយដោះដូរអគារទាំងនេះ ជាមួយអាជ្ញាធរអប្សរា ដែលគ្រប់គ្រងឧទ្យានបុរាណអង្គរ។ ចំណែកឯមន្ត្រីអាជ្ញាធរអប្សរាជាង៥០០នាក់ ត្រូវបានបញ្ជាឲ្យចាកចេញពីអគាររបស់ខ្លួននៅក្នុងក្រុងសៀមរាប និងរើទៅកាន់ទីតាំងថ្មីនៅសង្កាត់អំពិល ដែលឥឡូវ ត្រូវបានបោះបង់ចោលដោយមន្ត្រីសាលាខេត្តនិងសាសាក្រុងសៀមរាប។
ដោយប្រឈមមុខនឹងការរើចេញនាពេលខាងមុខ បុគ្គលិកនៅអាជ្ញាធរអប្សរាបានទាមទារសំណងរួចហើយសម្រាប់ការរើចេញទៅកាន់ទីតាំងដាច់ស្រយាលនេះ។
លោក អ៊ឹម សុខរិទ្ធី ជាមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាននៅអាជ្ញាធរអប្សរាបានមានប្រសាសន៍ថា អាជ្ញាធរអប្សារាបានយល់ព្រមផ្ដល់ប្រេងសាំង៣០លីត្រក្នុងមួយខែដល់បុគ្គលិក ដែលនឹងរើទៅកាន់ទីតាំងថ្មីនេះ ព្រមទាំងប្រាក់ឧបត្ថម្ភ១៥.០០០រៀលសម្រាប់អាហារប្រចាំថ្ងៃ។
លោក សុខរិទ្ធី បានមានប្រសាសន៍ថា “យើងបានដោះស្រាយបញ្ហានេះ ហើយបុគ្គលិកបានទទួលយកដំណោះស្រាយនេះ” ដោយបន្ថែមថា បុគ្គលិក៥៣៣នាក់នៅក្នុងចំណោមបុគ្គលិកជិត៣.០០០នាក់របស់អាជ្ញាធរអប្សរា នឹងរើទៅកាន់សង្កាត់អំពិល។
ផ្អែកលើតម្លៃបច្ចុប្បន្ន អាជ្ញាធរអប្សរានឹងចំណាយយ៉ាងហោចណាស់២០.០០០ដុល្លារក្នុងមួយខែ ដើម្បីឧបត្ថម្ភថ្លៃសាំងដល់បុគ្គលិក៥៣៣នាក់ និងចំណាយប្រហែល៤០.០០០ដុល្លារទៀតក្នុងមួយខែ ដើម្បីឧបត្ថម្ភអាហារប្រចាំថ្ងៃ ដូច្នេះការចំណាយសរុបមានប្រហែល៧២០.០០០ដុល្លារក្នុងមួយឆ្នាំ។
លោក សុខរិទ្ធី បានមានប្រសាសន៍ថា “អត្ថប្រយោជន៍បន្ថែម ដែលយើងផ្ដល់ជូនបុគ្គលិក៥៣៣នាក់គឺបានមកពីប្រភពចំណូលសំខាន់ៗរបស់យើង ដូចជា ចំណូលពីការលក់សំបុត្រជាដើម”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានបដិសេធមិនអត្ថាធិប្បាយជុំវិញកិច្ចព្រមព្រៀងដោះដូរដីនៅក្រុងសៀមរាបនេះទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងបានរិះគន់ភាពសម្ងាត់ និងកង្វះតម្លាភាពនៅពីក្រោយកិច្ចព្រមព្រៀងដោះដូរដីនេះ។ លោកក៏បានមានប្រសាសន៍ផងដែរថា នៅក្នុងកិច្ចព្រមព្រៀងទាំងនេះ ដីរដ្ឋជាទូទៅត្រូវបានដោះដូរក្នុងតម្លៃត្រឹមតែ១០ភាគរយប៉ុណ្ណោះនៃតម្លៃពិតប្រាកដនៅលើទីផ្សារ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ ពួកគេលក់ដីកណ្ដាលក្រុង ហើយបន្ទាប់មកពួកគេរើត្រឡប់មកវិញ។ ហេតុអ្វីបានជាពួកគេមិនរក្សាទុកកន្លែងចាស់?។ ពួកគេមិនដែលធ្វើការដោះដូរប្រកបដោយតម្លាភាពទេ។ ពួកគេមិនបានយកដីទាំងអស់នេះមកដាក់ដេញថ្លៃដូចបណ្ដាប្រទេសផ្សេងៗទេ”។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ការដោះដូរដីរដ្ឋក្នុងទំហំធំដូចដីក្នុងក្រុងសៀមរាបនេះ តម្រូវឲ្យមានការអនុម័តពីទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកបានមានប្រសាសន៍ថា ពួកគេមិនគួរស្ដីបន្ទោសតែទៅលើមនុស្សម្នាក់នោះទេ ប៉ុន្តែពួកគេគួរស្ដីបន្ទោសគ្រប់គ្នា។ គឺរដ្ឋាភិបាលខ្លួនឯងតែម្ដង”៕
ប្រែសម្រួលដោយ អ៊ូច សូនី