មន្ត្រីមួយរូបបានឲ្យដឹងនៅមុនកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤របស់ភាគីរដ្ឋ ដែលត្រូវចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងហ្សាំបៀ (Zam-bia) ថា ទោះបីជាប្រទេសកម្ពុជា ជាប្រទេសក្នុងចំណោមប្រទេសមុនដំបូងគេដែលគាំទ្រអនុសញ្ញាស្តីពីការហាមប្រើប្រាស់គ្រាប់បែកចង្កោម ក្រោមការឧបត្ថម្ភដោយអង្ការសហប្រជាជាតិក៏ដោយ ក៏ប្រទេសកម្ពុជាមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឡើយដែរ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថារដ្ឋាភិបាលកំពុងតែសិក្សាគុណសម្បត្តិ និងគុណវិបត្តិ នៃការចូលរួមក្នុងអនុសញ្ញានេះនៅឡើយ។លោកមានប្រសាសន៍ថា “ពួកគេត្រូវការវាយតម្លៃសមត្ថភាពយោធារបស់ខ្លួន…គុណសម្បត្តិនិងផលប៉ះពាល់”។ លោក ហេង រតនា បានលើកឡើងបន្តទៀតថា លោកមិនដឹងថា តើរដ្ឋាភិបាលប្រើពេលវាយតម្លៃយូរប៉ុណ្ណានោះទេ ហើយថា ការងារនេះភាគច្រើនបញ្ជូនឲ្យក្រសួងការពារជាតិជាអ្នកចាត់ចែង។
លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្វែរសំណួរទៅលោក ប្រាក់ សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលមិនអាចទាក់ទងបាន។ មកទល់ពេលនេះ ប្រទេសចំនួន១១២បានចូលរួមក្នុងអនុសញ្ញានេះ ហើយប្រទេសទាំងនោះបានចាប់អនុវត្តកាលពីខែសីហា ឆ្នាំ២០១០ និងហាមមិនឲ្យមានការប្រើប្រាស់ អភិវឌ្ឍ ផលិត ស្តុកទុកគ្រាប់បែកចង្កោម។ គ្រាប់បែកចង្កោមបំបែកជាគ្រាប់បែកតូចៗច្រើនគ្រាប់នៅពាក់កណ្តាលផ្ទៃអាកាស ហើយគ្រាប់បែបប្រភេទនេះច្រើនតែមិនមានសុក្រឹតភាព និងមិនផ្ទុះចំគោលដៅ ហើយជារឿយៗតែងតែបង្កការគំរាមកំហែងអាយុជីវិតជនស៊ីវិលរយៈពេលច្រើនទសវត្សរ៍មកហើយ។
មានការប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកតូចៗចំនួន២៦លានគ្រាប់មកលើកម្ពុជា អំឡុងសង្គ្រាមឥណ្ឌូចិនលើកទី២ ហើយក្នុងចំណោមគ្រាប់ទាំងនោះ មាន៧,៨លានគ្រាប់ប្រហែលជាមិនបានផ្ទុះចំគោលដៅទេ។
បើទោះជារដ្ឋាភិបាលបានសន្យាចូលរួមកិច្ចប្រជុំនេះក៏ដោយ ក៏ខ្លួនបានផ្តល់មូលហេតុតិចតួចសម្រាប់គាំទ្រការពន្យារពេលរបស់ខ្លួនរាប់ទាំងតម្រូវការពេលថែមទៀត ដើម្បីធ្វើបញ្ជីអាវុធរបស់ខ្លួន និងការព្រួយបារម្ភផ្នែកសន្តិសុខតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសថៃ ដែលមិនមែនជាភាគីរដ្ឋមួយផងដែរ។
អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជាដែលត្រួតពិនិត្យសកម្មភាពរបស់ CMAC និងសកម្មភាពច្រើនបំផុតនៃសកម្មភាពដោះមីនរបស់រដ្ឋាភិបាល ជាធម្មតាតែងតែបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំភាគីរដ្ឋក្នុងអនុសញ្ញានេះ ក្នុងនាមជាអ្នកសង្កេតការណ៍។ លោក ណេត សុផល មន្ត្រីព័ត៌មានរបស់អាជ្ញាធរនេះ បានលើកឡើងថា លោកមិនដឹងថា តើពួកគេបញ្ជូននរណាម្នាក់ទៅចូលរួមកិច្ចប្រជំុឆ្នាំនេះនៅទីក្រុងហ្សាំបៀ ដែលចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ឬថា តើកម្ពុជានឹងចូលរួមកិច្ចប្រជុំនេះដែរឬយ៉ាងណាទេ។
លោក ទន់ ចាន់ណារ៉េត សមាជិកយុទ្ធនាការកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលដែលហាមដាក់គ្រាប់មីន និងគ្រាប់បែកចង្កោម បានលើកឡើងថា ប្រទេសកម្ពុជាគួរតែចុះហត្ថលេខាលើសន្ធិសញ្ញានេះឲ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោក ចាន់ណារ៉េត ដែលបាត់បង់ជើងពីររបស់គាត់ដោយសារគ្រាប់មីននៅដើមទសវត្សរ៍១៩៨០ មានប្រសាសន៍អំពីការពន្យារពេលរបស់កម្ពុជាក្នុងការចូលរួមអនុសញ្ញានេះថា “ខ្ញុំសោកស្តាយចំពោះរឿងនេះ” ។ លោកបន្តថា “ខ្ញុំចង់ឃើញកម្ពុជាចុះហត្ថលេខា ពីព្រោះខ្ញុំមិនចង់ឲ្យរដ្ឋាភិបាលបន្ទាប់ជាប់ពាក់ព័ន្ធជាមួយបញ្ហានេះទេ”។
ក្រុមអ្នកធ្វើយុទ្ធនាការបានលើកឡើងថា ការចូលរួមក្នុងសន្ធិសញ្ញានេះ អាចទាក់ទាញការផ្តល់មូលនិធិអន្តរជាតិដល់កម្ពុជាបន្ថែមទៀត សម្រាប់សកម្មភាពបោសសំអាតគ្រាប់បែកចង្កោម។ មជ្ឈដ្ឋានផ្សេងៗទៀតលើកឡើងថា ជំនួយបន្ថែមទៀតនឹងអាចបានមកពីការកាត់បន្ថយការផ្តល់មូលនិធិសម្រាប់សកម្មភាពដោះមីនផ្សេងទៀតដែលកំពុងដំណើរការហើយ។
(រាយការណ៍បន្ថែមដោយ អូន ភាព)
ប្រែសម្រួលដោយ ចេវ ប៊ុននី