33 C
Phnom Penh

គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្សព្វផ្សាយ​​​ផែនការ​​​​ធ្វើ​បាតុកម្ម​អហិង្សានៅ​ភ្នំពេញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី និង​ លោក កឹម សុខា​ មេ​​​ដឹក​​នាំ​គណ​បក្ស​សង្គ្រោះ​​​ជាតិ​​​​ បាន​ចុះ​​​ជួប​​​អ្នក​គាំ​ទ្រ​​​​​នៅ​​​ក្នុង​​​ខេត្ត​​កណ្ដាល​​ កាល​ពី​ម្សិល​មិញ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជា​ពល​រដ្ឋ​នៅ​ទី​នោះ​ និង​​​ដើម្បី​​​ធានា​ថា​ សន្ទុះ​​​នៃ​​​ការ​​​គាំ​ទ្រ​​​ការ​ធ្វើ​បាតុកម្ម​​ប្រឆាំង​​នឹង​​​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នៅ​​​តែ​​​បន្ត​​​កើនឡើង​​​​​។

​​លោក អេង​ ឆៃអ៊ាង​ ដែល​​​បាន​​​ជាប់​ឆ្នោត​​​​ជា​​តំណាង​រាស្រ្ត​​​​​​របស់​​​គណ​បក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​ខេត្ត​កណ្តាល​​​បាន​​​អះអាង​​​​ថា​​​​ ប្រជា​ពល​រដ្ឋ​រាប់​ម៉ឺន​​​​​​នាក់​បាន​មក​ជួប​លោក​ សម រង្ស៊ី និង​លោក កឹម សុខា​​​ នៅ​ឃុំ​​​​​​វិហាសួគ៌​ ក្នុង​ស្រុក​ខ្សាច់​​កណ្តាល​ ដែល​ជា​​​កន្លែង​​​អ្នក​​​ទាំង​​​ពីរ​​​​​​​អំពាវ​នាវ​​​ឲ្យ​​​​​អ្នក​គាំ​ទ្រ​​​​របស់​​​ខ្លួន​​​​ចូល​រួម​ក្នុង​​ការ​​​ធ្វើ​បាតុ​កម្ម​​រយៈពេល​បី​ថ្ងៃ​ ដែល​​​គ្រោង​​​ធ្វើ​​​ចាប់​ពី​ថ្ងៃ​អាទិត្យ​​នេះ​ ។

លោក អេង ឆៃអ៊ាង បាន​អះ​អាង​ថា អ្នក​គាំ​ទ្រ​គណបក្ស​ប្រ​ឆាំង​​ប្រហែល​២០.០០០​នាក់​​បាន​មក​ស្តាប់​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​​ជាតិ​​ផ្សព្វផ្សាយ​​​ពី​​​ការ​ធ្វើ​បាតុកម្ម​ ដែល​​​ចំនួន​​​នេះ​​​គឺ​ប្រហាក់​​​ប្រហែល​គ្នា​នឹង​ចំនួន​ប្រជា​ពល​​រដ្ឋ​ដែល​បាន​ចូល​រួម​​​ក្នុង​​​ពិធី​​​បួងសួង​នៅ​​​​​រាជ​ធានី​ភ្នំ​ពេញ​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​គណៈ​​កម្មា​​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​​​​​​លទ្ធផល​​​នៃ​​​ការ​​​បោះឆ្នោត​​​ ដែល​​​ប្រគល់​​ជ័យ​ជម្នះ​​​​ឲ្យ​​​បក្ស​ប្រជា​ជន​របស់​លោក​​​​​​ ហ៊ុន​ សែន​​ កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក អេង ឆៃអ៊ាង បាន​​​មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី “បាន​អំពាវ​នាវ​ឲ្យ​​​ប្រជា​ពល​រដ្ឋ​ចូល​រួម​ក្នុង​មហា​បាតុកម្ម​អហិង្សា​ ដើម្បី​​ស្វែង​រក​យុត្តិ​ធម៌ និង​ការ​ពិត​ជូន​ម្ចាស់​ឆ្នោត” ដោយ​លោកបាន​​​បន្ថែម​ថា កង្វះ​​​ឆន្ទៈ​​​របស់​​​គណបក្ស​​ប្រជា​ជន​​ក្នុង​​​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ពី​​​ភាព​មិន​ប្រក្រតី​​អំឡុង​ការ​បោះ​ឆ្នោត​ ធ្វើ​​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​​គ្មាន​​​​ជម្រើស​​​​ណា​​​​ផ្សេង​​​ក្រៅ​​​ពី​​​ការតវ៉ាបន្ត​​​ទៀត​​​​ទេ​​​។

លោក សម រង្ស៊ី បាន​លើកឡើង​​​​​​ថា​​ ព្រឹត្តិ​ការណ៍​​កាល​ពី​ម្សិល​មិញ​នេះ​ គឺ​ត្រូវ​​​បាន​​​រៀបចំ​​​​​​​ឡើង​ដើម្បី​ផ្សព្វផ្សាយ​​​ពី​សារៈ​​​សំខាន់​​​នៃ​​ការ​ធ្វើ​​បាតុកម្ម​លើក​ក្រោយ​នេះ​ និង​ដើម្បី​​​ធានា​​​ថា​​​ គណ​បក្ស​សង្គ្រោះ​ជាតិ​រក្សា​ទំនាក់​ទំនង​​​​ជាប់​​​ជានិច្ច​​​​ជា​មួយ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​។

លោក​ សម​​​ រង្ស៊ី​​​ ​​​មាន​ប្រសាសន៍​​ថា “តាម​​​ពិត​​​ទៅ​​​ យើង​​​​ស្តាប់​ពួក​គាត់​​​​​​ច្រើន​​​​​​​​ដូច​​​ពួកគាត់​​​​​​និយាយ​​​មក​​​កាន់​​​យើង​​​ដែរ​​​ ​​​ហើយ​ពួក​គាត់​បាន​​​​ប្រាប់​យើង​ថា​​​ ធ្វើ​​​យ៉ាងណា​​​​​​​​​​គឺ​​​មិន​ត្រូវ​ទទួល​យក​​លទ្ធ​ផល​របស់ ​គ.ជ.ប.​​​​ទេ​​​ ហើយ​យើង​ដាច់ខាត​​​មិន​​​ចុះ​​​ញ៉ម​​​ឡើយ​”។ លោកបាន​​​បន្ថែម​​​​ថា​​ “យើង​បាន​សួរ​ថា​​​​៖ ​តើ​បង​ប្អូន​មាន​​​ឆន្ទៈ​​​ចូល​រួម​ទេ?​​​​ ​ពួក​គាត់​​ឆ្លើយ​​ថា​ មាន​​​ ​ហើយ​បន្ទាប់​មក​ ពួក​​គាត់​​​​​ក៏​​​បាន​ចាប់​ផ្តើម​រៀប​ចំ​ស្បៀង​អាហារ​ និង​សម្ភារ​សម្រាប់​​ការ​អង្គុយ​តវ៉ា​រយៈពេល​បី​ថ្ងៃ”។

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ម្សិល​មិញ​ ដែល​​​មាន​​​ការ​​​បញ្ជាក់​​​​​​ថា អ្នក​គាំ​ទ្រ​របស់​ខ្លួន​បាន​បរិច្ចាគ​ថវិកា​ចំនួន​៦៨​លាន​រៀល​ ប្រាក់​បាត​ថៃ​ចំនួន​​២.២០០​បាត និង​ប្រាក់​ដុល្លារ​ចំនួន​​​២៧.៥២១​​ដុល្លារ​ ព្រមទាំង​ទឹក​សុទ្ធ​​ចំនួន​៥​.០០០​យួរ​​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា នៅ​មុន​ថ្ងៃ​ធ្វើ​បាតុកម្ម​​រយៈ​ពេល​បី​ថ្ងៃ​នោះ​។

លោក សម រង្ស៊ី និង​លោក កឹម សុខា​ នឹង​ជួប​ជាមួយ​​ក្រុម​អាជីវករ​​​ផ្សារ​អូរ​ឫស្សី ក្នុង​រាជ​ធានី​ភ្នំ​ពេញ នៅ​ព្រឹក​​​ថ្ងៃ​​​​​​នេះ​​​​​​ មុន​ពេល​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី នៅ​ថ្ងៃ​ពុធ​ ហើយ​​ក្រោយ​មក​ទៀត​ លោក​​​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀម​រាប បាត់​ដំបង និង​​ខេត្ត​ពោធិ៍សាត់ នៅ​​ក្នុង​សប្តាហ៍​នេះ​​​ ដើម្បី​បន្ត​​​​​ផ្សព្វផ្សាយ​​​ពី​​​​​​គម្រោង​​​ធ្វើ​​​​មហា​បាតុកម្ម​​​​នេះ​​​៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស