38 C
Phnom Penh

ព្រះ​មហាក្សត្រ​​កំណត់​កាល​បរិច្ឆេទ​បើក​សម័យ​ប្រជុំ​សភាដំបូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ព្រះ​មហាក្សត្រ​ នរោ​ត្តម​ សីហមុនី បាន​ផ្ញើព្រះរាជសារ​ថា ព្រះអង្គ​នឹង​​​កោះ​​សម័យ​ប្រជុំ​​​​​សភា​​​មួយ​​​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ជា​សម័យ​ប្រជុំ​ដំបូង ដោយ​សង្ឃឹម​ថានឹង​អាចបង្កើត​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​បាន​​ ទោះបីជាគណ​​​បក្ស​សង្គ្រោះ​ជាតិ​​បាន​ប្ដេជ្ញា​ថានឹង​ធ្វើ​ពហិការក៏ដោយ។ 

គណបក្ស​សង្គ្រោះជាតិ​ ដែល​​កំពុង​ជំទាស់​នឹង​ជ័យ​ជម្នះ​ផ្លូវ​ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលកំពុង​កាន់​អំណាច​ ហើយនិយាយ​ថា ខ្លួន​នឹង​ធ្វើ​ពហិការ​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា ប្រសិន​បើ​រដ្ឋាភិបាល​​មិន​​យល់​ព្រម​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​អព្យាក្រឹត​មួយ​លើ​ការ​បោះ​ឆ្នោត​​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ដែល​នៅ​តែ​ធ្វើ​ឲ្យ​​ប៉ះពាល់​ ដោយ​សារ​តែ​​មាន​សេចក្ដី​រាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​ជា​ទូទៅ​ ដែល​​មិន​ទាន់​មាន​ការ​ដោះស្រាយនៅឡើយ​។

បណ្ដា​​មេធាវី​ និង​អ្នក​វិភាគ​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​​មិន​អាច​​បង្កើត​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​ដោយ​ស្រប​ច្បាប់​បាន​ទេ ប្រសិន​បើ​គ្មាន​​គណបក្ស​សង្គ្រោះជាតិ​ចូល​រួម​​ទេ​នោះ​។

នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​លោក​ អ៊ឹម សួស្ដី​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ចុះ​ថ្ងៃ​ម្សិលមិញ​ ដែលព្រះ​មហាក្សត្រ ​នរោត្តម​សីហមុនី​ បាន​ទទួល​លទ្ធផល​​បោះឆ្នោត​ផ្លូវ​ការ​របស់​គណៈកម្មា​ធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជា​អ្នក​ឈ្នះ​។

នៅ​ក្នុងព្រះរាជសារព្រះ​មហាក្សត្រ​​​ ​នរោ​ត្តម​ សីហមុនី​ បាន​មាន​បន្ទូល​ថា “ខ្ញុំនឹង​អញ្ជើញ​​បេក្ខជន​ជាប់​ឆ្នោត​​ជា​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​ទាំង​អស់​​​ដើម្បី​​​​​បើក​សម័យ​ប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ នៅ​វិមាន​រដ្ឋ​សភា​”។ ព្រះ​មហាក្សត្រ​​បាន​​ផ្ញើ​លិខិត​នេះ​ពី​ប្រទេស​ចិន​ ដែល​ព្រះអង្គ​បាន​ចាក​ចេញ​​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​។

លោក​ ឈាង វុន សមាជិក​សភា​គណបក្ស​ប្រជា​ជន​​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យរដ្ឋ​​​​សភា​​បាន​មាន​ប្រសា​សន៍​ថា ព្រះមហាក្សត្រ​គ្រោង​​នឹង​យាង​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​វិញ​​​​នៅ​ថ្ងៃ​ពុធ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ព័ត៌មាន​មិន​ផ្លូវ​ការ​ ដែល​យើ​ង​ទទួល​បាន​គឺ​ថា ព្រះ​មហាក្សត្រ​នឹង​យាង​ត្រឡប់​មក​វិញ ហើយ​​​​​នឹង​កោះ​ប្រជុំ​សភា​”។

រដ្ឋធម្មនុញ្ញតម្រូវ​ឲ្យ​ព្រះ​មហាក្សត្រ​កោះ​ប្រជុំ​​ដំបូង​នៃ​រដ្ឋ​សភា​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ក្រោយការ​បោះឆ្នោត​ ហើយ​នៅ​ក្នុង​ករណី​នេះ​គឺថ្ងៃ​ទី​២៨ ខែ​កញ្ញា​។ ប៉ុន្តែ​​ដោយ​មិន​ពេញ​ចិត្ត​នឹង​ការ​ដោះ​ស្រាយ​​របស់​គណៈ​​​កម្មាធិការជាតិ​​​រៀប​​​ចំការ​បោះ​​​ឆ្នោតលើ​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ គណ​បក្ស​​​​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​​បាន​អះអាង​ថា សមាជិក​សភា​​របស់​ខ្លួន​ ដែល​​ជាប់​ឆ្នោត​​ចំនួន​៥៥​រូប​ បើយោង​ទៅ​តាម​លទ្ធផលរបស់ គ.ជ.ប. គណ​បក្ស​​​​សង្គ្រោះជាតិ​នៅតែ​​បន្ត​​ការ​គំរាម​កំហែង​របស់​ខ្លួន​ ដើម្បី​ធ្វើ​ពហិការ​​សម័យ​ប្រជុំ​ដំបូង​នេះ​។​

ហើយ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា បើ​គ្មាន​ពួក​លោក​ចូល​រួម​ទេ​នោះ​ រដ្ឋាភិបាលណាមួយ​​ដែលត្រូវ​បង្កើត​ឡើង​ នឹង​​មិន​ស្រប​ច្បាប់​ឡើយ​។​ លោក​បាន​មាន​ប្រសាសន៍​ថា “​អ្នក​ណា​ ដែល​ចូល​រួម​​ក្នុងសម័យ​ប្រជុំ​បែប​នេះ​ ខ្ញុំ​គិត​ថា ពួក​គេ​ល្មើស​ច្បាប់​ហើយ​ ហើយ​ខ្ញុំ​​មិន​គិត​ថា នឹង​មាន​បុគ្គល​មាន​ហេតុ​ផល​ណា​ម្នាក់​​សុខ​ចិត្ត​ល្មើស​ច្បាប់​​ដោយ​បែប​នេះ​ឡើយ​”។​

គណបក្ស​ប្រជាជន​កម្ពុជា​អះអាងថា​ ខ្លួន​អាច​​បើក​សម័យ​ប្រជុំ​ដំបូង​​នៃ​រដ្ឋ​សភាបាន​ ហើយ​បង្កើ​ត​រដ្ឋាភិបាល​អាណត្តិ​បន្ទាប់​​ជាមួយ​នឹង​សមាជិក​សភា​៦៨​រូប​របស់​ខ្លួន​តែ​ម្នាក់​ឯង​។

លោក​ សុក សំអឿន​ មេធាវី​ការពារ​សិទ្ធិ​មនុស្ស​​ដែលលេច​ធ្លោ​មួយ​រូប​ ហើយ​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​​ការពារ​សិទ្ធិ​កម្ពុជា ជាអង្គ​ការ​ក្រៅ​រដ្ឋាភិបាលផ្ដល់​​​ជំនួយ​​ផ្នែក​ច្បាប់​បាន​មាន​ប្រសាសន៍​ថា ព្រះ​មហាក្សត្រ​អាច​​កោះ​ប្រជុំ​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា​​បាន​ បើ​ទោះ​បី​ជា​គ្មាន​តំណាង​រាស្ត្រ​បង្ហាញ​​តែ​មួយ​ឬ​ពី​រ​រូប​ក៏​ដោយ​។

ប៉ុន្តែ​រដ្ឋ​ធ្មនុញ្ញ​​ចែង​ថា ​រដ្ឋសភា ដែល​មាន​សុពលភាព​​ត្រូវ​តែ​មាន​សមាជិក​សភា​១២០​រូប​។ ហើយ​​ប្រសិន​បើ​​គ្មាន​​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​​ណាម្នាក់​ក្នុង​ចំណោម​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​កាន់​មុខ​តំណែង​ទេនោះ​ លោក សុក សំអឿន​ បាន​មាន​ប្រសាសន៍​ថា គ្មាន​ផ្លូវ​ដែល​រដ្ឋ​សភា​​មាន​​ចំនួន​​សមាជិក​សភា​គ្រប់​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “អ្នក​ត្រូវ​ការ​១២០​រូប​ស្បថ​ចូល​កាន់​មុខ​តំណែង​ ដើម្បី​បង្កើ​ត​រដ្ឋ​សភា​។ ប្រសិន​បើ​​មាន​តែ​៦៨​រូប​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​​ស្បថ​ចូល​កាន់​មុខ​តំណែង​នោះ​ តើ​​រដ្ឋ​សភា​​បង្កើត​ឡើង​ឬ​នៅ​​សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​គិត​ដូច​ច្នេះ​ទេ ហើយ​ប្រសិន​បើ​សភា​មិន​ទាន់បង្កើត​ឡើង​​ទេ​នោះ​ សមាជិក​សភា​ក្រុម​នោះ​មិន​អាច​ធ្វើ​​សេចក្ដី​សម្រេច​បាន​ឡើ​ង”។

គណបក្ស​ប្រជាជន​កម្ពុជា​​និយាយ​ថា ​ខ្លួន​​មាន​វិធី​​ដោះ​ស្រាយ​​ហើយ​។ នៅ​ក្នុង​សុន្ទរក​ថា មួយ​ បន្ទាប់​ពី​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ក្រោយ​ការ​​បោះ​ឆ្នោ​ត លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​គណបក្ស​​ប្រឆាំង​​ថា គណៈ​​​កម្មាធិការ​​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​អាច​នឹង​ប្រគល់​អាសនៈ​របស់​គណកប្ស​សង្គ្រោះ​​ជាតិ​​ឲ្យ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​​ ប្រសិន​បើ​​គណ​​បក្ស​នេះ​បន្ត​ធ្វើ​ពិហិការ​។

ច្បាប់ស្ដី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​របស់​ប្រទេស​កម្ពុជា​​ចែង​ថា គ.ជ.ប. អាច​បែង​ចែក​ឡើង​វិញ​នូវ​​អាសនៈ​របស់​គណបក្ស​មួយ​ឲ្យ​ទៅ​គណបក្ស​មួយ​ទៀត​ ប្រសិន​បើ​គណបក្ស​នោះ​​ប្រកាស​បោះ​បង់​ចោល​អាសនៈ​របស់​ខ្លួ​ន​ ឬ​ត្រូវ​បាន​​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​​គណបក្ស​​នយោបាយ​ដែល​មាន​ការ​ទទួល​ស្គាល់​។

រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​អ្វី​កើត​ឡើង​ទេ​។ លោក​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា គណបក្សសង្គ្រោះជាតិ​នឹង​ប្រកាស​បោះបង់​អាសនៈ​របស់​ខ្លួនចោល​​​តាម​រយៈ​ការ​ធ្វើ​ពហិការ​។ ប៉ុន្តែ​មេធាវី​ អ្នក​វិភាគ​ និង​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​​មិន​យល់ស្រប​ដូច្នេះ​ទេ។ លោក​ សុក សំអឿន​​ បាន​មានប្រសាសន៍​ថា “​តើ​ការ​ធ្វើ​ពហិការ​​ មាន​ន័យ​ថា បោះបង់ឬ​?  ខ្ញុំមិន​គិត​ដូច្នេះ​ទេ​”។

លោក​ ទេព​ នីថា អគ្គលេខាធិការ​​​នៃ​​​គណៈ​​កម្មាធិការ​​​​ជាតិ​រៀប​​​ចំ​​​​ការ​បោះ​ឆ្នោត​បាន​យល់​ស្រប​បែប​នេះ។ ​លោក​បាន​មាន​ប្រសា​សន៍​ “ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​ពហិការ ​​វា​មិន​មាន​ន័យ​ថា អាសនៈ​របស់​ពួក​គេ​​ត្រូវ​យក​ទៅបែង​ចែក​នោះ​ឡើយ​ ប្រសិន​បើ​ពួក​គេ​មិន​ប្រកាស​បោះ​បង់​ទេ​នោះ​។ ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​សុន្ទរ​កថា របស់​លោក​ ហ៊ុន​ សែន ទេ វា​ជា​សុន្ទរកថា របស់​អ្នក​នយោបាយ​”។

លោក ឈាង​ វុន មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា វា​ដល់​ពេល​​  ដែល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​ទទួល​ស្គាល់​​បរាជ័យរបស់​ខ្លួន​​ហើយ​។ លោក​បាន​ថ្លែង​ទៀត​ថា “ប្រជា​ពល​រដ្ឋ​បាន​ជ្រើស​រើស​គណបក្ស​​ប្រជាជនឲ្យ​ដឹក​នាំ​។ ប្រសិន​បើ​គណបក្ស​​ប្រឆាំង​​បន្ត​ធ្វើ​ពហិការ​ ពួក​គេ​ត្រូវ​តែ​ដឹង​ថា ប្រជាពល​រដ្ឋ​២,៩​លាន​នាក់​ ដែល​បាន​បោះ​ឆ្នោត​​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ នឹង​បន្ទោស​​ពួក​គេ​​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​​អាណត្តិ​ទី​៦ ហើយ​​គណបក្ស​ប្រជាជន​កម្ពុជា​​នឹង​រង់​ចាំ​មើល​ ហើយ​រីក​រាយ​​ចំាទទួល​ផល​”។​

ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា និង ​គ.ជ.ប. ពិត​ជា​​ជម្នះ​​បង្កើត​​រដ្ឋាភិបាល​បន្ទាប់​ ដោយ​គ្មាន​គណបក្ស​ប្រឆាំង​មែន​ លោក​ សុក សំអឿន​ បាន​មានប្រសាសន៍​ថា លោក​​ឃើញ​តែ​មាន​បញ្ហា​ ហើយ​មិន​មែន​សម្រាប់​​តែ​គណបក្ស​សង្គ្រោះជាតិ​ទេ​។ លោក​បានថ្លែង​​ថា “តើ​​សាធា​រណ​ជន និង​សហគមន៍​អន្តរជាតិ​នឹង​យល់​ថា​​ស្រប​ច្បាប់​ទេ? ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​​កាន់​អំណាច​​​គិត​ថា ពួក​គេ​អាច​ធ្វើ​បាន​ ហើយ​គណបក្ស​សង្គ្រោះជាតិ​និយាយ​ថា ពួក​គេ​មិន​អាច​ធ្វើ​បាន​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា ពួក​គេ​មិន​អាច​ធ្វើ​បាន​ទេ ខ្ញុំ​នឹង​គិត​ថា នឹង​មាន​បាតុកម្ម​ធំ ហើយ​ប្រជា​ពល​រដ្ឋ​នឹង​រងគ្រោះ”។

គណបក្សសង្គ្រោះជាតិ​បាន​ធ្វើ​មហា​បាតុ​កម្ម​​មួយ​ ដែល​មាន​អ្នក​​ចូល​រួម​ជាង២០.០០០​​នាក់​ ដើម្បី​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​បាន​លើក​ឡើង​ថា  ខ្លួន​បាន​អំពាវនាវ​ឲ្យ​មាន​​មហា​បាតុកម្ម​ធំ​ជាង​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​៕

ប្រែសម្រួលដោយ តែម សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស