32 C
Phnom Penh

គ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្តក្រុង​និង​រថយន្ត​ធុនធ្ង​ន់ធ្វើឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​បីនាក់​រង​របួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រីបាន​និយាយ​ថា  ស្ត្រី​ម្នាក់​​បាន​ស្លាប់​​ និង​មនុស្ស​បីនាក់​ទៀត​រង​របួស​ធ្ងន់​នៅ​ពេល​រថយន្ត​ក្រុង​មួ​យ​គ្រឿង​បាន​បុក​ជាមួយ​រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿងទៀត​ដែល​ដឹក​សត្វ​គោ​ ហើយ​បាន​ជ្រុលទៅ​បុក​ហាង​កាត់​ដេរ​សម្លៀក​បំពាក់​មួយ​​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំ​ង​កាល​​​ពី​រំលង​អធាត្រ​ឈាន​ចូល​​ព្រឹក​ម្សិល​មិញ ។

លោក​ អ៊ា​ ប៊ុន​ធឿន  នាយនគរ​បាល​ចរាចរ​ខេត្ត​​កំពង់​ឆ្នាំ​ង​​បាន​មាន​ប្រសាសន៍​ថា ស្ត្រី​ម្នាក់​​ដែល​គេ​មិន​ទាន់​បាន​ស្គាល់​អត្ត​សញ្ញាណនៅ​ឡើយ​នោះត្រូវ​បាន​ផ្លោង​ចេញ​តាម​កញ្ចក់​រថយន្ត​ក្រុង​​របស់​ក្រុម​ហ៊ុន​​ផារ៉ា​ម៉ោន​ អង្គរ​អិច​​ប្រេស្ស​ដឹក​អ្នក​ដំណើរនៅ​ពេល​ដែល​រថ​យន្ត​​នេះកំពុង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំ​ពេញ​ឆ្ពោះ​ទៅ​ក្រុង​​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយមាន​ជ័យ។

លោក​បាន​មាន​ប្រសាសន៍ថា “សាក​សព​ស្ត្រី​រូប​នេះត្រូវ​បាន​រក្សា​ទុក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ដើម្បី​រង់​ចាំសាច់​ញាតិ​មក​ទទួល​យក​ទៅធ្វើបុណ្យ​នៅ​ស្រុក​កំណើត​​ ហើយ​អ្នក​​ដំណើរ​បី​នាក់​ទៀត​ដែល​​រង​របួស​នោះ​ត្រូវ​បានសាច់​ញាតិ​​បញ្ជូន​​​​​​មក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​”។

លោក ប៊ុន​ធឿន​ បាន​មាន​​ប្រសាសន៍​បន្ថែម​​ថា អ្នក​បើក​បរ​រថយន្ត​ក្រុង​ និង​រថ​យន្ត​ដឹក​សត្វ​​គោ​ដែល​បាន​បុកគ្នាពេញ​ទំហឹង​​​នៅ​ក្នុង​ឃុំ​ពង្រ​ ស្រុករលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំ​ងនេះ​បាន​​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ក្រោយ​ពី​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​​នេះ​។ លោក​បាន​មាន​ប្រសាសន៍ថា “ឥឡូវ​នេះ​យើង​កំពុង​ធ្វើរបាយ ការណ៍​ពីគ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ដើម្បី​ឲ្យ​អ្នក​បើក​បរ​រថ​យន្ត​ក្រុង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ ហើយ​យើង​បាន​ទូរស័ព្ទ​ទាក់​ទង​ទៅ​ [ក្រុម​ហ៊ុន​​ផារ៉ា​ម៉ោន​ អង្គរ​អិច​ប្រេស្ស​ដឹក​អ្នក​ដំណើរ]​ ដើម្បី​ប្រាប់​ពួក​គេ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​”។

កាល​ពីឆ្នាំ​មុន​ គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់​ធ្ងរ​ដែល​បង្ក​ដោយ​រថយន្ត​ក្រុង​​​ រួម​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​បីលើក​ក្នុង​មួយ​ខែ​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​​ផារ៉ា​ម៉ោន​ អង្គរ​អិច​ប្រេស្ស​ដឹក​អ្នក​ដំណើរ និង​ក្រុម​ហ៊ុន​ រិទ្ធិ​  មុនី ដឹកអ្នកដំណើរ​ ដែល​ជា​ក្រុម​ហ៊ុន​ដៃ​គូ​របស់​ក្រុម​ហ៊ុន​នេះ បាន​ធ្វើ​ឲ្យ​ក្រសួង​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​ចេញ​សេចក្តី​ប្រកាស​ថា ក្រុម​ហ៊ុន​រថយន្ត​ក្រុង​​ដឹកអ្នក​ដំណើរ​ទាំង​ឡាយ​ណា​ដែលមាន​កំហុស​​ដោយការ​​បើក​បរ​ហួស​ល្បឿន​កំណត់​ រំលោភ​ច្បាប់​ចរាចរ​ណ៍​ ឬ​បង្ក​របួសស្នាម​​ដល់​អ្នក​ដំណើរ​ ត្រូវ​​ប្រឈម​នឹង​ការ​ដក​ហូត​​អាជ្ញា​ប័ណ្ណ​ បន្ទាប់​​ពីបង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួនបីលើក​​។

​ចាប់​តាំង​ពីពេល​នោះ​មក​ក្រុម​ហ៊ុន​ក្រុម​ហ៊ុន​​ ផារ៉ា​ម៉ោន​ អង្គរ​អិច​ប្រេស្ស​​ និង​ក្រុមហ៊ុន​ រិទ្ធិ  មុនី  ​ប្រកប​​អាជីវកម្ម​មិន​សូវ​បាន​កាក់​កប​ទេ ប៉ុន្តែ​ក្រុម​​ហ៊ុន​​ទាំងពីរនេះ​មិន​ត្រូវ​បាន​ដក​ហូត​អាជ្ញា​ប័ណ្ណ​ទេ។

លោក ព្រាប​ ច័ន្ទ​វិបុល​ ប្រធាន​នាយក​ដ្ឋាន​​សាធារណការ​ នៅ​ក្រសួង​សា​ធា​រ​ណការ​និង​ដឹក​ជញ្ជូន​ បាន​មាន​ប្រសា​សន៍​ថា “ប្រសិន​បើ ក្រុម​ការ​ងារ​របស់​យើង​រក​ឃើញថា ក្រុម​ហ៊ុ​ន​​មួយ​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​លើក យើង​នឹង​ធ្វើ​ការ​ព្រមាន​។ប្រសិន​បើ​ ក្រុម​ហ៊ុន​ណា​មួយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ យើង​នឹង​រាយការណ៍​ជូន​ថ្នាក់​លើ​ស្នើ​សុំ​សេចក្តីសម្រេច​ថា តើ​ត្រូវ​បិទ​ក្រុម​ហ៊ុន​នេះ ឬ​មិន​បិទ”។

ទោះជាយ៉ាង​ណា លោក​  អ៊ា  ចរិយា​ ប្រធាន​​កម្ម​វិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅឯ​អង្គការ​​ជន​ពិការ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​ មាន​មន្ទិល​សង្ស័យ​​ពី​ចំណាត់​ការ​របស់​អាជ្ញាធរ​។ លោក​បាន​មាន​ប្រសាសន៍ថា “វា​ជា​ការ​ប្រសើរ​​ប្រសិន​បើ​រដ្ឋា​ភិបាល​ជំរុញ​ឲ្យ​មាន​ការ​​ចាត់​វិធាន​ការ​ចំពោះ​អ្វីដែល​គេបាន​លើក​ឡើង​  ពួកគេ​ចាំបាច់​ត្រូវ​មាន​ការ​ជំរុ​ញ​​ពី​ខាង​ក្រៅ​​។ បើ​មិន​ដូច្នេះ​ទេ​ក្រុម​ហ៊ុ​ន​ដែល​ពាក់​ព័ន្ធ​​នឹង​ការ​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍​នឹង​មិន​គោរពច្បាប់​ឡើយ​”។

លោក​ សោម  វិចិត្រ​ អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​​​ផារ៉ា​ម៉ោន​ អង្គរ​អិច​ប្រេស្ស​ដឹក​អ្នក​ដំណើរ​ បាន​មាន​ប្រសាសន៍ថា ការ​ស៊ើប​អង្កេត​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ជាភារកិច្ច​របស់​ក្រុម​ហ៊ុនធានារ៉ាប់រង​របស់ខ្លួន​គឺ​ក្រុមហ៊ុន​​កាំមិនកូ​ ជាក្រុម​ហ៊ុន​​ធានា​រ៉ាប់​រងរបស់​ជាតិ​។ លោក​បា​ន​មាន​ប្រសាសន៍ថា​ “យើង​បាន​ប្រគល់​បញ្ហា​នេះ​ទៅ​ឲ្យ ​[ក្រុម​ហ៊ុន​កាំមិន​កូ​] ដើម្បី​ដោះស្រាយ​  ពីព្រោះ​យើង​បានទិញ​ធានា​​​​រ៉ាប់​រង​ពីក្រុម​ហ៊ុន​នេះ” ហើយ​លោក​បដិ​សេធ​​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​គោល​នយោ​បាយ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​នេះ​ឡើយ​៕

ប្រែសម្រួលដោយ​ សោម សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស