29 C
Phnom Penh

ប្រពន្ធ​អ្នក​កាសែត​ដែលត្រូវ​គេ​សម្លាប់​ធ្វើបុណ្យខួបគម្រប់​១ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រពន្ធ​របស់​លោក​ ហង្ស សេរីឧត្តម​ អ្នក​កាសែត​ដែល​ត្រូវ​គេ​សម្លាប់​បានធ្វើ​បុណ្យ​ខួប​គម្រប់១​ឆ្នាំ​ជូន​សព​របស់​ប្តីអ្នក​ស្រី​កាល​ពីម្សិល​មិញ ដើម្បីបួង​សួង​សំុ​ឲ្យ​គេ​យកជន​ដៃ​ដល់​ដែលសម្លាប់​ប្តី​អ្នក​ស្រី​មក​​កាត់​ទោស​។

លោក ហង្ស សេរី​ឧត្តម​ ជា​អ្នក​យក​ព័ត៌​មាន​ឲ្យ​កាសែត​វីរជនខ្មែរ​​បាន​សរសេរ​អត្ថបទ​ពាក់ ព័ន្ធ​នឹង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ក្នុង​មូល​ដ្ឋាន​ដែល​បាន​រក​សីុ​ឈើ​ខុស​ច្បាប់នោះ​ត្រូវ​បាន​ឃាត​ករ​សម្លាប់​ហើយ​យក​ទៅដាក់​ក្នុង​ឃ្លុប​រថ​យន្ត​មួយ​ក្នុង​ខេត្ត​រ​តន​គិរី​កាល​ពីឆ្នាំ​មុន​។

អ្នក​ស្រី អ៊ឹម ចន្ធី ជាប្រពន្ធ​​របស់​គាត់​បាន​មាន​ប្រសាសន៍ថា “រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​​​ហើយ​ចាប់​តាំង​ពី​​ប្តីអ្នក​ស្រីបាន​ស្លាប់ទៅ ជន​ដៃ​​​​ដល់​ស្ថិត​នៅ​ក្រៅឃុំ​នៅ​ឡើយ  ​ដូច្នេះ​វា​អយុត្តិ​​ធម៌​ណាស់​ចំពោះ​អាយុ​​ជីវិត​ប្តី​របស់​ខ្ញុំ”។

កាល​ពីសប្តាហ៍​មុន​ អ្នក​ស្រី​ ចន្ធី បាន​ដាក់​ពាក្យ​​​ប​ណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ ក្រសួង​យុត្តិ​ធម៌​ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ បន្ទាប់​​ពី​សាលា​ដំបូង​ខេត្ត​រតន​គិរី​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា​លើ​លោក​ អាន​ ប៊ុន​ហេង​ និង​ប្រពន្ធ​របស់​គាត់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាតនេះ​​។

​យោង​តាម​ច្បាប់​ចម្លង​នៃ​ពាក្យ​បណ្តឹង​របស់​អ្នក​ស្រី ដែល​បាន​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ អ្នក​ស្រី ចន្ធី បាន​មាន​ប្រសាសន៍​ថា  សាលា​ដំបូង​ខេត្ត​បាន​បើក​សវនាការ​ជា​លើក​ទី​២​កាល​ពីថ្ងៃ​ទី​២ ខែ​សីហា​  តែ​មិន​បាន​ពិចារ​ណា​​ពី​ភ័ស្តុ​តាង​សំខាន់​ៗ រួម​មាន​​ការ​ថត​សំឡេង​សន្ទនា​តាម​រយៈ​ទូរស័ព្ទ​ឡើយ​។

លោក សំ ប្រជាមានិត​ ប្រធាន​ខុទ្ទ​កា​ល័យ​​របស់​លោក អង្គ វង្ស​វឌ្ឍានា​ រដ្ឋ​មន្ត្រី​ក្រសួ​ង​យុត្តិធម៌​បាន​មាន​ប្រសាសន៍ថា បើ​​អ្នក​ស្រី​ ចន្ធី​ បាន​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​​សាលាដំបូង​​ខេត្ត នោះទើប​ក្រសួង​យុត្តិធម៌​អាច​ធ្វើ​អន្តរាគមន៍​បាន​ដោយ​​បង្គាប់​ឲ្យ​មាន​ការធ្វើ​អធិការ​កិច្ច​បន្ថែម​។

លោក​ ផែន ឌីណា ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍ថា នគរ​បាល​ធ្វើ​អ្វី​​តាម​​ដែល​ខ្លួន​អាច​ធ្វើ​បាន​​ដើម្បីស៊ើប​អង្កេត​ពីការ​សម្លាប់​លោក​ ហង្ស​ សេរី​ឧត្តម​ ហើយ​ថា ​​នៅ​ចុងក្រោយ​វា​ជា​សមត្ថកិច្ច​របស់​តុលាការ​​ក្នុង​ការ​ពិនិត្យ​ភ័ស្តុតាង​ណា​ដែល​ខ្លួន​គិតថា សមហេតុផល។

លោក​ ឌីណា មាន​​ប្រសាសន៍​អំពី​លោក​ ប៊ុន​ហេង  និង​ប្រពន្ធ​របស់​គាត់​ថា “​តាម​ការ​ស៊ើបអង្កេត​ដ៏​ហ្មត់​ចត់​របស់​យើង យើង​រក​ឃើញថា ពួកគេ​ទាំង​ពីរនាក់​គឺជា​ជន​សង្ស័យ​​ដ៏​សំខាន់។ ប៉ុន្តែ ប្រសិន​បើ​តុលាការ​រក​ឃើញ​អ្វី​មួយ​ផ្ទុយពី​របាយការណ៍​របស់​នគរ​បាល​នោះ​វា​ជា​សិទ្ធិ​របស់​តុលាការ​ក្នុង​ការ​សម្រេច​ឲ្យ​ជន​​សង្ស័យ​ទាំង​ពី​នេះរួច​ផុត​ពីបទ​ឧក្រិដ្ឋ​នេះ​”។

អ្នក​ស្រី​ ចន្ធី បាន​មាន​ប្រសាសន៍ថា ការ​រួច​​ទោស​របស់​ឃាតករ​ដែល​​សម្លាប់​ប្តី​អ្នក​ស្រី​ បាន​បញ្ជូន​សារ​មិន​ត្រឹម​ត្រូវ​ដល់​សហ​គមន៍​នេះ។ អ្នក​ស្រី​បាន​ពន្យល់​ថា ប្រសិន​បើ​​មនុស្ស​​​ដែល​បានសម្លាប់អ្នក​កាសែត​មិន​ជាប់​ពន្ធ​នាគារ​ទេ​នោះ​ អាយុជីវិត​របស់​អ្នក​កាសែត​ខ្មែរ​ជាច្រើន​នាក់​​ទៀត​ត្រូវ​ប្រឈម​នឹង​ហានិ​ភ័យ​ ខណៈ​ដែល​ពួកគេ​បំពេញ​ការងារ​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់។ អ្នក​ស្រីបាន​មាន​ប្រសាសន៍ថា “ ដើម្បី​ការ​ពារ​អ្នកកាសែត​ឲ្យ​រួច​ផុត​ពីការ​​សម្លាប់​នោះ ដាច់ខាត​តុលាការ​ត្រូវ​តែ​ផ្ត​ន្ទា​ទោស​ និង​ចាប់​ជន​ដៃ​ដល់​ដាក់​ពន្ធនាគារ​”៕

ប្រែសម្រួលដោយ​ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស