34 C
Phnom Penh

ព្រះ​រាជអាជ្ញា​អន្តរជាតិលាលែង​ពី​សាលា​ក្តី​​ខ្មែរ​ក្រហម​ចំ​ពេល​មាន​បញ្ហាហិរញ្ញវត្ថុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​  អែនឌ្រូ  ខេលី (Andrew  Cayley) សហ​​ព្រះរាជ​អាជ្ញា​អន្តរ​ជាតិ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​​បាន​ប្រកាស​ពីការ​លាលែង​របស់​លោក​កាល​ពីម្សិល​មិញ ដែល​នេះ​​ជា​ការ​ព្រួយ​បារម្ភ​មួយ​ទៀត​ចំពោះ​តុលាការ​ដែល​រង​ការ​រិះគន់​ដ៏​ច្រើន​នេះ​នៅ​ពេល​ដែល​សវនាការ​លើក​ដំបូង​ក្នុង​សំណុំ​រឿង​០០២​ប្រឆាំង​មេ​ដឹកនាំ​ខ្មែរ​ក្រហម​​ជាន់​ខ្ពស់​ជិត​ចូល​ដល់​ទី​បញ្ចប់​។

សេចក្តីប្រកាស​លាលែង​របស់​លោក ខេលី ​នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​បុគ្គលិក​ខ្មែរចំនួន​១៤០​នាក់​នៅ​តុលាការកូន​កាត់​​នេះ ​​ដែល​មិន​ទាន់​បាន​បើក​​ប្រាក់​ខែ​​រយៈ​ពេល​ជាង​បីខែមក​ហើយ​នោះ​  កំពុង​ធ្វើ​កូដ​កម្ម​  និង​មាន​រយៈ​ពេល​​មិន​ដល់​មួយ​សប្តាហ៍​ផង​ បន្ទាប់​ពី​អង្គការ​សហ​ប្រជា​ជាតិ​បាន​រិះ​គន់រដ្ឋាភិ បាល​កម្ពុជា​​ចំពោះ​ការ​មិន​បំពេញ​កាតព្វ​​កិច្ច​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ដើម្បី​ផ្តល់​មូល​និធិ​ដល់​សាលា​ក្តី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នេះ​។

លោក​  ខេលី  បាន​លើក​ឡើង​​ក្នុង​សេចក្តី​​ប្រកាសព្រាង​​ទុក​មួយថា “ខ្ញុំនឹង​ចាក​ចេញ​ពីអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​​កម្ពុជា​ដោយ​សារ​​ហេតុ​ផល​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​​ ឆ្នាំ​២០១៣​។ ខ្ញុំ​នឹង​ទៅ​រស់​នៅ​​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ ដែល​បាន​ត្រឡប់​ពី​កម្ពុជា​ទៅស្រុក​កំណើត​វិញ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៣​”។

សេចក្តីប្រកាស​​នោះ​លើក​ឡើង​ថា “ញុំ​មាន​កិត្តិយសណាស់​​ដែល​បាន​ចូល​រួម​ជា​ផ្នែក​មួយ​នៃ​​​ដំណើរ​ការ​ជាប្រវត្តិសាស្ត្រ​​​នេះ​ក្នុង​ការ​នាំ​មក​នូវ​​យុត្តិ​ធម៌​ជូន​ប្រជាជន​កម្ពុជា”។ ​យោង​តាម​សេចក្តីប្រកាស​នោះ ​លោក​ នីកូឡាស កូមជៀន (Nicholas Koumjiam) សហ​ព្រះ​រាជអាជ្ញា​បម្រុង​អន្តរ​ជាតិ​ ជា​មេធាវីជន​ជាតិ​អាមេរិក​ដែល​ធ្លាប់​ធ្វើ​ជា​មេធាវី​នាំមុខ​គេនៅ​ក្នុង​​សវនាការ​កាត់​ទោស​លោក ឆាល​ ថេល័រ​ (Charles Taylor) អតីត​ប្រធានាធិបតី​​លីបេរីយ៉ា​ នោះ ​នឹង​ជំនួស​លោក​ ខេលី នៅ​ខែ​តុលា​នេះ​។

លោក ខេលី មក​ពីប្រទេស​អង់គ្លេស​ត្រូវ​បាន​តែង​តាំង​ជា​សហ​ព្រះរាជអាជ្ញា​អន្តរ​ជាតិ​​នៅ​តុលាការ​នេះ​កាល​ពីខែ​ធ្នូ​ឆ្នាំ​២០០៩។​លោក​ធ្លាប់​បម្រើ​ការ​ងារ​ជា​មេធាវី​ជាន់​ខ្ពស់​នៅ​សាលាក្តី​ឧក្រិដ្ឋ​កម្មអន្តរជាតិ​ប្រចាំ​អតីត​យូហ្គោស្លាវី និ​ងចូល​រួម​នៅ​ក្នុង​ការ​សើុប​អង្កេតរបស់​​តុលាការ​ឧក្រិដ្ឋ​កម្ម​​អន្តរ​ជាតិ​ នៅ​ដាហ្វួ ប្រទេស​ស៊ូដង់​។

នៅ​ក្នុង​បទ​សម្ភាស​កាល​ពីម្សិល​មិញ​​លោក​ ខេលី បាន​មាន​ប្រសាសន៍ថា  ទោះ​បី​ជា​ពេល​វេលា​នៃការ​ធ្វើ​សេចក្តី​សម្រេច​លា​លែង​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​មុន​ពេល​បញ្ចប់​សវនា​ការ​លើក​ដំបូង​ក្នុង​សំណុំ​រឿង​០០២​នេះ​មិន​​មែន​ជាការ​ល្អ​ក៏​ដោយ​​ ក៏​ហេតុ​ផល​ផ្ទាល់​ខ្លួន​ និង​ហេតុ​ផល​វិជ្ជាជីវៈ​ធ្វើ​ឲ្យ​លោក​ចាំបាច់​ត្រូវ​ចាក​ចេញ​ពីតុលាការ​នេះ​។

លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​ដឹង​ថា វា​មិន​មែន​ជាពេល​ល្អសម្រាប់​ខ្ញុំ​ទេ​នៅ​ក្នុង​ការ​ចាក​ចេញ​នេះ ប៉ុន្តែ ខ្ញុំ​មាន​គ្រួសារ​ និង​ហេតុ​ផល​ផ្ទាល​់​ខ្លួន ​ព្រម​ទាំង​ហេតុផល​វិជ្ជា​ជីវ​ៈ​ចំពោះការ​ចាក​ចេញ​នៅ​ពេល​នេះ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ការ​ងារ​របស់​ខ្ញុំ​នៅ​ទី​នេះណាស់​។ ខ្ញុំ​មិន​មាន​ការ​អាក់​អន់​ចិត្ត​ ឬដឹង​ថា មាន​ទោ​ស​កំហុស​ណា​មួយ​​ [ ទើប​​លា​លែង​នោះទេ​]”។

លោក​  អែនឌ្រូ  ខេលី រួមជាមួយ​លោក​ស្រី​ ជា លាង ​សម​ភាគី​ជាតិ​របស់​លោក​បាន​ទទួល​បន្ទុកនៅ​​​ក្នុង​ការ​កាត់ទោសបាន​​ជោគ​ជ័យ​លើ​មេដឹកនាំខ្មែរ​ក្រហម​ម្នាក់​ចាប់​តាំង  ​ពី​តុលាការ​​នេះត្រូវ​បាន​បង្កើ​តឡើងនៅ​​ក្នុង​ឆ្នាំ​២០០៧​។

កាំង ហ្កេក អ៊ាវ ​ប្រធាន​ពន្ធនាគារ​​ស​២១​ដែល​គេ​ស្គាល់ច្បាស់​តាម​រយៈ​ឈ្មោះ​ ឌុច​ ជា​ឈ្មោះ​បដិវត្ត​ន៍​របស់​គាត់​នោះ​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​កាល​ពីខែ​កុម្ភៈ​ ឆ្នាំ២០១២​។

សវនាការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​​បិទបញ្ចប់​​ការ​ពិភាក្សា​ដេញ​ដោល​លើ​​សំណុំ​រឿង​០០២​​នាពេល​បច្ចុ​ប្បន្ន​​ដែល​នៅ​ក្នុង​សំណុំ​រឿង​នេះ​​សមាជិក​​ជាន់​ខ្ពស់​បួន​នាក់​នៃ​របប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីដំបូង​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​​​​រួម​ទាំង​បទ​ប្រល័យ​ពូជ​សាសន៍​នោះ​ គ​ឺគ្រោង​ធ្វើ​​នៅ​ខែ​ក្រោ​យ។

ក្នុង​ចំណោម​ចុង​ចោទ​ទាំង​បួន​នាក់​​មាន​តែ​បង​ធំទី​២​ខ្មែរ​ក្រហម​ គឺ  នួន​ ជា  និងអតីត​ប្រធាន​រដ្ឋ​  ខៀវ​ សំផន ទេដែល​នៅ​ត្រូវ​ឡើង​​សវនាការ​ ហើយ​គេ​រំពឹង​ថា នឹង​មាន​សេចក្តី​សម្រេច​​នៅ​ក្នុង​សំណុំ​រឿង​ប្រឆាំង​ពួក​គេ​​នៅ​ឆ្នាំ​ក្រោយ​​។

អៀង​ សារី  អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ខ្មែរ​​ក្រហម​​បាន​ស្លាប់​កាល​ពីខែ​មីនា  ក្នុង​អាយុ​៨៨ឆ្នាំ​ ហើយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ អៀង​  ធីរិទ្ធ​ អតីត​រដ្ឋ​មន្ត្រី​សង្គម​កិច្ច​ត្រូវ​បាន​ចាត់​ទុក​​ថា  មិន​អាច​ឡើង​សវនាការ​បាន​ដោយសារ​ជំងឺ​បាត់​បង់​ការ​ចង​ចាំ​ធ្ងន់​ធ្ងរ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១២​ ក្នុង​អាយុ​៨០ឆ្នាំ​។ លោក​ ខេលី បាន​មាន​ប្រសាសន៍ថា ការ​ចាក​ចេញ​របស់​គាត់​នឹង​មិន​ធ្វើ​ឲ្យ​រាំង​ស្ទះ​​ដល់​ការ​ធ្វើ​សេចក្តីសម្រេច​របស់​តុលាការ​នេះ​នៅ​ក្នុង​សវនាការ​លើក​ដំបូង​នៃ​សំណុំ​រឿង​០០២​ដែល​ផ្តោ​តសំខាន់​ទៅ​លើ​ការ​ចល័ត​ប្រជាជន​ទាំង​បង្ខំ​នៅ​ក្រោម​របប​ខ្មែ​រ​ក្រហម​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍ថា “ការិយា​ល័យ​សហ​ព្រះរាជអាជ្ញា​មាន​បុគ្គលិក​ដែល​​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​អស​់​រយៈ​ពេល​ជា​យូរ​មក​ហើយ​។ ខ្ញុំ​មាន​អនុប្រធាន​ម្នាក់​ [វីលៀម​ ស្មីត] ដែល​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​ប្រតិបត្តិការ​នៅការិយាល័យ​នេះ​។ ខ្ញុំ​គិត​ថា ការងារ​នឹង​ដំណើ​រការ​ជាធម្មតា​”។ ទោះ​ជា​ ភាគីជាតិ​នៅ​សាលាក្តី​នេះ​ខ្វះ​​​ថវិកា​ក៏ដោយ​ ក៏​លោក​ ខេ​លី​ បាន​មាន​ប្រសាសន៍​ថា គ្មាន​ការ​សង្ស័យ​ទាល់តែ​សោះ​ដែល​ថា សំណុំ​រឿង​០០២​នឹង​មិន​បញ្ចប់​។​

មិន​ដូច​លោក​ រ៉ូ​បឺត​ ពើ​ទី​ (Robert Petit) អ្នក​កាន់​តំណែង​មុន​លោ​ក​ដែល​បាន​លា​លែង​​ពី​សហ​ព្រះរាជ​អាជ្ញា​កាល​ពីខែ​មិថុនា​ឆ្នាំ​២០០៩​នោះ​ លោក​  ខេលី  បាន​ជៀស​វាង​​មិន​ឲ្យ​មាន​ការ​ទាស់ទែង​គ្នាជាសាធារណៈ​ជាមួយ​លោក​ស្រី ជា លាង សមភាគីជាតិ​របស់​លោក​នោះទេ អំឡុង​ពេល​លោក​ធ្វើ​ការ​នៅ​ក្នុង​សាលាក្តី​នេះ​។

​ទោះបីជា លោក​  ពើទី  បាន​លើក​ឡើង​ពីហេតុ​ផល​ផ្ទាល់ខ្លួន​ចំពោះការ​ចាក​ចេញ​របស់​លោក​ក្តី​ ក៏ការ​លាលែង​របស់​លោក​បាន​​កើត​មាន​ឡើង​ចំពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ជាសាធារណៈ​ជាមួយ​លោក​ស្រី ជា លាង​ អំពី​​ថា តើ​តុលាការ​នេះ​ត្រូ​វបើក​សវនាការ​ជំនុំ​ជម្រះ​មេដឹកនាំ​ខ្មែរ​ក្រហម​ប៉ុន្មាន​នាក់​ទៀត​ដែរនោះ​។

ចាប់​តាំង​ពី​ការ​​ចាប់​ផ្តើម​សាលាក្តី​នេះ​ដំបូង​​ក្នុង​ឆ្នាំ​២០០៦​មក​ សាលាក្តី​នេះ​បាន​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ពីបទ​ពុក​រលួយ​​ និង​ការ​ជ្រៀត​ជ្រែក​ពីសំណាក់​រដ្ឋាភិបាល​។ មន្ត្រី​ខ្មែរ​នៅ​តុលាការ​នេះ​ រួម​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​​បាន​ជំទាស់​ជា​សា​ធា​រណៈ​មិន​ឲ្យ​បន្ត​សវនាការ​ក្រៅ​ពី​សំណុំ​រឿង​០០២​ ប៉ុន្តែ លោក​ ខេលី បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា កា​រ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​ទាំង​នេះ​កំពុង​ដំណើរ​ការ​។

លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​​​ពិត​ជា​ដឹង​ថា  ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៣ និង​០០៤កំពុង​ដំណើរ​ការ​។ អ្នក​ស៊ើ​ប​អង្កេត​​កំពុង​ដំណើរ​ការ​ប្រមូល​ភ័ស្តុ​តាង​។​មិន​ថា ​ការ​​ស៊ើបអង្កេត​នេះ​នឹង​នាំឲ្យ​មាន​ការ​បញ្ចប់​​​ដីកា​សម្រេច​បិទ​សំណុំរឿង​ ឬអត់​នោះទេ​ ការ​ចោទ​​ប្រកាន់​ ឬ​ដីកាច្រាន​ចោល​ គឺជា​កិច្ច​ការ​របស់​ការិយាល័យ​នៃ​សហ​ចៅក្រម​ស៊ើប​អង្កេត​”។

អ្នក​ឃ្លាំមើល​តុលាការ​បាន​និយាយថា ពេល​វេលា​នៃការ​សម្រេច​​​​របស់លោក​ ខេលី​  ដើម្បី​ ចាក​ចេញពី​តុលាការ​នេះ​​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​មាន​​អារម្មណ៍​មិន​ល្អអំឡុង​ពេល​ដំណាក់​កាល​ចុង​ក្រោយ​ដ៏ចាំបាច់​​​នៃ​អ្វី​  ដែល​ជា​សវ​នា​ការ​ដ៏​សំខាន់​ និង​ប្រហែល​ជា​ចុង​ក្រោយ​​​នៅ​សាលា​ក្តីនេះ​។

លោក​ស្រី​ ហីឌ័រ រីយ៉េន (Heather Ryan)​ អ្នក​ឃ្លាំមើល​តុលាការ​នៅអង្គការ​គំនិត​​ផ្តួច​ផ្តើម​យុត្តិធម៌​សង្គម​សាធារណៈ​បាន​លើក​ឡើង​តាម​អ៊ីម៉េល​ថា “វាមិន​មែន​ជាការ​ល្អ​ទេ​ដែល​ព្រះរាជអាជ្ញា​អន្តរ​​ជាតិ​រូប​នេះ​មិន​ស្ថិ​តនៅ​ក្នុង​ក្រុម​ការ​ងារ​ចំពោះ​​​ការ​ជិត​បិទ​សំណុំរឿង​នេះ​​ដោយ​សន្មត​ថា សំណុំរឿង​ទាំង​នេះ​មិន​ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​វិបត្តិ​មូល​និធិ​សព្វ​ថ្ងៃ​នេះទេ​”។

លោក​ស្រីបាន​មាន​ប្រសាសន៍ថា “ទោះ​បីជា​វត្តមាន​របស់​គាត់​មិន​សំខាន់​ចំពោះ​ការ​បញ្ចប់​ដំណាក់​កាល​នៃ​សំណុំ​រឿង​នេះ​ក៏​ដោយ​ ក៏អ​វត្ត​មាន​របស់​គាត់​នឹង​ធ្វើ​ឲ្យ​មាន​ចន្លោះ​ប្រហោងក្នុង​ការ​ដឹកនាំសំណំុ​រឿង​នេះដែរ​”។ លោក​ស្រី​បាន​បន្ថែម​ថា ​តុលាការ​​នេះត្រូវ​ការ​ “ព្រះរាជអាជ្ញា​អន្តរ​ជាតិ​ដែល​មាន​សមត្ថភាព និងក្លាហាន​​ដើម្បី​ដោះ​ស្រាយ​​សំណំុរឿង​នេះ​រហូត​ដល់​ទី​បញ្ចប់​”។

លោក​ ឡុង​ បញ្ញា​វុធ​ អ្នក​ឃ្លាំមើ​ល​តុលាការ​​នៅ​អង្គការ​គំនិត​ផ្តួច​ផ្តើម​​យុត្តិធម៌​កម្ពុជា​បាន​មាន​ប្រសាសន៍ថា លោក​ក៏​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​ចាក​ចេញ​របស់​លោក​ ខេលី ដែរ​ ហើយ​លោក​បាន​បន្ថែម​ថា ភាសា​មិន​​ច្បាស់​លាស់​ដែល​ប្រើ​សម្រាប់​បង្ហាញ​ហេតុ​ផល​ចំពោះការ​លាលែង​របស់​គាត់​ធ្វើ​ឲ្យ​មាន​ចម្ងល់​អំពី​មូល​ហេតុ​ដែល​គាត់​សម្រេច​ចិត្ត​ចាក​ចេញ​នេះ​។

លោក​ បញ្ញា​វុធ​ បាន​មាន​ប្រសាសន៍ថា  “​គួ​រឲ្យ​សោក​ស្តាយ​ណាស់​  ដែល​គាត់​ចាក​ចេញ​​ចំ​ពេល​សវនាការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​​បិទបញ្ចប់​​ការ​ពិភាក្សា​ដេញ​ដោល​លើ​​​សំណំុ​រឿង​នេះ​ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ជា​ពិសេស​ប្រសិន​បើ​យើង​ក្រឡេក​មើល​យុទ្ធ​សាស្ត្រ​កាត់​ទោស​ទាំង​មូល​​។ លោក​គួរ​តែ​នៅ​រហូត​ដល់​មាន​ការ​ប្រកាស​សាល​ក្រម​”។

លោក​បាន​បន្ថែម​ថា​ “តើ​ហេតុ​ផល​ពិត​ប្រាកដ​ដែល​គាត់​ចាក​ចេញ​ គឺ​ដោយសារ​ហេតុផល​ផ្ទាល់​ខ្លួន​របស់​គាត់​មែន​ ឬ​? ឬ​ប្រហែល​ជាលោក​ អែនឌ្រូ  ខេលី​ ចាក​ចេញ​ដោយសារ​គាត់​មិនចង់​​ទទួល​ការ​ស្តី​បន្ទោស​ចំពោះ​ការ​បរាជ័យ​នៃ​សំណុំ​រឿង​០០៣ និង​០០៤​​ព្រម​ទាំង​ការ​បើក​សវនាការ​នៅ​ពេល​អនាគត​នៃ​សំណុំរឿង​០០២​”។

ក្នុង​នាម​ជា​ព្រះរាជអាជ្ញា​អន្តរ​ជាតិ​ជាន់​ខ្ពស់​នៅ​ក្នុងស​វនាការ​ដ៏​លេច​ធ្លោ​បំផុត​នៅ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ លោក​ ខេលី  កម្រ​មាន​មុខ​នៅ​ក្នុង​តុលាការ​ណាស់​  ប៉ុន្តែ គាត់​បាន​ចំណាយ​ពេល​ជាច្រើន​​ធ្វើ​ដំណើ​រទៅ​ក្រៅ​ប្រទេស​​ ដើម្បី​ស្វែង​រក​ការ​​​ឧបត្ថម្ភ​សម្រាប់​សាលា​ក្តីនេះ​ ជា​សេចក្តី​សម្រេច​មួយ​ ដែល​ត្រូវ​បាន​រិះគន់​ដោយ​លោក​ ​ម៉ៃឃើល កាណាវ៉ាស ដែល​បាន​ដឹក​នា​ំ​ក្រុម​មេធាវី​ អៀង​ សារី រហូត​ដល់​​ចុង​ចោទ​រូប​នេះ​​ស្លាប់​កាល​ពីដើមឆ្នាំនេះ​។
លោក​ កាណាវ៉ាស បាន​មាន​ប្រសាសន៍​ថា “គួរ​ឲ្យ​សោក​ស្តាយ​ណាស់ដែល​​លោក ខេលី ​​ មិ​នដែល​ដឹកនាំ​ធ្វើ​ការ​សំខាន់​ៗ​​ដូច​ដែល​​គាត់​បាន​សន្យា​ជាសាធារណៈ​នោះ​។​​គាត់​កម្រ​ចូល​មក​តុលាការ​ណាស់​”។

លោក​ កាណាវ៉ាស បាន​បន្ថែម​ថា “សា​លា​​ក្តី​ខ្មែរ​ក្រហម​ទទួល​បាន​ការ​ប្តេជ្ញា​ និង​ការ​តាំង​ចិត្ត​ពី​ព្រះរាជអាជ្ញាអន្តរជាតិ​ជាន់​ខ្ពស់​ច្រើន​ជាង​ខ្លួន​ទទួល​បាន​ពី​លោក​ ពើ​ទី ឬ​ លោក​ ខេលី ​”។

លោក​ ខេលី បាន​មាន​ប្រសាសន៍ថា លោក​​មិន​មាន​ការ​សោក​ស្តាយ​ចំពោះការ​ចំណាយ​ពេល​របស់​លោក​ច្រើន​នៅ​ក្រៅ​តុលាការ​នោះទេ​។លោកបាន​មាន​ប្រសាសន៍ថា “ខ្ញុំ​បាន​ចំណាយ​ពេល​របស់​ខ្ញុំច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​តុលាការ​នេះដំណើរការ​ និង​ធ្វើ​ឲ្យ​មាន​ការ​យល់ដឹង​ពី​តួនាទី​របស់​តុលាការ​នេះ​ ទំាង​នៅ​ទី​នេះ និង​នៅក្រៅ​ប្រទេស​ ហើយ​ខ្ញុំជឿ​ថា នោះគឺជាការ​ចំណាយ​ពេល​ដ៏ត្រឹម​ត្រូវ​”៕​

ប្រែសម្រួលដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស