ក្រុមហ៊ុនណាហ្គាខប (NagaCorp Ltd.,) ដែលជាម្ចាស់សណ្ឋាគារនិងកាស៊ីណូ ណាហ្គាវើល ក្នុងរាជធានីភ្នំពេញបានប្រកាសកាលពីម្សិលមិញថា ខ្លួនមានផែនការវិនិយោគទឹកប្រាក់៣៥០លានដុល្លារ លើរមណីយដ្ឋានកាស៊ីណូរុស្ស៊ីមួយនៅក្បែរព្រំដែនជាប់ប្រទេសចិន។ រមណីយដ្ឋានដែលនឹងត្រូវសាងសង់នៅក្រៅទីក្រុងកំពង់ផែវ៉្លាឌីវ៉ូស្តុក (Vladivostok) ភាគខាងកើត ក្នុងតំបន់ព្រីម៉ស្គី(Primorsky)ប្រទេសរុស្សីនេះ នឹងត្រូវគេឲ្យឈ្មោះថា ទីក្រុងរមណីយដ្ឋានកំសាន្តព្រីម៉ស្គីហៅកាត់ថា PERC និងជាការវិនិយោគដំបូងបំផុតរបស់ក្រុមហ៊ុននេះនៅក្រៅប្រទេសកម្ពុជា ដែលជាកន្លែងក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណផ្តាច់មុខសម្រាប់ប្រតិបត្តិការកាស៊ីណូ នៅភ្នំពេញ។
ក្នុងសេចក្តីប្រកាសជាសាធារណៈទៅផ្សារហ៊ុនហុងកុង (Hong Kong Stock Exchang) ក្រុមហ៊ុន ណាហ្គាខប បានឲ្យដឹងថា រមណីយដ្ឋានថ្មីនេះនឹងមានទីតាំងនៅលើដីប្រហែល២១៥ហិកតា ហៅថា “តំបន់កំសាន្តរួម” ដែលនឹងអនុញ្ញាតឲ្យមានល្បែងស៊ីសង ហើយនឹងរួមមានបន្ទប់សណ្ឋាគារចំនួន១.០០០ តុល្បែងចំនួន១០០ ទូល្បែង៥០០គ្រឿង សាលសន្និសីទមួយមានកៅអីចំនួន២.០០០ និងទីកន្លែងកំសាន្តមួយចំនួន ព្រមទាំងហាងលក់អាហារនិងភេសជ្ជៈមួយចំនួនទៀត។
បន្ទប់មេនីមួយៗក្នុងសណ្ឋាគារនឹងមានទំហំ១២០ម៉ែត្រក្រឡាបំពាក់ដោយបន្ទប់គេងចំនួនពីរ បន្ទប់ទទួលភ្ញៀវមួយ និងចង្ក្រានបាយមួយ។ ក្រុមហ៊ុនណាហ្គាខប មានផែនការលក់បន្ទប់មេទាំងនេះ មុនការសាងសង់បញ្ចប់ ជាផ្នែកនៃកម្មវិធីមួយដែលគេហៅថា កម្មវិធី “ព្រីម៉ស្គី ផ្ទះទី២របស់ខ្ញុំ”។
ជាការផ្តល់ភ្លើងខៀវ កិច្ចព្រមព្រៀងមួយរវាងលោក ចេន ឡិបគឹង (Chen Lip Keong) ប្រធាននាយកប្រតិបត្តិរបស់ណាហ្គាវើល និងលោក វ្ល៉ាឌីមៀ មីគ្លូសេវស្គី (Vladimir Miklushevsky) អភិបាលតំបន់ព្រីម៉ស្គីត្រូវបានចុះហត្ថលេខានៅក្នុងក្រុង វ៉្លាឌីវ៉ូស្តុក កាលពីថ្ងៃសុក្រ។ ណាហ្គាខប លើកឡើងនៅក្នុងសេចក្តីប្រកាសមួយទៅកាន់ផ្សារហ៊ុននេះថា“ ទស្សនវិស័យរបស់ក្រុមហ៊ុននេះ គឺធ្វើយ៉ាងណាអភិវឌ្ឍទីក្រុង ដែលមាននិរន្តរភាពមួយ ហៅថា PERC នៅតំបន់ព្រីម៉ស្គី ក្នុងក្រុង វ៉្លាឌីវ៉ូស្តុក ដោយនឹងមានការរួមបញ្ចូលគ្នានូវកត្តាចំនួនបី គឺបរិស្ថាន អាជីវកម្ម និងសហគមន៍ ដើម្បីឲ្យ PERC ក្លាយជាក្រុងរមណីយដ្ឋានកាសុីណូដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថានមានការទទួលខុសត្រូវចំពោះសង្គមនិងមានសក្តានុពលសេដ្ឋកិច្ច…។នៅថ្ងៃអនាគត វាជាសហគមន៍ចម្រុះជាតិសាសន៍ដ៏ធំមួយដែលមានប្រជាជនរស់នៅមិនក្រោម២០.០០០នាក់”។
ក្រុមហ៊ុននេះបានបន្ថែមថា គោលដៅរបស់ក្រុមហ៊ុននេះ គឺភ្ញៀវមកពីប្រទេសចិនភាគឦសាន កូរ៉េខាងត្បូង និងជប៉ុន”។ ក្រុមហ៊ុន ណាហ្គាខប បានឲ្យដឹងថា ខ្លួនមានផែនការបើករមណីយដ្ឋានថ្មីប្រកបដោយមហិច្ឆតាខ្ពស់នេះនៅពេលណាមួយក្រោយឆ្នាំ២០១៨ ហើយថា ការអនុញ្ញាតសម្រាប់ការសាងសង់នឹងទទួលបានក្នុងរយៈពេល “ ពីមួយឆ្នាំទៅពីរឆ្នាំ” បន្ទាប់ពីខ្លួនបង្កើតបានក្រុមហ៊ុនបុត្រសម្ពន្ធមួយ ដើម្បីដាក់ពាក្យសុំការអនុញ្ញាតបើកកាស៊ីណូ។
អ្វីដែលអាចជាចំណុចទាក់ទាញមួយឲ្យក្រុមហ៊ុន ណាហ្គាខប វិនិយោគនៅប្រទេសរុស្ស៊ី នេះ គឺការយកពន្ធទាបលើវិស័យកាស៊ីណូ នៅក្នុងប្រទេសនេះ។
សេចក្តីប្រកាសនេះមានខ្លឹមសារថា “បច្ចុប្បន្ននេះប្រទេសរុស្ស៊ីផ្តល់ការអនុគ្រោះណាស់លើការយកពន្ធនៅក្នុងវិស័យកាស៊ីណូ បើធៀបនឹងប្រទេសផ្សេងៗទៀតដែលវិស័យកាស៊ីណូបានចាក់ឫសរឹងមាំជាង” ដោយបានលើកឡើងថា ពន្ធល្បែងនៅប្រទេសរុស្ស៊ី គឺប្រហែល៤.២០០ដុល្លារក្នុងមួយខែសម្រាប់តុល្បែងមួយ និង២៥០ដុល្លារក្នុងមួយខែសម្រាប់ទូល្បែងមួយគ្រឿង។
ណាហ្គាខប ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួនពីរដែលបានវិនិយោគលើការបង្កើតរមណីយដ្ឋានកាស៊ីណូនៅក្នុងតំបន់ ព្រីម៉ស្គី របស់ប្រទេសរុស្ស៊ី។ ក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិ មែលកូ (Melco International Development Ltd.) ដែលមានមូលដ្ឋាននៅក្រុងហុងកុង របស់លោក ឡរិន ហូ (Lawrence Ho) ជាអ្នកជំនួញនៅម៉ាកាវ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគលើរមណីយដ្ឋានកាស៊ីណូ ដោយឡែកមួយក្នុងរង្វង់ទឹកប្រាក់៧០០លានដុល្លារកាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាននានា។ ណាហ្គាវើល មានបំណងចំណាយលើការវិនិយោគនេះតាមរយៈទុនរបស់ក្រុមហ៊ុន ឬប្រាក់កម្ចី ឬតាមរយៈមធ្យោបាយទាំងពីរនេះតែម្តង៕
ប្រែសម្រួលដោយ ចេវ ប៊ុននី