33 C
Phnom Penh

អាមេរិក​​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​​បាន​អំពាវនាវ​​ជាថ្មីម្ដង​ទៀត​​ឲ្យ​មាន​ការ​​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លា​ភាព​​ចំពោះ​ភាព​មិន​ប្រក្រតី​ ដែល​កើត​ឡើង​អំឡុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា ហើយ​បានជំទាស់​នឹង​​លទ្ធផល​​ជា​ផ្លូវ​ការ​​នៃ​ការ​បោះឆ្នោត​ ដែល​ចេញ​​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) កាល​ពីថ្ងៃ​អាទិត្យ​។

ដូច​​បណ្ដា​ប្រទេស​​ប្រជាធិបតេយ្យ​លោក​​ខាង​លិច​ជា​ច្រើ​ន​ទៀត​ដែរ​ សហរដ្ឋ​អាមេរិក​​មិន​គាំទ្រ​លទ្ធផល​​ការ​បោះឆ្នោត​នេះ​ឡើយ​ ហើយ​គឺ​ជា​ប្រទេស​ដំបូង​គេ​​ក្នុង​​​ចំណោម​​​ប្រទេស​ទាំង​នោះ​ ដែល​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះឆ្នោ​ត​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ប្រកប​ដោយ​តម្លា​​​ភាព​ចំពោះ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ ដែល​កើត​មាន​​ជា​ច្រើន​។

នៅ​ឯ​សន្និសីទ​កាសែត​មួយ​​ក្នុង​ទីក្រុង​វ៉ា​ស៊ីនតោន​កាល​ពី​ថ្ងៃ​ច័ន្ទ​​ មួយ​ថ្ងៃ​បន្ទាប់​ពី​ គ.ជ.ប. ​​​​បាន​​​ប្រកាស​ជា​ផ្លូវ​ការ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​​កាន់​អំណាច​​ទទួល​បាន​ជ័យ​ជម្នះ​​ក្នុង​ការ​បោះឆ្នោ​ត​នោះ​ លោក​ស្រី ម៉ារី ហាហ្វ (Marie Harf) អ្នក​នាំ​​​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​បាន​​​​​​​​​​លើក​ឡើង​ម្ដង​ទៀត​​ពី​គោល​បំណង​​​​របស់​​​សហ​​​​​​​​​​រដ្ឋ​អាមេរិក​ ដែល​ចង់​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​ស៊ើប​អង្កេត​​ដោយ​​​​​​​ត្រឹម​ត្រូវ​។

ដោយយោង​តាម​ការ​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត ដែល​ត្រូវ​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​ លោក​ស្រី​បាន​មាន​ប្រសា​សន៍​ថា “ជា​ការ​ពិត​ណាស់​យើង​​ចង់ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​សម្ដែង​​​មតិ​យោបល់​​របស់ខ្លួន​​ ប្រកប​​​​ដោយ​​ភាព​គ្មាន​អំពើ​ហិង្សា​”។ លោក​ស្រី​បាន​ថ្លែង​ថា “យើង​នៅ​តែ​ជឿ​ជាក់​ថា ការ​ស៊ើប​អង្កេត​ប្រកប​​​​ដោយ​តម្លាភាព​ចំពោះ​ភាព​មិន​ប្រក្រី​តី​នៅ​ក្នុង​ការ​បោះឆ្នោត​​កាល​ពី​ខែ​កក្កដា  នឹង​ជួយ​វាយ​តម្លៃ​ ​​​និង​ដោះ​ស្រាយ​​កំហុស​​​ឆ្គង​​​​នៅ​ក្នុង​ដំណើរ​​​ការ​​បោះឆ្នោត​​  ហើយ​​​នឹង​ផ្ដល់​ជំនឿ​​ចិត្ត​​​កាន់​តែ​ខ្លាំង​ដល់​ប្រជា​ពលរ​ដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​”។
លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា “ហើយ​​យើង​​នៅ​តែ​បន្ត​​ទទូច​ឲ្យ​គ្រប់​គណ​បក្ស​ទាំង​អស់​​ចេះ​​​​ចាប់​យក​ឱកាស​នេះ​ ដើម្បី​ពង្រឹង​​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​របស់​​ខ្លួន​​ឲ្យ​​​ឆ្ពោះ​ទៅ​មុខ”។

ប៉ុន្តែ​​នៅ​ពេល​ត្រូវ​បាន​សួរ​ម្ដង​ទៀត​ ដោយ​អ្នក​យក​ព័ត៌មាន​ ដែល​គេ​មិន​បញ្ជាក់​ពីអត្ត​សញ្ញាណ​ នៅ​ឯ​សន្និសីទ​កាសែត​​ថា តើ​សហរដ្ឋ​អាមេរិក​​គិត​យ៉ាង​ដូច​ម្ដេច​ចំពោះ​ការ​សម្រេច​របស់​ គ.ជ.ប. ​​ដែល​បាន​ចេញ​​លទ្ធ​​​ផល​​ឆ្នោត​ជា​ផ្លូវ​ការរបស់​​​ខ្លួន​​​​ ដោយ​​មិន​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិនប្រក្រតី​​ លោក​ស្រី​ ម៉ារី ហាហ្វ បាន​ជំទាស់​​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ឡើយ​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​មិន​​និយាយ​ថា តើ​​វា​ជា​រឿង​ល្អ​ឬ​អាក្រក់​នោះ​ទេ​។ យើង​នៅ​តែ​​ព្រួយ​បារម្ភ​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​”។
ហើយ​​នៅ​ពេល​សួរ​ម្ដង​ទៀត​ថា តើ​សហ​​​​​​​​រដ្ឋ​អាមេរិក​មាន​គោល​ជំហរ​​លើ​បញ្ហា​នេះ​​ដែរ​ឬ​ទេ​ លោកស្រី ម៉ារី ហាហ្វ​ បាន​បដិសេធ​​​​​​​​​​មិន​និយាយ​ម្ដង​ទៀត​។ លោក​ស្រី​​បាន​មាន​ប្រសាសន៍​តប​វិញ​ថា “វា​មាន​ន័យ​ថា ខ្ញុំ​​មិនចង់​និយាយ​​​អំពីរឿង​​​នេះឡើយ​​​​”។

កាល​ពីម្សិលមិញ​ លោក​ ស៊ាន​ ម៉ាកគិន​តុស​ អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​​បាន​បន្ថែម​ថា ​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា នឹង​ឃើញ​​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​គឺ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ដែល​នៅ​តែ​ប្រកាស​ពី​ជ័យ​ជម្នះ​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា រៀងៗ​ខ្លួន​​នោះ​ បាន​​​វិល​ត្រឡប់​​មក​រក​តុ​ចរចា​ ដើម្បី​ដោះស្រាយ​​ការ​ខ្វែង​គំនិតគ្នា​​​​​ចំពោះ​ការ​បោះឆ្នោត​របស់​ខ្លួន​ឡើង​វិញ​។

គណបក្ស​ទាំង​ពី​រ​​ចាប់​​​ពី​​ក្រោយការ​​​​បោះ​​​​ឆ្នោត​​រហូត​មក​ទល់​ពេល​ឥឡូវ​ នៅ​តែ​មិន​អាច​សម្របសម្រួល​គ្នា​បាន​ ដោយ​រដ្ឋា​ភិ​បាល​​នៅ​តែ​បន្ត​ច្រាន​​ចោល​​ការទាមទារ​​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ ហើយ​ជុំ​វិញ​​ភាព​ជាប់​គាំង​ផ្នែក​នយោ​បាយ​នេះ​​ គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​រៀប​ចំ​មហា​បាតុកម្ម​​មួយ​​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​រាជធានី​ភ្នំពេញ​​ប្រឆាំង​​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោ​ត​ ហើយ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​​បន្ត​ទៀត​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ​។​ គណបក្ស​សង្គ្រោះ​ជាតិ​​ក៏​គ្រោង​​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី១​របស់​រដ្ឋ​សភា​ ដែល​នឹង​ធ្វើ​ឡើង​​នៅ​ចុង​ខែ​នេះ​ផង​ដែរ​​ ដោយ​សង្ឃឹម​ថា នឹង​អាច​បញ្ឈប់​​ការ​បង្កើត​​រដ្ឋាភិបាល​​​ថ្មី​បាន​។

ប្រទេស​មួយ​ចំនួន​ធំ​បាន​គាំទ្រ​​​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ហើយ​បាន​អបអរ​សា​ទរ​លោក​ ហ៊ុន សែន​ ចំពោះ​ជ័យ​ជម្នះ​របស់​លោក​ តែ​ទោះ​ជា​យ៉ាង​ណា​ប្រទេស​​ភាគ​ច្រើន​​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​ គឺ​ជា​ប្រទេស​កុម្មុយនីស្ដ​ ឬ​ក៏​ជាប្រទេ​ស​ ដែល​មិន​​ដើរ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ កាល​ពី​ថ្ងៃ​ច័ន្ទ​ប្រទេស​ទី​ម័រ​ខាង​​កើត​ ដែលនាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​​ឈ្មោះ​ ​លោក​ កាយ​ រ៉ាឡា សាណាណា ហ្គោស្មាវ (Kay Rala Xanana Gusmao) ទើប​​តែ​បាន​បញ្ចប់​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​ក្នុង​ប្រទេស​កម្ពុជា​​ក្នុង​ថ្ងៃ​ដដែល​​នោះ​ បាន​ក្លាយ​ទៅ​​ជា​ប្រទេស​ដំបូង​គេ​ ដែល​អបអរ​សាទរ​​លោក​​ ហ៊ុន សែន​ បន្ទាប់​ពី​គ.ជ.ប. ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​​បោះ​​​ឆ្នោត​​​រួច​នោះ​៕

(រាយការណ៍​បន្ថែមដោយ​ Colin Meyn)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស