លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនជឿថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រកាសជាផ្លូវការពីកាលបរិច្ឆេទដែលព្រះអង្គនឹងបើកសម័យប្រជុំសភានៅចុងខែនេះទេ ថ្វីបើព្រះមហាក្សត្របានឡាយព្រះហត្តលេខាលើព្រះសារលិខិតមួយប្រកាសថា ព្រះអង្គនឹងកោះប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញាក្តី។

លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីធ្វើដំណើរទៅផ្សារអូរប្ញស្សី ដើម្បីជួបអាជីវករ និងអ្នកគាំទ្រថា លិខិតដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នោះគឺគ្រាន់តែជាលិខិតឆ្លើយឆ្លងរវាងព្រះមហាក្សត្រ និងលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. តែប៉ុណ្ណោះ មិនមែនជាការកោះប្រជុំសភាលើកដំបូងទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនជឿថា វាជាសារលិខិតរបស់ព្រះមហាក្សត្រកោះហៅសមាជិកសភានោះទេ” ដោយលោកពន្យល់ថា ប្រសិនបើព្រះមហាក្សត្រ សីហមុនី ចង់កោះប្រជុំសភាលើកដំបូងនេះ ព្រះអង្គមិនធ្វើតាមរយៈ គ.ជ.ប. ដូច្នេះទេ។ លោកបានមានប្រសាសន៍ថា “ព្រះមហាក្សត្រមិនទាន់បានកោះប្រជុំសភាទេ។ ប្រសិនបើព្រះអង្គត្រូវកោះប្រជុំសភានោះ ព្រះអង្គនឹងឡាយព្រះសារលិខិតជូនសមាជិកសភា ទៅហើយ ព្រះអង្គនឹងមិនឡាយព្រះសារលិខិតតាមរយៈចោរដូច អ៊ឹម សួស្តី ទេ”។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រសិនបើព្រះមហាក្សត្របានស្នើសុំដោយផ្ទាល់ឲ្យសមាជិកសភាគណបក្សប្រឆាំងទទួលយកអាសនៈរបស់ខ្លួននោះគណបក្សសង្គ្រោះជាតិនឹងពិចារណាពីសំណើនេះ គឺអាចមានការផ្លាស់ប្តូរពីការសន្យារបស់ខ្លួនជាយូរមកហើយ ដើម្បីធ្វើពហិការសម័យប្រជុំសភា ប្រសិនបើមិនមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើការចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោតទេនោះ។
លោក សម រង្ស៊ី បានថ្លែងសាជាថ្មី បន្ទាប់ពីការធ្វើដំណើរទៅផ្សារអូរប្ញស្សីថា ព្រះរាជសាររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃច័ន្ទ មិនបញ្ជាក់ពីកាលបរិច្ឆេទណាមួយទេ ហើយថា ព្រះមហាក្សត្រត្រូវឡាយព្រះលិខិតដោយផ្ទាល់ផ្ញើជូនសមាជិកសភាជាប់ឆ្នោត ដើម្បីប្រកាសជាផ្លូវការអំពីការបើកសម័យប្រជុំសភា។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងទទួលបានព្រះសារលិខិតដោយផ្ទាល់ យើងអាចពិចារណាពីសម័យប្រជុំនេះ…នេះទើបជាសំណើដែលត្រូវពិចារណា។ ប៉ុន្តែ ផ្អែកតាមសារលិខិតផ្ញើទៅលោក អ៊ឹម សួស្តី នេះ លិខិតនេះមិនមែនសម្រាប់យើងទេ យើងមិនអាចធ្វើសេចក្តីសម្រេចណាមួយបានឡើយ”។
លោក សុន ឆ័យ ប្រធានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា វាមិនអាចទៅរួចទេដែលថា សូម្បីតែព្រះសារលិខិតផ្លូវការពីព្រះមហាក្សត្រដើម្បីអញ្ជើញសមាជិកសភាគណបក្សប្រឆាំងឲ្យទទួលយកអាសនៈរបស់ខ្លួន អាចកែប្រែសេចក្តីសម្រេចរបស់គណបក្សប្រឆាំងក្នុងការធ្វើពហិការសម័យប្រជុំសភានោះ។
លោកបានមានប្រសាសន៍ថា “យើងបានផ្ញើលិខិតមួយថ្វាយព្រះមហាក្សត្ររួចហើយកាលពីថ្ងៃទី៨ ខែកញ្ញា ដើម្បីទូលថ្វាយព្រះអង្គថា ត្រូវមានការដោះស្រាយភាពមិនប្រក្រតីឲ្យបានត្រឹមត្រូវសិន មុនពេលយើងអាចចូលរួមសម័យប្រជុំនេះ”។ លោកបានមានប្រសាសន៍ថា “គណបក្សត្រូវពិភាក្សាអ្វីៗគ្រប់យ៉ាងរួមទាំងលិខិតរបស់ព្រះមហាក្សត្រស្នើសុំ [ឲ្យយើងចូលរួម] ប៉ុន្តែ ខ្ញុំគិតថា អារម្មណ៍របស់យើងគឺថា យើងនឹងមិនចូលរួមសម័យប្រជុំសភានេះទេ។ យើងនឹងរកមធ្យោបាយពន្យល់ព្រះមហាក្សត្រអំពីមូលហេតុរបស់យើង ដើម្បីជាការគោរពរបស់យើងចំពោះព្រះអង្គ”។
លោក អ៊ឹម សួស្តី បានបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីសារលិខិតរបស់ព្រះមហាក្សត្រទេ ដោយនិយាយថា លោកទើបតែបានទទួលសារលិខិតនោះ ហើយថា ការចោទសួរណាមួយអំពីសារៈសំខាន់នៃសារលិខិតនោះ គឺស្ថិតនៅក្រៅសមត្ថកិច្ចរបស់លោក។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលការអះអាងរបស់លោក សម រង្ស៊ី ដែលថា កាលបរិច្ឆេទថ្ងៃទី ២៣ ខែកញ្ញា ដែលព្រះអង្គបានដាក់នៅក្នុងសារលិខិតរបស់ព្រះអង្គនេះមិនផ្លូវការ។ លោកបានមានប្រសាសន៍ថា “ព្រះអង្គបានផ្ញើព្រះរាជសារឲ្យ គ.ជ.ប. ហើយវាមានន័យថា ព្រះមហាក្សត្រនឹងកោះប្រជុំនៅ ថ្ងៃនោះ ដូច្នេះព្រះមហាក្សត្របានសម្រេចរួចហើយ។ វាគឺជាផ្នែកមួយនៃដំណើរការបោះឆ្នោត”។ “នៅពេលចប់ដំណើរការបោះឆ្នោត គ.ជ.ប. សរសេរលិខិតមួយទូលថ្វាយព្រះមហាក្សត្រអំពីលទ្ធផលបោះឆ្នោត ហើយព្រះអង្គបានឡាយសារលិខិតតបវិញ។ សារលិខិតដែលព្រះមហាក្សត្រឆ្លើយតបមកវិញនោះគឺជាសារលិខិតផ្លូវការ”។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានយល់ស្របតាមការវាយតម្លៃរបស់លោក សម រង្ស៊ី ហើយបានមានប្រសាសន៍ថា ព្រះមហាក្សត្រ សីហមុនី ប្រហែលជានៅមិនទាន់សម្រេចព្រះទ័យកោះប្រជុំសភាលើកដំបូងទេ ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែអនុវត្តតាមគម្រោងធ្វើពហិការរបស់ខ្លួននោះ។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ព្រះមហាក្សត្រ សីហមុនី គ្រាន់តែឆ្លើយតបទៅ ប្រធាន គ.ជ.ប. តែប៉ុណ្ណោះ ដើម្បីប្រាប់គាត់ថា ព្រះអង្គមានបំណងកោះប្រជុំសភា។ ព្រះមហាក្សត្រក៏បានលើកឡើងពីសមាជិកសភាទាំង១២៣រូប [នៅក្នុងសារលិខិតរបស់ព្រះអង្គ] ផងដែរ ដូច្នេះព្រះអង្គចង់ឲ្យសមាជិកសភាទាំងអស់ចូលរួម ហើយនេះ គឺជាលក្ខខណ្ឌនៃកិច្ចប្រជុំសភា”។
រដ្ឋធម្មនុញ្ញតម្រូវឲ្យព្រះមហាក្សត្រដែលនឹងយាងត្រឡប់ពីទីក្រុងប៉េកាំង ដើម្បីត្រួតពិនិត្យព្រះរាជសុខភាពនៅថ្ងៃនេះ កោះប្រជុំសភាលើកដំបូងក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីការបោះឆ្នោត។ ទោះជាយ៉ាងណា ចន្លោះពីការបោះឆ្នោតឆ្នាំ១៩៩៣ និងការបង្កើតរដ្ឋសភា មានរយៈពេល១២៨ថ្ងៃ ចំណែកឯការបោះឆ្នោតឆ្នាំ២០០៣ មានរយៈពេល៣៥៥ថ្ងៃ ហើយក្រោយការបោះឆ្នោតឆ្នាំ២០០៨មានរយៈពេល៦០ថ្ងៃគត់។ បន្ទាប់ពីការបោះឆ្នោតជាតិ១៩៩៣ ដែលបានធ្វើឡើងមុនពេលអនុម័តរដ្ឋធម្មនុញ្ញ គឺមានរយៈពេល១១៩ថ្ងៃមុនពេលបើកសម័យប្រជុំសភាលើកដំបូង។
លោក សម រង្ស៊ី បានទៅដល់ផ្សារអូរប្ញស្សី ក្រោយម៉ោង៩ព្រឹកបន្តិចកាលពីម្សិលមិញ ដើម្បីជួបជាមួយអាជីវករនៅផ្សារនោះ និងផ្សព្វផ្សាយពីគម្រោងរបស់គណបក្សប្រឆាំងក្នុងការធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃនៅសួនសេរីភាព ដើម្បីទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតីដែលគេចោទថា បានកើតមានឡើងក្នុងពេលបោះឆ្នោត។
លោកស្រី មូរ សុខហួរ សមាជិកសភាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិបានស្វាគមន៍ប្រជាពលរដ្ឋទាំងនោះមុនពេលលោក សម រង្ស៊ី ទៅដល់ និងបានផ្សព្វផ្សាយពីការធ្វើបាតុកម្មនេះ។ លោកស្រីបានមានប្រសាសន៍ថា “សូមបងប្អូនទាំងអស់គ្នាចូលរួមជាមួយយើងទៅធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ហើយយើងនឹងទូលថ្វាយព្រះមហាក្សត្រ សីហមុនី អំពីអ្វីដែលប្រជាពលរដ្ឋចង់បាន”។
ដោយសំដៅដល់ការអះអាងម្តងហើយម្តងទៀតរបស់គណបក្សសង្គ្រោះជាតិដែលថា តាមពិតខ្លួនទទួលបាន៦៣អាសនៈនៅក្នុងរដ្ឋសភាដែលមាន១២៣អាសនៈនេះ លោកស្រីបានសួរថា “យើងត្រូវតែទទួលបាន៦៣អាសនៈមែន ឬមិនមែន?”។ លោកស្រីបានមានប្រសាសន៍ថា “ពិតមែនហើយ យើងទាមទារ៦៣អាសនៈ”៕
ប្រែសម្រួលដោយ មូល គឹមហឿន