26 C
Phnom Penh

ជន​ជាតិ​ភាគតិច​មួយ​ក្រុម​ដាក់​ពាក្យ​បណ្តឹងប្តឹង​​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ជន​ជាតិ​ភាគតិច​ចំនួន​១២នាក់​​នៅក្នុង​ខេត្ត​រតនគិរី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ខេត្ត​ជុំវិញ​អ្វី​ដែល​ពួក​គាត់​បាន​អះអាង​ថា ជាការ​ឃុប​ឃិត​រវាង​អ្នក​ភូមិ​ដទៃ​ទៀត​ និង​អាជ្ញាធរ​មូល​ដ្ឋាន​កាប់​ឈើ​​​ប្រណី​ត​ក្នុង​ព្រៃ​សហ​គមន៍​ដែល​មាន​ទំហំ​១៩៣​ហិកតា​។

អ្នក​ភូមិជន​ជាតិ​ភាគតិច​ព្រៅ​​មក​ពីភូមិកាចាញ នៅក្នុង​ឃុំ​ល្បាំង​២​ ស្រុង​លំផាត់​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដហុក​ បន្ទាប់​ពីមន្ត្រី​ក្នុង​មូល​ដ្ឋាន​មិន​យក​ចិត្ត​ទុកដាក់​នឹង​ពាក្យ​បណ្តឹង​របស់​ពួក​គាត់​ ដែល​ពួក​គាត់​អះ​អាង​ថា ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​។

លោក ឆា​យ​​​​ ធី អ្នកសម្របសម្រួល​ប្រចាំ​​​ខេត្ត​នេះ​របស់​អង្គការ​អាដ​ហុក​បាន​មាន​ប្រសាសន៍ថា “មនុស្ស​មួយ​ចំនួន​បាន​កាប់​ឈើ​ខុស​ច្បាប់​ ជាពិសេស​គឺ​អ្នក​មាន​អំណាច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​តែម្តងដែល​កំពុង​ការ​ពារ​ឈ្មួញ​រកស៊ី​ឈើនោះ”​។ លោក​បាន​បន្ថែម​ថា “យើង​បាន​រៀប​ចំ​​​ឯក​​​សារ​រួច​រាល់​ហើយ​ ហើយ​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​ បន្ទាប់​ពីពួកគាត់​បាន​ស្វែង​រកជំនួយ​ពី​អាជ្ញាធរ​ឲ្យ​​​មាន​ការ​បញ្ឈប់​ការ​កាប់​ឈើ​ខុស​ច្បាប់​មិន​ទទួលបាន​ជោគជ័យ​មក​។

ពាក្យ​បណ្តឹង​ដែល​មាន​ស្នាម​មេដៃ​របស់​អ្នក​ភូមិ​១២នាក់​អះអាង​ថា លោក​ ចាវើ លំប៊ូ និង​ លោក​ រិទ្ធ រ៉ា ជា​អ្នក​ភូមិ​ជនជាតិភាគត​ិច​​​ព្រៅពីរនាក់​ត្រូវ​គេ​ឃើញ​កាប់​ឈើ​ខុស​ច្បាប់​​នៅ​ក្នុង​តំបន់​នេះ​ជាមួយ​លោក​ ភាន ដេត ជា​មន្ត្រី​នគរបាល​ឃុំ​។

យោង​តាម​លោក​   ផ្លេន  ឡង​  មេ​ភូមិ កាចាញ​​​​​​បាន​ឲ្យ​ដឹងថា ការល្បាត​ព្រៃ​សហ​គមន៍​​​​​​​កាល​ពីយប់​ថ្ងៃ​ទី​១ ខែ​កញ្ញា​បាន​ឃើញ​បុរស​ពីរ​​​នាក់​នេះ​កំពុង​កាប់​ឈើ​ប្រណីត​ ហើយ​​​​លោក​ និង​អ្នក​ភូមិ​ផ្សេង​ទៀត​​រឹបអូសបាន​ឈើ​៣០​ដើម​ និង​ម៉ូតូ​មួយ​គ្រឿង​ពី​បុរ​សទាំងពីរ​នាក់​​​នេះ ហើយ​បាន​យក​ទៅរក្សាទុកនៅ​ការិយា​​​ល័យ​ភូមិ​។

លោក ផ្លេន ឡង បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ហាមឃាត់​អ្នក​​ដែល​ព្យា​យាម​លួច​កាប់​ឈើ​អំឡុង​ពេល​យប់​ ប៉ុន្តែ លោក​ ភាន ដេត ជាចុង​ចោទ​ម្នាក់​នៅ​ក្នុង​ចំណោម​ចុង​ចោទ​ទាំង​បី​នាក់នោះ បាន​គំរាម​​បាញ់​សម្លាប់​ពួក​យើង​ដោយប្រើ​កាំ​ភ្លើ​ង​ AK-47 ​ដោយ​និយាយ​​​​ថា ពួកហ្អែង​ចង់​ងាប់​ឬ​​”។

អ្នក​ដាក់​ពាក្យ​បណ្តឹង​ម្នាក់​ទៀត​ ឈ្មោះ ចាម៉ាំង សុភក្ត្រ អាយុ​២៥​ឆ្នាំ​បាន​និយាយ​ថា កា​រល្បាត​ព្រៃ​កាល​ពីពេល​ថ្មី​ៗ​នេះ​អ្នក​ភូមិ​​​បាន​រក​ឃើញ​ឈើ​ជាង​២.០០០​ដើម​មាន​ទំហំ​​​​ ខុស​ៗគ្នា​ប្រវែង​ពី​៥​ម៉ែត្រ ទី​៧​ម៉ែត្រ​ ហើយ​​​​​​​មាន​មុខកាត់​ពី​៣០​ទៅ៦០​សង់​ទីម៉ែត្រ​។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា “យើង​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អ្នក​ទាំង​បីនាក់នេះ​ព្រោះ​ពួក​គេ​បាន​កាប់​ឈើ​យក​ទៅលក់​ឲ្យ​ឈ្មួញ​ ប៉ុន្តែ យើង​មិន​ដឹង​ថា​ ឈ្មួញ​នោះ​ជា​អ្នក​ណា​នោះ​​​ទេ”​។

លោក ទិត្យ ចាង មេឃុំល្បាំង​២ បាន​មាន​ប្រសាសន៍ថា លោក​បាន​ដឹង​ពីការ​កាប់​ឈើ​ខុស​ច្បាប់ជាច្រើន​កាល​ពីខែ​សីហា​ ហើយ​មាន​ការ​សង្ស័យថា ឈើ​ទាំង​នេះ​ត្រូវ​គេ​​​យក​ទៅ​លក់​ឲ្យឈ្មួញ​ធ្វើ​គ្រឿង​សង្ហារិម​ក្នុង​មូល​ដ្ឋាន​។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​ដែរ​ ប៉ុន្តែ យើង​មិន​អាចការ​ពារ​បាន​ទេ​ ពី​​​ព្រោះអ្នកកាប់​ឈើ​ធ្វើ​សកម្មភាព​តែ​នៅ​ពេល​​យប់​ប៉ុណ្ណោះ”។

លោក​ ​គង់ ស្រ៊ុន អភិបាល​ស្រុក​លំផាត់​បាន​មាន​ប្រសាសន៍ថា លោក​មាន​​ការ​ខក​ចិត្ត​ចំពោះ​ការ​​ដែល​​មន្ត្រី​ថ្នាក់​ឃុំ​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង​ពាក់ព័ន្ធ​ការ​​កាប់​ឈើ​ ដែលលោកធ្លាប់បាន​​ចេញ​បញ្ជា​ពី​មុន​មក​។ លោក​បាន​បន្ថែម​ថា “ខ្ញុំទទួល​ស្គាល់​ថា មេឃុំ​​​​មិនបាន​អនុវត្ត​តាម​បទបញ្ជា​រប​ស់​ខ្ញុំទេ​ ពីព្រោះពួក​គេ​បាន​ឃុប​ឃិត​ជាមួយ​​ឈ្មួញ​ដើម្បី​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហ​គមន៍នេះ”៕

ប្រែសម្រួលដោយ សោម​ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស