27 C
Phnom Penh

លោក ហ៊ុន សែន​ និង​លោក​ សម រង្ស៊ី គ្រោង​​ទៅ​ទទួល​ដំណើរ​យាង​និវត្តរបស់​ព្រះ​មហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី​  ហ៊ុន  សែន  និង​លោក​ សម រង្ស៊ី​​​ មេដឹកនាំគណបក្ស​ប្រឆាំង​​មាន​គម្រោង​ទៅ​ទទួល​ព្រះរាជ​ដំណើរ​យាង​និវត្ត​របស់​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី ពីប្រទេស​ចិន​វិញ​នៅ​រសៀល​ថ្ងៃ​នេះ ​ជា​​​លើក​​​​ទី​១​ហើយ ​​ដែល​គូ​ប្រជែង​នយោបាយ​ទាំង​ពីរ​នឹង​​ស្ថិត​នៅ​កន្លែង​តែ​មួយ​ ក្នុង​ពេល​តែ​មួយ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាល​ពីខែកក្កដាមក។

បើ​ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​​​​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជាផ្លូវការ​ក៏ដោយ​ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី នៅ​តែ​អះអាង​ថា គណបក្ស​ខ្លួន​​បាន​ឈ្នះ​ឆ្នោត​ ​​​ចំពេល​ដែល​មានសេចក្តី​រាយការណ៍អំពី​ភាព​មិន​ប្រក្រតី​នៃការ​បោះ​ឆ្នោត​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​រួច​នោះ​។

តាម​រដ្ឋធម្មនុញ្ញ​ ព្រះមហាក្សត្រ​ត្រូវ​កោះ​ប្រជុំ​សភា​លើក​ដំបូង​ បន្ទាប់​ពីការ​បោះឆ្នោត​រួច​ ហើយកាល​ពីថ្ងៃច័ន្ទ ព្រះ​មហា​ក្សត្រ​ទ្រង់​​​បាន​ប្រកាស​ថា ព្រះ​អង្គ​នឹង​កោះ​ហៅសមា​​​ជិក​​​​សភា​ជាប់​ឆ្នោត​ទាំង​អស់​ឲ្យ​មក​ចូល​រួម​​​សម័យ​​ប្រជុំ​សភា​លើក​ដំបូ​ង​នៅ​ថ្ងៃ​ទី​២៣​​​ខាង​​​មុខនេះ​។ ប៉ុន្តែ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​​​​បេ្តជ្ញា​ថា នឹង​ធ្វើ​ពហិការ​សម័យ​ប្រជុំ​នេះ​។

អំឡុង​ពេល​ចុះ​ទៅ​ផ្សារ​អូរប្ញស្សី​កាល​ពី​ព្រឹកម្សិលមិញ លោក សម  រង្ស៊ី  បាន​បញ្ជាក់​ថា លោក​​មាន​គម្រោង​ទៅ​ទទួល​ព្រះ​រាជ​​​ដំណើរ​​​​​​​យាង​និវត្ត​របស់​ព្រះ​មហា​ក្សត្រ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​។ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ទៅ​តែ​ម្នាក់​ឯង​ទេ​ ដើម្បី​សំដែង​ការ​គោរព​ចំពោះ​ព្រះ​មហាក្សត្រ​ដោយ​មិន​ខ្វល់​ពី​អ្នក​ផ្សេងទៀត​នៅ​ទី​នោះ​ទេ”​។

លោក អ៊ុំ​ តារាវុធ សមាជិក​ខុទ្ទ​កា​ល័យ​ព្រះ​​​​បរមរាជរាំង​បាន​មាន​ប្រសា​សន៍​ថា ព្រះ​មហា​ក្សត្រ​មាន​គម្រោង​យាង​និវត្ត​​ពីប្រទេស​ចិន​វិញ​នៅម៉ោង​ប្រហែល​៤​រសៀល​ បន្ទាប់​ពី​ព្រះ​រាជដំណើរ​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​​​ចិន​​​ ដើម្បី​ពិនិត្យ​ព្រះ​សុខភាព ដែល​ព្រះ​អង្គ​បាន​​​គង់នៅ​ទីនោះ​ចាប់​តាំង​ពីពាក់​កណ្តាល​ខែ​សីហា​។ នៅ​ពេល​សួរ​ថា តើ​លោក​  ហ៊ុន  សែន​ នឹង​​​​មាន​វត្ត​មាន​នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ឬ​យ៉ាង​ណា​នោះ លោក អ៊ុំ តារាវុធ​ បានមាន​ប្រសាសន៍ថា “ប្រាកដ​ណាស់​”។

លោក​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​​ថា ​រំពឹង​ថាលោក សម រង្ស៊ី និង​លោក​ ហេង​ សំរិន ប្រធាន​រដ្ឋ​សភាក៏នឹង​មាន​វត្ត​មាន​នៅ​ទីនោះ​ដែរ​។ លោក​ ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​​​​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​មាន​ប្រសាសន៍​ថា  វា​ជាការ​ធម្មតា​ទេ​ដែល​លោក​ ហ៊ុន សែន ទៅ​ចូលរួម​ទាំ​ង​​​ជូន​ព្រះរាជ​ដំណើរ​យាងចេញ​និង​ទទួល​ព្រះ​​​រាជ​​​ដំណើរ​យាង​និវត្ត​របស់​ព្រះ​មហា​​​ក្សត្រ​ ប៉ុន្តែ​ ​​​ លោក​មិន​អាច​បញ្ជាក់​ថា តើ​លោក​ ហ៊ុន សែន​ នឹង​មាន​វត្ត​មាន​នៅ​អាកាស​យាន​​​ដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ​នៅ​ថ្ងៃ​នេះឬ​អត់ឡើយ​​​​។

នៅ​ពេល​សួរ​អំពី​គម្រោង​ផ្ទាល់​ខ្លួន​របស់​លោក​ សម រង្ស៊ី ទៅ​​ទីនោះ លោក​បាន​មាន​ប្រសាសន៍ថា យើង​ស្វាគមន៍​វត្តមាន​របស់​​​សមាជិក​គណបក្ស​ប្រឆាំង​ទាំង​អស់។ លោក ជាម យៀប​ បាន​មាន​ប្រសា​សន៍​​​ថា “ពួកគេ​មិន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ទៅ​​​ចូលរួម​ទេ​។ ព្រះមហាក្សត្រ​គឺ​ជាព្រះមហា​​​ក្សត្រសម្រាប់​យើង​ទាំងអស់​គ្នា”។

លទ្ធភាពនៃ​ការ​ជួបគ្នា​​រវា​ង​លោក​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី អាច​​កើត​​ឡើង​​ដូច​នៅ​​ឆ្នាំ​២០០៨ ​ដែលនៅ​ពេល​នោះ​លោក​ទាំង​ពីរ​បាន​ជួ​ប​គ្នា​លើក​ដំបូង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ  ​បន្ទាប់​ពីការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំនោះ នៅ​អាកាស​យាន​ដ្ឋាន​អន្ត​រ​ជាតិ​ភ្នំ​ពេញ ដើម្បីជូនព្រះ​រាជ​ដំណើរ​ព្រះ​មហា​​​​ក្សត្រ​យាង​​ទៅ​កាន់​ប្រទេស​ចិន​។

នៅពេល​នោះ​ លោក​​​​  សម   រង្ស៊ី    ក៏​បា​ន​គំរាម​​​​​ធ្វើ​ពហិការ​មិន​ចូល​រួម​សម័​យ​ប្រជុំ​សភា​លើក​ដំបូងដែរ ដើម្បី​តវ៉ា​ពីភាព​មិន​ប្រក្រតីនៃកា​រ​​​បោះឆ្នោត​ដែល​លោក​បាន​បន្ទោស​ថា ធ្វើ​​​ឲ្យ​​​​​គណបក្ស​ប្រឆាំង​ចាញ់​ឆ្នោត​។ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅពេលនោះ គេ​ស្តាប់ឮលោក​ហ៊ុន សែន​ ប្រាប់​លោក​ សម  រង្ស៊ី ថា អាសនៈ​សភា​របស់​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ទៀត​ប្រសិន​បើ​លោក​ ធ្វើ​ពហិការ​។ លោក​ ហ៊ុន សែន បាន​គំរាមសារជាថ្មីថា នឹងបែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​ប្រឆាំង​ម្ត​ង​ទៀត​នៅពេល​នេះ​៕

(រាយការណ៍​បន្ថែម​ដោយ​ Alex Willemyns)
ប្រែសម្រួលដោយ សោម សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស