អ្នកគាំទ្រជាង៥០នាក់របស់អ្នកស្រី យ៉ោម បុប្ផា ដែលជាសកម្មជនប្រឆាំងការបណ្តេញចេញនិងដែលកំពុងជាប់ពន្ធនាគារបាននាំគ្នាដើរក្បួននៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីទាមទារឲ្យមានការជំនុំជម្រះឲ្យបានឆាប់ ឲ្យមានការលើកលែងបទចោទប្រកាន់ និងដោះលែងអ្នកស្រីវិញ ដោយពួកគេបានធ្វើដំណើរទៅតុលាការកំពូល ព្រះបរមរាជវាឮង ការិយាល័យសហភាពអឺរ៉ុប និងធនាគារពិភពលោក។

គួររំឭកថា អ្នកស្រី បុប្ផា ត្រូវបានកាត់ឲ្យជាប់ទោសកាលពីខែធ្នូ ពីបទបញ្ជាឲ្យគេវាយអ្នកបើករ៉ឺម៉កកង់បីពីរនាក់ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ។ ក្រុមអ្នកគាំទ្រអ្នកស្រី និងអង្គការសិទ្ធិមនុស្សនានាបានអះអាងថា ការផ្តន្ទាទោសអ្នកស្រី គឺជារឿងនយោបាយ ដោយសារតែអ្នកស្រីបានចេញមុខតវ៉ាជាញឹកញាប់ប្រឆាំងនឹងការបណ្តេញប្រជាជនចេញពីតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ។
អ្នកស្រី យ៉ោម បុប្ផា បានអះអាងពីភាពស្អាតស្អំរបស់ខ្លួនរហូតមក ហើយកំពុងរង់ចាំតុលាការកំពូលកំណត់ថ្ងៃបើកសវនាការជំនុំជម្រះម្តងទៀត។
ដៃកាន់បដា និងគ្រវីទង់ជាតិរបស់ប្រទេសផ្តល់ជំនួយអន្តរជាតិមួយចំនួន ដែលរួមមានទាំងប្រទេសអូស្ត្រាលី ជប៉ុន និងអាមេរិកផងនោះ ក្រុមអ្នកតវ៉ាបានចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទល់មុខតុលាការកំពូល។ បន្ទាប់មក ពួកគេបានចាកចេញពីទីនោះឆ្ពោះទៅព្រះបរមរាជវាំង ដើម្បីបួងសួងមួយភ្លែតសុំឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា បន្ទាប់មកក៏បានវិលត្រឡប់ទៅតុលាការកំពូលវិញ មុនពេលធ្វើដំណើរឆ្ពោះទៅការិយាល័យរបស់សហភាពអឺរ៉ុប។
អ្នកស្រី សុង ស្រីលាប ដែលស្ថិតនៅក្នុងចំណោមអ្នកដើរក្បួនទាំងនោះ បាននិយាយថា “យើងចង់ស្នើសុំឲ្យសហភាពអឺរ៉ុបជំរុញរដ្ឋាភិបាលឲ្យគោរពសិទ្ធិមនុស្ស និងរកយុត្តិធម៌ឲ្យអ្នកស្រី យ៉ោម បុប្ផា ព្រោះសហភាពអឺរ៉ុប កើតចេញពីបណ្តាប្រទេសដែលគោរពសិទ្ធិមនុស្ស មិនដូចរដ្ឋាភិបាលកម្ពុជា ដែលចង់បានតែដីធ្លីរបស់ប្រជាពលរដ្ឋនោះទេ”។
មុនពេលអ្នកតវ៉ាធ្វើដំណើរទៅដល់គោលដៅរបស់ខ្លួន នគរបាលនិងកងរាជអាវុធហត្ថរាប់សិបនាក់បានព្យាយាមរារាំងផ្លូវរបស់ពួកគេនៅតាមផ្លូវលេខ២៤០ ដោយក្រៀកដៃគ្នាជាជួរ។ ប៉ុន្តែក្រុមអ្នកតវ៉ាបានរត់សំដៅទៅនគរបាល និងបានមានៈរហូតឆ្លងផុតជួររបស់ពួកគេដោយមានការប៉ះគ្នាតិចតួច។
នៅមុខការិយាល័យរបស់សហភាពអឺរ៉ុប ក្រុមអ្នកតវ៉ាបានបិទចរាចរឆ្ពោះទៅទិសខាងជើងតាមមហាវិថីព្រះនរោត្តម និងបានរង់ចាំដោយសង្ឃឹមថា នឹងបានជួបជាមួយឯកអគ្គរដ្ឋទូត ជីន-ហ្វ្រង់ស័រ កូតេន (Jean-Francois Cautain)។ ប៉ុន្តែនៅពេលមន្ត្រីសហភាពអឺរ៉ុបម្នាក់ជូនដំណឹងពួកគេថា ឯកអគ្គរដ្ឋទូតរូបនេះមិននៅនោះ ពួកគេក៏បានវិលទៅកាន់ធនាគារពិភពលោក ដែលជាកន្លែងពួកគេមានសំណាងជាងនៅសហភាពអឺរ៉ុបបន្តិច។
ស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា ឈ្មោះ លួស សាខន និងកូនប្រុសអាយុ៩ឆ្នាំរបស់អ្នកស្រី ព្រមទាំងអ្នកស្រី ទេព វន្នី ដែលជាសកម្មជនបឹងកក់ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងជំនួបរយៈពេលខ្លីមួយ។
បន្ទាប់មក លោក សាខន បានឲ្យដឹងថា តំណាងសហភាពអឺរ៉ុបបានសន្យាថា នឹងបញ្ជូនសំណើរបស់ពួកគេបន្តទៅថ្នាក់លើ។ លោកបាននិយាយថា “ខ្ញុំនៅតែសង្ឃឹមថា សហភាពអឺរ៉ុប និងធនាគារពិភពលោកនឹងធ្វើអន្តរាគមន៍ជាមួយរដ្ឋាភិបាលដើម្បីស្វែងរកយុត្តិធម៌ឲ្យភរិយារបស់ខ្ញុំ ព្រោះគាត់មិនបានប្រព្រឹត្តបទល្មើសណាមួយទេ”។ គួររំឭកថា កាលពីឆ្នាំ២០១១ ធនាគារពិភពលោក បានបង្កកមូលនិធិថ្មីៗទាំងអស់សម្រាប់ប្រទេសកម្ពុជា ដើម្បីសម្តែងការតវ៉ាចំពោះការបណ្តេញចេញនៅបឹងកក់៕
(រាយការណ៍បន្ថែមដោយ Zsombor Peter)
ប្រែសម្រួលដោយ ចេវ ប៊ុននី