27.5 C
Phnom Penh

បុរស​កម្ពុជា​​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ស្ថិតិ​ថ្មី​ស្ដី​ពី​ការ​ចាប់​រំលោភ​ស្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទូទាំង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិ​ល​មិញ​ បុរសៗ​កម្ពុជា​​បាន​និយាយ​ថា ខ្លួន​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ស្ថិតិ​ថ្មី​​គួរ​ឲ្យ​តក់​ស្លុត​ ដែល​បង្ហាញ​ថា ក្នុង​ចំណោម​បុរស​​កម្ពុជា​ប្រាំ​នាក់​​​មាន​ម្នាក់​​ធ្លាប់​ចាប់​រំលោភ​​​យ៉ាង​ហោច​ណាស់​ម្ដង​នៅ​ក្នុង​ជីវិត​របស់​​ពួក​គេ​ ដោយ​បុរស​ជា​ច្រើន​និយាយ​ថា បញ្ហា​នេះ​ច្រើន​តែ​កើត​មាន​​នៅ​តាម​បណ្ដា​ខេត្ត​។

ការ​ស្ទង់​មតិ​មួយ​​ដឹក​នាំ​ដោយ​អង្គការ​សហប្រជាជាតិ​​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​លើ​រាង​កាយ​ និង​ផ្លូវ​ភេទ​នៅ​ក្នុង​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក​បាន​រក​ឃើញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​​ បុរស​២០,៨​ភាគរយ​បាន​សារ​ភាព​ថា ធ្លាប់​បាន​ចាប់​រំលោភ​ ដោយ​ពាក់​កណ្ដាល​​ក្នុង​​ចំណោម​​​នោះ​​​ធ្លាប់​បាន​ចាប់​រំលោភ​លើក​ដំបូងនៅ​ក្រោម​​អាយុ​២០​ឆ្នាំ​ រីឯ​ការ​រំលោភបូក​​កើត​មាន​​ញឹក​ញាប់​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​​ញឹក​ញាប់​ជា​ងគេ​បំផុត​​ក្នុង​ចំណោម​ប្រទេស​​ភាគ​ច្រើន​ផ្សេង​ទៀត​ក្នុង​តំបន់។

នៅ​ពេល​ស្ដាប់​ឮស្ថិតិ​នេះ​ លោក​ ស៊ីនួន សុភ័ណ​ អាយុ​៤២​ឆ្នាំ​ ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​ បាន​ចង្អុល​ទៅ​មិត្ត​ភក្ដិ​របស់គាត់​គ្រប់​គ្នា​​នៅ​ខាង​ក្រៅ​សណ្ឋាគារ​មួយ​ក្នុង​ខណ្ឌ​ដូនពេញ​កាល​​ពី​ម្សិលមិញ​ ហើយ​បាន​រាប់​ពី​មួយ​ដល់​ប្រាំ​ ពេល​នោះ​ពួក​គេ​ទាំង​អស់​ក៏​សើច​។

គាត់​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា ​ចំនួន​នេះ​មិន​អាច​ទៅ​រួច​ឡើយនៅ​ក្នុង​ក្រុង​ ប៉ុន្តែ​​នៅ​តាម​ជន​បទ​វា​ខុស​គ្នា​ព្រោះពួក​គេ​គ្មាន​ការ​អប់រំ​។ ប្រទេស​កម្ពុជា​ កំពុង​អភិវឌ្ឍ​យ៉ាង​​សន្សឹម​ៗ​នៅ​តាម​បណ្ដា​ខេត្ត​។​ នៅ​ស្រុក​របស់​ខ្ញុំ​ ពេល​ប្រុស​ៗ​ផឹក​ស៊ី​ ពួក​គេ​ប្រើ​ហិង្សា​ ហើយ​ក្មេង​ៗ​ធំ​ដឹង​​ក្ដី​​ឃើញ​ប្រុសៗ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ និង​កូនរបស់ខ្លួន​ ដូច្នេះ​ពួក​គេ​ក៏រៀន​តាម​”។​

កម្ពុជា​ និង​ស្រីលង្កា​ ​ជា​ប្រទេស​តែ​ពីរ​គត់​នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ​ ដែល​លទ្ធផល​បង្ហាញ​ជា​ទ្រង់​ទ្រាយ​ទូទាំង​ប្រទេស​។ ហើយមាន​ការ​លើក​ឡើង​ថា គ្រឿង​​ស្រវឹង​ជា​មូល​ហេតុ​​តិច​​ជាង​គេ​បំផុតដែល​នាំ​ឲ្យ​មាន​ការ​ចាប់​រំលោភ ពោ​ល​គឺ​មានត្រឹម​តែ​១៤​ភាគ​រយ​​ប៉ុណ្ណោះ​បើ​ប្រៀប​ធៀប​​ទៅ​នឹង​២៧​ភាគ​រយ ដែល​បាន​ឆ្លើយ​ថា ការ​សប្បាយ​ ឬ​ភាព​អផ្សុក​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​រំលោភ​។

លោក​ លី សុខហេង​ អាយុ​៣០​ឆ្នាំ​ ដែល​ជា​គណនេយ្យករ​​និយាយ​ថា គាត់​មិន​​ភ្ញាក់​ផ្ដើល​ទេ​ពេល​ដឹង​ថា បុរស​កម្ពុជា​៦៧​ភាគ​រយ​គិត​ថា ស្ត្រី​គួរ​តែ​ស៊ូទ្រាំ​នឹង​អំពើ​​ហិង្សា​ ដើម្បី​ឲ្យ​គ្រួសារ​បាននៅ​ជួប​ជុំ​គ្នា​ ហើយ​បាន​និយាយ​ថា ស្ត្រី​រៀប​ការ​រួច​​ចំា​បាច់​ត្រូវ​ទទួល​បាន​ការ​​បណ្តុះ​បណ្តាល​​ជា​ពិសេស​ឲ្យ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​។

លោក​បាន​និយាយ​ថា “ ស្ត្រី​ចំាចាច់ត្រូវ​ដឹង​ថា បុរស​មិន​អាច​បង្ខំ​ពួក​គាត់​រួម​ភេទ​បាន​ឡើយ​ ហើយ​ប្រសិន​បើ​ប្តីធ្វើ​បែប​នោះ​ ពួក​គាត់​អាច​លែង​លះ​បាន​​។ ជា​ការ​ពិត​ណាស់​នៅ​តាម​តំបន់​ជន​​បទ​ ប្រសិន​បើ​ពួក​គាត់​ត្រូវ​បាន​ចាប់​បង្ខំ​​ឲ្យ​រៀប​​ការ​​ដើម្បី​ប្រាក់​ វា​នឹង​ពិបាក​ ពី​ព្រោះ​បុរសជា​ប្ដី​​ប្រហែល​ជា​ខឹង​ បើ​ប្រពន្ធ​របស់​ខ្លួន​មិន​ចង់​រួម​ភេទ​​ជា​មួយ​ខ្លួន​​”។

យុវជន​ មីង ចាន់​ អាយុ​១៧​ឆ្នាំ​​ជា​សិស្ស​រៀ​ន​នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​ សម្រាប់​ការ​បណ្ដុះ​បណ្ដាល​ (ACE) បាន​និយាយ​ថា មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យបុរស​កម្ពុជា ​​ចាប់​រំលោភ​ ឬ​ប្រើ​អំពើ​ហិង្សា​​លើ​ស្ត្រី​ ដែល​ធ្វើ​ឲ្យ​​វា​ក្លាយ​ជា​បញ្ហា​មួយ​ពិបាក​នឹង​យល់​ឲ្យ​ស៊ីជម្រៅ។
យុវជន​រូប​នេះ​និយាយ​ទៀត​ថា “ខ្ញុំ​ជឿ​ថា ស្ថិតិ​នេះ​អាច​ពិត​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ភាគ​ច្រើន​វា​កើត​មាន​នៅ​តាម​តំបន់​ក្រីក្រ​ក្នុង​ប្រទេស​ នៅ​ក្នុង​រាជធានី​ភ្នំពេញវា​ខុសគ្នា​ ដោយ​សារ​តែ​ការ​អប់​រំ​”។​

ពាក់​ព័ន្ធ​​នឹង​អាយុ​តិច​​នៅ​ពេល​ជន​ល្មើស​ធ្វើ​សកម្ម​ភាព​រំលោភ​​ជា​លើក​ដំបូង​ និង​និន្នា​ការ​​នាំ​ឲ្យ​មាន​ការ​ចាប់​រំលោភ​បូក​ យុវជន​ មីង ចាន់​ បាន​និយាយ​ថា មាន​ក្មេង​ទំនើង​​ជា​ច្រើន​​នៅ​​តាម​តំបន់​ជន​បទ​ដែល​​បង្ក​អំពើ​ហិង្សា​ ប៉ុន្តែ​​បើ​និយាយ​តែ​ពី​ក្មេង​ទំនើងនោះ​វា​មិន​អាច​ឆ្លុះ​​បញ្ចាំង​​ពី​វប្ប​ធម៌​នៃ​ការ​ចាប់​រំលោភ​បាន​ទេ។

យុវជន​រូប​នេះ​​បាន​បន្ដ​ទៀត​ថា “វីដេអូ​អាស​អាភាស​​ក៏​ជា​បញ្ហា​ដែរ ក្មេង​ខ្លះ​មាន​វ័យ​ទើប​តែ​១០​ឆ្នាំប៉ុណ្ណោះ​ញៀន​នឹង​វីដេអូ​អាស​អាភាស​ទៅហើយ ហើយ​បន្ទាប់​ពី​ពួក​គេ​មើល​វីដេអូ​អាស​អាភាស​រួច​ ពួក​គេ​មើល​ឃើញ​ពិភព​លោក​ខុស​ប្លែក​ពី​មុន​ ពោលគឺ​ពួក​គេ​គិត​ថា សិច​ ​សំខាន់ជាង​អ្វី​ៗទាំង​អស់”៕

ប្រែសម្រួលដោយ តែម សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស